Friday, July 14, 2017

រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ខ្មែ​រ​៨នេះ ​ស្ថិតក្នុងបញ្ជីត្រៀម​ដាក់​ចូលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ស្រប​ពេល​​ដែល​​​ប្រាសាទសំបូរព្រៃគុក ​​ត្រូវ​​បាន​​​​ដាក់​​បញ្ចូល​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​​ពី​​ថ្ងៃ​ទី ៨ ខែ​កក្កដា​​មក​នេះ​ យ៉ាង​ហោច​​មាន​​ប្រាសាទ និង​​រមណីយដ្ឋាន​​ប្រវត្តិ​សាស្រ្ត​​កម្ពុជា​ចំនួន ​​៨ កន្លែងទៀត​ បាន​ស្ថិត​​​ក្នុង​​បញ្ជី​ត្រៀម ​​ដាក់​​បញ្ចូល​​ក្នុង​សម្បត្តិ​បេតិភណ្ឌពិភពលោក​​។ នេះ​​បើ​តាម​​លោក​ ប្រាក់ សុណ្ណារ៉ា អគ្គនាយក​បេតិភណ្ឌ នៃ​​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ។ លោក​បាន​ឱ្យ​​ដឹង​ថា​ តំបន់​ប្រវត្តិ​សាស្រ្ត​ទាំង​ ៨ កន្លែង​នោះ​​មាន៖​
  • ទី១ រមណីយដ្ឋាន​​អង្គរបុរី
រមណីយដ្ឋាន​​អង្គបុរី ស្ថិ​ត​​នៅ​​ក្នុង​ខេត្តតាកែវ។ រមណីយ​ដ្ឋាន​​នេះ​ មាន​​ប្រាសាទ​​ភ្នំដា អាស្រម​តា​ឥសី និង​មានកំពែង​​ក្រុង​​ជាដើម។ តំបន់​នេះ​​ត្រូវ​​បាន​ចាក់ទុក​​​ជា​សម័យ​កាល​​ដំបូង នៃ​​ប្រវត្តិសាស្រ្ត​ខ្មែរ​ ក្នុង​​សម័យ​ហ្វូណន​។


  • ទី២ តំបន់ប្រាសាទ​បន្ទាយឆ្មា
តំបន់​ប្រាសាទ​​បន្ទាយ​​ឆ្មា​ ស្ថិត​ក្នុង​​ខេត្ត​បន្ទាយ​មានជ័យ។​ ប្រាសាទបន្ទាយ​​ឆ្មា ​​ត្រូវ​​បាន​​ឧទ្ទិស​​​ថ្វាយ​​​ដល់​​​បុត្រ​​របស់​​​ព្រះមហាក្សត្រ​ ព្រះ​បាទ​​​ជ័យ​វរ្ម័ន​​​ទី​​​៧ ដែល​​​បា​ន​សោយ​​​ទិវង្គត​ ​ក្នុង​​ការ​​ច្បាំង​​ជា​មួយ​​​នគរ​ច​ម្ប៉ា​​។ សម​រ​ភូមិ​​​រវាង​​​ខ្មែរ ​ចាម​​​ត្រូ​វ​​បាន​​​ពណ៌នា​​ដោយ​​ចម្លាក់​​លាន​​។




  • ទី​៣ តំបន់ប្រាសាទ​បាកាន​
តំបន់​ប្រាសាទ​​បាកាន​ អតីត​​ព្រះខណ្ឌ​​កំពង់​ស្វាយ ស្ថិត​នៅខេត្តព្រះវិហារ។ ប្រាសាទ​​បាកាន​ ​​​មាន​​ក្បូរ​​​ក្បាច់​​រចនា​ ​ប្រហាក់​​​ប្រហែល​​​នឹង​​​ប្រាសាទ​​​អង្គរ​វត្ត​​​ដែរ ​​ដែល​​​បាន​​កសាង​​​​មុ​ន​​ពេល​​​លើក​​​រាជ​​ធានី​​​ទៅ​​​អង្គរ​វត្ត​​។ ​ប្រាសាទ​​​បាកាន​​​​មាន​​​ឈ្មោះ​​ដើម ​​ហៅ​​ថា​ ​ប្រាសាទ​​ជ័យ​​​ស្រី​​​កសាង ​ដោយ​​​ព្រះ​បាទ​​​សុរិយវរ្ម័ន​ទី ១​(គស​​១០០២​-១​០៥០​)។



  • ទី៤ តំបន់​​​ប្រាសាទ​​បេង​មាលា​ ឬ​បឹងមាលា​
តំបន់​​​​ប្រាសាទ​​​បេង​មាលា មាន​​ទី​តាំង​​ស្ថិត​នៅ​​ភូមិ​បេ​ង​មាលា ​ឃុំ​បេង​មាលា ​ស្រុក​ស្វា​យ​​លើ​​ខាង​​ជើង ​ភ្នំ​​គូ​លែន​ ​ខាង​​កើត​​ក្រុង​​សៀម​រាប​។ ​ប្រាសាទនេះ​​មាន​​លក្ខណៈ ​ស្រដៀង ​នឹង​​ប្រាសាទ ​អង្គរ​វត្ត ​និង​ ​ត្រូវ​​បាន​ស្ថាបនា​​ឡើង ​ដោយ​​ព្រះ​បាទ​​សូរ្យវរ្ម័នទី ​២ ​នា​​ចុង​​សតវត្សរ៍​ទី​ ​១១ ​និង​​ដើ​ម​​ទសវត្សរ៍​ទី ​១២ ​លើ​​ផ្ទៃ​ដី​​​ទំហំ​​១៤ ​ហិក​តា​ ដើម្បី​​ឧទ្ទិស​​ថ្វាយ​​ដល់​ព្រះអាទិ​ទេព ក្នុង​​ព្រហ្មញ​​សាស​នា​ ​និកាយ​វិស្ណុ​​និយម។



  • ទី​៥​ រមណីយ​ដ្ឋាន​​​ប្រវត្តិ​សាស្រ្ត​ឧដុង្គ
រមណីយ​ដ្ឋាន​​​ប្រវត្តិ​សាស្រ្ត​​ឧដុង្គ​​ រមណីយដ្ឋាន​​​ក្នុង​​ឃុំ​ផ្សារ​ដែក ​និង​​ឃុំ​​ភ្នំ​បា​ត​ ​ស្រុក​​ពញា​ឮ​។ ​ភ្នំ​នេះ​​មាន​​ឈ្មោះ​បី​​គឺ​ ភ្នំ​ឧត្តុង្គ ​ភ្នំ​​ព្រះ​រាជ​ទ្រព្យ ​និង​​​ភ្នំ​អដ្ឋរស្ស​។ ​ឧត្តុង្គ​ជា​​​ខ្សែ​ភ្នំ​មួយ​ ​ដែល​​លាត​​សន្ធឹង​​ពី​​ជើង​​​ទៅ​​ត្បូ​​ង​​ប្រវែង​១ ៥០០ ​ម៉ែត្រ ​និង​​ទទឹង ​៧០០ ​ម៉ែត្រ​។ ​ភ្នំ​អដ្ឋរ​ស្ស​​នេះ​​មា​ន​​កំពូល ​៥ ​គឺ​កំពូល​​ចេតីយ៍ ​ទន្ទឹម​​នឹង​​កំពូល​​ត្រៃ​ត្រឹង្គ​កំពូល​​ភ្នំ​ចេតីយ៍​កំពូល​​បួន ​ព្រះ​អង្គ​​ចូល​​​បរិ​និព្វាន្ត និង​​កំពូល​ភ្នំ​អ​រិយ​កា​ប្បស​។​ ​ភ្នំ​នេះ​​មាន​​រាង​​ដូច​ជា​​សត្វនាគ​។ ​នៅ​​លើ​កំពូល​​ភ្នំ​​មា​ន​ចេតីយ៍​​របស់​អតីត​​ព្រះ​​មហាក្ស​​ត្រ​​រួម​មាន​​ ព្រះ​បាទ​អង្គ​ឌួង  ​និង​​ព្រះ​មុនីវង្ស​​ជាដើម​។​ ​ចេតីយ៍​មួយ​ទៀត​​​ នៅ​​​​ខាង​​ចុង​នៃ​​កំពូល​​ដែល​​ទើប​​តែ​បញ្ចប់​​ចុង​ឆ្នាំ ​២០០២​ ​គឺ​ដាក់​​តម្កល់ ​សិរឹក​​ធាតុ​​នៃ​ព្រះម្មាសម្ពុទ្ធ​។ ​




  • ទី​៦ រមណីយដ្ឋាន​​បន្ទាយ​ព្រៃនគរ
រមណីយដ្ឋាន​​​បន្ទាយ​​ព្រៃនគរ ឬ​រមណីយ​ដ្ឋាន​​ហ្លួង​​ព្រះ​ស្ដេច​កន ​មាន​​ទីតាំង​​​​ស្ថិត​​នៅ​​​ភូមិ​​​បន្ទាយ​​ព្រៃន​គរ​ ឬ ភូមិ​អង្គរក្នុង ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ដ​​ត្បូង​​ឃ្មុំ។ ​រមណីយ​ដ្ឋាន​ប្រាសាទ​បន្ទាយ​​ព្រៃ​នគរ មាន​កំពែង​ព័ទ្ធ​ជុំវិញ​រាង​ការ៉េ ​ប្រវែង​ ​២ ៥០០​ម៉ែត្រ​ ក្នុង​​មួយ​ជ្រុង​ៗ​។ កំពែង​នេះ​​សង់​​ឡើង ​ដោយ​​ដី​ល្បាប់​​ខ្សាច់់​ ​មាន​​កំពស់ ​៥ ម៉ែត្រទៅ​ ​៧ ម៉ែត្រ​​ ទទឹង ២០ ម៉ែត្រ​ទៅ ២៥ម៉ែត្រ តែ​​ត្រូវ​​បាក់​​ស្រុត​​មួយ​​​ភាគ​​ធំ​។ ​នៅ​​លើ​​ខ្នង​​ទំនប់​ ​និង​​ស​ង​ខាង​​ទំនប់​ ​មាន​​ដាំ​​ឬស្សី​យ៉ាង​ក្រាស់​។



  • ទី​ ៧​ រមណីយដ្ឋាន​​​ភ្នំ​​គូលែន
រមណីយដ្ឋាន​​​​ភ្នំ​​គូលែន មាន​​​បណ្តោយ​​​​​​ប្រមាណ​​ជា ​២៥ ​គីឡូ​ម៉ែត្រ​ ហើយ​​​នៅ​​ស្ថិត​​ចម្ងាយ​​​ប្រមាណ​​​ជា ​៣៤​​ គីឡូម៉ែត្រ​ ទិសឦសាន ​​​នៃ​​ទីក្រុង​​សៀម​រាប​​​អង្គរ​​សព្វ​ថ្ងៃ​ គឺ​​ជា​​​​ទី​តាំង​​​ស័​ក្តិ​​​សិទ្ធ​​បំផុត​​មួយ​​។ ​គ្រប់​​​យុគ​សម័យ​ប្រជា​នុរាស្ត្រ​​ខ្មែរ ​​រមែ​ង​​តែ​ង​​តែ​​​អញ្ជើញ​​​ទៅ​​ធ្វើ​​​ធម្ម​យា​ត្រា ​ឬ​​​​បន់​ស្រន់​ ​​ដើម្បី​​​សេចក្តី​​សុខ​​សេចក្តី​​ចំរើន​​។​​ ​ការ​ស្រាវ​ជ្រាវ​​ខា​ង​​​វិស័យ​​​មនោគមន៍​វិជ្ជា​ សាសនា​​ខ្មែរ​​បុរាណ​ បាន​​ឲ្យ​​ដឹ​ង​ថា ​លក្ខណៈ​​សំខាន់ ​​នៃ​​ភ្នំ​​គូលែន​ដែល​​ជា​​​ប្រភព​​នៃ​​​អូរ​​មួយ​​ចំនួន​ ​និង​​​ស្ទឹង​​​សៀម​​រាប ​គឺ​​​ស្ថិត​​នៅ​​លើ​​ផ្នែក​​​និមិត្ត​​រូ​ប​ភាព​​​។ ​ទឹក​​​ដែល​​​ហូរ​​​ចេញ​​ពី​​ជ្រលង​​ភ្នំ ​ជា​​ពិសេស​​ចេញ​​ពី​​អន្លង់​​ផ្កាយ​​​នៅ​​លើ​​ខ្នង​​ភ្នំ​​គូលែន​ ​ត្រូវ​​​ហូរ​​​ចាក់​​​ទៅ​​​ជ្រោះ​​​ទឹ​ក​ធ្លាក់​​​មួយ​ ​ដែល​​​ជ​ន​ជាតិ​​ខ្មែរ​​​ចាត់​​ទុក​​ថា ​ជា​​ទឹ​ក​មន្ត​​​ដ៏​​ស័​ក្តិសិទ្ធិ​​​បំផុត​ ​ដោយ​សារ​​វត្ត​មាន​​​របស់​​​ចម្លាក់​​​លិង្គ ​១ ០០០​ ​និង​​​ដោយ​​ឡែក​​​ចម្លាក់​​​ព្រះ​​នារាយណ៍​​​ផ្ទំ​​​នៅ​ក្បែរ​​​ប្រាសាទ​​​ក្រោល​​​រមាស​ ដែល​​ត្រូវ​​បាន​​សា​ង​ស​ង់​​ឡើង​​​ ដោយ​​ព្រះបាទ​​ជ័យ​វរ្ម័ន​​​ទី​​៧ ​សម្រាប់​​​ពិ​ធី​​​សាសនា​។​





  • ទី៨ តំបន់​​​​​ប្រាសាទ​​​កោះ​កេរ្តិ៍​
តំបន់​​​​​ប្រាសាទ​​​កោះ​កេរ្តិ៍​មាន​​ទីតាំង​​ស្ថិត​នៅ ​ក្នុង​​ភូមិ​​ស្រយ៉ង់​​ជើង​​ ឃុំ​ស្រយ៉ង់​ ​ស្រុក​គូលេន​​ខេត្ត​ព្រះវិហារ​ ​​មាន​ចម្ងាយ ​៧២​ គីឡូម៉ែត្រ​ ពី​​ទី​​រួម​ខេត្ត​សៀម​រាប​ ​បើ​​ធ្វើ​ដំណើរ​​តាម​​ផ្លូវ​លេខ​ ២១១​ ​និង​​ផ្លូវ​​លំចម្ងាយ ​៤៩​គីឡូ​ម៉ែត្រ​​ ពី​ទី​រួម​ខេត្ត​ព្រះវិហារ​។ ​កោះ​កេ​រ្តិ៍ ​គឺ​​ជា​​រាជធានី​ចាស់​​បុរាណ ​មាន​​អាយុ​ប្​រមាណ​​ជាង​ ១ ០០០ ​ឆ្នាំ​មក​ហើយ។ ​ប្រាសាទ​​នៅ​​តំបន់​កោះ​កេរ្តិ៍​​ភាគ​ច្រើន ​ត្រូវ​បាន​​កសាង​​ឡើង​ ក្នុង​​រជ្ជកាល​​ព្រះ​បាទ​​ជ័យ​វរ្ម័ន​​ទី​៤ ​ក្នុង​សតវត្សរ៍​ទី​ ១០ ​(៩២៨​-​៩៤២​)​។ ​ក្នុង​​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤​ ​ទ្រង់​​បាន​​ធ្វើកា​រ​ផ្លាស់​ប្តូរ​​រាជ​ធានី​ពី​យសោធបុរៈ​ ​(​អង្គ​រ​) ​ទៅ​​តំបន់​​កោះ​កេរ្តិ៍ ​។ ​មូល​ហេតុ​​នៃ​ការ​ដោះ​ដូរ​រាជ​ធានី​​នេះ ​ប្រហែល​ជា​មាន​ច្រើន ​ប៉ុន្តែ​​គេ​អាច​​ដឹង​​ត្រឹម​​ថា​ ទ្រង់​​ជា​ស្តេច​ជ្រែក​​រាជ្យ​​ក្មួយ​​ប្រុស​រ​បស់ខ្លួ​ន ​​គឺបុត្រ​​របស់​​ព្រះបាទ​​យសោវរ្ម័ន​។​



លោក ប្រាក់ សុណ្ណារ៉ា បានបន្ថែម​​ថា ធម្មតា​នៅពេល​កម្ពុជា​​គ្រោង​ដាក់​​ក្រុម​​ប្រាសាទ ឬ​​ក៏សម្បត្តិវប្បធម៌​ណា​ ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​​ពិភពលោក ​​គណៈកម្មាធិការ​​នឹង​មើលឈ្មោះ​​ក្នុង​​បញ្ជី​ត្រៀម​​អង្គការ​យូណេស្កូ​សិន​​ តើ​​​មាន​​ឈ្មោះ​​ក្នុង​​បញ្ជី​​ត្រៀម​​ ដែល​​កម្ពុជា​​​បញ្ជូន​​ទៅ​​ដែរ​ឬទេ?​ ឈ្មោះ​​ក្នុង​​បញ្ជី​​ត្រៀម ​​ត្រូវ​​បញ្ជូនទៅ​មុន​​យ៉ាង​​តិច​ ៥ ឆ្នាំ​។ ចំពោះ​​​ប្រាសាទ និង​​រមណីយដ្ឋាន​​ប្រវត្តិ​សាស្រ្ត​កម្ពុជា​ចំនួន ​​៨ កន្លែងខាង​លើ​ ​គឺ​បាន​​បញ្ជូន​ទៅ​​រយៈពេល​ ១៥ ឆ្នាំ​​កន្លង​​​មក​​ហើយ​៕