Friday, July 14, 2017

បាក់​ផ្ទាំងទឹកកក ធំជាង​ភ្នំពេញ ៨ដង អាច​ធ្វើ​ឲ្យ​ឡើង​កម្ពស់​ទឹក​សមុទ្រ​ទូទាំង​ពិភពលោក

  • ជាផ្ទាំងទឹកកកដ៏ធំបំផុតមួយនៅក្នុងកំណត់ត្រា
  • ទំហំស្មើទីក្រុងភ្នំពេញ ៨ដង
  • ផ្ទាំងទឹកកកនោះត្រូវគេឲ្យឈ្មោះថា A68
បន្ទាប់​ពី​ការ​រំពឹង​ទុក​អស់​រយៈពេល​ជា​ច្រើន​ខែ​មក ផ្ទាំង​ទឹកកក​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​កំណត់ត្រា បាន​បាក់​ចេញ​ពី​តំបន់​ផ្ទាំង​ទឹកកក Larsen C នៅ​ភាគ​ខាងលិច​នៃ​តំបន់​អង់តាកទិច​ហើយ។

ផ្ទាំង​ទឹកកក​ទម្ងន់​រហូត​ដល់​រាប់​ពាន់​លាន​តោន​នោះ មាន​ទំហំ ៥ ៨០០ គីឡូម៉ែត្រ​ការ៉េ ស្មើនឹង​ទំហំ​ទីក្រុង​ភ្នំពេញ ៨ ដង (៦៧៨,៤៦ គីឡូម៉ែត្រ​ការ៉េ - ទំហំ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​សាលា​រាជធានី​ភ្នំពេញ)។
វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បាក់​ចេញ​ពី​តំបន់​ផ្ទាំង​ទឹកកក​ខាងលើ បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ត្រួត​ពិនិត្យ​មើល ទិន្នន័យ​ផ្កាយរណប​ចុងក្រោយ​បង្អស់​ពី​តំបន់​នោះ។ បច្ចុប្បន្ន តំបន់​ផ្ទាំង​ទឹកកក Larsen C ត្រូវ​បាន​កាត់​បន្ថយ​ទំហំ ១០ ភាគរយ។

ប្រសិន​បើ​ផ្ទាំង​ទឹកកក ដែល​បាន​បាក់​ចេញ​ពី​តំបន់​ខាងលើ ហូរ​ចូល​ទៅ​មហាសមុទ្រ​អង់តាកទិច នោះ​វា​អាច​លើក​កម្ពស់​ទឹក នៅ​ទូទាំង​ពិភពលោក ប្រមាណ​ជា ១០ សង់ទីម៉ែត្រ។ គួរ​បញ្ជាក់​ថា ផ្ទាំង​ទឹកកក​ដែល​គេ​ឲ្យ​ឈ្មោះ​ថា A68 នោះ ត្រូវ​បាន​ព្យាករណ៍​ថា​ជា​ផ្ទាំង​ទឹកកក​ធំ​បំផុត​មួយ ក្នុង​ចំណោម​ផ្ទាំង​ទឹកកក​ធំ​បំផុត​ទាំង ១០ នៅ​ក្នុង​កំណត់ត្រា៕