Tuesday, October 18, 2011

អតីត​​អ្នក​​ការ​ទូត​​បារាំង​​ប្រចាំ​​កម្ពុជា​​កត់​សម្គាល់​​ថា​​ការ​​អភិវឌ្ឍ​​របស់​​កម្ពុជា​​ ក្រោម​​ការ​​ដឹក​​នាំ​​របស់​​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន​



អតីត​ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​​​បារាំង​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​លោក​ PHILIPPE ​​COSTE​ ​មាន​ប្រសាសន៍ នៅ​​ថ្ងៃទី ១៨ ខែ​តុលា​ ឆ្នាំ ២០១១​  ថា ​ការ​រំពឹង​ទុក​របស់​លោក​កាល​ពី​ ១៨ ​ឆ្នាំ​មុន​​ពេល​ដែល​រូប​លោក​ធ្វើ​ជា​​ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា ថា​ កម្ពុជា​នឹង ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន​ សែន​ ជា​​នាយករដ្ឋមន្ត្រី​នោះ​គឺ​ ​ពិត​ជា​ត្រឹមត្រូវ​។​
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា នៅពេល​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ភូមិគ្រឹះ ក្បែរ​វិ​មាន​ឯករាជ្យ។​ លោក PHILIPPE COSTE  មានប្រសាសន៍ថា រយៈពេល ១៨ ឆ្នាំ​កន្លង​មក​ហើយ​ដែល​រូបលោក​បាន​ចាក​ចេញពី​កម្ពុជា ​នៅ​ពេលដែល​លោក​វិលត្រឡប់ មកកម្ពុជា​វិញ​នៅ​ពេលនេះ លោក​បាន​កត់សម្គាល់​ឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​គួរ​ជាទី​មោទនៈ​ក្រៃលែង។ លោក PHILIPPE COSTE  ថ្លែង​ថា ការរំពឹង​​គិត​របស់​លោក​ពិត​ជា​ត្រឹមត្រូវ នូវ​​អ្វីដែល​សម្តេច​តេ​ជោ បានធ្វើ​កន្លងមក​គឺ​សម្រាប់​ប្រជាជន​កម្ពុជា និង មេដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅកាន់​ការអភិវឌ្ឍន៍ សុខ​សន្តិភាព សម្រាប់​ប្រជាជន​កម្ពុជា​ផង​ដែរ។ 
នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​លោក PHILIPPE COSTE ដែល​បាន​ជួយ​កម្ពុជា នៅ​ពេលដែល​លោក​ធ្វើជា​ឯកអគ្គរដ្ឋទូត បារាំង​ប្រចាំ​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​រៀបចំ​ការបោះឆ្នោត​ជំនាន់​អ៊ុនតាក់​។ សម្តេចតេ​ជោ​ក៏បាន​មាន​ប្រសាសន៍​ថា  ប្រវត្តិ​សាស្ត្រ​​របស់​កម្ពុ​ជា ​មាន​ការបែកបាក់​គ្នា ជាក្រុមៗតាំងតែ​ពី​ឆ្នាំ ១៤០០ មក ហើយសម្តេច​តេជោ​ក៏​បាន​បញ្ជាក់ជូន​លោក​ PHILIPPE COSTE ពី​ការនាំមក​នូវ​សន្តិភាព​ជូន​ប្រទេសជាតិ រួមទាំង ការអនុញ្ញាត​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ចុះចាញ់ និង ចូល​ជួប​សម្តេច​នៅ​ភូមិគ្រឹះ​ក្នុង​ទីក្រុង​តាខ្មៅ​ផង ដែរ។
សម្តេច​តេ​ជោ​ក៏បាន​ជំរាប​ជូន​លោក PHILIPPE COSTE អំពី​បញ្ហា​គ្រោះ​ទឹកជំនន់​ដែល​ស្រក ចុះ​យឺតៗ ហើយ​កំពុងតែ​នាំមក​នូវ​ផលវិបាក​ដល់​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏ សម្តេច​តេ​ជោ​បាន​អះអាង​​ថា កម្ពុជា​នឹង​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ៦,៥%តាម​ការ​ទស្សន៍ទាយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ(IMF)ហើយ​ថា កម្ពុជា​ក៏មាន​ស្រូវ​ប្រមាណ ៤ លាន​តោន​សម្រាប់ ធ្វើការ​នាំចេញ​ផង​ដែរ។ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​លោក PHILIPPE COSTE បន្ត​ជួយ​ដល់ កម្ពុជា​នៅ​ពេលដែល​លោក​បញ្ចប់​ការងារ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។