នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសពីការរៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥ ដែលរៀបចំឡើងនៅ ទីស្នាក់ការកណ្តាលរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយ លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងលោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិ្តបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥។
លោក សោម រតនា បានឲ្យដឹងថាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះថាធ្វើឡើងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ " ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ " ដោយមានការសម្តែងនិងបង្ហាញអំពីល្បែងប្រជាប្រិយរបាំប្រពៃណី និងប្រជាប្រិយ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ សិល្បៈទស្សនីយ៍ភាពផ្សេងៗ ដោយយុវជន យុវនារី សិល្បករ និងសិល្បការិនីខ្មែរ រួមជាមួយនឹងការលើកយកនូវកេរដំណែលអរិយធម៌និងស្នាដៃនានារបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកតាំងពីយូរលង់មកនោះ មករំលេចឡើងជាផ្ទាំងទស្សនីយ៍ភាព នៅលើទឹកដីនៃព្រះរាណាចក្រវប្បធម៌ ក្នុងខេត្តសៀមរាប។
លោក សោម រតនា ក៏បង្ហាញប្រាប់ពីគោលបំណងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តថាគឺដើម្បី៖
-ជួបជុំយុវជន និងមហាជន ដើម្បីចួលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាមហាគ្រួសារខ្មែរតែមួយ។
-រំលឹក និងធ្វើឲ្យរស់រវើក «បេតិកភ័ណ្ឌអរូបិយខ្មែរ នៅលើទីតាំងនៃបេតិកភ័ណ្ឌរូបិយ»
-ពង្រីកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាព រវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក។
-ផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងបន្តថែរក្សាកេរមរតកនេះឲ្យបានគង់វង្ស ព្រមទាំងបន្តពង្រីកកិត្យានុភាពជាតិ លើឆាកអន្តរជាតិ។
-បំផុសគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតី អភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរក្នុងបរិបទ នៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ « រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសកលភាវូបនីកម្មទំនើបជំនាន់ថ្មីនេះ។
-បង្ហាញនូវវប្បធម៌ និងសិល្បៈនៃការចែករំលែកការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចជាបងប្អូនតែមួយ។
-ផ្តល់ឱកាសឲ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ ផលិតផលពាណិជ្ជកម្ម និងសេវាកម្មនានា ជាពិសេស ផលិតផលសិប្បកម្ម និងឧបករណ៍បរិក្ខារដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់។
-ជំរុញបន្ថែមកំណើនវិស័យទេសចរណ៍ ដែលនឹងរំពឹងថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាប្រមាណជាង ៥០ម៉ឺននាក់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥។
លោក សុខ សប្បាយណា បានលើកឡើងថា សំរាប់រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ព្រឹត្តិការណ៍អង្គរចង្រ្កាន្ត មានកម្មវិធីផ្ទាំងទស្សនីយភាពសំខាន់ៗជាច្រើនដូចជា៖ ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលត្រូវប្រារព្ធនៅប្រាសាទបាយ័ន នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, កម្មវិធីភូមិខ្ញុំ, កម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ត, ការសម្តែងល្បែងប្រជាប្រិយ គុនល្បុក្កតោ និងរបាំ (លានជល់ដំរី), ពិធីកាត់ធំអន្សមយក្ស, ពិធីទទួលទេវតាឆ្នាំថ្មី, ទាញព្រ័ត្រមិត្តភាពអង្គរចង្រ្កាន្ត, ជើងឯកញុំនំអន្សមយក្ស, កម្មវិធីប្រណាំងរទេះគោ/ក្របី, កម្មវិធីការរាំជាក្រុមពញ្ញាក់អារម្មណ៍, ពិធីបណ្តែតគោមបួងសួងសុំសេចក្តីសុខ, កម្មវិធីមហោស្រពសិល្បៈវប្បធម៌បុរាណ, ពិធីទៅវត្ត និងពូនភ្នំខ្សាច់, កម្មវិធីរាំម៉ាឌីហ្សូន ២០១៥នាក់, កម្មវិធីមហោស្រពវប្បធម៌យុវជនអន្តរជាតិ, ការប្រកួតអុកចត្រង្គអបអរសាទរអង្គរសង្ក្រាន្តឆ្នាំ២០១៥, ពិធីប្រគល់ជ័យលាភីរូបថត «អច្ឆរិយៈអង្គរចង្រ្កាន្ត», ពិធីស្រង់ព្រះ, កម្មវិធីប្រកួតធ្វើម្ហូបអាហារ និង កម្មវិធីតន្ត្រីអង្គរចង្ក្រាន្តឆ្នាំ២០១៥។
លោក សុខ សប្បាយណា បានបន្តថា ចំណុចពិសេសនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅឆ្នាំនេះ គឺការផលិត និងតាំងបង្ហាញសំភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន របស់ប្រជាពលរដ្ឋខ្មែរ ដែលជាកេរ្តិ៍ដំណែលប្រពៃណីផង និងជាអត្តសញ្ញាណជាតិផង ក្នុងលក្ខណៈខ្នាតធំ ដែលហៅថា ទំហំយក្ស។ សំភារៈទាំងនោះរួមមាន កន្ត្រងប្រហុកយក្ស ដែលមានទម្ងន់ 150Kg, បណ្តោយ 6,10m និងកំពស់ 1,20m , បំពង់ទឹកត្នោតយក្ស ដែលមានកំពស់ 1,2m និងមុខកាត់ 0,35m , មួកស្លឹកត្នោតយក្ស ដែលមានទម្ងន់ 191,5kg មានទំហំមុខកាត់ខាងក្នុង1,55m និងទំហំរង្វង់ខាងក្រៅ 5,20m , អង្រុតយក្ស មានទម្ងន់ 350kg កំពស់ 5,5m អង្កត់ផ្ចិត 5,10m និងនំអន្សមយក្សដែលមានទម្ងន់ ៣,២តោន។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ដែលទទួលបានពីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី១នាឆ្នាំ២០១៣ ទទួលបានការចួលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ១៧៩.១៥៤នាក់ មានការកើនឡើង ១៤,០៩% ធៀបទៅនឹងឆ្នាំ២០១២ ដែលមានចំនួនត្រឹមតែ ១៥៧.០១៩នាក់។ យ៉ាងណាមិញបើយោងតាមស្ថិតិភ្ញៀវទេសចរចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៤ របស់អាជ្ញាធរអប្សរាបានបង្ហាញថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ បានទទួលភ្ញៀវទេសចរជាតិប្រមាណ ៣៥៧,៨២០នាក់ និងភ្ញៀវអន្តរជាតិចំនួន ២៧.៨០៩នាក់ សរុបចំនួន ៣៨៥.៦២៩នាក់ ដែលមានកំណើនទ្វេដង បើធៀបនឹងទិន្នន័យចំនួនភ្ញៀវទេសចរកាលពីឆ្នាំមុន ក្នុងអំឡុងពេលដូចគ្នា។ តាមរយៈទិន្នន័យនេះ កម្ពុជាទទួលបានចំណូលសេដ្ឋកិច្ចចំនួន ២៨លានដុល្លារអាមេរិក សម្រាប់ថ្លៃស្នាក់នៅ អាហារ សេវា ការដឹកជញ្ជូន វត្ថុអនុស្សាវរីយ៍ ផ្សាររាត្រី មគ្គុទេសន៍ និងសេវាផ្សេងៗ៕