Friday, March 20, 2015

បទ​អត្ថាធិប្បាយ ដោយ៖ រត្ន័ សណ្ដាប់៖ ​តើ​អនុប្រធាន​​បក្ស​ប្រឆំាង​​អាចគេច​ផុត​ពីប្រព័ន្​ធ​ច្បា​ប់​បានទេ?

នៅ​ក្នុង​ពិធី​សម្ពោធបើក​ការដ្ឋាន​សាងសង់ផ្លូវថ្នល់​ខេត្ដ​បន្ទាយមាន​ជ័យ នា​ថ្ងៃទី​១៨ខែ​មិនា​ ឆ្នាំ២០១៥​​ លោកនាយករដ្ឋមន្រ្ដី​ ហ៊ុន សែន​ បាន​ថ្កោលទោស​ធ្ងន់​ៗ​​ទៅលើ​ លោក កឹម សុខា អនុ​ប្រធានគណបក្សសង្គ្រោះ​ជាតិ​ ថា តំណាងរាស្រ្ដ​រូប​នេះ​បាន​សារភាព​ខ្លួនឯង ថា​ ​«ខ្លួន​បាន​​ប្រឹងប្រែងផ្តួលរាជរដ្ឋាភិបាល​ ផ្តួលគណបក្សប្រជាជនតែមិនបានសម្រេច»​ ហើយបាន​សុំ​​ទោសប្រជាពលរដ្ឋខ្មែរនៅអាមេរិក។
          ការលើក​ទ្បើង​របស់​ លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន​ ជាករណី​ដ៏កម្រមួយ គេអាច​ចាត់​ទុកបាន​ថា​មិន​មែន​ជា​រឿងចៃដន្យ​ ឬជា​រឿង​ប្រឌិត​មួយ ​ដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ​។ ព្រោះ​អី  បន្ទាប់​ពី​និយាយ​យ៉ាង​ក្រអឺត​ក្រទម​មិន​ទាន់​ត្រ​ជាក់ផង​​ ស្រាប់​តែ​ពីរបី​ថ្ងៃ​ក្រោយ​មក ​​​លោក កឹម សុខា ងើប​ស្ទុះបែរ​ក្បាល​១៨០​អង្សា និយាយ​កែបដិសេធយ៉ាង​ឆ្កុយ​ (តាម​ប្រភព​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​) គាត់​មិនបានពោល​បែប​នេះ​ទៅ​កាន់អា​ណិកជន​ខ្មែរ​នៅ​អា​មេ​រិកទេ។​​​ ក្នុង​ករណី​នេះ​អ្នក​វិភាគ​នយោ​បាយ​គេ​នំា​គ្នានិយាយថា​ តើលោក​ កឹម សុខា​ ជា​អ្នក​ន​យោ​បា​យ​ធុន​ណា ​ដែល​​និយាយ​បែប​មិន​ទទួល​ខុស​ត្រូវ​យ៉ាង​នេះ។ ​គេ​សួរ​គ្នា​ទៀត​ថា តើការ​បដិសេដនេះ​​​ ​​​​លោក កឹម  សុ​ខា គិត​ថា​រួច​ខ្លួន​ទេ? 
          ​លោក កឹម សុខា​ ​កំ​ពុង​តែ​បន្ទាបប​ន្ថោកខ្លួន​ឯងហើយ។​ ក្នុង​តួនាទី​ជា​អ្នក​តំណាង​រាស្រ្ដ​ ពិសេសជាអនុ​ប្រ​ធាន​ទី​១​រដ្ឋសភា​ លោក កឹម សុខា​ ​មាន​ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវធំ​ធេង​​ណាស់​ ​ មាន​ភារកិច្ច​ដឹក​នំា​សភា​ទំាង​មូល ​ក្នុងករណីអវត្ដមានប្រធាន​ នោះ​យើង​មិន​ទាន់​និយាយ​អំពីលក្ខណៈសម្បត្ដិ​ សមត្ថភាព ​និងចំណេះ​ដឹង​ផ្នែកច្បាប់​នោះ​ផងទេ។ ពាក្យ​ថា​ច្បាប់​នោះ​គឺ​ជាវិន័យ​ ​ ​ក្រម​សីសធម៌ ក្រឹត្យក្រមនៃការ​រស់​នៅ​ក្នុង​សង្គម​ជាតិ​មួយ ​ប្រកប​ដោយ​តក្កភាព​យ៉ាង​ប្រត្យក្ស ឃើញ​សថាស ឃើញ​ខ្មៅ​ថាខ្មៅ។​​​ ​​
          រាជ​រដ្ឋា​ភិបាល​បាន​កត់ត្រា​ទុក​យ៉ាង​ត្រឹម​ត្រូវ​ណាស់ តាម​បែប​វិ​ទ្យាសាស្រ្ដ​ជា​ដើម នូវ​​​ពាក្យ​សំដី​ របស់​លោក កឹម សុខា​ ទាំង​អម្បាលម៉ាន នៅ​ពេល​ដឹកនំាធ្វើ​បាតុកម្ម​ ស្រែក​ទ្បូទ្បា​តាម​ផ្លូវ​ថ្នល់សាធារណៈ ​អស់​រយៈ​ពេល​ប្រមាណជិត​​មួយ​ឆ្នាំពេញ​។ តើ លោក កឹម សុខា​ មាន​នៅ​ចាំ​ពាក្យ​ស្រែក​យ៉ាង​អាគ្រោសថា ​«ហ៊ុន សែន​ អើយ​ចុះ​ចេញ​ទៅ​» ឫក៏ «ដូរ ដូរ ដូរ» ឫ​ក៏​ «មេដឹក​នំាផ្ដាច់​ការ​អើយចុះចេញ​ទៅ​ បើមិនចុះទេយើង​នឹង​​អង្រួន​ឲ្យ​ទាល់​តែ​ធ្លាក់» ។ល​។ និង ។ល។
តើ​ភាសា​ទាំង​​នេះ​បាន​ន័យ​យ៉ាង​ដូច​ម្ដេចសម្រាប់​អ្នក​ច្បាប់​?​ ទី​មួយ គឺ​បាន​ន័យ​ថា​ ជាការ​ប្រមែប្រមូល ​​ការ​ញុះញង់ប្រជា​ពលរដ្ឋ (កែន​មនុស្ស​ម្នា​) ​ធ្វើ​បាតុកម្ម ​ទោះ​ជា​បែប​ហិង្សាក្ដី ឬក៏​បែប​អហិង្សាក្ដី​ គឺ​ជា​ចលនា​​ចំពោះ​មុខ​មួយ ​មាន​គោលដៅ​ច្បាស់​លាស់ គឺ​ដើម្បី​​ «ផ្ដួលរំលំ​រាជ រដ្ឋាភិបាល» ។​ ពាក្យ​ថា​ ដេញ ហ៊ុន សែន​ ឲ្យចុះ​ចេញ​ពី​ដំណែង​នេះ​ហើយ គឺ​ជា​ការ​ធ្វើ  «រដ្ឋ ប្រហារ» ទោះ​បី​ជាគ្មានការ​ប្រើ​អាវុធ​ក៏​ដោយ។
ទី២ ការ​បំបះបំបោរ​ ជុំ​រុញ​ឲ្យមាន​ចលនា​ រហូត​ឈាន​ដល់​កុបកម្ម​ប្រើ​ហិង្សា​ នៅ​ផ្លូវ​វេង​ស្រេង នា​ដើម​ឆ្នាំ២០១៤ ដោយ​ពួក​បាតុករប្រើ​គ្រាប់បែក​ឆ្នៃ Molotov Cocktail គប់​បោក​ទៅ​លើសមត្ថកិច្ច​ កងរក្សា​សន្ដិ​សុខ​របស់​រដ្ឋ​ ឲ្យ​មាន​របួស ​​ឬរហូត​ដល់​ស្លាប់​ តើ​នេះ​ជាអ្វី​? តើ​នេះ​មិន​មែន​ជា​ចលនា​បំបះ​បំ​បោរ​​ឲ្យ​កើត​មាន​ជា​ចលាចល​ បង្កឲ្យ​មាន​ភាព​វឹកវរ ក្នុង​ចេតនា​ផ្ដួល​រំលំ​​រាជរដ្ឋាភិបាល​ទេ​ឬអី​? តើ​នេះ​ជា​ចេតនាហិង្សា ឬអហិង្សា​?
ទី៣ ចលនា​បាតុកម្ម​រាប់ពាន់នាក់ ដើម្បី​រំដោះ​ទី​លាន​ប្រ​ជា​ធិបតេយ្យ​ ដែល​ផ្ទុះ​ទ្បើង​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្ដដា​ ឆ្នាំ​២០១៤ ដែល​ក្រុម​ពួក​ខ្លួនប្រើ​អំពើ​ហិង្សា ​វាយ​ប្រហារ​មក​លើ​កង​កម្លាំង​រក្សា​សន្ដិ​សុខ ​សណ្ដាប់ធ្នាប់ ​ដោយ​ប្រើ​ដំបង​ដែក​ជា​អា​វុធ ឲ្យ​​មាន​របួស​ធ្ងន់​ ដែល​អាច​នឹង​ឈាន​ដល់​ការ​បាត់​បង់​​​ជី​វិត ​នោះ​គឺ​ជា​អ្វី​ទៅ​វិញ​។ តើ​ការ​ដែល​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន​តំណាង​រាស្រ្ដ​ និង​សកម្មជន​ទំាង​៧​រូប ​បញ្ជួនទៅ​​គុត​ព្រៃ​ស​ ​ដើម្បីរង់​ចាំ​តុលាការ​កាត់​ទោស​​ ហើយ​បន្ទាប់មក ​​អនុ​ញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។​ ករណី​នេះ​យ៉ាង​ហោច​ណាស់​គេ​អាច​​ញែក​ថា ខណៈ​ដែល​ជន​ជាប់​ពិរុទ្ធ​ទំាង​៧​រូប​ ដែល​ត្រូវ​ដោះ​លែង​ពី​ការ​ជាប់ឃុំ​​នោះ ​គឺ​នៅ​តែ​ស្ថិត​ក្នុង​រង្វង់​ច្បាប់​ ថា​ជា​អ្នក​នៅ​ជាប់ពិរុទ្ធ​នៅ​ទ្បើយ។​ រីឯ បុគ្គល មាជ សុវណ្ណារ៉ា​ ដែល​បាន​រត់​គេច​ខ្លួន​អស់​រយៈពេល​​បួន​ខែ ក៏​ត្រូវ​បាន​ឃាត់​ខ្លួន​ ដើ​ម្បី​ធ្វើ​ការ​កាត់​ទោស តាម​ផ្លូវ​ច្បាប់​ ដែល​ជា​យុត្តាធិការរបស់​តុលាការ។​រឿងនេះ​ពុំ​មែន​ជា​រឿង​នយោបាយទេ!
ក្នុង​ព្រឹត្ដការណ៍​ដែល​យើង​បាន​រៀប​រាប់​ត្រួសៗ​ខាងលើ​ ចំពោះ​ផ្លូវ​ច្បាប់ ​លោក​កឹម សុខា ដែល​​ជា​អ្នក​ធ្វើច្បាប់នោះ​ មិនអា​ចនិយាយ​យ៉ាង​រំភើយ​ បាតដៃជា​ខ្នង​ដៃបានទេ។​
កាន់​តែ​ធ្ង​ន់​ទៅ​ទៀត​នោះ ​គឺ​ លោក ​កឹម សុខា មាក់​ងាយ​របប​​ប្រជាធិបតេយ្យ​នៃ​ប្រ​ទេស​របស់​ខ្លួន ដែលរដ្ឋាភិបាល​មួយ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ ដែល​បាន​សម្ដែង​ចេញ​ក្នុងការ​​ជ្រើស​​រើស​មេដឹក​នំា​របស់​ខ្លួន​ គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​សកល ដែល​ពិភព​លោក​គេ​ទទួល​ស្គាល់​។​ តើ​លោក កឹម ​សុខា បាន​ដឹង​ថា​ កម្ពុជា​ អស់​រយៈ​ពេលពី​រ​ទសវត្សមក ​បាន​ប្រ​កាន់​ខ្ជាប់​នូវ​របប​ប្រជាធិបតេយ្យ​ សេរី​និយមពហុបក្ស​ ដែល​គណបក្សនយោបាយ​នីមួយៗ​ ទំាង​គណ​បក្ស​កាន់​អំណាច​ ទំាង​គណបក្សប្រឆំាង​ មានសិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​សន្លឹក​ឆ្នោត​ ដណ្ដើម​​ជ័យជម្នះ​ ហើយ​រៀបចំ​រដ្ឋាភិបាល​មួយ​ដែលសភាផ្ដល់សេចក្ដី​ទឹក​ចិត្ដ ព្រះមហាក្សត្រ​ទ្បាយ​ព្រះហត្ថលេខា ទេ​ឬ?។​
ដូច្នេះ យើង​យល់ថា រឿងរ៉ាវរបស់លោក កឹម សុខា ដែល​បានរៀប​រាប់​មក​ខាង​លើ​​ ​សម្រាប់​ប្រទេសដែលមាន​ច្បាប់ គឺ​គួរទុក​​ភារកិច្ចនេះជូន​រដ្ឋសភា និងប្រព័ន្ធតុលាការ​ ជា​អ្នកវិនិ​ច្ឆ័យ​។