Wednesday, March 11, 2015

សម្តេច​​តេជោ៖ មន្ត្រី ​គឺជា​​ខ្ញុំ​បម្រើ​​ដ៏​ស្មោះ​ត្រង់​​របស់​​ប្រជាជន មិន​មែន​​ជា​ចៅ​ហ្វាយ​​របស់​ប្រជាជន​​ទេ

នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៥​ជូន​ដល់​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៤ ​សិក្ខាកាម​មន្ត្រី​មធ្យម​វគ្គ​បណ្តុះ​បណ្តាល​ខ្លីនៃ​ក្រសួងបរិស្ថាន និង​បើក​វគ្គ​បណ្តុះបណ្តាល​សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​ទី៦ និង​វគ្គ​វិក្រិត្យការ​ឆ្នាំ​២០១៥ របស់​សាលាភូមិន្ទ​រដ្ឋបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​ផ្តល់នូវ​ដំបូន្មាន​សំខាន់ៗ ស្តីពី​ការ​កែ​ប្រែ​ឥរិយាបថ​របស់​មន្ត្រីរាជការ​ឲ្យ​ក្លាយ​ជាអ្នក​ផ្តល់ និង​បំរើ​សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា អ្វីដែល​ខ្ញុំ​ចង់​និយាយ​ចង់​ផ្តាំ ផ្ញើ​ដំបូង​គេ​នេះ គឺ​ការ​ធ្វើជា​មន្ត្រី​។ មន្ត្រី​គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​ទេ។ ត្រង់​ចំណុច​នេះ ត្រូវ​យល់​សារជាតិ​ពិតប្រាកដ បើ​មិន​ដូច្នោះ​ទេ​មន្ត្រី​យើង​នឹង​ពើង​ទ្រូង​ដាក់​ប្រជាជន ហើយ​តាំងខ្លួន​ជាចៅហ្វាយ​ប្រជាជន ហើយ​ត្រូវ​រំឭក​ដាស់តឿន​ខ្លួន​ឯង​ជាប់​ជានិច្ច។ ទង្វើ​ខុស​ឆ្គ​ងណាមួយ ដែល​តាំងខ្លួន​ជា​ចៅហ្វាយ​របស់​ប្រជាពលរដ្ឋ ហើយ​មិនមែនជា​ខ្ញុំបម្រើ ដ៏​ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ គឺ​សុទ្ធតែជា​ទម្លាប់​ខុសឆ្គង​ជាមួយ​កិច្ចការ ដែលត្រូវ​បម្រើ​ដល់​ប្រជាជន​។​ សម្តេច​តេ​ជោក៏បាន​ដាស់តឿន​ទៀតថា ធ្វើ​មន្ត្រី​ត្រូវ​ចេះ​ឱន​លំទោន ព្រោះ​ការ​ឱនលំទោន​មិនមែន​ជាការ​ចុះ​ចាញ់​ឡើយ ដូច​ពាក្យចាស់​ពោល​ថា«​ងើយ​ស្កក ឱនដាក់គ្រាប់»​។ សម្តេចនាយក​រដ្ឋ​ម​មន្ត្រី​ក៏​ជំ​រុញឱ្យ​មន្ត្រី​ជម្រុះ​ចោល​នូវ​ទម្លាប់​អាក្រក់ ដែល​ឱនលំទោន​នៅមុខ​មន្ត្រី​អ្នកធំ តែ​ចំពោះមុខ​ប្រជាជន និង​អ្នក​នៅក្រោម​ខ្លួន​ដើរ​ពើង​ទ្រូង​នោះ។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា ធ្វើជា​មន្ត្រី​មិនត្រូវ​ធ្វើជា​មន្ត្រី​ជើង​ ១០​នោះទេ (​ជើង​តុ​៤ កៅ​អី៤ និងជើង​មន្ត្រី​២)ត្រូវតែរ​ត់រក​ការងារមិនត្រូវ​រង់ចាំ​ការងារ​រត់​រក​ឡើយ ហើយ​មន្ត្រី​ជើង​១០ ​ជា​មន្ត្រី​គ្មាន​អនាគត​ល្អ​ទេ។​ មន្ត្រី​រាជរដ្ឋាភិបាល​ត្រូវតែ​ធ្វើជា​មន្ត្រី ដែល​ចេះ​ទទួល​ទាំង​ខុស និង​ត្រូវ មិនត្រូវទទួល​តែ​ត្រូវ ហើយ​ខុស​ទម្លាក់​ឱ្យគេ​នោះទេ។ សម្តេច​បាន​បញ្ជាក់ថា ​មន្ត្រីដែល​ទទួល​តែ​ត្រូវ មិន​ទទួល​ខុស ​គឺជា​មន្ត្រី​អត់​ប្រយោជន៍​។​ មន្ត្រី​មិនត្រូវ​មាន​ជំងឺ​តួឯក​នោះឡើយ ព្រោះ​ជំងឺ​តួឯក​នេះ​មិន​ថា ​មន្ត្រី​ស្ថាប័នរដ្ឋ ឬ​ឯកជន​នោះទេ គឺ​គ្រោះ​ថ្នាក់​បំផុត។ ជាមួយនឹងការទូន្មាននេះ​ សម្តេច​តេ​ជោ​បាន​វាយតម្លៃ​ថា មន្ត្រី​យើង​ភាគ​ច្រើន​ជាម​ន្ត្រី​ល្អ គឺ​មានតែ​មន្ត្រី​មួយ​ភាគ​តូច​ប៉ុណ្ណោះ​ដែលជា​មន្ត្រី​ខិលខូច​នោះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីបាន​លើកសរសើរ​ពី​គំរូ​វីរភាព​របស់​កម្លាំង​ប្រដាប់​អាវុធ ទាំង​យោធា នគរបាល និង​កងរាជ​អាវុធហត្ថ ដោយបាន​មានប្រសាសន៍​ថា នៅ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​កំពុង​សម្រាន្ត​លង់លក់ កងកម្លាំង​ប្រដាប់អាវុធ​កំពុង​ដើរល្បាត ដើរ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ទាំង​ក្រោម​ដំណក់ភ្លៀង​ដ៏​ខ្លាំង។ រាល់ពេល​មានការ​ទទួល​ទេវតា​ឆ្នាំ​ថ្មី កងកម្លាំងប្រដាប់អាវុធកម្រ​បាន​នៅ​ជួបជុំ​គ្រួសារ ដើម្បី​ធ្វើ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ណាស់ ។ សម្តេច​តេជោ​បាន​បញ្ជាក់ថា​ ការងារ​ទាំងអស់នេះ​ (ការងារ​ជា​កងកម្លាំង​ប្រដាប់​អាវុធ) គឺជា​គំរូ​វីរភាព និង​ជា​ឧ​ទារ​ហណ៍ ដែល​មន្ត្រីរាជការ​ស៊ីវិល​ត្រូវយក​គំរូ​តាម​។

ទាក់ទង​ដល់​ការគ្រប់គ្រង​សេដ្ឋកិច្ច ​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ក្រើន​រំលឹក​ថា ត្រូវធ្វើ​យ៉ាងណា​គ្រប់គ្រង​ប្រទេស​កុំឱ្យ​ដូច​ប្រទេស​ក្រិច ដែល​ផលិតផល​ក្នុងស្រុក​សរុប (​ផសស​) មាន​រហូត​ទៅ ១៧៥​ភាគរយ ​គឺជា​បំណុល​នោះ។ យើង​ទើប​តែមាន​២៣ ភាគរយ នៃ ផសស ប៉ុណ្ណោះ ហើយ​ពិ​ដាន​សម្រាប់​ការខ្ចី​គឺ​៤០​ភាគរយ។
សម្តេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា យើង​ចង់ឱ្យ​ប្រទេស​យើង ឈាន​ពី​ចំណូល​មធ្យម​ទៅកាន់​ចំណូលប្រទេស​កម្រិត​ខ្ពស់ ហើយ​ឱ្យ​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​ដូច​ប្រទេស​មួយចំនួន ក្នុង​ពិភព​កលោក​។​ យើង​ត្រូវ​ជំរុញនូវ​កំណើន​ចំណូល​ក្នុងស្រុក កាត់បន្ថយ​ការពាក់ព័ន្ធ​ពី​ក្រៅ​ប្រទេស ត្រូវ​ប្រឹង​ខ្លួនយើងដោយ​មិន​ចង់​ស្ថិតនៅក្នុង​អន្ទាក់​របស់​ប្រទេស​ដែលមាន​ចំណូល​មធ្យមនោះទេ។

សម្តេចតេជោ​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ការ​កែ​ទម្រង់​រដ្ឋបាល​ស៊ីវិល​កំពុង​ដំណើ​រការ​ទៅមុខ ហើយ​ប្រព័ន្ធ​បៀវត្ស​មួយ​ក៏ត្រូវ​បានរៀបចំ​ឡើងដែរ។ នៅ​ប៉ុន្មាន​ថ្ងៃខាងមុខនេះ​ នឹង​ឆ្លង​ចូល​ខែមេសា ពេលនោះ​បៀវត្ស​មន្ត្រីរាជការ កងកម្លាំង​ប្រ ដាប់​អាវុធ​របស់​យើង​នឹង​ឡើង ប៉ុន្តែ​ឡើង​តាម​កាំជណ្តើរ​ទេ។ យើង​បាន​ប្រើថវិកា​របស់​យើង​ជាង ​៤៩​ភាគរយ​នៃ​ចំណាយ​ចរន្ត ហើយនឹង​ជាង​៥​ភាគរយនៃ ផសស។

ដោយ​ឡែក​ទាក់ទង​នឹង​វគ្គ​បណ្តុះបណ្តាលនៅ​សាលា​ភូមិន្ទរដ្ឋបាលនេះ សម្តេច​តេ​ជោ​បាន​ជំរុញ​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ពិសេស​សម្រាប់​ស្ត្រី ដែល​ត្រូវបានតែងតាំង​ជា​អនុ​រដ្ឋលេខា​ធិការ និង​ថ្នាក់​ដឹកនាំ​នានា ដោយ​បាន​ស្នើឱ្យ​ឯកឧត្តម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រៀបចំ​វគ្គ​នេះ។

ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​បានឱ្យដឹងថា សកម្មភាព​បណ្តុះ​បណ្តាល​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ត្រូវបាន​ពង្រឹង​បន្ថែម ដោយបាន​ចាប់ផ្តើម​បង្កើតឱ្យមាន​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​ក្រោម​ទម្រង់​នៃ​កិច្ច​សហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ។ ឯកឧត្តម​បន្តថា សម្រាប់​រយៈពេល​កន្លងមក សាលា​បាន​បណ្តុះបណ្តាល​សិស្ស​មន្ត្រីជាន់ខ្ពស់​បាន ៧​ជំនាន់​មាន​ចំនួន​២៨៥​នាក់។ បច្ចុប្បន្ន​សាលា​កំពុង​បន្ត​បណ្តុះបណ្តាល​សិស្ស មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​៨​ចំនួន​៦០​នាក់ និង​សិស្ស​មន្ត្រី​ក្រមការ​ជំនា​ន់ទី​៦​ចំនួន​៥៥​នាក់ ទៅតាម​លទ្ធផល​នៃ​ការ​ប្រកួត​ប្រជែង និង​តាម​សេចក្តីសម្រេច​របស់​ក្រសួង​មុខងារសាធារណៈ​។

សម្រាប់​វគ្គ​វិ​ក្រិ​ត្យ​ការ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ឆ្នាំ​២០១៥ មាន​កម្មសិក្សាការី ចំនួន​២០០ នាក់​មកពី​ស្ថាប័ន មន្ទីរ ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស​ដែល​ត្រូវ​បើក​វគ្គ​នា​ថ្ងៃនេះ។ បន្ថែម​លើ​សកម្មភាព​បណ្តុះបណ្តាល​ខាងលើ សាលា​បានបញ្ចប់ និង​បន្ត​វគ្គ​បណ្តុះបណ្តាល​រយៈ​ខ្លី​៣​ខែ ដល់​មន្ត្រី​មធ្យម​រដ្ឋបាល កណ្តាល និង​មន្ត្រី​មធ្យម​ថ្នាក់ក្រោម​ជាតិ​របស់​ក្រសួងបរិស្ថាន​ផងដែរ​៕