Thursday, October 20, 2011

បទវិចារណកថា៖ លោក​ សម​ រង្ស៊ី​ កំពុង​តែ​​បង្កើត​រឿង​ដែល​មិន​មែន​ជា​ការ​ពិត


           អាចជាលេសដើម្បី​រកច្រកចូលស្រុក​​​ លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេសខ្លួន ​​បានខិតខំ​បង្កើត​នូវរឿង​រ៉ាវជាច្រើន​ករណី ដើម្បី​ទម្លាក់​កំហុសមក​លើប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ការប្រកាស​ប្តឹង​សម្តេចហ៊ុន សែន ពីបទ​ឧក្រិដ្ឋនានា​ទៅតុលាការ​អន្តរជាតិ ​​​ដែលការ​ចោទប្រ កាន់ទាំង​អស់។ល។និង។ល។ ត្រូវបាន​លោក សម រង្ស៊ី ធ្វើការ​សុំទោស​ពីសម្តេច​រួចហើយ និង​បាន​សារភាព​ថា​ គឺជាការ​ចោទ​ប្រកាន់​គ្មាន​ការពិត។
          តាម​រយៈការ​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិត​ ក្លែង​បន្លំ​ បំពុល​សាធារណមតិ លោក​សម ​រង្ស៊ី ​បាន​និយាយ​តាម​រយៈការ​​ធ្វើ​សន្និសីទ​កាសែត​នាពេល​ថ្មី​ៗនេះ​ថា​ «​ខ្ញុំ​នឹង​ប្តឹង​សម្តេច​ ហ៊ុន សែន ទាល់​តែគាត់​ចុះ​ចេញ​ពី​ដំ​ណែង​»។ក្រៅ​ពី​នេះ​ លោក​សម រង្ស៊ី​ បាន​ធ្វើ​ការ​រិះ​គន់​ថា​ លោក​នឹង​មិន​ទទួល​យក​ជា​ដាច់​ខាតនូវ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នាពេល​ខាង​ មុខ​ ប្រសិន​បើ​ពុំ​មាន​វត្តមាន​របស់​គាត់​ចូល​រួម និង​បាន​ទាម​ទារ​ឱ្យ​សហគមន៍​អន្តរជាតិ​ទាត់​ចោល​នូវ​លទ្ធផល​នោះ​ដែរ។  
ការប្រកាសបែបនេះ គឺបង្ហាញ​យ៉ាងច្បាស់​ពីភាព​បរាជ័យ​របស់ខ្លួនមុន​ពេល​ប្រកួត ដែល​​លោក សម រង្ស៊ី ខ្លួនឯងគួរ​គប្បីអំពាវ​នាវឲ្យមាន​ការរំលាយ​គណបក្ស សម រង្ស៊ី ​តែម្តង​ទៅ ពុំគួរ​បន្តធ្វើ​សកម្ម​ភាព​នយោបាយ​ដើម្បីការ​ប្រកួត​ប្រជែង ចង់បាន​អំណាច ​ប៉ុន្តែនៅ​ពីក្រោយ​ខ្នង បែជាប្រើ​ប្រាស់វេទិការ​កៀប​សង្កត់មក​លើប្រព័ន្ធ​បោះឆ្នោតនៅ​កម្ពុជាថា មិនសេរី និងយុត្តិធម៌​បែបនេះ​ទៅ​វិញ។
 ជារៀងរាល់ ​អាណត្តិ តែងតែ​មានគណ​បក្សនយោបាយ​ជាច្រើន​ចូលរួម​ប្រកួត​ប្រជែងការ​បោះ​ឆ្នោត ដោយ​មានទាំង​អ្នកសង្កេត​ការណ៍ជាតិ​ទាំង​អន្តរជាតិ ចូល​រួម​ឃ្លាំមើល​ដំណើរ​កា​រនោះ  ដែល​ការ​បោះ​ឆ្នោត​មាន​ការប្រព្រឹត្តទៅមុខ​យ៉ាងរលូន​ដោយគ្មាន​ឧបសគ្គអ្វី​ ឡើយ។
ប្រជាពលរដ្ឋ ​កម្ពុជាបាន​ប្រើប្រាស់​សិទ្ធិរបស់​ខ្លួនយ៉ាង​ពេញ​លេញ តាមច្បាប់​រដ្ឋធម្មនុញ្ញ ក្នុងការ​ជ្រើសរើសថ្នាក់ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស និង​ដើម្បី​ឆ្ពោះទៅ​រកការពង្រឹង​នីតិរដ្ឋ ក៏​ដូច​ជា​ការ​ក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិ។
ដូច្នេះការបន្តដឹកនាំប្រទេស ​ឬចុះ​ចេញ​ពី​តំណែង​​ជានាយករដ្ឋមន្រ្តី វាមិនអាស្រ័យលើសម្តី​របស់​លោក សម រង្ស៊ី នោះទេ គឺធ្វើឡើងតាមរយៈ​ការបោះ​ឆ្នោត ដែលប្រជាពលរដ្ឋកម្ពុជាជាម្ចាស់អំណាច។
 បើយើងក្រឡេកមើលអំពីជីវិត ​នយោបាយចុង​ក្រោយ​របស់ លោក សម រង្ស៊ី គឺស្ថិតនៅក្នុង​ស្ថាន​ភាព​​​អាក្រក់ជា​ទីបំផុត​ ហាក់បីដូច​ជាកំពុង​ដាំក្បាលចុះ​ និងអាប់អោនយ៉ាងខ្លាំងដោយសារ​​​​​​​​​​​​​​​​សព្វ​ថ្ងៃ​​កំ​ពុង​រស់​នៅ​ក្នុង ​ឋានៈជាជនមាន​ទោស និងបាត់​សិទ្ធិនយោបាយ​ទៀត​ផង តើមាន​ទម្ងន់ផ្លូវ​ច្បាប់ណា​មួយ​មកផ្តួល​រំលំសម្តេច​តេជោដែល​កំពុងលេច​ ធ្លោដោយ​ឥស្សរៈភាព​ជាមេដឹកនាំ​ប្រកបដោយ​គុណធម៌​ខ្ពស់ និង​ពុំធ្លាប់​មានរឿង​អាស្រូវ​​ណា​មួយ​រំខានដល់​ជីវិតនយោបាយ​សោះឡើយនោះ។
ម្យ៉ាងទៀត ក្នុង​ដំណាក់កាល​នេះ​ គេបាន​មើល​ឃើញថា គណបក្ស សម រង្ស៊ី អាចនឹង​ប្រកាស​អាសន្ន​ពីការបែក​បាក់ទ្រង់​ទ្រាយធំ ឬឈាន​ទៅរក​ការរលាយ​គណបក្សទាំង​មូល ក៏ថាបាន ​ដោយ​សារការចាក​ចេញរបស់​អ្នកគាំទ្រ តាំងពីលើ​ដល់ក្រោម ការអស់ឥទ្ធិ​ពលរបស់​មេបក្ស និង​ថ្នាក់​ដឹកនាំ​សំខាន់ៗ ការមាន​រឿងអាស្រូវ​អំពីគ្រួសារ​និយម ផ្តាច់ការ និងការ​ដឹកនាំ​ដោយ​គ្មានយុទ្ធសាស្រ្ត​ច្បាស់លាស់ ​​​ទើបលោក សម រង្ស៊ី ខំប្រឹង​​ជួសជុលស​ភាពការណ៍​ឡើងវិញ ដើម្បីបន្តអូស​ជីវិត​នយោ​បាយ​របស់​គាត់បាន​យូរទៅ​មុខទៀត ។
សួរថា តើលោក សម រង្ស៊ី មានឱកាស​មកជួប និងដោះស្រាយ​បញ្ហាពេល​ប្រជាពល​រដ្ឋមានទុក្ខ
ដោយ ​គ្រោះទឹកជំនន់ មកជួយ​កសាង​អភិវឌ្ឍន៍​ប្រទេស​ដែល​កំពុង​ត្រូវការ​ការ​កសាង​ស្ថាបនា​ហេដ្ឋា​ រចនា​សម្ព័ន្ធ​ឡើង​វិញ​ក្រោយ​ពីជួប​វិបត្តិគ្រោះ​ធម្មជាតិ ដូច​គណបក្ស​ប្រជាជន​កម្ពុជា ដែលបាន និងកំពុង​រស់នៅផ្ទាល់​ជាមួយសុខ​ទុក្ខរបស់​ប្រជាពលរដ្ឋ​ដែរឬទេ?​ ចម្លើយ​គឺមិន​អាចទៅ​រួចទេ (Impossible) ហើយ​បក្ស​ប្រឆាំង​ ​មិន​ត្រឹម​តែមិន​បាន​ជួយ​ប្រជា​ពល​រដ្ឋប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​នាំគ្នារិះ​គន់​បន្តុះ​បង្អាប់​ ដល់​ម្ចាស់​ជំ​​នួ​យនានា ដែល​គេបាន​លះ​បង់​ទ្រព្យ​ធន់​ផ្ទាល់​ខ្លួន​ដើម្បី​ការ​រួម​គ្នា​ ឯកភាព​ជាធ្លុង​មួយ​ជួយ​សង្គ្រោះ​គ្នាក្នុង​គ្រាមាន​អាសន្ន​​​ ។
          ដូច្នេះ​ ប្រជាពល​រដ្ឋបាន​ឃើញ​តែ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ ដែល​បាន​ចុះ​ចែក​អំ​ណោយ និង​សភារៈ​ប្រើ​ប្រាស់ គ្រឿង​ឧបភោគ​ បរិភោគ​ ថ្នាំសង្កូវ​ និង​រក​មធ្យោបាយ​ដើម្បី​សំ​រួល​ដល់​ការ​ធ្វើ​ដំ​ណើរ និង​ការ​ប្រកប​របរទទួល​ទាន​របស់​​ប្រជាពល​រដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​​ឡើយ​។
          សរុប​សេចក្តី​មក​ នយោបាយ​ជួយសង្គ្រោះ និង​នយោបាយជេរដើម្បី​អំ​ណាច​ វាខុសគ្នា​ ហើយ​វារិត​តែខុស​គ្នា​ឆ្ងាយ​ទៅ​ទៀត​ រវាង​អ្នក​កសាងជាតិ​ និង​អ្នក​បំ​ផ្លាញ​ជាតិ​​។ ដូច្នេះ​ គឺមាន​តែប្រជាពល​រដ្ឋទេ​ដែល​ដឹង​ការពិត​ ហើយ​មាន​តែអំពើ​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែបុណ្ណោះ​ ដែល​បាន​ដក់​ជាប់​នៅ​ក្នុង​ដួង​ចិត្តរបស់​ប្រជាពល​រដ្ឋ​ និង​ក៏​ដើម្បី​ពួក​គាត់​សម្រេច​ការ​គាំ​ទ្រក្នុង​ពេល​ខាង​មុខផង​ដែរ​។

រួម ជាតិ