Thursday, October 20, 2011

សម្តេច​​អគ្គ​មហា​​សេនា​បតី​​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្​រតិ​ភូក​ម្ពុជា​​​​ចូល​​រួម​ពិធី​​​បើក​​ពិព័រណ៍​​ចិន​-​អាស៊ាន​​លើក​​ទី៨​នៅ​ទី​​ក្រុង​ណា​ន​នីង​​ប្រទេស​​ចិន​



​ ​​​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បានដឹក​នាំ​ប្រតិភូ​កម្ពុជា​ចាក​ចេញ​ពី​រាជធានី​ភ្នំ​ពេញ​ធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង ស៊ី សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន នៅពេល​ព្រឹក​ថ្ងៃទី ២០ ខែ​តុលា ឆ្នាំ​២០១១​ ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​រួម​ក្នុង​ពិធី​បើក​ពិ​ព័រ​ណ៌​ចិន-អាស៊ាន​ប្រចាំ​ឆ្នាំ​លើក​ទី​៨ ​ដែល​គ្រោង​មាន​រយៈ​ពេល​ ៣ ​ថ្ងៃ។ ទោះបី​យ៉ាង​ណា​ ឯកឧត្តម​ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រីបាន​មានប្រសាសន៍ឲ្យ​ដឹង​ថា ដោយ​យោង​ទៅ​ដល់​ភាព​ចាំ​បាច់​នៃ​ការ​ងារ​នៅក្នុង​ប្រទេស សម្តេច​តេជោ​នឹងធ្វើ​មាតុភូមិនិវត្តន៍​នៅពេល​រសៀល​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ ២០១១​។ 
សេចក្តី​ជូនដំណឹង​​របស់​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិបាន​​ឲ្យ​ដឹង ថា ទស្សន​កិច្ច​​​របស់​សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី និង គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ត្រូវ​ចូល​រួម​ក្នុង​ពិធី​បើក​ពី​ព័រ​ណ៍ ចិន-អាស៊ាន​លើក​ទី ៨ និង ពិធី​បើក​កិច្ចប្រជុំ​កំពូល​វិនិយោគ និង ធុរកិច្ច​ចិន-អាស៊ាន ដែល​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី ២១ ដល់ ២៦ ខែតុលា​ឆ្នាំ ២០១១ នៅ​ទៅ​ក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ​តាម​ការ​អញ្ជើញ​ពី​សំណាក់​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ សម្តេច​តេ​ជោ​នាយករដ្ឋ​មន្រ្តី​​ត្រូវបាន​រំពឹងថា លោក នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ វេន ជា​បាវ (Wen Jiabao)នាយករដ្ឋមន្ត្រី​​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​រសៀល​ថ្ងៃទី ២០ ខែ​តុលា ឆ្នាំ ២០១១។ ​សម្តេច​តេ​ជោ ក៏​នឹង​ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​ធនាគារ​​អភិវឌ្ឍ​ចិន និង អនុញ្ញាត​ឲ្យ​លេខា​បក្ស និង អភិបាល​ខេត្ត​ក្វាង​ស៊ី​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សំដែង​ការគួរសម​ផងដែរ។
ឯកឧត្តម​ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា ប្រធានបទ​នៃ​ពិព័រណ៍​ចិន-អាស៊ាន​ឆ្នាំនេះ​ប្រព្រឹត្ត ទៅ​ក្រោម​ប្រធានបទ«កិច្ចសហប្រតិបត្តិការ ការពារ​បរិស្ថាន»ដែល​នេះ​ជា​ប្រធានបទ​ក្តៅគគុក​ព្រោះ​ថា ការប្រែប្រួល​អាកាសធាតុ​បានធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​ទឹកជំនន់ ហើយ​ប្រធានបទ​នេះ​ក៏មាន​កិច្ចប្រជុំ ថ្នាក់​​រដ្ឋមន្ត្រី ដើម្បី​រិៈ​រក​វិធានការ​ធ្វើយ៉ាងណា​ការពារ​បរិស្ថាន​ផងដែរ។
ឯកឧត្តម​ ស្រ៊ី ថាមរុង្គ បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ជូន​ដំណើរ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ពន្លា​ជាតិ​របស់​កម្ពុ​ជាមាន​ប្រធានបទ«ខេត្ត​រតន​គី​រី​​ជា​ខេត្ត​ស្រស់​ប្រឹម​ប្រិ​យ»ជា​ប្រធានបទ​ដែល​ឆ្លើយតប​ទៅនឹង​ប្រធានបទ នៃ​ការតាំងពិព័រណ៍​ទាំងមូល ។ ​ទេសភាព​បឹង​យក្ស​ឡោម គំរូផ្ទះឈើ​របស់​កូន​ក​ម្លោះ កូនក្រមុំ​ជនជាតិ និង ទេសភាព ដែល​បង្ហាញ​ពី​ភូមិដ្ឋាន​បរិស្ថាន និង ជីវភាព​​រស់នៅ​ពិតប្រាកដ​ របស់​បងប្អូន​ជនជាតិភាគតិច​នឹងត្រូវ​រៀបចំ​បង្ហាញ​ផងដែរនៅ​ក្នុង​ការ​តាំង​ពិព័រណ៍​​​នោះ​។
ឯកឧត្តម ស្រ៊ី ថាមរុង្គ មានប្រសាសន៍ថា កម្ពុជា​ក៏មាន​ផ្តល់ព័ត៌មាន​ឯកសារ​ស្តីពី​ការវិនិយោគ វប្ប ធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង គម្រោង​អភិវឌ្ឍ​មួយចំនួនទៀត និង ការបង្ហាញ​ពី​សេវា​កម្ម​ធនាគារ​ផងដែរ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា​មួយ ក្នុងនាម​ឲ្យ​​ប្រទេស​អាស៊ាន​នៅក្នុង​ពិធី​បើក​ពិ​ព័រ​ណ៍​​នោះ។
ពាណិជ្ជករ​កម្ពុជា​ចំនួន ២៥០ នាក់​មកពី​ក្រុមហ៊ុន​ចំនួន ៧៥ បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុងការ​តាំង​ពិព័រ​ណ៍​នេះ ។ ​កម្ពុ​ជាមាន​ស្តង់​ចំនួន​ប្រមាណ ៩០ ស្តង់។ ​នៅក្នុង​ពិធី​តាំងពិព័រណ៍​នេះ​មាន ស្តង់​សរុប​ចំនួន ៤៦០០ ស្តង់ ក្នុង​នោះ​​ភាគី​ចិន​មាន ៣៣៩០ ស្តង់ និង ស្តង់​ពី​បណ្តា​ប្រទេស​អាស៊ាន​ចំនួន ១១៦១ ស្តង់។ ចំណែក​ប្រទេស​ជប៉ុន សាធារណរដ្ឋ​កូរ៉េ ម៉ា​ដា​ហ្គា​ស្កា កាណាដា ហ្វាំ​ង​ឡង់ និង ប្រទេស​នេ​ប៉ាល់​ក៏មាន​ស្តង់​ចូលរួម​ចំនួន ៤៩ ផងដែរ។ ជាទូទៅ​ស្តង់​របស់​កម្ពុជា​រួមមាន​ផលិតផល​កសិកម្ម  អង្ករ សំលៀក​បំពាក់ ភេសជ្ជៈ ម្ហូបអាហារ ស្រា ស្រា​បៀរ គ្រឿង​សង្ហារ​រឹម គ្រឿងអលង្ការ ផលិតផល​កែច្នៃ​ សិប្បកម្ម ចម្លាក់ សូត្រ ក​សិ-ឧស្សាហកម្ម​ជាដើម ដើម្បី​ជាការ​ស្វែងរក​ទីផ្សារ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​​នោះ​៕