Tuesday, November 29, 2011

សម្តេច​តេ​ជោ​គាំទ្រ​​​វត្តមាន​របស់​គណៈ​កម្មាធិកា​រ​អន្តរជាតិ​​​ កាក​បាទ​ក្រហម​នៅ​កម្ពុជា​



សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​មាន​ប្រសាសន៍នៅ​ថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០១១ ថា​ កម្ពុជា​មានការ​ពេញ ​ចិត្ត​ណាស់​ចំពោះ​សកម្មភាព​ និង​ វត្តមាន​របស់​ស្ថាប័ន​ កាក​បាទ​ក្រហមអន្តរជាតិ​​តាំង​ពី​ដើម​រៀងមក​នៅ​ក្នុង​ប្រទេស​ក​ម្ពុ​ជា ​។​
​ ឯកឧត្តម អ៊ាង សុផល្លែត ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱ​កាស​ទទួល​ជួប​ឯកឧត្តម​​​ Olivier Vodoz​ អនុ ប្រធាន​គណៈ​កម្មាធិការ​អន្តរជាតិ​កាក​បាទក្រហម​ប្រចាំ​ទីក្រុង​ហ្សឺ​ណែវ ​(ICRC)  ​នៅ​វិមាន​សន្តិភាព​​ សម្តេច​​តេ​ជោនាយក​រដ្ឋមន្រ្តី​​មានប្រសាសន៍ថា ក្នុង​រយៈពេល ៣២ ឆ្នាំ​ដែល ICRC មាន​វត្ត​មាននៅ​កម្ពុជា​នោះ កម្ពុជា​មានការ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ និង ការផ្តល់​ជំនួយ​ដល់​កម្ពុជា និង កិច្ច សហការ​ទាំងឡាយ​ពី​ស្ថាប័ន ICRC ។​ ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹកជំនន់​កន្លងមក​នេះ​ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា យន្តការ​របស់​កាកបាទ​ក្រហម​កម្ពុជា​គឺជា​យន្តការ​ដែលមាន​ប្រសិទ្ធភាព ហើយ គួរ​ត្រូវបាន​យកមកប្រើ​ប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់ និង បញ្ហា​គ្រោះធម្មជាតិ​ដទៃទៀត។ 
សម្តេចអគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ព្រះ​រាជាណាចក្រ​កម្ពុជា​ក្នុងដំណាក់កាល​នេះ គឺជា​ដំណាក់កាល​ស្តារ ឡើងវិញ​ពី​គ្រោះទឹកជំនន់ ហើយ​អ្វី​ដែលជា​កិច្ចការ​បន្ត​នោះ គឺ​កាកបាទក្រហមកម្ពុជា​កំពុងតែ​ពិនិត្យ និង បន្ត​ជួយ​ជនរងគ្រោះ​ដោយសារតែ​ទឹកជំនន់​។
មាន​ប្រសាសន៍​ក្នុង​ជំនួប​នោះ​ឯកឧត្តម​ Olivier Vodoz បាន ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ប្រពៃ​ជាមួយ​អង្គការ ICRC ។​​ ឯកឧត្តម​ Olivier Vodoz បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កាកបាទក្រហមកម្ពុជា និង រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម និង មាន​ប្រសិទ្ធភាព ក្នុង​ការជួយ​ដល់​ប្រជា ពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នោះ។ ឯកឧត្តម​ Olivier Vodoz បាន​ជំរាបជូន​សម្តេចនាយក​រដ្ឋ មន្ត្រី​ថា រយៈពេល​ជា ៣២ ឆ្នាំ​មកហើយ ដែល ICRC មាន​វត្តមាន​នៅក្នុង​ព្រះ​ជាណា​ចក្រ​កម្ពុជា ហើយ ក្នុងពេល​បំពេញបេសកកម្ម ICRC បានទទួល​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ពី​ស្ថាប័ន និង ក្រសួង​នានា​នៅក្នុង​កម្ពុជា​នោះ៕