Wednesday, March 11, 2015

ប្រធាន​​ធនាគារ​​អភិវឌ្ឍន៍​​អាស៊ី ADB វាយ​​តម្លៃ​​ខ្ពស់​​ចំពោះ​​វឌ្ឍនភាព​​របស់​​កម្ពុជា

ឯកឧត្តម តាកេហ៊ីកូ ណាកាអូ (Takehiko Nakao) ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ផ្លាស់​ប្តូរ​របស់​កម្ពុជា​នៅ​ក្នុង​ រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព ឯកឧត្តមតា កេហ៊ីកូ ណាកាអូ (Takehiko Nakao) ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) មាន​ប្រសាសន៍​ថា ឯកឧត្តម​ធ្លាប់​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០០១ ហើយ​នៅ​ពេល​នេះ ឯកឧត្តម​បាន​ឃើញ​ពី​ការ​ផ្លាស់ប្តូរ​យ៉ាង​ច្រើន។ ការ​ផ្លាស់ប្តូរ​នោះ គឺពោរពេញ​ទៅ​ដោយ​ការវិវត្ត​ដ៏គួរ​ឱ្យ​កត់​សម្គាល់​បំផុត ពោល​គឺ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច កម្ពុជា​មាន​ស្ថិរភាព​នយោបាយ គ្រប់​គ្រង​អតិផរណា​បាន​ល្អ កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​ប្រមាណ​៤៥% មក​ត្រឹម​ប្រមាណ ១៩% មាន​ប្រព័ន្ធ​អប់រំ​ល្អ និង​មាន​បរិយាកាស​វិនិយោគ​ល្អ​ជាដើម។

ឯកឧត្តម​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) មាន​ប្រសាសន៍​បញ្ជាក់​ថា ឯកឧត្តម​មាន​ទស្សនៈវិជ្ជមាន​ចំពោះ​កម្ពុជា កម្ពុជាគឺ​ជាសង្គម​មួយ​ដ៏សមរម្យ​។ ឯកឧត្តម តាកេហ៊ីកូ ណាកាអូ (Takehiko Nakao) មាន​ប្រសាសន៍​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) មាន​មោទន​ភាព​យ៉ាងខ្លាំង​ចំពោះ​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា និង​បាន​ផ្តល់​នូវ​សេចក្តី​សង្ឃឹម​ថា នឹង​បន្ត​ធ្វើ​ការជា​មួយ​កម្ពុជា នៅ​លើ​វិស័យ​ផ្សេងៗ​ទៀត រួម​ទាំង​វិស័យ​កំណែ​ទម្រង់​សាធារណៈ អភិវឌ្ឍន៍​ជនបទ និង​សមាហរណកម្ម​តំបន់​ជាដើម។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថ្លែង​នូវ​អំណរ​គុណ ចំពោះ​ការវាយ​តម្លៃ​របស់ ADB ចំពោះ ​វឌ្ឍនភាព​ដែល​កម្ពុជា​សម្រេច​បាន។ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ជាការពិត​ណាស់​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក កម្ពុជា​មាន​ការផ្លាស់​ប្តូរ​យ៉ាង​ច្រើន ពោល​គឺ​កាល​ពី​ឆ្នាំ​២០០១ ភាព​ក្រីក្រ​មាន​ប្រមាណ​៥០% ប៉ុន្តែ​រហូត​មកដល់​ពេលនេះ ភាពក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​គួរឱ្យ​កត់​សម្គាល់​បំផុត។ សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​វឌ្ឍនភាព​ដែល​កម្ពុជា​សម្រេច​បាន​នេះ គឺ​ពិត​ជាមិន​អាច​កាត់ផ្តាច់​បាន​ពីជំនួយ និង​ភាព​ជាដៃគូ​ជាមួយ និង ADB បាន​ឡើយ។

សម្តេច ​តេជោនាយករដ្ឋមន្រ្តី​បានមាន​ប្រសាសន៍​ឲ្យដឹង​ពី​គោល​ដៅ​របស់​រាជរដ្ឋាភិបាល ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ក្នុង​ការ​ប្រកាស​ដាក់​ចេញ នោះ​គឺ​ជំរុញកំណើន​សេដ្ឋ​កិច្ច​ឱ្យ​បាន​៧% សម្រាប់​រយៈពេល​វែង និង​រយៈពេល​ខ្លី ពិសេស​កាត់​បន្ថយ​ភាពក្រីក្រ​ឱ្យ​បាន​ ១%​ក្នុង​១ឆ្នាំ និង​រក្សា​អតិផរណា​ឱ្យ​បាន​ក្រោម​៥%៕