Monday, October 10, 2011

កម្ពុជា​រៀប​ចំ​ការ​ប្រ​កួត​បាល់​ទាត់​អន្តរ​ជាតិ​ពាន​រង្វាន់​យុវ​ជន អាយុក្រោម២១ ឆ្នាំ នៃ​បណ្តា​ប្រ​ទេស​ទន្លេ​មេ​គង្គ



នា​រសៀល​ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១១ ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយករដ្ឋ ​មន្រ្តី​ រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី​ បាន​ប្រកាស​បើក​ការ​ប្រកួត​​បាល់​ទាត់​អន្តរជាតិ​ពាន​រង្វាន់​យុវជន​អាយុ​ ក្រោម​ ២១ ឆ្នាំ នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ រាជធានីភ្នំពេញ​។​

          ដោយ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បាល់​ទាត់​អន្តរជាតិ​ពាន​ រង្វាន់​យុវជន​អាយុ​ក្រោម​ ២១ ឆ្នាំ នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គជា​ចំណុច​ចាប់​ផ្តើម​នៃ​ទិវាបាល់ទាត់​យុវជន​នៃ ​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ គឺ​​ជា​ការ​លើក​កំពស់​វប្បធម៌​សហការ និង​ការ​អត់​ឱន​ ឯកឧត្តម​បណ្ឌិត សុខ អា​ន តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក ​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា កីឡា​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​ ទាំងផ្លូវ​កាយ​ ផ្លូវ​ចិត្ត និង​បញ្ញា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​រួម​ចំណែក​​ដល់​ការ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ កិច្ច​សហ​ការ​ផ្នែក​សង្គម​វប្បធម៌​ ទំនាក់​ទំនង​អន្តរជាតិ​ ការ​អភិវឌ្ឍន៍​វិស័យ​ទេស​ចរណ៍ និង​កិច្ច​​ការ​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត​។​

          ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍ សៅ សុខា ​ អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ​ មេ​បញ្ជាការ​​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោម​គំនិត​ផ្តួច​ផ្តើម​ និង​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​ពី​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក ​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ បាន​សហការ​ជា​មួយ​ធនាគារ​វិនិយោគ​ ដើម្បី​អភិវឌ្ឍន៍​នៅកម្ពុជា​(BIDC) បាន​រៀប​ចំ​បាល់​ទាត់​លក្ខណៈ​អន្តរជាតិ​ពាន់​រង្វាន់​ធនាគារ​ BIDC នៅ​កម្ពុជា​ឆ្នាំ​ ២០០៩(International Football Tournament BIDC Cup 2009) ប្រកប​ដោយ​ជោគ​ជ័យ​។

          បន្ត​តាម​គោល​នយោបាយ​នេះ​ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​សម្រាប់​ប្រទេស​នៅ​ក្នុង​ តំបន់​ទន្លេ​មេគង្គ​ និង​បាន​ទទួល​ការ​គាំទ្រ​ពី​សហព័ន្ធ​បាល់​ទាត់​​ក្នុង​បណ្តា​ប្រទេស​ទាំង​ អស់​នេះ​ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​បន្ត​សហការ​​ជាមួយ​ធនាគារ​វិនិយោគ​ ដើម្បី​អភិវឌ្ឍន៍​នៅកម្ពុជា​(BIDC) ព្រម​ទាំង​ដៃ​គូរ​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​រៀប​ចំការ​ប្រកួត​បាល់ទាត់​ អន្តរជាតិ​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម​ ២១ ឆ្នាំ នៃ​បណ្តា​ប្រទេស​ទន្លេ​មេគង្គ ឆ្នាំ ២០១១ (Mekong Region Youth U21 International Football Tournament BIDC Cup 2011) ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​បាល់​ទាត់​តំណាង​ប្រទេស​កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃឡង់ដ៍ និង​ វៀតណាម​ នៅ​រាជធានី​ភ្នំ​ពេញ​ ចាប់​​ពី​ថ្ងៃទី ០៨ ដល់ ១៦ ខែ​ តុលា ឆ្នាំ ២០១១។

          កម្ម​វិធីប្រកួត​ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១១ ក្រុមបាល់ទាត់​​យុវជន​កម្ពុជា​ឈ្នះ​​ក្រុម​យុវជន​ឡាវ​ ២ គ្រាប់ ទល់នឹង ០។ ទី​២ ក្រុម​បាល់ទាត់​​យុវជន​ចិន​ប្រកួត​ជាមួយ​ក្រុម​យុវជន​វៀត​ណាម​ ស្មើ ១ ទល់នឹង​ ១​។ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១១ ក្រុម​បាល់ទាត់​​យុវជន​មីយ៉ាន់ម៉ា​​ប្រកួត​ជាមួយ​ក្រុម​យុវជន​ឡាវ។ ​ទី​២ ក្រុម​បាល់ទាត់​​យុវជន​ចិន​ប្រកួត​ជាមួយ​ក្រុម​យុវជន​ថៃ​ឡង់ដ៍​។ ថ្ងៃទី ១២ ខែ​តុលា ឆ្នាំ ២០១១ ក្រុម​បាល់ទាត់​​យុវជនថៃឡង់ដ៍​ប្រកួត​ជាមួយ​ក្រុម​យុវជន​វៀត​ណាម។ ទី​២ ក្រុម​បាល់ទាត់​​យុវជន​មីយ៉ាន់​ម៉ា​​ប្រកួត​ជាមួយ​ក្រុម​យុវជន​កម្ពុជា​ បន្ទាប់​មក​នៅ​ថ្ងៃទី ១៤ ខែ​ តុលា ឆ្នាំ ២០១១ ប្រកួត​រវាង​អ្នក​ឈ្នះ​រវាង​ក្រុម ក និង​ក្រុម ខ ។ ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ ២០១១ ប្រកួត​ផ្តាច់​ព្រ័ត្រ​។

          ក្រុម​ហ៊ុន ដែល​ចូលរួម​ឧបត្ថម្ភមាន ក្រុម​ហ៊ុនទូរស័ព្ទ Metfone ក្រុម​ហ៊ុនរុករក​រ៉ែ​ ហងអាញ់ចាល័យ និង​សណ្ឋាគារ​ ណាហ្គាវើល​។​