Tuesday, January 13, 2015

កម្ពុជា​ថ្កោល​​ទោស​​ចំពោះ​អំពើ​​ភេរ​វកម្ម​​នៅ​ទី​ក្រុង​​ប៉ារីស

ប្រទេស​កម្ពុជា សូម​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​ការ​វាយ​ភេរវកម្ម​ដ៏ព្រៃផ្សៃ នៅ​ប្រទេស​បារាំង​នាសប្តាហ៍​មុន​នេះ ដែល​បាន​បង្ក​ឱ្យ​ជន​ជាតិបារាំងស្លូតត្រង់​បាត់​បង់​ជីវិត របួស​ជាច្រើន​នាក់ និង​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំងក្លា ហើយ​ដែល​ជា​ការ​វាយ​ប្រហារ​ដ៏ធ្ងន់ធ្ងរ​ដល់​តម្លៃ​មូលដ្ឋាន នៃ​សេរី​ភាព​បញ្ចេញ​មតិ និង​សិទ្ធិប្រជាធិប​តេយ្យ។

នេះ​ជា​ខ្លឹម​សារ​ដែល​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ចារ​នៅ​ក្នុង​សៀវ​ភៅ​ចូល​រួម​មរណទុក្ខ នា​រសៀល​ថ្ងៃទី​១២ ខែមករា​ ឆ្នាំ​២០១៥ ក្នុង​ឱកាស​ដែល​សម្តេច អម​ដំអម​ដំណើរ​ដោយ​សមាជិក​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល បាន​អញ្ជើញ​ចូលរួមគោរព​វិញ្ញាក្ខន្ធ​នៅក្នុង​ស្ថានទូត​បារាំង ក្នុង​រាជ​ធានី​ភ្នំពេញ ចំពោះ​ពលរដ្ឋ​បារាំង​ ដែល​បាន​ស្លាប់ និង​របួស​ក្នុង​អំពើភេរវ​កម្ម​នៅ​ទីក្រុង​ប៉ារីស​ កាល​ពីថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៥។

សម្តេច​តេជោ​បាន​សរសេរ​ក្នុង​នាម​សម្តេចផ្ទាល់ ​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជាថា នៅ​ក្នុង​កាលៈទេសៈ​ប្រកប​ដោយ​ក្តីរន្ធត់​នេះ ក្នុង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ដល់​ក្រុមគ្រួសារ និង​ជន​រងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​នៅ​ក្នុង​អំពើ​ហិង្សា​គួរ​ឱ្យស្អប់​ខ្ពើម​នេះ និង​សូម​សម្តែង​នូវ​សាមគ្គីភាព និង​សមានចិត្ត​ដ៏ជ្រាលជ្រៅ​ជាមួយ​នឹង​រដ្ឋាភិបាល និងប្រជា​ជន​បារាំង៕