Friday, October 21, 2011

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា ជាមួយលោក ជុំ កុសល ក្នុងកម្មវិធី បញ្ញាជន ស្តីពីនយោបាយទាល់ច្រករបស់ លោក សម រង្ស៊ី


ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ 
          លោកជុំ កុសល
          សំណួរ៖​ លោក សម រង្ស៊ី បានធ្វើយុទ្ធនាការមួយរាំងខ្ទប់មិនឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅក្នុង​ សហគមអ៊ឺរុប បញ្ជូនអ្នកសង្កេតការណ៍​មកចូលរួមសង្កេតការណ៍ ការ​បោះឆ្នោត​​ឆ្នាំ២០១២-២០១៣ នៅក្នុងប្រទេសយើងនា​ពេល​ខាងមុខ​​នេះទេ។ ហើយម៉្យាង​ទៀត​ ស្នើសុំឲ្យគេទាត់ចោលនូវលទ្ធផលបោះឆ្នោត ប្រសិនបើគ្មានវត្តមានរបស់លោក​​​ នៅ​ក្នុង​ឆ្នាំ២០១២-២០១៣ ខាងមុខនេះ។ ដូច្នេះដើម្បីកុំឲ្យប្រជាពលរដ្ឋ​មាន​ការ​ភ័ន្តច្រឡំ​តាម​ការ​​អូសទាញ​ របស់គាត់​​​ សូមលោក​បណ្ឌិត​​លើកយ​កបញ្ហានេះ​​មកបកស្រាយ​​ជូន​ប្រជា​​ពលរដ្ឋ​​ឲ្យលោក​ បានយល់អំពីគំនិតទុច្ចរិត និងនយោបាយ​ទាល់ច្រក​​របស់​លោក សម រង្ស៊ី បន្តិច​បាទ​?​​

          លោកបណ្ឌិត ឈឹម​ ផលវរុណ
​           ចម្លើយ​៖​ អ្វីដែលលោក សម រង្ស៊ី បានធ្វើនោះ ប្រហែលជាគាត់ភ្លេចគិតថា​ទង្វើ​របស់​​គាត់​ ដែលបានធ្វើនៅក្នុងក្របខណ្ឌប្រជាធិបតេយ្យ​ដូចពេលនេះ គឺគាត់​កំពុង​តែជាន់​ឈ្លី​នូវ​សេរីភាព​នយោបាយរបស់គាត់​ដោយ​ខ្លួនឯង​​ គឺគាត់កំពុងតែបន្តុះបង្អាប់​នូវតម្លៃនៃ​សេរីភាព​​នយោបាយ​របស់​គណបក្ស​ ប្រឆាំង​នៅកម្ពុជា​ដោយ​ខ្លួនឯង​ទៅវិញទេ​ ​។ ពីព្រោះ​ឥឡូវ​​នេះ​ប្រជាពលរដ្ឋ​កាន់តែមាន​លទ្ធភាព​​ក្នុង​​ការទទួលដឹង និងយល់សម្រាប់ជាមូលដ្ឋាន​ពិចារណា​​ថាតើ​ នៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបប្រជាធិបតេយ្យសភានិយម​នេះ​ រវាងក្រុ​ម​តំណាង​សម្លេង​ភាគ​ច្រើន​នៅក្នុងសភា​​ដែលដឹកនាំរដ្ឋាភិបាល និងក្រុមតំណាងសម្លេង​ភាគតិច​​នៅក្នុងសភា​ដែលជា​គណបក្ស​ប្រឆាំង​នោះ​ត្រូវ​ មាន​តួនា​ទីអ្វីខ្លះ​ ដែលត្រូវ​បំពេញ​ការងារ​​សភា​​ជូន​ប្រជាពលរដ្ឋ ពីព្រោះពួកគេជាតំណាងរាស្ត្រដែរ​​។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​មើល​ឃើញ​ថា ក្រុមភាគតិចដែលយើងហៅថាក្រុមប្រឆាំង​នោះ ហាក់​​ដូច​ជាមិនបាន​ធ្វើ​អ្វី​ជូន​​ប្រជាពលរដ្ឋ​​នៅក្នុងក្របខណ្ឌស​ភា​​ទេ​ ដែលខ្លួនមានអសនៈរហូតដល់​២៦ នៅក្នុង​សភា​ដែរ​​នោះ​។ ផ្ទុយទៅវិញ​ពួក​គេបែរ​ជា​ធ្វើ​នយោ​បាយ​នៅក្រៅក្របខណ្ឌសភាទៅវិញ ដែលខ្ញុំ​ធ្លាប់​ហៅថា​​នយោបាយ​អាវ៉ា​សែ​នោះ និង​ឈាន​ទៅបង្ក​រឿង​ដើម្បីរំ​លោភ​រដ្ឋធម្មនុញ្ញ និង​រំលោភ​ច្បាប់ទៅទៀត​។ តាម​ពិត​នយោបាយ​របស់​ក្រុម​ប្រ​ឆាំង​នៅក្នុង​សភា គឺជា​នយោបាយ​ដែលប្រទេស​និយមប្រជាធិបតេយ្យត្រូវការ ប៉ុន្តែមិនមែន​​​​ត្រូវការដូច​កម្លាំង​ប្រឆាំង​នៅកម្ពុជាទេ​។ ហេតុអ្វីបានជាកម្ពុជា​មិនត្រូវការ​នូវ​នយោបាយ​បង្ករឿង អុជអាល​ឲ្យ​រំលោភ​ច្បាប់​​ ឲ្យប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹង​រដ្ឋអំណាច​ប្រជា​ធិប​តេយ្យ ​ធ្វើ​ឲ្យ​សង្គម​ចលា​ចល​​ ដូចជារឿងដកបង្គោលព្រំដែន​ ដែល​គណបក្ស​ប្រឆាំង​​បំផុស​​ឲ្យប្រជាពលរដ្ឋ​ មាន​​នយោ​បាយ​​ជាតិនិយមជ្រុល​​ប្រឆាំងនឹងវៀតណាម​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​កំហឹង​ឆេះ​ឆាប​​នឹងជនជាតិបរទេស ពិសេស​នឹងវៀតណាមនោះ គឺមិនមានប្រសិទ្ធិភាពទេ​។ ផ្ទុយទៅវិញ​អំពើដែលគាត់បាន​ធ្វើគឺជាអំ​ពើល្មើស​ច្បាប់ទៅ​វិញ​ទេ​ ពីព្រោះ​ការពារទឹកដី ការការពារ​ព្រំដែន មិនមែនកើតឡើង​​ដោយសារការទៅដកបង្គោលនោះទេ​ ហើយ​ក៏​មិនមែន​​អាចមានប្រសិទ្ធិភាព​ទៅតាមនយោបាយ​បញ្ឆេះ​កំហឹង​ជាតិ​ឲ្យ​ ស្អប់​នឹង​វៀតណាម​នោះ​ទេ​ បើសិនជាប្រជាពលរដ្ឋធ្វើតាម​នយោបាយ​បញ្ឆេះកំហឹងឲ្យស្អប់វៀតណាម​នេះមែន វាគួរ​ណាស់​​តែគណបក្ស សម រង្ស៊ីនេះ ឈ្នះឆ្នោត​តាំងពីអាណត្តិមុនៗមកម្លេះ​។ ដោយសារ​តែ​​គណបក្ស​ប្រឆាំងធ្វើផ្គើន​ទៅនឹងឆន្ទៈប្រជាពលរដ្ឋបែបនេះហើយ ទើបធ្វើឲ្យ​គណបក្ស​ប្រឆាំង​​ចាញ់រហូត​បែបនេះ​ គឺពួកគេមិន​ទទួលស្គាល់ថាការ​បោះឆ្នោតកន្លង​មកនោះ​ដំណើរ​ការ​​ពិតប្រាកដ​ ដោយឆ្លុះបញ្ចាំងពីឆន្ទៈរាស្ត្រទេ​​​។ អញ្ចឹងមានន័យថា អ្វីដែលគណបក្ស​ប្រឆាំងកំពុង​តែចោទប្រកាន់​រដ្ឋាភិបាល​ គឺប្រជាពលរដ្ឋយល់ថាជាការមួយបង្កាច់ទៅវិញទេ​។

 ដូច្នេះដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ​គណបក្សប្រឆាំង​ត្រូវ​តែ​សិក្សាអំពី​ ឆន្ទៈ​ប្រជា​ពលរដ្ឋ​​ បើកាលណាយល់អំពីឆន្ទៈប្រជាពលរដ្ឋ​ គណបក្សប្រឆាំង​ត្រូវ​តែ​ទទួល​ស្គាល់​នូវ​លទ្ធផល​នៃការបោះឆ្នោត​។ យើងត្រឡប់ទៅមើលពីការបោះឆ្នោត នៅពេលដែលលោក សម រង្ស៊ី មិនទាន់មានបញ្ហាប្រឈមជាមួយច្បាប់​ គឺ​ការបោះឆ្នោតឆ្នាំ១៩៩៨-២០០៣ និង​ការ​បោះឆ្នោត២០០៨ ក៏លោកសម រង្ស៊ី មិនដែលប្រកាសទទួលស្គាល់លទ្ធផល​ការ​បោះឆ្នោត​ម្តងណាឡើយ​ ទោះបីជាពេលនោះគាត់ស្លៀកពាក់តំណាងរាស្ត្រ​ និងបាន​ធ្វើ​ជា​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅក្នុងសភា រហូតដល់​ចប់អាណត្តិ​មួយទៅអាណត្តិ​មួយ​​ក៏​ដោយ​​ ក៏លោកសម​រង្ស៊ី មិនដែលបាន​ប្រកាស​ថាលទ្ធផល​នៃការបោះឆ្នោត​នោះ​ត្រឹមត្រូវ​ទេ​ នេះជាបញ្ហាមួយ​ដែលពួក​គាត់​ត្រូវ​ពិចារ​ណា​។ ម្យ៉ាងទៀត​ នៅពេល​ដែល​លោកសម រង្ស៊ី គាត់​បានចូលរួមក្នុងការបោះឆ្នោត​ឆ្នាំ១៩៩៨-២០០៣-២០០៨​ដោយផ្ទាល់​នៅ​លើ​​ ទឹកដី​កម្ពុជា​ហើយ​ គាត់មិនទទួលស្គាល់ និងថាអត់ប្រជាធិបតេយ្យ​ផងនោះ​ តើចាំបាច់​អី​គាត់មកស្រុកខ្មែរ​ គឺនៅតែស្រុកក្រៅ​នោះទៅ បើមកក្នុងស្រុកក៏គាត់នៅតែ​ថាអត់​ប្រជាធិបតេយ្យដដែលនោះ​។ ត្រង់ចំណុច​នេះ​ប្រជា​ពលរដ្ឋ​ត្រូវ​ ពិនិត្យថា លោកសម រង្ស៊ី គាត់គិតថា​ពាក្យប្រជាធិបតេយ្យនៃការបោះឆ្នោត គឺ​​ផ្អែកតែទៅលើតួអង្គ​គាត់​ទៅ​វិញ​ទេ។​​​ សូម្បីតែនយោបាយប្រជាធិបតេយ្យនៅក្នុងគណបក្សសម រង្ស៊ី​ របស់ខ្លួនក៏​ផ្អែកទៅលើ​ទស្សនៈ​ប្រជាធិបតេយ្យរបស់បុគ្គលប្រធាន​ សម រង្ស៊ី ខ្លួនឯងដែរ។​ អញ្ចឹងតម្លៃ​ប្រជាធិបតេយ្យ​​នៃការបោះឆ្នោត តម្លៃនៃការអភិវឌ្ឍប្រទេសជាតិ លើគន្លងប្រជាធិបតេយ្យ​គឺ​អាស្រ័យ​តែលើអណ្តាតរបស់គាត់​។​ សម្លេងនេះដំបូងគឺអាចឲ្យប្រជាពលរដ្ឋ​មានការ​ពិចារណា​ខ្លះ ប៉ុន្តែ​នៅ​ពេលដែល​សម្លេងនេះ​ស្រែកដដែល​ជាដដែល​នៅក្នុង​ប្រទេស និង​មាន​វត្តមានរបស់គាត់ហើយនៅតែស្រែកថាអត់ប្រជាធិបតេយ្យ​ដល់ពេល​ឥឡូវ​នៅ​ពេល ​ដែល​គាត់នៅក្រៅប្រទេសក៏គាត់ថាអត់ប្រជាធិ​បតេយ្យ​ដដែល​ អញ្ចឹងគាត់​ត្រូវ​ទទួល​ស្គាល់​អា​មុនសិន​។

សរុបមកប្រជាធិបតេយ្យមិន ​មែ​ន​អាស្រ័យទៅ​លើអ្នកថានោះទេ​​​​​​ តែវាអាស្រ័យ​ទៅ​លើ​​ទិដ្ឋភាព​ជាក់ស្តែង​ ថាតើលទ្ធភាពជាក់ស្តែងរបស់កម្ពុជា វាទូលំទូលាយ​ពីមួយឆ្នាំ​ទៅមួយឆ្នាំ ការ​ចូលរួមរបស់​ប្រជា​ពលរដ្ឋ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ មានការ​វិវឌ្ឍ​រីក​ចម្រើន​កម្រិត​ណា​ នោះ​ទើប​យើងអាចវាយតម្លៃពីដំណើរការប្រជាធិបតេយ្យ​។ ពីព្រោះ​ប្រជាធិបតេយ្យ​ក្នុង​ន័យ​​ដាច់ខាត​ បានន័យថា​ជាអំណាចរបស់ប្រជាពលរដ្ឋហើយ ប៉ុន្តែអំណាច​ប្រជាពលរដ្ឋ​មិនមែន​កើត​​ថ្ងៃនេះ ហើយស្អែកស្លាប់ទៅវិញទេ​។ អំណាចប្រជាពលរដ្ឋ​ ត្រូវ​ចាប់​ផ្តើម​ពី​មួយ​ជំហ៊ាន​ទៅមួយជំហ៊ាន ដើម្បីឲ្យ​មាន​ប្រ​សិទ្ធិភាព​​ ចំពោះដំណើរ​ការនៃការកសាងប្រទេស និង​​ការគ្រប់គ្រង​ប្រទេស​។​ ការរីកចម្រើន​នៃប្រជា​ធិបតេយ្យ​ និង​សេរីភាពរបស់ប្រជាពលរដ្ឋ​តាំង​ពីការបោះឆ្នោតឆ្នាំ១៩៩៣មក គឺមានការ​រីកចម្រើន​គួរ​ឲ្យ​​​កត់​សម្គាល់​​។ ការអនុវត្ត​នូវសិទ្ធិ​ពលរដ្ឋជា​បុគ្គល​ និងសិទ្ធិនយោបាយ​។ ប្រជាពលរដ្ឋ​បច្ចុប្បន្ន​​ទោះបី​ជា​មាន​និន្នាការ​នយោបាយ​ខុសគ្នា​ ក៏គាត់មានវប្បធម៌​នយោបាយ​ត្រឹមត្រូវ​ណាស់​ គឺមានភាពថ្លៃថ្នូរ ស្ងាត់ស្ងៀម ខំពុះពារលើកស្ទួយនូវជីវភាពដោយខ្លួនឯង​ និង​ចូលរួម​ចំណែកដោយផ្ទាល់ និង​មិនផ្ទាល់​តាមលទ្ធភាពជាក់ស្តែង​ ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​​​ អភិវឌ្ឍគ្រួសារ និង​អភិវឌ្ឍ​សង្គម​។ មកដល់ពេលនេះគឺមា​ន​តែប្រជាពលរដ្ឋ​មួយចំនួន​តូច​ទេ​ដែល​នៅ​ជឿ​ផ្កាប់មុខ​ ជាមួយ​នឹង​គណបក្ស​ប្រឆាំង និងមេដឹកនាំ​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ​ទេ​ ដែល​មិន​ទាន់អភិវឌ្ឍខ្លួនឯងក្នុងការបង្កើនសមត្ថភាព​នៃ​ការប្រើសេរីភាព​ បញ្ចេញ​មតិ​​ឲ្យ​ថិតនៅ​ក្នុង​ក្របខណ្ឌ​វប្បធម៌នយោបាយប្រជាធិបតេយ្យ​។ សរុបមក​គឺ​ប្រជា​​ពល​រដ្ឋ​​មានការវិវឌ្ឍ​ទៅ​មុខ​​ឆ្ងាយទៅហើយ​ សូម្បីតែការ​ប្រាស្រ័យទាក់ទង​​ ជាមួយពួក​គាត់​ដែល​មាន​និន្នាការ​ខុសៗ​គ្នា​​ ក៏ពួកគាត់អាចជជែកជាមួយយើងបាន​ និងអាចតតាំងគ្នា​បាន ព្រមទាំង​ទទួលស្គាល់​គ្នា​ទៅវិញ​ទៅមក​អំពី​​ការ​យល់ឃើញខុសគ្នា​។ប៉ុន្តែ​ សម្រាប់​គណបក្ស​ប្រឆាំង​​​ ដែលគ្មាន​សមត្ថភាព ជាពិសេសមេដឹកនាំដូចជាលោក សម រង្ស៊ី​ ដែលគាត់​បាន​លើក​មក​នេះ​ ចុះ​ឡើងៗ​ ប្រជាពលរដ្ឋគាត់ដើរលឿនជាង​។​ ឧទាហរណ៍​ ប្រជាពលរដ្ឋ​គាត់​ស្គាល់​​តម្លៃសន្លឹក​ឆ្នោត​​របស់គាត់​ចំពោះតួនាទីសភា​ ចុងក្រោយ​គណបក្ស​ប្រឆាំង​មិនបាន​ប្រើ​តួនាទី​គាត់​​ជា​តំណាងរាស្ត្រ​ទេ​។​ តំណាងរាស្ត្រ​ គណបក្សប្រឆាំង​ ដែលចុះទៅដល់​កន្លែង​​ទំនាស់​ដីធ្លី​ដូច​ជា​បឹងកក់​​កន្លង​មក​នោះ គឺមិន​មែន​ជាតួ​នាទី​សភា​ទេ​ សភាគឺ​មិនមែន​ទៅ​ធ្វើបែបនេះទេ វាគឺជាតួនាទីរបស់អាជ្ញាធររដ្ឋាភិបាល​ទៅ​វិញ​ទេ​។ ត្រង់នេះ​ហើយ​ដែល​ស​បញ្ជាក់ថា គណបក្ស​ប្រឆាំងកំពុងតែដើរលើផ្លូវខុស​ ពីព្រោះ​រាល់កិច្ចការ​ដែល​មិន​ប្រក្រតី​ក្តី កិច្ច​ការ​​អសកម្មក្តី នៅក្នុងសង្គម​ គឺជាបរិបទ​នយោបាយ​ដែលគណបក្សប្រឆាំង​ត្រូវ​តែ​យក​​មក​​ពិចារណា​​ ជជែក​តស៊ូមតិគ្នាជាមួយនឹងក្រុមភាគច្រើន​ ឬក្រុមដឹកនាំរដ្ឋាភិបាល​ គឺមិនត្រូវ​​បង្ហាញ​ខ្លួននៅកន្លែង​កើតហេតុដូចតួកុន នោះទេ​ គឺមិនមែន​ជា​តួនាទី​តំណាង​រាស្ត្រ​ទេ​។​

-មតិលោក ជុំ កុសល​
ខ្ញុំគិត ​ថា លោក សម រង្ស៊ី ហាក់ដូចជាលើកតំកើងខ្លួនឯងពេក ហើយ​មិនបាន​គិត​ថា​អ្វី​ដែល​ខ្លួន​ទទួលផ​លសព្វថ្ងៃនេះ​ គឺការដែលចូលប្រទេសមិនបាននេះ តើវាកើតចេញ​ពី​នរណា​​ គឺដោយសារខ្លួនឯងនោះទៅធ្វើខុសច្បាប់​។ ពេលដែលខ្លួនចូលប្រទេសមិនបាន គាត់​បែរជារកវិធីសាស្ត្រទុច្ចរិតផ្សេងៗ​ ដើម្បីធ្វើម៉េចឲ្យខ្លួនបានចូលស្រុក​ ប៉ុន្តែ​ទៅមិនរួច​។​ ឥឡូវនេះវាចេញនូវវិធី​សាស្ត្រមួយទៀតដែលហៅថាការលើកតំកើងខ្លួនឯងហួសហេតុពេក​ ដូច​ជា​ការទៅរារាំងបណ្តាប្រទេសសហគមន៍អឺរុប ​ឲ្យបដិសេធលទ្ធផលការ​បោះឆ្នោត​ជា​ដើម​ ប្រសិនបើ​គ្មាន​វត្តមាន​ខ្លួនចូល​រួមបោះឆ្នោត។​​ ប៉ុន្តែពីឆ្នាំ១៩៩៨-២០០៣-២០០៨ គឺ​លោក សម រង្ស៊ីបានចូលរួម​​គ្រប់លើក​ ប៉ុន្តែការចូលរួមរបស់គាត់​ទាំងបី​នីតិកាល​នោះ​គឺ​គាត់​មិនបាន​ ទទួលលទ្ធផលភ្លាមៗ​ទេ​។ ឥឡូវយើងរង់ចាំមើល​ទាំងអស់គ្នា​ ថាតើ​​អវត្តមាន​របស់​លោក សម រង្ស៊ី នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១២-២០១៣ ខាងមុខនេះ​ ដំណើរ​ការ​នោះ​វា​ទៅ​មុខ ឬថយក្រោយ ឬមិនអាចដំ​ណើរការ​ទៅបាន​ ឬបើដំណើរការទៅមុខហើយ គេ​ទទួល​​ស្គាល់ ឬមិនទទួលស្គាល់​ នៅពេលអវត្តមាន​លោក សម រង្ស៊ី ។ ត្រូវ​ចងចាំ​ថា​លោក សម រង្ស៊ី មិនមែនជាឧបសគ្គនៃដំណើរការបោះឆ្នោតទេ​ ហើយព្រលឹងប្រ​ជាធិប​តេយ្យ មិនមែន​ជាលោក សម រង្ស៊ី ទេ​ មិនមែនមានន័យថាអត់លោក សម រង្ស៊ី ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ត្រូវបាន​ដក​ហូត​ព្រលឹងចេញនោះទេ​ ហើយក្លាយទៅជាសាកសពនោះទេ​ ដូច្នេះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​យល់​​ឲ្យ​បានច្បាស់​​។​ អញ្ចឹង​អ្វីៗគឺគាត់លើកតំកើងខ្លួនគាត់ ដូចនេះ​យើង​ចាំមើល​ទាំងអស់គ្នានៅថ្ងៃមុខ​ពេលបោះឆ្នោតឆ្នាំ​២០១២-២០១៣​ ថាតើ​ពេលដែល​គ្មាន​វត្តមានរបស់គាត់នៅក្នុងប្រទេសយើងធ្វើកើត ឬមិនកើត​ ហើយអន្តរជាតិ គេទទួល​ស្គាល់​ ឬមិនទទួល​ស្គាល់​។ ដូច្នេះការអំពាវនាវរបស់គាត់នេះ គឺសហគមន៍អឺរុប គេអត់​ឆ្គួត​តាម​​គាត់​ទេ​ ឥឡូវនេះ គេកំពុងតែ​ត្រៀម​លក្ខណៈ​​​ដើម្បី​ប​ញ្ជូន​មន្ត្រី​របស់​គេ​មក​ចូលរួម​ សង្កេតការណ៍ ក្នុងការបោះឆ្នោត​នៅកម្ពុជានៅឆ្នាំខាងមុខនេះហើយ​ ។ ក្រោយ​ពេល​បោះឆ្នោត​ហើយ​ គេនឹងធ្វើ​ការប្រកាស​អំពីលទ្ធផល​នៃ​ការ​បោះឆ្នោត​​​ ចំណែកឯរឿង​ទទួល​ស្គាល់​ ឬមិនទទួល​ស្គាល់នោះគឺជាលទ្ធផលនៅពេលនោះ​។​ ការលើកឡើង​របៀបនេះ វាគឺជា​ការ​ទាល់ច្រកមួយរបស់លោក សម រង្ស៊ី ឬប្រហែលជាគាត់ប្រមើលមើលឃើញថា​នឹង​មិន​ទទួល​បានជោគជ័យ​សម្រាប់គណបក្ស​ របស់គាត់រួច​ទៅហើយ​​ អញ្ចឹង​គាត់​ត្រូវ​រក​ឡេះ​​ ដើម្បី​លើកជាបញ្ហា​។​

លោកជុំ កុសល
សំណួរ៖ ​ គណបក្សប្រឆាំង បានចោទរដ្ឋាភិបាលថា​តាំងពី​ ២៣ តុលា​ រហូត​មក​ដល់​ពេល​នេះគឺ២០ឆ្នាំហើ​យ​​រឿង​កិច្ចព្រមព្រៀងសន្តិភាព​​ទីក្រុង​ បារីស​នេះ គឺមិនដែល​ឃើញ​រដ្ឋាភិបាល​​ គោរព និងធ្វើ​តាម​ជាដើម​។ល។​​ ឯប្រធាន​ស្តីទី​របស់​គណបក្ស​ សម រង្ស៊ីនោះចាត់​ទុក២៣ តុលា ជា​ព្រះ​​របស់​គេទៅ​ទៀត​ ហើយ៧មករា​​ហ្នឹង​​គេ​មិនបាន​រស់​ដោយសារ​ទេ ​គឺគេ​រស់​ដោយ​សារ​​គេខិតខំ​រកទទួលទាន​ដោយខ្លួនឯង​ទេ​ជាដើម​​ ។​ដូច្នេះ​ប្រជាពលរដ្ឋ​ក៏​លោក​មើល​ឃើញ​ថាការ​លើកឡើង​នេះ គឺ​វាក្បត់នឹងសច្ចៈធម៌ប្រវត្តិសាស្ត្រ​ដែរ​។ ជុំវិញបរិបទនេះ តើ​លោក​បណ្ឌិត​យល់ឃើញ​យ៉ាង​ម៉េច​​?​

លោកបណ្ឌិត ឈឹម​ ផលវរុណ
​ ចម្លើយ​៖​ ប្រសិនបើគ្រប់និន្នាការ ជាពិសេសនិន្នាការប្រឆាំង ចង់លើកយកកិច្ចព្រម​ព្រៀង​​សន្តិភាព​ទីក្រុងបារីស ជាលិខិតតូប​ករណ៍ សម្រាប់​ជា​ប្រយោជន៍នយោបាយ​របស់​គណបក្ស​​ខ្លួន​​នោះ​ វាមិនជាការអាក្រក់ទេ ប៉ុន្តែសំខាន់អ្នកដែល​យកកិច្ច​ព្រម​ព្រៀងនោះ​​មក​ប្រើ​ ជាប្រយោជន៍នយោបាយត្រូវស្គាល់អំពី​សារវន្ត ខ្លឹមសារគោល និងអត្ថន័យនៃកិច្ចព្រម​ព្រៀង​​សន្តិភាព​ទីក្រុងបារីសនេះ​ដែរ បើមិនដូច្នោះទេ​ការបកស្រាយ និងការឲ្យតម្លៃ​ ប្រាកដ​ជា​​ខុស​នឹង​តម្លៃពិត​ គ្មានន័យពិតប្រាកដ និងជាការជាន់ឈ្លី​តម្លៃ​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីសទៀតផង​។​ កិច្ចព្រមព្រៀង​សន្តិភាពនេះ​ មាន​គោលដៅ​ស្នូល និងសារវន្ត​ ដែល​មាន​ឈ្មោះថា​ "កិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយ​មួយ សម្រាប់​ជម្លោះ​នៅ​កម្ពុជា​​ ​" ។ មានន័យ​ថាជាកិច្ចព្រមព្រៀង​មួយសម្រាប់​សន្តិ​ភាព​នៅ​កម្ពុជា​។ បើសិន​ជា​ក្រោយ​ពី​ថ្ងៃរំដោះ ៧ មករា មក យើងគ្មានសង្គ្រាម​ គឺក្រុម ប៉ុល ពត បោះបង់​ចោល​ការ​តស៊ូ​ប្រដាប់​​អាវុធ​ដើម្បីដណ្តើមអំណាចវិញទេនោះ ភាគីខ្មែរដ៍ទៃទៀត​ក៏គ្មាន​ឱកាស និង​គ្មាន​កម្លាំង​ឯណាមកវាយ​បក បង្កសង្គ្រាមជា​មួយនឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​មា​និត​​កម្ពុជា​ទេ​។ តែកម្លាំងដែលអាចវាយបក​មកលើរដ្ឋា​ភិបាល​ពេលនោះគឺ​កម្លាំង​ខ្មែរ​ក្រហម​​​​។​​ ​​​ ដូច្នេះ​សង្គ្រាមកកើតឡើងពីកម្លាំងខ្មែរក្រហម រួមនឹង​នយោបាយអន្តរជាតិដែលញែក​ពិភពលោក​​ជាពីរ រវាងនយោបាយប្លុកខាងកើត និងនយោបាយប្លុក​ខាងលិច​ អញ្ចឹងហើយ​បាន​​ជា​លោក​ខាងលិច​នៅតែបន្តគាំទ្រ ប៉ុល ពត គឺកម្ពុជាប្រជាធិបតេយ្យ​ឲ្យ​មានអសនៈ​អង្គុយ​​នៅអង្គការ​សហប្រជាជាតិ​។

 ម្លោះហើយសង្គ្រាមនេះបាន​បន្ត​ពីឆ្នាំ១៩៧៩ រហូត​មក​ដល់​ទស្សវត្សទី៨០ ទើប​មាន​ភាគី​ខ្មែរពីរទៀត​មកធ្វើ​រដ្ឋាភិបាល​ត្រីភាគី​ជា​មួយ​ខ្មែរ​ក្រហម ដើម្បី​ជាមុខមាត់នយោបាយក្រៅប្រទេស តតាំងជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមា​និត​​​កម្ពុជា​។

 ពេលនោះហើយដែលកម្ពុជាបែងចែកជាពីរធ្វើឲ្យកម្ពុជាមានសង្គ្រាម ដោយ​សារ​​​តែបរទេសលូកដៃ​។ សង្គ្រាមនេះត្រូវបានបញ្ចប់​​ដោយសារ​តែសុច្ឆន្ទៈ​នៃការចរចា​ រហូត​​ដល់​សម្រេច​ផលជាកិច្ចព្រមព្រៀងមួយដើម្បីឲ្យ​ភាគីទាំងអស់ រួមទាំងបរទេស​ដែល​ពាក់ព័ន្ធ​​​​​នៅ​ក្នុងជម្លោះនៅកម្ពុជាទទួលយកបាន​ ទាំងអស់គ្នា​ ហើយគោរព​កម្ពុជា​ក្នុង​ការ​រួបរួម​ជាតិ និងឯកភាពជាតិនេះឯង​។​
អញ្ចឹងបេសកកម្មសម្រាប់ការអនុវត្ត ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារី​ស​ យើងទាំង​អស់​​គ្នា​ ត្រូវទទួលស្គាល់ថា ថ្ងៃចុះហត្ថលេខា​ ២៣ តុលា​ ១៩៩១ គឺជាថ្ងៃចុះហត្ថលេខា​នៅ​លើ​ក្រដាស ប៉ុន្តែ​បន្ទាប់ពីចុះហត្ថលេខាលើក្រ​ដាស​ វាត្រូវការ​បេសកកម្ម​ដើម្បី​អនុវត្ត​ក្រដាស​​នោះឲ្យ​មានប្រសិទ្ធិភាព​។ ​​ធុរៈកិច្ចទទួលខុសត្រូវខ្ពស់ដើម្បីធ្វើចំណាត់​ការ​នៅ​ក្នុង​អន្តរកាល​​​​ ដើម្បីរៀបចំក្នុងការ​ដំណើរការសន្តិភាពនាពេលនោះ​​ គឺ​បានផ្តល់ដោយ​អង្គការ​សហប្រជា​ជាតិ​ដែលមានឈ្មោះថា អ៊ុនតាក់​​ មកចាត់ចែងនៅកម្ពុជា​ ដោយផ្តើម​ចេញនូ​វ​បទ​ឈប់បាញ់​គ្នា​ ការកាត់បន្ថយសព្វាវុធ​ ការ​ទុកឲ្យ​ទាហ៊ាន​នៃភាគី​ម្ខាងៗ​នៅ​ក្នុង​បន្ទាយ​ ហើយ​បាន​រៀបចំការបោះឆ្នោត​ ការ​រំលាយរណសិរ្ស​នានា ឲ្យទៅជាគណបក្សនយោបាយ​ ដើម្បី​ចូលរួមក្នុងការប្រកួតប្រជែង​បោះឆ្នោតលើទីលានប្រជាធិបតេយ្យ​ សេរីពហុបក្ស​ តាម​រយៈ​​ការបោះឆ្នោតឆ្នាំ១៩៩៣​។​ ដូច្នេះរយៈពេលពីឆ្នាំ១៩៩១-១៩៩៣ គឺជារយៈពេល​នៃ​បេសកកម្ម​​សន្តិភាពរបស់អ៊ុនតាក់​។ នៅក្នុងរយៈពេលពី១៩៩១-១៩៩៣ នេះបើយើង​ពិនិត្យ​មើល​យើងឃើញថាបរាជ័យបាត់ទៅហើយ​ ពីព្រោះ​ភាគីបួន​នៅ​ក្នុង​ជម្លោះ​​កម្ពុជា​ គឺមាន​ភាគី​ខ្មែរ​ក្រហម ​មិនបានចូល​រួមបាត់​ទៅហើយ​ ដែល​ជាភាគី​ហត្ថលេខីនៃកិច្ច​ព្រម​ព្រៀង​​​មួយ​ដែរ​នោះ​។​ ហើយ អ៊ុនតាក់ ដែលជាអ្នកទទួលបន្ទុកបំពេញបេសកកម្ម​ ពុំអាចទៅ​និយាយ​បញ្ចុះ​បញ្ចូល​ជាមួយខ្មែរក្រហមឲ្យគោរពកិច្ចព្រមព្រៀង​ និងអនុវត្ត​កិច្ចព្រមព្រៀង​បាន​ទេ​។ នេះ​បញ្ជាក់​​​ថាសន្តិភាព​នៅ​កម្ពុជានា​ពេល​នោះ​មិន​អាច​ទៅ​រួច​បាន​​ទេ។ អញ្ចឹង​លទ្ធផល​​នៅ​ឆ្នាំ​១៩៩៣​ ដែលចាត់ចែងដោយអាជ្ញាធរអ៊ុនតាក់​ គឺជាលទ្ធផល​តែមួយជ្រុង​នៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងបារីស​ទេ​ គឺពុំបានបំពេញតាមស្មារតីដើមទេ​ គឺយើងត្រូវ​ទទួល​​ស្គាល់​ទាំងអស់​គ្នា​។

ដូច្នេះលទ្ធផល ​​​​​​​ដែលយើងទទួលបានរហូតមកដល់ឆ្នាំ២០១១នេះ ដោយយើង​ទទួល​បាន​​ទាំង​សន្តិភាព ស្ថេរភាព ការបង្រួបបង្រួមជាតិ​ ឯកភាពជាតិ និងការអភិវឌ្ឍ​ប្រទេស​នោះ​ គឺជាសមិទ្ធផលលើសពីឆ្នាំ១៩៩៣ទៅទៀត​។ តាមពិតឆ្នាំ១៩៩៣ គឺគេចង់ធ្វើ​ឲ្យ​បាន​ដូច​​ពេល​បច្ចុប្បន្ននេះ​ ប៉ុន្តែពេលនោះគឺមិនទាន់ទទួលបាន​នូវសន្តិភាពដូចពេលនេះទេ​។​អញ្ចឹង​គឺមានន័យថា ពេលនោះគឺជាការបរាជ័យរបស់អ៊ុនតាក់​។ ប៉ុន្តែពេលនោះ​គ្មាន​នរណា​មួយ​ហ៊ាន​និយាយថា អ៊ុនតាក់ បរាជ័យទេ​ គឺមានតែ​គណបក្សប្រជាជន​កម្ពុជា​ទេ​ដែល​ហ៊ាន​និយាយ​​ ។ គណបក្សប្រឆាំងក៏មិនហ៊ាននិយាយថាអ៊ុនតាក់បរាជ័យដែរ​។ មកដល់ពេលនេះ​បើសិន​​ជាអ្នកហ៊ាន​ទទួលស្គាល់​​ថាកម្ពុជាទទួលបាននូវសន្តិភាព គឺអ្នកនោះប្រាកដ​ជាឈរ​លើ​​ភាព​ពិត​ជាក់ស្តែង​។​
មូលហេតុដែលគណបក្សប្រឆាំង និង NGO ដែលមាននិន្នាការប្រឆាំង​មិនទទួល​ស្គាល់​​នូវ​ការពិត​នេះ គឺដោយសារពួកគេនៅតែមានគំនិត​​ច្រណែន​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយពួកគេចង់កាន់អំណាច​។ អញ្ចឹង ដរាបណាអ្នក​ទាំងអស់នោះ​នៅតែប្រកាន់​ភាព​​ជាសត្រូវ​ជាមួយ​គណបក្ស​ប្រជាជន​ កម្ពុជា​​​ គឺអ្នកទាំងនោះ​មិនដែល​ទទួល​ស្គាល់​សមិទ្ធផល​របស់​កម្ពុជា​មកដល់ថ្ងៃនេះ​ទេ​​ ។ ជាក់ស្តែង​គណបក្ស​ប្រឆាំង​មិនដែល​ទទួល​ស្គាល់​​ថា​ ពួកគាត់រលាយខ្លួនឯងនោះទេ​។ មួយទៀត​ភាគី​ណាក៏ដោយ​ដែល​តែងតែ​មាន​គំនិត​ជាសត្រូវ​​ជាមួយគណបក្សប្រជាជន​ ហើយចង់ផ្តួលរំលំ​ មិនតាមបែបប្រជាធិបតេយ្យ ទេ តែចង់ផ្តួលរំលំ​តាមបែបធ្វើ​បដិវត្ត​កំទេច​គេ​នោះ​លទ្ធផលចុង​ក្រោយ​គឺតែងតែ​ រលាយ​ដោយ​​ខ្លួន​ឯង​ ដោយសារប្រជាពលរដ្ឋលែងបោះឆ្នោតគាំទ្រ​ ឬក៏បែកបាក់​រលំរលាយ​ដោយ​ផ្ទៃ​​ក្នុង​របស់​ខ្លួន​ ឬក៏ទទួលខុសត្រូវនូវរឿងអតីត​កាលចំពោះ​មុខ​ច្បាប់​​​បច្ចុប្បន្ននេះ​​​។​

ខ្ញុំ ​សុំលើក​ឧទាហរណ៍​មួយទៀត​ គណបក្សលោកតាសឺន សាន បានរលាយ​ដោយ​ស្វ័យប្រវត្តិ​​អាស្រ័យដោយ​សម្លេងឆ្នោតរបស់​ប្រជា​ពលរដ្ឋ​។ នៅក្នុងក្របខណ្ឌ​ប្រជាធិប​តេយ្យ​​ គណបក្ស​មួយមានជីវិតនយោបាយទៅរួចគឺផ្អែក​ទៅ​លើការគាំទ្ររបស់​ប្រជាពល​រដ្ឋ​។​​ ​ ជាក់ស្តែង នៅពេលបោះឆ្នោត​ម្តងៗ​មាន​គណបក្ស​រាប់សិប​ទៅ​ឈរ​ឈ្មោះ​ ប៉ុន្តែនៅពេល​ដែល​មិន​ជាប់​ឆ្នោត​​គណបក្ស​ទាំងនោះត្រូវ​រលាយ​បាត់អស់​​ លើកលែង​តែ​គណបក្ស​នយោបាយ​​ដែលស្គាល់អំពីលំនាំពិត​ និងសមត្ថភាពពិត​នៃ​នយោបាយ​របស់គេទើបគេអាច​ឈរ​បាន​យូរ​។ ប៉ុន្តែគណបក្ស លោកតា សឺន សាន​ ជាក់ស្តែង នៅឆ្នាំ១៩៩៨ គឺគ្មាន​ទទួល​បាន​មួយសម្លេងឡើយ​ ម្លោះហើយអ្នក​ទាំងនោះ​ក៏​បាន​រត់ទៅជ្រកជាមួយគណបក្ស ហ្វ៊ុនស៊ីនប៊ិច​ ។ អញ្ចឹងទោះបីជាអស់លោក​ដែលជាអតីត​គណបក្ស​លោកតាសឺន សាន ខំកែច្នៃ​​ប្រវត្តិសាស្ត្រនៃជីវិតនយោបាយ​របស់គណបក្ស​នេះ​ក៏​ដោយ ក៏គណបក្សនេះ​ត្រូវ​បាន​រលាយដោយស្វ័យប្រវត្តិ​តាមរយៈ​សន្លឹក​ឆ្នោត​ប្រជា​ពល​ រដ្ឋ​​រួច​ទៅ​ហើយ​​​។​​ ដូច្នេះ​មាន​ន័យ​ថា​​​គឺប្រៀបដូចជាយកសាកសពគណបក្សលោកតាសឺន សាន យកទៅ​ដុត​រំលាយ​នៅ​គណបក្ស​ ហ្វ៊ុនស៊ីនប៊ិច ​បាត់​ទៅហើយ។ ចំណុច​នេះ​បញ្ជាក់ថា ភាគីមួយ​ដែល​ជា​ហត្ថលេខី​​នៃ​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស គឺរណសិរ្ស​ លោកតា សឺន សាន បំលែង​មក​ជា​គណបក្ស​នយោបាយ​នោះ បាន​រលាយ​ដោយ​អំណាច​ប្រជាធិបតេយ្យ​របស់​ប្រជាពល​រដ្ឋ​​ ដូច្នេះ​មិនចាំបាច់អួត​ថាខ្លួនជាអ្នក​ប្រជាធិបតេយ្យទេ ពីព្រោះខ្លួនឯង​ត្រូវ​រំលាយ​ដោយ​អំណាច​ប្រជាពលរដ្ឋរួចទៅហើយ​។​
នៅក្នុង ​ផ្ទៃក្នុង​គណបក្ស​ ហ្វ៊ុន​ស៊ីនប៉ិច ក៏មានការប្រទាញប្រទង់គ្នា​ចំពោះ​ទំរង់​បែប​បទ​​នៃកិច្ច​សហប្រតិបត្តិការ​ រវាងគណបក្ស ហ្វ៊ុនស៊ីនប៉ិច ជាមួយ គណបក្សប្រជាជន​កម្ពុជា​​។ ត្រង់នេះហើយដែលធ្វើឲ្យបែកគណបក្សនេះ ជាចំណែកៗ​មិនចេះចប់​មិនចេះ​ហើយ​​។ ក្រុម​ណា​ដែល​ប្រឆាំង​ជាមួយគណបក្សប្រជាជនកម្ពុជា​ ជាក់ស្តែងគឺក្រុមសម រង្ស៊ី ​ត្រូវ​បែក​ចេញ​ពីគណបក្ស ហ្វ៊ុនស៊ីនប៉ិច​ មកបង្កើត​គណបក្ស​មួយ​ថ្មី​​ទៀត​ និងមាន​ក្រុម​ផ្សេងៗ​ទៀត​ដែល​មិនគោរពតម្លៃគ្នាទៅវិញទៅមក​ ជាមួយគណបក្សប្រជាជនកម្ពុជា​ គឺបែក​មិន​ចេះចប់ គឺ​បែករហូត​ដល់រលាយ​។​

សរុបមក គណបក្ស សម រង្ស៊ី ក្តី គណបក្ស ហ្វ៊ុនស៊ីនប៉ិច ក្តី និងក្រុម​និន្នាការ​នយោបាយដ៍​ទៃទៀតក្តី​ បើមិនកែ​គោល​នយោបាយរបស់ខ្លួន​​ក្នុងការយក​គណបក្ស​ប្រជាជន ជាដៃគូរប្រកួតប្រជែង​នយោបាយទេ ហើយនៅ​តែយក​គណបក្ស​ប្រជាជាជន​ ធ្វើ​ជា​​សត្រូវ យក​ឥស្សរភាព​បុគ្គល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ ធ្វើជាសត្រូវ គឺអ្នក​ឯង​ប្រឆាំង​នឹង​​​ប្រជា​ពលរដ្ឋ​​​​ខ្មែរហើយ ពីព្រោះ​ទោះបីខ្មែរមាននិន្នាការខុសគ្នាក៏ដោយ​ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាន​ចាត់ទុកនិន្នាការ​ខុសគ្នាជាសត្រូវនោះទេ​។ ផ្ទុយទៅវិញការអះអាងរបស់លោក កឹម សុខា ដែលថាមិនយកខ្មែរជាសត្រូវនោះ​ គឺគាត់បាន​ប្រើពាក្យ​ហឹង្សានយោបាយ​រួចទៅ​ហើយ​​ ដោយមិនស្គាល់ថាអ្វីទៅជាហឹង្សា​នយោបាយ ដោយចាត់ទុក​ថាពាក្យ​ហឹង្សា​ទាល់​តែ​យក​​ដំបង​​ទៅវាយ​ក្បាល​ទើប​ចាត់​ទុក​ថា​ ហឹង្សា​គឺមិនត្រឹមត្រូវទេ​។ ការចោទប្រកាន់គេ ញុះញង់ អុជអាល​​ប្រជាពលរដ្ឋ ​នោះ​ហើយ​ជា​នយោបាយ​ហឹង្សា​​​។ ទង្វើបែបនេះនឹងធ្វើ​ឲ្យ លោក កឹម សុខា ចុងក្រោយត្រូវលុនតួចំពោះ​គណបក្ស​ប្រជាជន​ជាមិនខាន ឬក៏​ទៅ​សុំ​ជ្រកកោន​​ជីវិត​នយោបាយជាមួយ​គណបក្ស​​ សម រង្ស៊ីតែប៉ុណ្ណោះ​​។

ដូច្នេះរឿងកិច្ចព្រមព្រៀងសន្តិភាព ​ទីក្រុងបារីសនេះគឺវាចប់រួចទៅហើយ គឺទាំងអស់​ថិត​នៅក្នុង​រដ្ឋធម្មនុញ្ញ​។ បើសិនជាគណបក្សប្រឆាំងពិតជាមានសុភវិនិច្ឆ័យ​ ចង់បាន​សន្តិភាព និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស​ មិនបាច់ទៅ​សើរើ​កិច្ចព្រមព្រៀង​នេះ​ទេ​ គឺទាមទារឲ្យកម្ពុជាគោរព និង​អនុវត្ត​ទៅតាម​រដ្ឋធម្មនុញ្ញ​ទៅវា​បានទៅហើយ​​​ គឺមាន​ន័យ​គ្រប់គ្រាន់ហើយ​ ពីព្រោះគោរពរដ្ឋធម្មនុញ្ញ​ និងការអនុវត្ត​រដ្ឋធម្មនុញ្ញ​ឲ្យមាន​ប្រសិទ្ធិភាព ​​​វាមានន័យស្មើនឹង​អ្នក​ពិត​ជា​ស្រឡាញ់​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុងបារីស​រួច​ទៅ​ហើយ​៕

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី​​