Tuesday, November 29, 2011

នវកាយរឹទ្ធិ​ជាតិ​កម្ពុជាជាង ១៣០០០ នាក់ ​សច្ចា​ប្រណិធាន និង​បំពាក់​កន្សែង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​ស​ភាចារ្យ​ សុខ អាន


          នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​នា​ព្រឹក​ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១១ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សច្ចា​ប្រណិធាន​ និង​បំពាក់​កន្សែង​ជូន​នវកាយរឹទ្ធិ​ជាតិ​កម្ពុជា​រាជធានី​ភ្នំ​ពេញលើក​ទី​២​​ចំនួន​ជាង​ ១៣០០០ នាក់។
ឯកឧត្តម កែប ជុតិមា អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំ​ពេញ​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​ឯកឧត្តម​​បណ្ឌិតសភាចារ្យ​ សុខ អាន ដែល​ជា​និច្ច​កាល​តែ​ង​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា និង​ស្មារតី​ ពិសេស​ការ​រៀប​ចំ​ផ្តល់​គ្រឿង​ឥស្សរិយយស​ ដល់​សមាជិក​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​រាជធានី​ភ្នំ​ពេញ​ ពិសេស​ចូល​រួម​រៀប​ចំពិធី​បំពាក់​កន្សែង​ជា​លើក​ទី​២ ជូន​ដល់​កាយ​រឹទ្ធិ​មក​ពី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី សាលា​រាជ​ធានី​ភ្នំ​ពេញ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​មន្ទីរ​អប់​រំ​យុវជន​ និង​កី​ឡា​ រាជធានី​ភ្នំ​ពេញ​ សរុប​​ចំនួន​ ១៣១៣៨ នាក់​ ដែល​ធ្វើ​ឆ្នាំ​សិក្សា​ ២០១០-២០១១ នេះ​សមាជិក​កាយរឹទ្ធិ​ទូ​ទាំង​រាជធានី​ភ្នំ​ពេញ​បាន​កើន​ដល់​ចំនួន​ ១៨៩៣៣ នាក់ ក្នុង​នោះ​មាន​កាយរឹទ្ធិ​ស្រី​ ចំនួន​ ៨៩០៤ នាក់​។ សមាជិក​កាយរឹទ្ធិ​ជាតិ​កម្ពុជា​​រាជធានី​ភ្នំ​ពេញ​ បាន​ចូលរួម​សកម្ម​ភាព​សង្គម​ជាច្រើន​ ដូច​ជា​ជួយ​រៀប​ចំ​សណ្តាប់​ធ្នាប់ និង​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ និង​ជួយ​ធ្វើ​ការ​ងារ​សង្គម​នៅ​តាម​សាលា​រៀន​វត្ត​អារាម​​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ​ ក្រោយ​ពេល​ទឹក​ជំនន់​បាន​ស្រក​ចុះ​។​
          ថ្លែង​នៅ​ក្នុង​ពិធី​សច្ចា​ប្រណិធាន​បំពាក់​កន្សែង​ជូន​នវកាយរឹទ្ធិ​​ជាតិ​កម្ពុជា​​រាជធានី​ភ្នំ​ពេញ​ ឯកឧត្តម​​បណ្ឌិតសភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍ថា ពិធី​សច្ចា​ប្រណិធាន​ និង​បំពាក់​កន្សែង​​នា​ពេល​នេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅ​សម្រាប់​លើក​ទឹក​ចិត្ត​ក្មួយ​ៗ ជា​សជិក​សមាជិកា​រ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​រាជធានី​ភ្នំពេញ​ ឲ្យ​ខិត​ខំ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​ និង​បង្កើន​ការ​អប់​រំ​ខ្លួន​ឯង​ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​កិត្យានុភាព​​របស់​ កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ឲ្យ​កាន់​តែ​ល្បី​​រន្ទឺ​ថែម​ទៀត​។​
          ជា​មួយ​នឹង​ការ​​នាំ​មក​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក​ពី​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ និង​ជា​គរុ​គ​ណនៃ​​កាយ​រឹទ្ធិ​ជាតិ​កម្ពុជាក៏​ដូច​ជា​កោត​សរសើរ​ និង​ថ្លែង​អំណរគុណ​ចំពោះ​ឯក​ឧត្តម កែប ជុតិមា ​ដែល​បាន​រួម​ចំណែក​ទាំង​ធន​ធាន​ និង​កម្លាំង​កាយ​កសាង​ និង​អភិវឌ្ឍន៍​ កាយ​រឹទ្ធិ​ជាតិ​កម្ពុជារាជធានី​ភ្នំ​ពេញ​ ឯកឧត្តម​​បណ្ឌិត​សភាចារ្យ​ សុខ អាន ដែល​ជា​ប្រធាន​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ផង​ដែរ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​តេជោ​ ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ និង​វិធាន​ការ​ ដើម្បី​ទប់​ស្កាត់​នូវ​រាល់​ទង្វើ​អសកម្មនានា​នៅ​ក្នុង​សង្គម​ មាន​ដូចជា ​ការ​សេព​គ្រឿង​ញៀន​ គ្រឿង​ស្រវឹង​ ការ​លេង​ល្បែង​ស៊ីសង សកម្ម​ភាព​ក្មេង​ទំនើង​ និង​សកម្ម​ភាព​ចោរកម្ម​ជា​ដើម​។​ នៅ​ក្នុង​ឆ្នាំ ២០១១ នេះ រាជរដ្ឋាភិបាល​បាន​អនុម័ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ ដើម្បី​ប្រមូល​ផ្តុំ​កម្លាំង​ពី​ក្រសួង​ស្ថាប័ន​ គ្រឹះ​ស្ថាន​សាធារណៈ​ ផ្នែក​ឯកជន​ អង្គកា​រ​សង្គម​ស៊ីវិល​ និង​អង្គការ​អន្តរជាតិ​នានា​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ លើក​កម្ពស់​ដល់​ការ​អភិវឌ្ឍន៍​យុវជន​ ដើម្បី​ឲ្យ​យុវជន​គ្រប់​ៗ​រូប​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ ទាំង​សមត្ថភាព​ និង​ជំនាញ​សំដៅ​រួម​ចំណែក​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​
          ​ទន្ទឹម​គ្នា​នឹង​ការ​ផ្តល់​អនុសាសន៍​​ស្តី​ពី​ការ​ពង្រឹង​ និង​អភិវឌ្ឍន៍​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​អំពាវ​នាវ​ដល់​​ឯក​ឧត្តម លោក​ជំទាវ​ និង​ភ្ញៀវ​កិត្តិយល​ដែល​ចូល​រួម​ ក៏​ដូច​ជា​សប្បុរស​ជន​នានា​សូម​ឲ្យ​រួម​គ្នាបង្កើន​ដល់​​ការ​ពង្រឹង​ និង​ពង្រីក​ចលនា​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ក្លា​ជាង​នេះ​ថែម​ទៀត​​ ឲ្យ​សក្តិសម​ជា​សមាជិក​អង្គការ​ពីភពលោកនៃ​ចលនាកាយ​រឹទ្ធិ​​​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅនឹង​គុណូបការៈ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ​និង​លោក​ជំទាវ​ ដែល​ជា​គរុគណ​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ផង​ដែរ​៕