Friday, March 20, 2015

ទស្សនៈវិភាគ ដោយ៖ ទេព អម្រឹត, ចរិតហិង្សា ប្រឆាំង​និងវ​​ប្បធម៌​សន្ទនា

ថ្មីៗនេះសាធារណៈមតិកំពុងផ្តោតការចាប់អារម្មណ៍លើបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវជួប ដោយសារតែមាត់ឥតគំរបរបស់គាត់ ហើយអ្វីដែលប្រជាពលរដ្ឋកំពុងតែរង់ចាំមើលនោះ គឺ តើលោកប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលមានតួនាទី ជាប្រធានក្រុមមតិភាគតិចរដ្ឋសភា និងជាដៃគូរសន្ទនារបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដុតដៃដុតជើងជួយ អនុប្រធានរបស់ខ្លួនដល់កំរិតណា? ខណៈដែលព័ត៌មានពីការបែកបាក់ផ្ទៃក្នុងរបស់អ្នកទាំងពីរ ហាក់មានសន្ទុះកាន់តែខ្លាំងឡើងៗ។
កាលពីពេលថ្មីៗនេះ គេបានដឹងថា លោក កឹម សុខា បានទៅស្រែកក្បែងៗនៅសហរដ្ឋអាមេរិកថា គាត់ពិតជាមានការសោកស្តាយ ដែលមិនអាចធ្វើការផ្លាស់ប្តូរប្រទេសជាតិបាន ពោលគឺបរាជ័យក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោក កឹម សុខា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺខ្លាំងក្លាណាស់ មិនងាយស្រួលក្នុងការផ្តួលរំលំទេ។
ទោះជាយ៉ាងណាបើមើលតាមសម្បកក្រៅ គេហាក់យល់ថា លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ និងក៏ត្រូវជាប្រធានរបស់លោក កឹម សុខា ផងនោះ ហាក់បានសម្តែងក្តីព្រួយបារម្ភចំពោះលោក កឹម សុខា ខណៈដែលបុរសខ្លាំងលោក ហ៊ុន សែន បានធ្វើការប្រតិកម្មជាសាធារណៈជុំវិញសំដីរបស់លោក កឹម សុខា ដោយ លោក ហ៊ុន សែន បានព្រលយសំដីថា លោក កឹម សុខា អាចនឹងត្រូវចាប់ខ្លួន និងបោះឆ្នោតទម្លាក់ចេញពីអនុប្រធានទី១ នៃរដ្ឋសភា ។ 
កាលនៅថ្ងៃទី ១៨ មីនា ឆ្នាំ២០១៥ កន្លងទៅ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា លោក កឹម សុខា មាន​សំ​ណុំ​រឿង​ធំ​ៗចំ​នួន​៨ប្រឈម​នឹង​ផ្លូវ​ច្បាប់ ហើយលោក ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​លោក កឹម សុខា បន្ទាប់​ពី​លោក កឹម សុខា ចេញ​មក​សារភាព​ថា​ ខ្លួន​បរាជ័យ​ក្នុង​ការ​​ផ្តួល​រំ​លំ​រាជ​រដ្ឋាភិបាល​ ដោយលោកនាយរដ្ឋមន្ត្រី បានអះអាងថា ក្នុង​រឿង​នេះ លោក ទុកលទ្ធភាព​ឲ្យ​​តុលាការជាអ្នក​ចាត់​ការ។ លោក សម រង្ស៊ី ត្រូវបានគេស្រង់សំដីកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៥ថា  «មិនទាន់មានអ្វីសម្រេចនោះទេ គ្រាន់តែជាការបារម្ភ ហើយយើងត្រូវតែរកវិធី ដើម្បីធ្វើឱ្យរឿងមួយនេះបញ្ចប់ កុំឱ្យចេះតែហៀហូរ ទៅណាឆ្ងាយពេក» ។ ប៉ុន្តែផ្ទុយពីការលើកឡើងរបស់លោក សម រង្ស៊ី ដែលចង់បញ្ចប់រឿងរ៉ាវរបស់អនុប្រធានរបស់ខ្លួន អ្នកវិភាគនយោបាយកម្ពុជាមួយចំនួនបានយល់ឃើញថា វាជាការល្អទៅវិញទេ សំរាប់លោក ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បើសិនជាលោក កឹម សុខា ត្រូវប្រឈមនិងច្បាប់កាត់ទោស រឺត្រូវបានបោះឆ្នោតទម្លាក់ពីដំណែងអនុប្រធានទី១ រដ្ឋសភានោះ ព្រោះដំណែងនេះ អាចនឹងត្រូវធ្លាក់មកលើលោកក៏ថាបាន? ម្យ៉ាងកន្លងមក លោក កឹម សុខា បានធ្វើបាបលោក សម រង្ស៊ី ច្រើនណាស់ ដូចជា លោក កឹម សុខា ជ្រើសរើសយកដំណែងធំៗ និងខ្លាញ់ៗ ទាំងខ្លួនឯង ក៏ដូចជាខ្សែស្រឡាយ បក្ខពួករបស់ខ្លួន ដែលមកពីគណបក្សសិទ្ធិមនុស្ស ​ដូចជាតំណែងប្រធាន និងអនុប្រធានគណកម្មាធិការរដ្ឋសភាជាដើម។ លោក កឹម សុខា​ តែងយកលេស ជាបន្តបន្ទាប់ ដើម្បីបណ្តេញកូនចៅ និងមនុស្សជំនិតរបស់ លោក សម រង្ស៊ី ចេញពីបក្ស ដូចជាករណីលោកស្រី ឡាក់ សុភាព រួមទាំងការបោកប្រាស់សំណាងរាស្ត្រ របស់គណបក្សសមរង្ស៊ី ចំនួន៧រូបទៅធ្វើបាតុកម្មនៅស្ពាននាគ រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន ឯលោក កឹម សុខា រត់យករួចខ្លួនទៅវិញ។ ក្រៅពីនេះ នៅមានករណីជាច្រើនទៀតដែលលោក កឹម សុខា ធ្វើឡើងដើម្បីផ្តួលរំលំលោក សម រង្ស៊ី ព្រោះតាំងពីដើមមក លោក កឹម សុខា មិនដែលមានបំណងចូលរួមជាមួយគណបក្ស សម រង្ស៊ី ទេ ព្រោះគណបក្សទាំងពីរ គឺជាសត្រូវស៊ីសាច់ហុចឈាមគ្នាតាំងពីដើមមក។ ការសហការរួបរួមគ្នារវាងបក្សទាំងពីរនេះ គ្រាន់តែមើលឃើញពីផលប្រយោជន៍ពីគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ប៉ុន្តែទីបំផុតបក្សទាំងពីរ បានទទួលស្គាល់ថា ទឹកនិងប្រេង ពិតជាមិនអាចនៅជាមួយគ្នាបានទេ។ ក្រៅតែពីមិនសប្បាយចិត្តនឹងគ្នា រឿងអំណាចក្នុងជួររាជរដ្ឋាភិបាល ដែលចរចារបានពីគណបក្សប្រជាជនកម្ពុជា ហើយយកទៅចែកគ្នាមិនដាច់នោះ បញ្ហាអំណាចផ្ទៃក្នុងបក្សក៏ត្រូវបានគេទម្ទាយថា មានសភាពធ្ងន់ធ្ងរ និងស៊ីជម្រៅណាស់ រហូតដល់មិនអាចដោះស្រាយចេញបាននោះទេ។ ដូច្នេះ រឿងដែលលោក កឹម សុខា កំពុងជួបវាគឺជាការចំណេញដោយមិនចាំបាច់វិនិយោគរបស់លោក សម រង្ស៊ី ទៅវិញទេ បើយើងវិភាគឲ្យបានស៊ីជម្រៅនោះ។
ជាការពិតសាធារណៈមតិ យល់ឃើញស្របគ្នាថា លោក សម រង្ស៊ី ជាមនុស្សដែលមានប្រជាប្រិយភាពជាងលោក កឹម សុខា ដោយសារលោក សម រង្ស៊ី ជាមនុស្សចេះយល់កាលៈទេសៈ និងព្រមទទួលស្គាល់លទ្ធផលដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ទទួលបានពីកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ប៉ុន្តែដោយឡែកលោក កឹម សុខា វិញ តែងតែបង្ហាញការមិនសប្បាយចិត្តនិងវប្បធម៌សន្ទនា ដោយលោក តែងតែប្រកាន់យកវប្បធម៌ហិង្សា ​ពោលគឺលោកពូកែប្រកូកប្រកាស ឲ្យអ្នកគាំទ្រខ្លួនធ្វើបាតុកម្ម ហើយពេលមានអាសន្នគឺរត់យករួចខ្លួន។ ចរិតមិនសូវទទួលខុសត្រូវ ក្រអើតក្រទម និងមិនចុះសម្រុងជាមួយសមាជិក្នុងបក្សដែលមកពីគណបក្សសមរង្ស៊ី របស់លោក កឹម សុខា តែងតែធ្វើឲ្យលោក សម រង្ស៊ី មិនពេញចិត្ត ប៉ុន្តែដោយកន្លងមកលោក កឹម សុខា ទទួលបានតួនាទីធំជាងគាត់ដូច្នេះ លោក សម រង្ស៊ី ក៏ទ្រាំមិនសូវជាមាត់ករ។ អាចថាជាឱកាសល្អដោយមិនចាំបាច់ប្រឹង ខណៈដែលបុរសសម្បួរស្នេហ៍ និងសំដីច្រើន កឹម សុខា បានហុចផ្លែដាវឲ្យគូរបដិបក្ខរបស់ខ្លួន គឺ លោក សម រង្ស៊ី ដើម្បីឆ្លៀតពេលសងសឹកបំណុលចាស់៕ 

ដោយ៖ ទេព អម្រឹត