Tuesday, October 18, 2011

បទវិភាគ​នយោ​បាយ ប្រជា​ធិ​ប​តេយ្យ​ដ៏​ចម្លែក បែប​គណ​បក្ស សម រង្ស៊ី




   សាវតានៃគណបក្ស​ សម រង្ស៊ី គឺជាគណបក្សមួយដែលបានបង្កើតឡើងដោយផ្តើមចេញពីការ​បែក​បាក់​ដ៏ដំបូង​បង្អស់ នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះរាជបុត្រមួយព្រះអង្គ សព្វ​ថ្ងៃកំ​ពុង​ធ្វើ​ជា​ប្រធាន​គណបក្ស​ មួយ​នៅ​កម្ពុជា​ បន្ទាប់​ពី​បរាជ័យ​មិន​បាន​ធ្វើ​ជា​ប្រធាន​គណបក្ស​ ហ្វ៊ុន ស៊ីន​ប៉ិច ។

  ការ​ដឹក​នាំ​ដោយ​ពុំ​មាន​​យុទ្ធ​សាស្ត្រត្រឹម​ត្រូវ​​ បាន​ធ្វើឱ្យ​មាន​ការ​បែកបាក់​ជា​បន្ត​បន្ទាប់​ រហូត​កើត​ចេញ​ជា​​​ គណ​បក្ស​ចំនួន ៤ មក​ដល់​សព្វថ្ងៃ គឺ គណបក្ស ហ៊្វុនស៊ិនប៉ិច ,សម​ រង្ស៊ី ,នរោត្តម រណឫទ្ធិ និង គណបក្ស សិទ្ធិមនុស្ស ដែល​ប្រវត្តិ​​នៃថ្នាក់​ដឹក​នាំ​នៃប្រធាន​បក្សទាំង​នេះ​ សុទ្ធ​តែមានប្រភពចេញពីគណបក្សតែមួយ។

 តាំងពី​ ដើមរៀង​មក​ ដោយ​សារ​អំ​នួត​ តែ​គ្មាន​សមត្ថភាពជាមេដឹក​នាំប្រកប​ដោយ​គុណ​ធម៌​ មេបក្ស​ទាំង​នេះ​​តែង​តែ​ជ្រើសរើសយក​មធ្យោបាយ​ផ្សេង​ៗ ដើម្បីយក​ប្រៀប​ឈ្នះ​ក្នុង​ជី​វិត​នយោបាយ​រៀង​ៗខ្លួន​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​មេបក្ស​ទាំងនោះ​​​​សុទ្ធតែ​អះអាងថា គណបក្ស​របស់ខ្លួនមានលក្ខណៈប្រជាធិបតេយ្យ ព្រមទាំងឈរ​លើ​គោល​ការណ៍ផ្សេងៗ ហើយ​ស្ថិត​ក្នុង​ដំ​ណាក់​កាលចុងក្រោយនេះ​ ​គេបាន​សង្កេត​ឃើញ​ថា​  គ្រប់​មេបក្ស​ដែល​មាន​និន្នាការ​ប្រឆាំង​​ជាមួយ​រាជ​រដ្ឋាភិបាល​ បាន​ធ្វើការ​វាយប្រហារ​គ្នា​យ៉ាងចាស់ដៃ តាមបែបប្រជា​ធិបតេយ្យ​ដ៏ក្មេង​ខ្ចី​របស់​ខ្លួន។

          ក្នុង​ចំ​ណោម​គណបក្សទាំង​នោះ​ មាន​មេបក្ស​មួយរូប​ គឺលោក សម​ រង្ស៊ី​ ត្រូវ​បាន​គេមើល​ឃើញ​ថា​ បាន​និង​កំ​ពុង​​ដឹក​នាំ​ប្រកបដោយភាពផ្តាច់ការ មានះ រឹងរួស ច្រង៉េងច្រង៉ាង និង អត្តនោម័ត ដែលមើលមួយភ្លែតទៅ បើ​មិនបានគិតឲ្យស៊ីជម្រៅ ឃើញថា គណបក្សនេះ​ ហាក់បីដូចជាមានប្រព័ន្ធគ្រប់គ្រងតាមលំនាំប្រជាធិបតេយ្យ ប៉ុន្តែគួរឲ្យសោកស្តាយ ជាលទ្ធផលជាក់ស្តែង បានបង្ហាញយ៉ាងច្បាស់ថា គណបក្ស សម​ រង្ស៊ី នៅតែអនុវត្ត​ការគ្រប់គ្រង ​ និងដឹកនាំការងារ​បក្ស តាម​បែបផ្តាច់ការ និងអត្តនោម័ត ដោយគ្មានអ្នកណានឹងអាចផ្តល់យោបល់ ឬ លើក ទស្សនៈ មតិនានា ទៅឲ្យលោក សម រង្ស៊ី ដែលជាប្រធានគណបក្សនោះបាន​ទេ ។

 ភាពអស់សង្ឃឹមពីមួយថ្ងៃទៅមួយថ្ងៃ នៃសមាជិកគ្រប់លំដាប់ថ្នាក់ បានកើតមាននូវ​ការបែក​បាក់ជាបន្ត បន្ទាប់ ហើយថែមទាំងមានការញុះញង់ និង អួសទាញពីគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ដែល ជាអ្នក​នយោបាយឆ្លៀតឱកាស ត្រីងៀតឆ្លៀតពង ឬអ្នកនយោបាយដូរបាយចិញ្ចឹមជីវិត បាន​ធ្វើឲ្យគណបក្ស សម​ រង្ស៊ី អាចនឹងបែកបាក់រហូត​ដល់​គ្មានទីបញ្ចប់  និង​ឈាន​ទៅ​រកការ​រលំរលាយក៏អាចថាបាន ។ បញ្ហា​នេះ​ក៏មកតែពី​គណបក្ស សម រង្ស៊ី មិនបានប្រកាន់យកការដឹកនាំតាម​បែបប្រជាធិបតេយ្យពិតប្រាកដ គឺគ្រាន់តែយកពាក្យ​ថា ប្រជាធិបតេយ្យមកធ្វើជាឡប់ឡែ ដើម្បីនឹងបោកប្រាស់ស្មារតីជាតិ​និយម របស់ប្រជាពលរដ្ឋខ្មែរ សម្រាប់​ការ​ជួញ​ដូរ​នយោបាយជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន គឺគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។

សរុបសេចក្តីមក ពាក្យ​ថា​ ប្រជាធិបតេយ្យពិត​ប្រាកដ គឺគ្មាន​សោះ​ឡើយ​នៅ​ក្នុង​ខួរ​ក្បាលនៃក្រុម​ប្រឆាំង​ ក្នុង​ន័យ​ថា​ នៅ​ពេល​ដែល​មាន​សមាជិក​ណាម្នាក់​ដើរ​ចេញ​ពី​បក្ស​ពី​ព្រោះ​អស់​ទំ​នុក​ចិត្ត ត្រូវ​បាន​លោក សម រង្ស៊ី​ ចោទ​ប្រកាន់​ថា​ អ្នក​ទាំង​នោះ​ត្រូវ​បាន​គេទិញ​ទឹក​ចិត្ត ហើយ​បើ​ក្រុម​របស់​ខ្លួន​មិន​ពេញ​ចិត្ត​លើ​បុគ្គល​ណាមួយ​ តែតែ​បង្កើត​ជា​បញ្ហា​ ដើម្បី​រក​លេសក្នុង​ការ​បណ្តេញ​គេចេញ​ពី​បក្ស ដ៏​អយុត្តិធម៌ នេះ​ឬ​ជាប្រជាធិបតេយ្យរបស់​គណបក្ស​ សម រង្ស៊ី​​ គឺគ្មាន​សោះឡើយ។

សូមបញ្ជាក់ថា ក្រុមអ្នក​នយោបាយ​ទាំងនោះ ភាគច្រើនសុទ្ធតែ បានទទួលការសិក្សា អប់រំ និង រស់នៅ​យ៉ាងយូរ​ នៃបណ្តាប្រទេសដែលមានការគ្រប់គ្រង និងដឹកនាំតាម​គោលការណ៍លទ្ធិប្រជាធិបតេយ្យដ៏ពិតបា្រកដ គួរ​គប្បី​បើក​ទូ​លាយ​  និង​បញ្ចប់​ការ​វាយប្រហារ​ នៅ​ពេល​មាន​​ការ​សំ​រេចចិត្ត​ផ្នែក​នយោបាយ​ណាមួយ​របស់​សកម្ម​ជនខ្លួន​​ ងាក​ទៅ​គាំ​ទ្រ​គណបក្ស​ដ៏​ទៃ​ ប៉ុន្តែ​ពួក​គេមិន​បានប្រកាន់​យកនូវ​​ការ​គោរព​ច្បាប់​ជាអទិភាព​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ តែ​ង​តែបង្កបង្កើត​នូវ​បញ្ហានានាជាច្រើន​ ដើម្បី​ភ្ជាប់​គំ​នុំ​ផ្ទាល់​ខ្លួន​ធ្វើ​ជាការ​សងសឹក​ជាមួយ​របស់​រាជ​ រដ្ឋាភិបាល​ ដោយ​បង្ហាញ​នូវ​ទង្វើ​​រំ​លោភ​លើគោល​ការណ៍​​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ពុំ​បាន​គោរព​នូវ​សុឆន្ទៈ និង​បំ​ណងប្រាថ្នា ចង់​បាន​ សុខ សន្តិ​ភាព​ របស់​ប្រជាពល​រដ្ឋនោះ​ទេ៕
ភូមិន្ទ