Tuesday, December 30, 2014

លោក ឱម យ៉ិនទៀង ៖ ACU មិនទទួលពាក្យ ញត្តិបណ្តឹងទេ ជុំវិញការស្នើសុំ ឲ្យស៊ើបអង្កេត ករណីពុករលួយ របស់មេដឹកនាំ បក្សប្រឆាំង

E-mailPrintPDF
ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ (ACU) បានចេញមកអះអាងថា ស្ថាប័ន របស់ខ្លួន មិនទទួលញត្តិបណ្តឹង នោះទេ ពោលទទួល តែពាក្យបណ្តឹងប៉ុណ្ណោះ ហើយទោះបីញត្តិនោះ ជា​ញត្តិ​ ប្តឹង ក៏ដោយ ។
ការថ្លែងបែបនេះ របស់ប្រធានអង្គភាព ប្រឆាំង​អំពើ​ពុក​រលួយ បានកើតឡើង ក្រោយពេលដែល សកម្មជន​ និងអ្នកតំណាងក្រុម គាំទ្រ គណបក្ស សង្គ្រោះ​ជាតិ តាមបណ្តា ខេត្តក្រុងរាជធានី បានស្នើ​សុំទៅលោក ទេសរដ្ឋមន្រ្តី ឲ្យចាត់វិធានការ ចំពោះអំពើពុករលួយរបស់មេដឹកនាំ គណបក្ស គឺលោកប្រធាន សម រង្ស៊ី និងអនុប្រធាន កឹម សុខា តបទៅនឹងការលើកឡើង របស់លោកស្រី ឡាក់ សុភាព ជាសមាជិកគណៈ កម្មាធិការនាយក នាពេល កន្លងទៅនោះ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤ ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជក់ថា «តាមច្បាប់ ACU មិនទួលញត្តិប្តឹងទេ។ ញត្តិ មានលក្ខណៈនយោបាយ ។ ACU មិនមែនជាស្ថាប័ន នយោបាយទេ ជា ស្ថាប័ន អនុវត្តច្បាប់ចាប់បញ្ជូន ទៅកាត់ទោស ។ ACU ទទួលតែពាក្យប្តឹង តែមិនទទួលញត្តិទេ ទោះបីញត្តិនោះ សរសេរថា ជាញត្តិប្តឹងក៏ដោយ ។ កន្លងមក យើងជួបញត្តិប្តឹងរបៀបហ្នឹង ប្រហែលជិត២០ញត្តិ យើងក៏ ប្រាប់ដូចគ្នា ថាយើងមិនទទួលទេ»។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា «បើលុបពាក្យញត្តិចេញ ហើយដាក់ថា ពាក្យប្តឹង ACU អាចទទួលបាន»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យ សកម្មជន នៅតាម បណ្តា ខេត្តរាជធានី បានបញ្ចេញញត្តិគាំទ្រ សរសេដោយដៃ បានបង្ហាញ ការគាំទ្រ ដល់ ACU ដែលមានលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រញាប់បើកការ ស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់ពាក់ព័ន្ធទៅ នឹងការចោទប្រកាន់ របស់ លោកស្រី ឡាក់ សុភាព សមាជិកគណៈកម្មាធិការ នាយកគណបក្ស សង្គ្រោះជាតិ មកលើលោកប្រធាន សម រង្ស៊ី និងអនុប្រធាន កឹម សុខា ថា បានប្រព្រឹត្តិអំពើពុករលួយ ចំនួនទឹកប្រាក់ ពី៣០ ទៅ៤០ លានដុល្លារ ដែលបានមកពីការរៃអង្គាសចូលរួម ពីពួកគេ និងអ្នកគាំទ្រ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញភាពស្អាត ស្អំ ជូនថ្នាក់ដឹកនាំគណបក្ស ។
ញត្តិដែលមានស្នាមមេដៃ ពីតំណាងអ្នកគាំទ្រ ខាងលើនេះ បានបញ្ជាក់ទៀត «ប្រសិនបើការស្រាវជ្រាវ ស៊ើបអង្កេតរកឃើញថា មានការប្រព្រឹត្ត អំពើពុករលួយ ដូចការចោទប្រកាន់ របស់លោកស្រី ឡាក់ សុភាព នោះ សូមឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាចាត់វិធានការតាមនីតិវិធី ច្បាប់ជាធរមាន»។
ក្រោយការបញ្ចេញ ជាសាធារណៈ របស់មន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ និងជំនួយការរបស់ លោក កឹម សុខា នោះ បានធ្វើឲ្យ ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សសង្គ្រោះជាតិ ចេញមកជាបន្តបន្ទាប់ បកស្រាយ និងចង់ឲ្យលោកស្រី បង្ហាញភស្តុតាង និងមិនទទួលស្គាល់ ចំពោះការ លើកឡើងបែបនេះឡើយ ។
យោងតាមមន្រ្តី ជាន់ខ្ពស់គណបក្ស សង្គ្រោះ ជាតិ បានលួចបង្ហើបថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ លោកស្រី ឡាក់ សុភាព បានបង្ហាញមុខនៅ ចំពោះមុខគណៈកម្មាធិការវិន័យ ហើយ គណៈកម្មាធិការ បានដាក់លក្ខខណ្ឌ ចំនួន២ចំណុច រួមមានទី១ គណបក្ស សង្គ្រោះជាតិ បានឲ្យលោកស្រី ដាក់ពាក្យលាឈប់ចេញពីបក្ស និងទី២ គណបក្ស នឹងបញ្ឈប់លោកស្រី ពីសមាជិកភាព និងបញ្ចប់តួនាទី របស់ គណបក្ស។
សូមបញ្ជាក់ថា ជំនួយការម្នាក់របស់អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា និងមានតួនាទីជាថ្នាក់ដឹកនាំមួយរូប នៅក្នុងគណៈកម្មាធិការនាយក របស់បក្ស លោកស្រី ឡាក់ សុភាព បានទម្លាយការបែកបាក់ ផ្ទៃក្នុងយ៉ាងខ្លាំង នៅក្នុងគណបក្ស ព្រមទាំងលើកឡើង ពីអំពើពុករលួយ កឹបកេងលុយ រាប់លានដុល្លារ តែម្នាក់ឯងរបស់ លោក សម រង្ស៊ី ។
លួចប្រាប់អ្នកកាសែត នៅក្នុងកិច្ចប្រជុំ របស់ក្រុមបង្កើត គណបក្សថ្មី នៅឯខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ លោកស្រី ឡាក់ សុភាព បានលើកឡើងអំពី ការខ្វែងគំនិតគ្នា និងការបែកបាក់ផ្ទៃក្នុង របស់គណបក្សសង្គ្រោះជាតិ ទាំងក្នុង និងក្រៅ ប្រទេស រហូតបង្ខំឱ្យមេដឹកនាំជាន់ខ្ពស់ ទាំងពីរ គឺលោកប្រធាន សម រង្ស៊ី និងអនុប្រធាន កឹម សុខា បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីដោះស្រាយ ជម្លោះពីថ្នាក់ដឹកនាំម្ចាស់ជំនួយ និងសកម្មជនសំខាន់ៗនៅទីនោះ ។
លោកស្រី ឡាក់ សុភាព ដែលសុខចិត្ដ ទុកកូនរស់នៅសហរដ្ឋអាមេរិក ហើយមកប្រឡូកនយោបាយនៅកម្ពុជា និងថ្នាក់ដឹកនាំ សំខាន់មួយរូប ក្នុងគណបក្សប្រឆាំង បានបញ្ជាក់ យ៉ាងដូច្នេះថា “...ដំណឹងថ្មីមួយទៀតសោត គាត់ (លោកសម រង្ស៊ី និង លោកកឹម សុខា ) អញ្ជើញទៅប្រទេសបារាំងហ្នឹង គឺមានការចម្រូងចម្រាស់គ្នាធ្ងន់ធ្ងរ ដោយអត់ស៊ីចង្វាក់គ្នាទេ ទាំងនៅក្រៅប្រទេស និងក្នុងប្រទេស មានដូចតែគ្នាទេ ។
មានការបែងចែកអំណាច អ្នកដែលបោះឆ្នោតហើយជាប់ មានការប្រកាន់និងអ្នកជាប់ អីចឹងទេ មានការរើសអើង ជាការផុយស្រួយនៃការបែកបាក់ អាយុខ្លីនៃការ ដឹកនាំរបស់គណបក្ស គឺ CNRP តែម្ដង”។
ជំនួយការអនុប្រធានគណបក្ស ដែលអះអាងថាបានចូលប្រឡូកក្នុងឆាកនយោបាយ អស់រយៈពេល ២០ឆ្នាំរូបនេះ បានទម្លាយទៀតថា កាលពីកិច្ចប្រជុំបក្ស នាដើមខែធ្នូ ឆ្នាំ២០១៤កន្លងទៅ លោក កឹម សុខា បានលើកឡើងអំពីការផ្ដល់លុយមក លោក សម រង្ស៊ី ៣០ ទៅ ៤០លានដុល្លារ ហើយលោក សម រង្ស៊ី បានទទួល ២០លានដុល្លារហើយ ប៉ុន្ដែអ្នកស្រីមិនបានបញ្ជាក់ឱ្យច្បាស់នោះឡើយ ថាតើទឹកប្រាក់រាប់សិបលានដុល្លារនេះ នរណាផ្ដល់ជូនលោក សម រង្ស៊ី នោះទេ ។
លោកស្រី ឡាក់ សុភាព បានបង្ហាញអំពីការរឹងទទឹងរបស់ មេដឹកនាំបក្សប្រឆាំង ក្នុងការដឹកនាំថ្នាក់មូលដ្ឋាន ដែលនាំឱ្យមានការ បែក បាក់ និងរង្គោះរង្គើ “មិនសំខាន់ការរលាយគណបក្សនោះទេ តែវាជាការ រលាយប្រទេសជាតិតែម្ដង”៕