Monday, October 10, 2011

ប្រជាពលរដ្ឋរងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ចំនួន​​ ៦៨០ គ្រួសារ​ នៅ​ខេត្ត​តាកែវ​ ទទួល​បាន​អំណោយ​ពី​ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន



          ប្រជាពលរដ្ឋ​ចំនួន​ ៦៨០ គ្រួសារ​មក​ពី​ ៧ ឃុំ​ នៃ​ស្រុក​គីរីវង្ស​ បុរីជលសារ​ និង​ស្រុក​កោះអណ្តែត​ ខេត្ត​តាកែវ​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​គិត​ត្រឹម​ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១១ បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី និង​លោកជំទាវ​។
          ក្នុង​ពិធី​ចែក​អំណោយ​សង្គ្រោះ​នា​ព្រឹក​ថ្ងៃទី ០៩ ខែ​តុលា ឆ្នាំ ២០១១ នៅ​ទីរួម​​ស្រុក​គីរីវង្ស​ឯកឧត្តម​បណ្ឌិត សុខ អាន ​ដែល​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​តាកែវ​ ​ចុះ​ជួយ​ស្រុក​គីរី​វង្ស​ បាន​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹក​នាំ​ខេត្ត​តាកែ​វ​ ក៏​ដូច​ជា​ឯកឧត្តម​ថ្នាក់​ដឹក​នាំថ្នាក់​កណ្តាល​ ដែល​ជា​ក្រុ​ម​ការងារ​តែ​ង​តែ​មាន​វត្ត​មាន​ជួប​ និង​ជួយ​ប្រជាជន​ពេល​មាន​បញ្ហា​លំបាក​។ ពេល​ប្រជាជន​មាន​បញ្ហា​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ពេល​នេះ​ក្រុម​ការងារ​ទាំង​អស់​ ពិសេស​រាជរដ្ឋាភិបាល​ដឹក​នាំ​ដោយ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បាន​ជួយ​ដោះ​ស្រាយ​ការ​លំបាក​ចំពោះ​មុខ​ ទាំង​ស្បៀង​អាហារ និង​ការ​ស្នាក់​នៅ​ ពិសេស​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ ដែល​ជា​ការ​ផ្សាភ្ជាប់​រវាង​រាជរដ្ឋាភិបាល ​និង​ក្រុម​ការងារ​ជាមួយ​ប្រជាពលរដ្ឋ​។
          ឯកឧត្តម​បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទឹក​ជំនន់​ឆ្នាំ ២០១១ នេះ​ គឺ​ជា​​ជំនន់​ធំ​ដូច​ឆ្នាំ ២០០០ កន្លង​មក​ដែរ ហើយ​​មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ​ គឺ​ប្រទេស​ផ្សេង​ៗទៀត​​ ដូច​ជាទ្វីបអាមេរិក អាមេរិកឡាទីន នៅ​អាហ្វ្រិក ក៏​មាន​ជួប​បញ្ហា​គ្រោះ​ធម្មជាតិលិច​ទឹក​​ដែរ​ មូល​ហេតុ​ដោយ​សារ​មាន​បំរែបំរួល​ធាតុ​អាកាស​។ នៅ​ប្រទេស​ថៃ​​ទីក្រុង​បាងកក​ក៏ទទួល​ការ​គំរាម​កំហែង​ដោយ​សារ​ទឹក​ជំនន់​ដែរ​ ហើយ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ដូច​ជា​ប្រទេស​ ចិន កន្លែង​ខ្លះ​ក៏​ប្រឈម​បញ្ហា​លិច​លង់​ដែរ​។ ដូច្នេះ​​នេះ​គឺ​ជា​គ្រោះ​ធម្ម​ជាតិ​ ដែល​ពិភព​លោក​កំពុង​រក​វិធាន​ការ​ការពារ​ និង​ដោះ​ស្រាយ​។ ឯកឧត្តម​បណ្ឌិត សុខ អាន ក៏​បាន​អំពាវ​នា​វ​ឲ្យ​ប្រជាពលរដ្ឋ​​​គឺត្រូវ​​​ខិត​ខំ​បង្ក​បង្កើន​ផល​ក្រោយ​ពេល​ទឹក​សម្រក​ ពិសេស​គឺ​កុំ​លក់​ស្រូវ​ពូជ​ ពីព្រោះ​​​​រាជរដ្ឋាភិបាល​កំពុង​ដាក់​ចេញ​នូវ​វិធាន​ការ​​​កសាង​ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​​ ដែ​ល​ខូច​ខាត​ឡើង​វិញ​។​          ​
          ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​មក​ពី​ស្រុក​ទាំង​បី​​នៃ​ខេត្ត​តាកែវ ទទួល​បាន​អំណោយ​ពី​ឯកឧត្តម​បណ្ឌិត សុខ អាន និង​លោក​ជំទាវ​ រួម​មាន​អង្ក​ ២៥ គីឡូក្រាម មី១កេះ ត្រីខ ១០ កំប៉ុង មុង ១ និង​ថវិកា​មួយ​ចំនួន​ក្នុង​មួយ​គ្រួសារ​។ បន្ទាប់​ពី​ការ​ចែក​អំណោយ ​ ឯកឧត្តម​បណ្ឌិត សុខ អាន និង​លោក​ជំទាវ​ ព្រម​ទាំង​ក្រុម​ការងារ​បាន​អញ្ចើញ​ចុះ​ពិនិត្យ​ សកម្ម​ភាព​លក់​ដូរ​ក្នុង​ផ្សារ​ភូមិ​មួយ​ផលិតផល​​មួយ​ ស្ថិត​នៅ​ភូមិ​​ពោធិ​ខ្វិត​ ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ និង​ចុះ​ពិនិត្យ​ផ្ទះ និង​ចែក​អំណោយ​ដល់​​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​​ទឹក​ជំនន់​នៅ​ក្នុង​ភូមិ​ត្រើយ​ទន្លាប់​ ឃុំ​ព្រះ​បាទ​ជាន់​ជុំ​ ស្រុក​គីរីវង្ស​ផង​ដែរ​។
លោក តឹក តុងលីម អភិបាល​ស្រុក​គីរី​វង្សបាន​ឲ្យ​ដឹង​ថា គិត​​ត្រឹម​ថ្ងៃទី ៨ ខែ តុលា ឆ្នំាំ ២០១១ នៅ​ក្នុង​ស្រុក​គីរីវង្ស​ ឃុំ​ចំនួន​ ១០ និង​ ៥៥ ភូមិ​ ក្នុង​ចំណោម ​១២ ឃុំ បាន​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ទឹក​ជំនន់​ ក្នុងនោះ​ប៉ះពាល់ផ្ទះ​ប្រជា​ពលរដ្ឋ ១១៨៥ ខ្នង​ ផ្លូវ​ក្រាល​គ្រួស​ក្រហម​ជាង​ ២ ម៉ឺន ម៉ែត្រ សាលារៀន ២៨ បន្ទប់​ វត្ត​អារាម ២ កន្លែង​ សាលាឃុំ ១ ប៉ុស្តិ៍ប៉ូលីស​ឃុំ ១  ប៉ុស្តិ៍​វីរព្រះ​ដែន​ ៦០៣ ចំនួន ១ លិច​ស្រូវ​វស្សា ៥៥៨២ ហិកតា ក្នុង​នោះ​ខូច​ខាត​ ១៥២៤ ហិកតា ចំការ​ ៣,៥ ហិកតា ប៉ះពាល់​ទំនប់​ទឹក​ ជំលៀស​ប្រជាពលរដ្ឋ​ ១៨៨ គ្រួសារ និង​គោ ១៤៤ ក្បាល ​មក​កាន់​​ទីទួល​សុវត្ថិភាព​។