Tuesday, October 18, 2011

ទូត​អាមេរិក ប្រចាំ​អាស៊ាន​ចង់​​ឲ្យ​​ពិភព​លោក​​មើល​ឃើញ និង​ជួយ​ជ្រោម​ជ្រែង​​​ប្រទេស​​កម្ពុជា​​ដែល​​មាន​សក្តា​នុពល ​


ឯកឧត្តម​ ដេវីត ខាឌីន (DAVID CARDEN) ឯកអគ្គ​រដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន មាន​ ប្រសាសន៍ នា​ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១១ ថា ព្រះ​រាជាណា​ចក្រ​កម្ពុជា​ជាប្រទេស​ដែល​មាន​សក្តានុពល​ជា​ច្រើន ដែលពិភព​លោក​ទាំង​មូល​គប្បី​មើល​ឃើញ និង គប្បី​ជួយជ្រោម​ជ្រែង​នូវសក្តានុពល​ទាំងនោះ​ ជា​ពិសេស ទៅលើ​បញ្ហា​សន្តិសុខ​ស្បៀង បញ្ហា​កាត់បន្ថយ​ភាពក្រីក្រ និង បញ្ហា​របស់​អាស៊ាន​បង្កើតជា​សហគមន៍​នៅឆ្នាំ ២០១៥ ខាង​មុខ​នេះ។


ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ឲ្យដឹង​ថា នៅក្នុង​ជំនួប​សំដែង​ការ​គួរ​សមជាមួយ​សម្តេចអគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នៅវិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ ឯកឧត្តម​ ដេវីត ខាឌីន (DAVID CARDEN) បាន​ថ្លែងថា ឯកឧត្តម​នឹងធ្វើការ​ជាមួយ​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ ធ្វើ​យ៉ាង​ណា​គាំទ្រ​កម្ពុជា ដែលនឹង​ធ្វើជា​ប្រធាន​អាស៊ាននៅ​ឆ្នាំ ២០១២ ខាង​មុខនេះ។ ឯកឧត្តម​​បាន​ថ្លែង បន្ថែម​ថា អាស៊ាន​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុងពិភព​លោក ជាពិសេស​នៅពេល​ដែល​វេទិកាអាស៊ី បូព៌ា ដែល​នឹងរៀប​ចំឡើង​នៅ​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខនេះ។ ឯកឧត្តម​ ដេវីត ខាឌីន (DAVID CARDEN)​ មាន​ប្រ​សាសន៍​ថា ឯកឧត្តម​នឹងខំ​ធ្វើយ៉ាង​ណាឲ្យ​កិច្ចការ​ទាំងឡាយ​ពាក់ព័ន្ធ​ការប្រជុំ​អាស៊ី​ បូព៌ា​​​នាពេល​ខាងមុខ​នេះ​ឲ្យទទួល​បានជោគជ័យនៅពេល ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះ។ 

ឯកអគ្គរដ្ឋ ​ទូតសហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន ​​ក៏បាន​សំដែង​នូវ​មនោសញ្ចេត​នា​សោកស្តាយ​យ៉ាង​ជ្រាល​​ជ្រៅ​ជូនចំពោះ​ ប្រជាជន​កម្ពុជា ដែល​រងគ្រោះដោយ​ទឹក​ជំនន់ ដោយ​មាន​ប្រសាសន៍​ចាត់​ទុក​ថា នេះ​ជា​គ្រោះ​ម​ហន្តរាយ​ដ៏ធ្ងន់ធ្ងរ​មួយ។

មាន​ប្រសាសន៍​ក្នុង​ឱ​កាស​នោះ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ បាន​ផ្តោតនូវក្តី​សង្ឃឹមថា ឯកឧត្តម​ឯក អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អាស៊ាន ជា​ពិសេស​សហរដ្ឋអា​មេរិកផ្ទាល់​នឹងចូល​រួម​ចំណែក យ៉ាង​សកម្ម​នៅ​ក្នុង​បញ្ហានេះ ដោយ​មាន​ប្រសាសន៍​ថា អ្វីដែល​ជាបញ្ហា​សេសសល់​របស់​កម្ពុជា​នោះ​គឺ ការបន្ត​​តាម​ដាន​ពិនិត្យ​នូវ​រាល់អ្វី ដែល​ឥណ្ឌូណេស៊ី​អនុវត្តបាន​ជោគជ័យ​នាពេល​កន្លងមក ដើម្បី​បន្ត ជម្រុញឲ្យ​មាន​ការរីក​ចំរើន​នៅ​ក្នុង​កិច្ច​ប្រជុំអា​ស៊ាន នៅ​កម្ពុជា​។

សម្តេចតេជោ​ បានមាន​ប្រសាសន៍​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​សន្តិសុខ​ស្បៀង ជាពិសេស​គ្រោះ​មហន្តរាយ​​ដែល​កំពុង​តែរាតត្បាត​នៅ ក្នុងតំបន់​មេគង្គ​ខាងក្រោម​ដូចជា ថៃ កម្ពុជា និងវៀត​ណាម ថា បញ្ហា​នេះ អាស៊ាន​គប្បី​មានយន្ត ការ​ដើម្បី​ជួយ គ្នា​ទៅវិញ​ទៅ​មកលើ​បញ្ហា​គ្រោះ​មហន្តរាយ​នេះ ហើយ​គប្បី​ពិនិត្យ ពិចារ​ណា​រៀបចំ​ឲ្យមាន​សន្តិសុខ ស្បៀង​ឲ្យ​បានល្អ ព្រោះថា​នេះមិន​មែន​​ជាបញ្ហា​​សម្រាប់​តែតំបន់​ទេគឺ​ជា​បញ្ហា របស់​ពិភព​លោក​ទាំង​មូល​តែម្តង។