Thursday, October 20, 2011

សេចក្តី​ប្រកាស​ព័ត៌មាន​ ជំនួបពិភាក្សារវាង ឯកឧត្តម​ សុខ អាន និង​​​លោកជំទាវ​ Patricia O’Brien ស្តីពីការវិវត្តន៍ថ្មី​ៗរបស់​​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​ កម្ពុជា​ (អ.វ.ត.ក)​



សេចក្តី​ប្រកាស​ព័ត៌មាន

នា​រសៀលថ្ងៃ​​នេះ​​ នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ សុខ អាន បាន​ទទួល​ជួបពិភាក្សា​ជាមួយ​​​លោកជំទាវ​ Patricia O’Brien អគ្គ​លេខាធិការរង​​អង្គការ​សហប្រជាជាតិទទួលបន្ទុក​កិច្ចការ​ច្បាប់​ និង​ជា​អ្នកប្រឹក្សា​ផ្នែក​​ច្បាប់​ ស្តីពីការវិវត្តន៍ថ្មី​ៗរបស់​​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​ កម្ពុជា​ (អ.វ.ត.ក)​។

ភាគីទាំងពីរ​បាន​បញ្ជាក់​សារជាថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​មុត​មាំ​ចំពោះ​កិច្ច​ការ​របស់​ អ.វ.ត.ក  និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់​​ជំនួយ ព្រម​ទាំង​​​មានមោទនភាព​ចំពោះ​​​ជោគ​ជ័យ​​ដែល​​តុលាការ​នេះ​ទទួលបាន​រហូត​មក ​ដល់បច្ចុប្បន្ន​​ ក្នុង​នោះ​​រួមមាន​ ការ​ចូល​រួម​គាំទ្រ​ដ៏ច្រើន​លើ​សលុប​​ពី​សាធារណជន។ ភាគី​ទាំងពីរ​បាន​ផ្តោត​សារៈសំខាន់​ផងដែរ​​​លើ​​សំណុំ​រឿង​០០២ ​ដែល​​ជា​សំណុំ​រឿង​មួយដ៏​សំខាន់​បំផុត​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​តុលាការ​ យុត្តិធម៌​អន្តរជាតិ​ ដោយ​​បាន​នាំ​មក​កាត់ទោស​នូវ​មេដឹកនាំជាន់​ខ្ពស់​​​​​​នៃ​របប​​ប្រល័យ​ពូជ​ សាសន៍​ ដែល​នៅ​រស់​រានមាន​ជីវិត។

ឯកឧត្តម ​ឧបនាយករដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំ​បាច់​របស់​អ្នក​ធ្វើ​ការ ​សម្រេច​ចិត្តនៃភាគី​ទាំងពីរ​ ដើម្បី​បំពេញ​​​​​ការទទួល​ខុស​ត្រូវ​របស់​ខ្លួន​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ ការ​រំខាន​ពី ការ​បំប៉ោងព័ត៌មាន​ ការ​ដាក់​គំនាប​ និង​ការ​ជ្រៀត​​ជ្រែក​ដ៏​ខ្លាំង​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ពី​សំណាក់​ភាគី​ខាង​ក្រៅ​ដ៏ទៃៗទៀត​។

ភាគីទាំងពីរ ​ក៏​​​បាន​ស្វាគមន៍ផង​ដែរ​នូវ​​សាលដីកាស្ថាពរ​នៃ​សំណុំ​រឿង​០០១ ដែល​នឹង​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ និង​សេចក្តី​ប្រកាស​ស្តី​ពីដំណើរការ​សវនការ​លើ​អង្គ​សេចក្តី​នៃ​សំណុំ​រឿង​ ០០២​​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ហើយ​ភាគី​ទាំង​ពីរ​​បាន​សំដែង​នូវ​​ឆន្ទៈ​​ឱ្យដំណើរការ​​តុលាការ​បន្ត​ទៅ​ មុខ​​​​យ៉ាង​ឆាប់​រហ័ស​ និង​ដោយ​រលូន​ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ​តុលា ឆ្នាំ​២០១១