Tuesday, January 13, 2015

នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​”ព្រលះ”កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផ្ទួនៗ​យ៉ាង​ចាស់ដៃ​ ដោយ​ចោទ​ថា​ ចុះ​ផ្សាយ​បំភ្លៃ​ការ​ពិត​

បន្ទាប់​ពី​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​លេខ​១៣៥៣​ ក្រោម​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ "​ហូ​ សិ​ទ្ធី​ នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ជា​ដដែល​ទៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឲ្យ​អ្នកស្រី​ សា​រុំ​ ធ្វើការ​សាងសង់​នៅ​លើ​ដី​នោះ​ និង​សរសេរ​ទៅ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អនុញ្ញាត​ឲ្យ​អ្នកស្រី​ សា​រុំ​ ជា​តំណាង​ប្រជាពលរដ្ឋ​១៦៣​គ្រួសារ​ ចាក់​ដី​នៅ​លើ​ដី​ទំហំ​៩.៩៩២​ម៉ែត្រ​ក្រ​ឡា​ ដើម្បី​សាងសង់​ផ្ទះ​"​ រួច​មក​ ឯកឧត្តម​ ហូ​ សិ​ទ្ធី​ នាយក​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ ហើយ​បាន​ចោទប្រកាន់​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ​ ជា​ការ​បំភ្លៃ​ការ​ពិត​ គ្មាន​សុចរិត​ភាព​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ឯកឧត្តម​ ។​
​ជាមួយនឹង​ប្រតិកម្ម​ភ្លាមៗ​នោះ​ ឯកឧត្តម​ ហូ​ សិ​ទ្ធី​ បាន​ចេញ​លិខិតផ្លូវការ​ចុះ​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៥​ ជម្រាប​ជូន​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ ដោយ​បាន​បញ្ជាក់​ថា​ ឯកឧត្តម​មិន​មាន​សមត្ថកិច្ច​ទៅ​បញ្ជា​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឬ​ក៏​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ធ្វើ​កិច្ចការ​បែប​នេះ​ទេ​ ហើយ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​សមត្ថកិច្ច​ត្រឹមតែ​ចេញ​លិខិត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​ ឬ​បើ​ចាំបាច់​សុំ​ឲ្យ​លើក​យោបល់​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ស្នើ​ឲ្យ​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​នេះ​មាន​សេចក្តី​ក្លាហាន​ចុះ​ផ្សាយ​នូវ​លិខិត​របស់​ឯកឧត្តម​នៅ​លើ​ទំព័រ​កាសែត​ទៀត​ផង​ ។​
​នៅ​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៥​នោះ​ដែរ​ ឯកឧត្តម​ ហូ​ សិ​ទ្ធី​ បាន​ចេញ​លិខិត​លើក​ទី​២​របស់​ឯកឧត្តម​ជម្រាប​ជូន​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ ដោយ​ផ្ញើ​ជូន​នូវ​ច្បាប់​ចម្លង​នៃ​លិខិត​របស់​ឯកឧត្តម​ដែល​បាន​ផ្ញើ​ជូន​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៥​ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​បំភ្លៃ​ថា​ ឯកឧត្តម​បាន​ចេញ​បញ្ជា​ដល់​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ ដើម្បី​ឲ្យ​លោក​និពន្ធ​នាយក​ពិនិត្យ​ពិចារណា​លើ​លិខិត​ទី​២​នេះ​ តើ​វា​ជា​"​បញ្ជា​"​ឬ​ជា​"​ដីកា​បញ្ជូន​"​ ។​
​ដោយសារ​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ខក​ខានមិនបាន​ចុះ​ផ្សាយ​តាម​សំណូមពរ​ នូវ​លិខិត​ទី​២​របស់​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ នោះ​ ទើប​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ បាន​ចេញ​លិខិត​សា​ជា​ថ្មី​ទៀត​ចុះ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៥​ ដោយ​បាន​ចោទប្រកាន់​ថា​ ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ គឺជា​ការ​មួលបង្កាច់​ដោយ​ចេតនា​មក​លើ​រូប​ឯកឧត្តម​ ប៉ុន្តែ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ឯកឧត្តម​នឹង​មិន​ប្តឹងផ្តល់​ទៅ​ស្ថាប័ន​តុលាការ​ទេ​ ដោយ​ឯកឧត្តម​យល់​ឃើញ​ថា​ វា​ងាយ​ពេក​សម្រាប់​ជ័យជម្នះ​របស់​ឯកឧត្តម​នៅ​ក្នុង​រឿង​ក្តី​មួយ​នេះ​ ដ្បិត​ព័ស្តុតាង​ដែល​ឯកឧត្តម​អាច​នឹង​បង្ហាញ​ជូន​តុលាការ​វា​ច្បាស់លាស់​រហូត​ដល់​លោក​និពន្ធ​នាយក​មិន​អាច​ប្រកែក​បាន​ ។​ ប៉ុន្តែ​អ្វី​ដែល​ឯកឧត្តម​ចង់បាន​ គឺ​សុំ​ឲ្យ​លោក​និពន្ធ​នាយក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ធ្វើការ​សុំ​ទោស​ដល់​សាធារណ​មតិ​កម្ពុជា​ និង​អន្តរជាតិ​ ដោយ​អំពើ​បំភ្លៃ​ភូត​កុហក​បោកប្រាស់​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ ។​
​មជ្ឈដ្ឋាន​អ្នក​តាមដាន​សេរីភាព​បញ្ចេញមតិ​តាម​រយៈ​សារព័ត៌​មាននៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ដែរ​ថា​ ច្បាស់​ណាស់​ជំហរ​នយោបាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ គឺ​មាន​ទំនោរ​គាំទ្រ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​នៅ​កម្ពុជា​ ដែល​ក្នុង​នោះ​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ ក៏​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​រូប​ដែរ​ ក្រៅពី​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជានា​យក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ តើ​ចុះ​ហេតុ​អ្វី​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ មាន​ប្រតិកម្ម​ខ្លាំងក្លា​ដល់​ថ្នាក់​ហ្នឹង​ទៅ​លើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ឬ​ក៏​ការ​ចុះ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពិតជា​មាន​កំហុស​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ឯកឧត្តម​ ហូ​ សិ​ទ្ធី​ ប្រាកដ​មែន​ ?​ ៕​