Friday, October 21, 2011

បទអត្ថាធិប្បាយ ស្ថានភាព​កម្ពុជា ២០ ឆ្នាំ​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស


           រយៈពេល​២០ឆ្នាំ ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រីស​ ថ្ងៃ​ទី​២៣ តុលា ឆ្នាំ ១៩៩១ ‑ ២៣ តុលា ឆ្នាំ​ ២០១១ ពិត​មែន​តែ​កិច្ច​ព្រម​រៀង​នោះ​ បាន​នាំ​ឱ្យ​កម្ពុជា ឯកភាព​គ្នា​ងាក​​មក​រក​តុចចារ​ និង​ឈាន​ទៅ​ដល់​ការ​បោះ​​ឆ្នោត​​ជ្រើសរើសសភាធម្ម​នុញ្ញនៅ​ឆ្នាំ ១៩៩៣ ដែល​រៀប​ចំ​ដោយ​អ៊ុន​តាក់​ និង​បង្កើត​បាន​នូវ​ច្បាប់​រដ្ឋធម្ម​នុញ្ញ​នៅ​កម្ពុជា​ក៏​ពិត​​មែន​​ ប៉ុន្តែសន្តិ​ភាព​នោះ មិន​ទាន់​បានធានា នូវ​ស្ថិរភាព​ និង​សុខសន្តិ​ភាព​ទាំង​ស្រុង​សម្រាប់​ពល​រដ្ឋកម្ពុជា​នោះ​ទេ​។
          ការ​បញ្ចប់​សង្គ្រាម​បាន​ជា​ស្ថាពរ​ គឺពិត​ជា​កើត​ឡើង​តាម​រយៈនយោបាយ​ឈ្នះ​‑ឈ្នះ​ របស់​សម្តេច ហ៊ុន  សែន​ នៅ​ចុង​ឆ្នាំ ១៩៩៨ ដែលបាន​​រំ​លាយ​ចោល​ទាំង​ស្រុង​នូវ​អង្គការ​ចាត់​តាំង​ខ្មែរ​ក្រហម​ និង​បាន​ធ្វើ​នូវ​សមា​ហរណ​កម្ម​ពួក​គាត់​ចូល​រួម​ កសាង និង​​ អភិ​វឌ្ឍសង្គម​ជាតិ​មក​ដល់​សព្វ​ថ្ងៃ​។
          បើ​ទោះ​ជា​ ​រាជ​រដ្ឋាភិបាល​ធានាបាន​នូវ​ សុខ សន្តិ​ភាព​ ស្ថេរភាព​នយោបាយ​ និង​គោរព​យ៉ាង​ត្រឹម​ត្រូវ​តាម​​ច្បាប់​រដ្ឋធម្ម​នុញ្ញ ដើម្បី​ឈាន​ទៅ​រក​ការ​ពង្រឹង​នីតិរដ្ឋ ​ការ​បង្រួប​បង្រួម​ជាតិ​ ការឯកភាព​ទឹក​ដី​ រួម​ជា​មួយ​នឹង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការជាមួយ​បណ្តាប្រទេស​នានា ដើម្បីអភិ​វឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចំ​រើន​ស្ទើរគ្រប់​វិស័យ​ ដូច​ពេលបច្ចុប្បន្ន​នេះយ៉ាង​ណាក៏​ដោយ​ ក៏​ពួកក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ក្តាប់​តូច តែតែ​លើក​ឡើង​ដដែល​ជា​ដដែល​ ធ្វើ​ការ​ចោទ​ប្រកាន់​មកលើរាជ​រដ្ឋាភិបាល​ ថា​ពុំ​បានគោរព​តាម​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ា​រីស​នោះ​ទៅ​វិញ​។
          យើង​ចោទ​ជា​សំ​នួរថា​ តើ​កិច្ច​ព្រម​ព្រៀង​នោះ​កើត​មកឯកឯង​ ដោយ​ធ្លាក់​ពីមេឃ ឬ​ដោយ​សារ​ពួក​ក្រុម​អ្នក​រិះ​គន់​សព្វ​ថ្ងៃ​នេះ​ជា​អ្នក​បង្កើត​? ចំ​លើយ​ពិត​ប្រាកដនោះ​ គឺ​ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ថ្ងៃ ទី២៣  ខែតុលា ១៩៩១ គឺជា​កិច្ចព្រមព្រៀងស្តីពី ដំណោះស្រាយ​នយោបាយរួម​មួយរបស់ខ្មែរ ជាប្រវត្តិសាស្រ្ត ដោយ​មាន​ប្រ​ទេសចំនួន១៩ចូល​រួម​ ហើយកិច្ច​ព្រម​ព្រៀង​នេះ​បាន​ផ្តើមចេញ​ ដោយ​សារ​ស្ថាបនិកសន្តិភាពពីររូប​ដែល​ជា​វីរៈជនដ៏ឆ្នើមរបស់​កម្ពុជា​ គឺ សម្តេច​ព្រះមហា​វីរៈក្សត្រ​ខ្មែរ​ព្រះបាទ នរោត្តមសីហនុ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
          នេះ​ជា​ការ​លះ​បង់​ដ៏​ខ្ពស់​បំ​ផុត​ ដើម្បី​សន្តិ​ភាព​ និង​ការ​បង្រួប​បង្រួម​ជាតិ​ របស់​សម្តេច​តេជោ​ហ៊ុន សែន ដែល​បានយាង​ព្រះមហាវីរៈក្សត្រខ្មែរព្រះបាទនរោត្តមសីហនុ ចូលស្រុកវិញ នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ១៩៩១ ជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ដើម្បីប្រកាស ការឈប់បាញ់គ្នា រំសាយទ័ព និងរៀប​ចំការ​បោះ​ឆ្នោត​មួយ​ដោយ​(UNTAC)នៅ​ឆ្នាំ១៩៩៣។
          ដូច្នេះ​ ខ្លឹម​សារ​សំ​ខាន់​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រីស​ គឺ​សំ​ដៅ​ទៅ​លើ​ការរួប​រួម​គ្នា​ដើម្បី​សន្តិភាព​ ការ​ផ្សះ​ផ្សារ​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​ ផ្ទុយ​ទៅ​វិញ​ ការ​ជំ​ទាស់​របស់​បក្ស​ប្រឆាំង​កន្លង​មកដែល​​មិន​ឱ្យ​មាន​ការ​ដាក់​ ខ្មែរក្រហម​ឱ្យ​នៅ​ក្រៅ​ច្បាប់​ នោះ​ហើយ​ គឺជា​ទង្វើ​ផ្ទុយ​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ា​រីស​ ពី​ព្រោះ​ក្រុម​ខ្មែរក្រហម​ពេល​នោះ​នៅ​តែប្រកាសខ្លួន​មិន​ចូល​រួម​ និង​មិន​ព្រម​​រំ​សាយ​កង​ទ័ព​​នោះ​ទេ។
          សន្តិ​ភាព​ក្នុង​ពេល​បច្ចុប្បន្ន​ ដែល​កើត​ឡើង​ពី​គោលនយោបាយ​ឈ្នះ​‑ឈ្នះ​ របស់​សម្តេច​តេជោ​ គឺត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ និង​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំ​ណាក់​សហគមន៍​អន្តរជាតិ​នានា។ ជាក់​ស្តែង​កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ នៅក្នុងវេទិកាអន្តរ​ជាតិស្តី​ពី «​សតវត្សរ៍​អាស៊ី៖ បញ្ហាប្រឈម​នឹងក្តីសង្ឃឹម ដែលត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​រាជធានីភ្នំពេញ លោក Mushahid Hussain Sayed ជាអគ្គលេខាធិការនៃចលនា​អ្នកប្រជាធិបតេយ្យនិយម​កណ្តាល​​អន្តរជាតិ អាស៊ីប៉ា​ស៊ីហ្វិក (CAPDI) បានពិពណ៍នាយ៉ាងច្បាស់លាស់អំពី​ «គំរូកម្ពុជា» ដែល​បាន​បង្កើត​ឲ្យមានសន្តិភាពមក​ដល់​សព្វ​ថ្ងៃ។
          ជាមួយគ្នា​នេះ​ យើង​សូម​រំ​លឹក​ថា​ លោកឯកអគ្គរាជទូតជប៉ុន Yukio Imagawa ក៏​បានសរសើរ​ដោយស្មោះ​ចំពោះសម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជាថា៖ «ក្រោយពីជម្លោះ កម្ពុជាបាន​ទទួល​នូវស្ថិរភាព ហើយ បច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោម​ការ​ដឹកនាំ នៃរាជរដ្ឋាភិបាលដ៏ស្របច្បាប់របស់សម្តេចតេជោសែន នេះ។
          ជារួម​ការ​ចោទ​ប្រកាន់​មកលើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថា ​ពុំ​បាន​គោរព​តាម​កិច្ចព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រីស​ ដោយ​បក្ស​ប្រឆាំង​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំ​នួន​ គឺពុំ​បាន​ឆ្លុះ​បញ្ចាំង​​ពី​ការ​ពិត និង​ទទួល​ស្គាល់​នូវ​គុណ​បំ​ណាច់​របស់​ថ្នាក់​ដឹក​នាំ​ ដែល​បាន​នាំ​មក​សន្តិភាព​នោះ​ទេ​ ដែល​ពួក​ក្រុមអ្នក​ប្រឆាំង​ខ្លួន​ឯង​ទៅ​វិញ​ទេ ដែល​កំ​ពុង​ជាន់​ឈ្លី​ច្បាប់​រដ្ឋធម្មនុញ្ញ តាម​រយៈ​ការ​និយាយ​បំ​ភ្លើស គ្មាន​ការ​ពិត​ ប៉ុន​ប៉ង​បំ​ផ្លាញ​សន្តិ​ភាព​ដែល​មាន​នាពេល​សព្វ​ថ្ងៃ​ គឺ​ដើម្បី​បំ​រើតែនយោបាយ​ផ្ទាល់​ខ្លួន​ និង​បក្សពួក​តែ​ប៉ុណ្ណោះ​ ដោយ​មិន​បាន​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​នោះ​ឡើយ​ ហើយ​សន្តិភាព​ ក៏​មិន​មែន​សម្រាប់​ក្រុម​អ្នក​ប្រឆាំង​យក​មក​ហែក​ចែក​គ្នានោះ​ដែរ​ គឺ​យើង​ត្រូវ​រួម​គ្នា​ថែ​រក្សា​៕

ទិត សារុនរ៉េត ទី​ប្រឹក្សាអម​រាជ​បណ្ឌិតសភាកម្ពុជា​
(ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១)