ច្បាប់បង្កើតឡើងសម្រាប់គ្រប់គ្រងការទំនាក់ទំនងក្នុងសង្គម និងធ្វើឲ្យមាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺដើម្បីធានានូវភាពសុខសាន្ដជូនប្រជាពលរដ្ឋ និងក្នុងគោលបំណងរៀបចំសង្គមមួយឲ្យប្រជាពលរដ្ឋរស់នៅដោយស្មើភាពគ្នា រស់នៅស្ថិតក្រោមច្បាប់ ហើយក៏គ្មាននរណាម្នាក់រស់នៅក្រៅច្បាប់នោះដែរ។
កម្ពុជា ក៏មិនខុសគ្នាទៅនឹងប្រទេសដទៃនោះទេ ព្រោះកម្ពុជាជារដ្ឋដែលមានអធិបតេយ្យ មានរបបនយោបាយប្រជាជនទឹកដីមួយច្បាស់លាស់ និងក៏មានប្រព័ន្ធច្បាប់សម្រាប់អនុវត្តផងដែរ។
ប្រព័ន្ធច្បាប់កម្ពុជា ត្រូវបានបែងចែកជា ៣ ដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ អំណាចទាំង ៣ ត្រូវបានបែងចែកនូវការទទួលខុសត្រូវការគ្រប់គ្រង និងសមត្ថកិច្ចរៀងៗខ្លួន ជាពិសេសស្ថាប័នទាំងនេះ មិនអាចជ្រៀតជ្រែក ឬលូកដៃចូលក្នុងសមត្ថកិច្ចនៃស្ថាប័នណាមួយ បាននោះឡើយ។
យោងលើប្រសាសន៍របស់លោក ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី ១៩ ខែមករា កន្លងមក បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះករណីដែលសុំឲ្យលោកមានការអន្ដរាគមន៍លើសមត្ថកិច្ចតុលាការចំពោះការលុបបណ្ដឹងអាជ្ញា ដើម្បីឲ្យអ្នកទាំង ៧នាក់ របស់គណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ត្រូវបានរួចខ្លួន និងរួចពីការចោទប្រកាន់ គឺមិនត្រូវបានកើតឡើងឡើយ។
ស្ថិតក្នុងបរិការនេះ លោក ហ៊ុន សែន ដោយឈរលើគោលការណ៍ច្បាប់ជាធំ និងយល់ច្បាស់អំពីច្បាប់ទម្លាប់ ដោយចង់បង្ហាញឲ្យឃើញថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ដូច្នេះលោកគ្មានសិទ្ធិអំណាចអ្វីដែលអាចបញ្ជាទៅលើស្ថាប័នតុលាការបាននោះទេ។
សូមបញ្ជាក់ផងដែរថា នៅក្នុងរឿងក្ដីព្រហ្មទណ្ឌ រាល់ការចោទ ឬមិនចោទ ឬលើកការចោទ ជាសមត្ថកិច្ចតែមួយគត់របស់ព្រះរាជអាជ្ញាតែប៉ុណ្ណោះ។
ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន បានរំលេចឲ្យឃើញថា មិនថាបុគ្គលណានោះទេ បើបានប្រព្រឹត្តអ្វីដែលផ្ទុយ ឬលើសពីការកម្រិតរបស់ច្បាប់ បុគ្គលនោះត្រូវតែប្រឈមជាដាច់ខាតចំពោះមុខច្បាប់ ទោះបីជននោះ មានបុព្វសិទ្ធិ អភ័យឯកសិទ្ធិសភា ឬជាជនធម្មតាក៏ដោយ ក៏ត្រូវតែទទួលទោសដូចគ្នា។ ច្បាប់មិនបានបែងចែកខ្ពស់ ទាប មាន ក្រទេ តែច្បាប់បានបែងចែកអ្នកប្រព្រឹត្តខុស គឺចាំបាច់ត្រូវចាប់យកមកផ្ដន្ទាទោស។
បើសិនជាលោក ហ៊ុន សែន ក៏ដូចជាតំណាងរាស្ដ្រទាំង ៦៨រូប របស់គណបក្សប្រជាជនកម្ពុជា ធ្វើទៅតាមការទទូចរបស់គណបក្សសង្រ្គោះជាតិ នៅពេលនោះ កម្ពុជានឹងបង្កើតឲ្យមាននូវអំពើនិទណ្ឌភាព ហើយអ្នកមានអំណាច មានលុយមានកាក់ នឹងត្រូវបានរួចខ្លួន។ ក្នុងន័យនេះហើយក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផងនោះ ទើបលោក ហ៊ុន សែន បានប្រកាសជំហរមិនយល់ព្រមជាដាច់ខាត។
យើងនៅចាំបានថា រាល់លើកនៃការធ្វើសកម្មភាពណាមួយ មិនថាការចុះជួបពលរដ្ឋ ឬការធ្វើបាតុកម្ម កុប្បកម្ម ពីថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយចំនួនប៉ុណ្ណោះទេ ហើយថែមទាំងចូលចិត្តលើកឡើងដោយក្អេងក្អាង និងបង្កប់នូវភាពអុចអាល ញុះញង់ បញ្ឆេះកំហឹងឲ្យខ្មែរស្អប់ខ្មែរ ជាពិសេសហាក់បង្ហាញប្រាប់ថា ខ្លួនមានសិទ្ធិអំណាចគ្រប់បែបយ៉ាង ទោះបីជាប្រទេសមានច្បាប់ក៏ដោយ ក៏មិនអាចធ្វើអ្វីខ្លួនកើតដែរ។
ស្ថិតក្នុងទិដ្ឋភាពនេះ ត្រូវបានអ្នកវិភាគមួយចំនួនលើកឡើងជារឿយៗថា ការធ្វើសកម្មភាពស្ទើរតែរាល់លើករបស់គណបក្សសង្រ្គោះជាតិ គឺចូលចិត្តបំពារបំពាន ស្វែងរកប្រយោជន៍ និងចូលចិត្តយកប្រជាពលរដ្ឋធ្វើជាខែលដើម្បីបិទបាំងទង្វើដែលខ្លួនបានធ្វើខុស។
សរុបមក ក្នុងនាមជាអ្នកនិពន្ធមួយរូប ខ្ញុំសូមមិនគាំទ្រជាដាច់ខាតនូវទង្វើរបស់គណបក្ស នយោបាយណាមួយ ដែលព្យាយាមរុញឲ្យកម្ពុជាកើតមាននូវអំពើនិទណ្ឌភាព និងម្យ៉ាងទៀត ដូចការរៀបរាប់ខាងលើនេះ ខ្ញុំមិនបានមើលឃើញថា លោក ហ៊ុន សែន មានការជ្រៀតជ្រែក លូកដៃទៅលើសមត្ថកិច្ចរបស់តុលាការនោះទេ តែផ្ទុយទៅវិញមតិយោបល់ដែលលោក ហ៊ុន សែន បានលើកឡើងក្នុងន័យជំរុញឲ្យតុលាការមានវិធានការតឹងរឹងទៅលើអ្នកប្រព្រឹត្តបទល្មើស គឺជាការចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជាតែប៉ុណ្ណោះ។
ដូច្នេះតុលាការ មានសមត្ថកិច្ច និងជាអ្នកធ្វើឲ្យសង្គមទទួលបាននូវយុត្តិធម៌ គប្បីត្រូវតែចាប់អ្នកប្រព្រឹត្តល្មើសយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយមិនឲ្យជនណាម្នាក់ដែលធ្វើខុសហើយ គេចផុតពីសំណាញ់ច្បាប់ឡើយ។
អត្ថបទ៖ សុខ អភិវឌ្ឍន៍