Thursday, January 22, 2015

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អះ​អាង​ថា ទេសចរណ៍​បេតិក​ភណ្ឌ​​និង​​វប្បធម៌ ស្រូប​​ចំណូល​​យ៉ាង​ច្រើន​ចូល​ក្នុង​​ចរន្ត​​​សេដ្ឋ​កិច្ច​​​ជាតិ

វិស័យវប្បធម៌ គឺជាគ្រឹះយ៉ាងសំខាន់ដែកអាចស្រូបទាញកំណើនទេសចរណ៏បានយ៉ាងច្រើនឲ្យមក ទស្សនា​​កម្ពុជា ​ ​ដោយបាន​នាំមក​នូវ​ចំណូល​សេដ្ឋកិច្ចជាតិរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។

ថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌ឆ្នាំ ២០១៤ របស់ក្រ​សួង​វប្បធម៌ និងវិចិត្រសិល្បៈ នៅសាល សន្និសីទចតុមុខ ព្រឹកថ្ងៃទី២២ មករា ឆ្នាំ​២០៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទ​ទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៏ថា សម្បត្តិវប្បធម៌ដ៏សម្បូរណ៍បែប ដែល​កម្ពុជា​មាន​សព្វ​ថ្ងៃ បានចូល​រួមចំណែកយ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​​​សេដ្ឋកិច្ចសង្គមដោយបាននាំមកនូវចំណូលរាប់ពាន់លាន​ដុល្លារ​ទៅក្នុង ​ចរន្ត​​​សេដ្ឋកិច្ច​​ជាតិ តាមរយៈទេសចរណ៍បេតិកភណ្ឌនិងវប្បធម៌គឺ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ចាក់ថា ដោយសារកម្ពុជាមានសក្តានុពលខ្លាំងខាង​​វប្បធម៌បានធ្វើឲ្យវិស័យ​ទេស​ចរណ៏នៅ​ កម្ពុជាទាំងមូលបានក្លាយជាក្បាលម៉ាស៊ីន​នៃកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែករហូតដល់​ប្រមាណ​ជា ១៦% នៃផលិត​ផល​ក្នុងស្រុកសរុប (GDP) និងបាន​​បង្កើត​​ការងារ​ជូនប្រជាជន​​ដោយ​ផ្ទាល់​ជាង ៥០០​ពាន់ និង​ដោយប្រយោល​រាប់សិបពាន់​​ផ្សេង​ទៀត ក្នុងពីឆ្នាំ២០១៤កន្លងមកនេះ។

ឯកឧត្តម មានប្រសាសន៏បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់នៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌នេះ ដោយ​បាន​ដាក់​ចេញ​នូវគោលនយោបាយផ្សេងៗ ដើម្បីប្រែក្លាយកម្ពុជាដែល​​គេធ្លាប់​ស្គាល់ថាជាវាលពិឃាត មក​ជាព្រះរា​ជាណាចក្រនៃវប្បធម៌ ជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោក។

ដើម្បីឲ្យការថែរក្សាអភិរក្ស និងអភិវឌ្ឍបេតិ​កភណ្ឌ​​​វប្បធម៌ កាន់តែទទួលបានប្រសិទ្ធផល ឯកឧ​ត្តម បានផ្តល់​នូវ​អនុសាសន៏​មួយចំនួន ដោយជំរុញឲ្យធ្វើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈ​​ ដោយយកចិត្តទុកដាក់ទាំងបរិមាណ និងគុណភាពនៃការបណ្តុះបណ្តាល ។

ក្រៅពី​នេះ ឯកឧត្តម បាន​ស្នើឲ្យ​យក​ចិត្ត​ទុក​ដាក់បន្ត​ពង្រឹង​ការគ្រប់គ្រង  និងការរៀបចំតំន់បេតិកភណ្ឌវប្បធម៌ រមណីយ​ដ្ឋាន​វប្បធម៌​និងប្រវត្តិសាស្ត្រ​ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅថែរក្សាអភិរក្សនូវមរតកវប្បធ​ម៌​​​​ដ៏មានតម្លៃ​របស់​ជាតិផង និងប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ផង។


ឯកឧត្តម​ក៏បានជម្រុញ​ឲ្យបន្តយកចិត្តទុកដាក់​បង្កើន​ធនធាន​មនុស្ស​សម្រាប់​ការគ្រប់គ្រង និងលើកស្ទួយ​​​សកម្មភាព​​​​វប្បធម៌របស់ជនជាតិភាគតិច និងជន​ជាតិ​ដើម​ភាគតិច និងភាពផ្សេងគ្នានៃវប្បធម៌   ជាពិសេសនៅតាមតំបន់​ដាច់​ស្រយាល។ជំរុញការបង្កើត​មជ្ឈមណ្ឌល​វប្បធម៌​នៅតាមរាជធានី ខេត្ត ដើម្បី​បង្ហាញពីប្រពៃណី ទំនៀមទំលាប់ និង​របៀបរបបរស់នៅរបស់ប្រជាជនខ្មែរ ក៏ដូចជាភាព​សម្បូរណ៍​បែបនៃ​វប្បធម៌​ខ្មែរ​  ពិសេសគឺការពង្រីកសកម្មភាព​វប្បធម៌​នៅតាមវត្តអារាម  ដូចជាចំណេះ​ដឹង​អំពីល្បែងនិងរបាំប្រជាប្រិយ ប្រ​ពៃ​ណី និងសកម្មភាពវប្បធម៌នានា ពី​ព្រោះទីវត្តអារាមបានដើរតួនាទីយ៉ាងសំខាន់​​នៅក្នុងសង្គមខ្មែរ ជាមជ្ឈមណ្ឌល​នៃការផ្សព្វផ្សាយ និងថែរ​ក្សា​​អភិរក្ស​វប្បធម៌របស់ជាតិ ​​តាំងពីយូរលង់ណាស់មកហើយ និង​បន្តយកចិត្តទុកដាក់បង្កើនការផលិត និងការផ្សព្វផ្សាយ​ផលិតផលវប្បធម៌ តាមរយៈការជំរុញការរៀបចំមហោ​ស្រព ការតាំងពិព័រណ៌ និងការបង្ហាញស្នាដៃថ្មីឱ្យបានច្រើន ទាំង​កម្រិតជាតិនិងអន្តរជាតិ ដោយខិតខំបង្កើន​គុណភាពស្នាដៃ និងផលិតផល​សិល្បៈ​វប្បធម៌ឱ្យកាន់តែមាន​លក្ខណៈ​ទាក់ទាញ និងមានគុណភាពប្រកួតប្រជែងខ្លាំងឡើងៗ ក្នុងគោលដៅ​​កាត់បន្ថយការនាំចូលសិល្បៈ និង​ភាពយន្តបរទេស។ ជា​មួយ​គ្នា​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ បាន​ជម្រុញ​ឲ្យ​បន្តសិក្សា​ស្រាវជ្រាវ​អំពី​បេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបី ដែលកំពុងប្រឈមនឹងការបាត់បង់ ដើម្បី​ចងក្រង​ទុកជា​ឯកសារ និង​ពង្រឹងការ​អនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានស្រាប់ និងកសាងបទដ្ឋានគតិយុត្ត​ថ្មីដែលចាំបាច់​បន្ថែមទៀត ដើម្បី​ធានា​ដល់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិប្រកបដោយចីរភាព៕