Tuesday, November 29, 2011

បទ​អត្ថាធិ​ប្បាយ​ ៖ ភាព​បរាជ័យ​ និង​ក្តី​អស់​សង្ឃឹមក្នុង​ជី​វិត​នយោបាយ​​របស់​លោក សម រង្ស៊ី


          ភាព​ឆោត​ល្ងង់​ផ្នែក​នយោបាយ​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ស្ដែង​ឡើង​តាម​រយៈការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំរដ្ឋ​សភា ក្នុង​ចេតនា​ធ្វើ​ឲ្យ​មាន​វបត្តិ​ធម្ម​នុញ្ញ​ និងអ​ធម្ម​នុញ្ញ​ភាព​នៅ​ក្នុង​សភា​ នឹង​ចង់​ធ្វើ​ឲ្យសេចក្ដី​សម្រេច​របស់​សភា​ខ្វះ​លក្ខណៈស្រប​ច្បាប់​ពេញ​លេញ​ តាម​អ្វី​ដែល​ពួក​គេ​ផ្អែក​លើ​មាត្រា​ទី ៧៦ និង​មាត្រា​ទី​ ៩៥ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ ក្នុង​បំណង​ធ្វើ​ឲ្យ​រដ្ឋាភិ​បា​ល​​ទ័ល​ច្រ​ក​ នឹង​មាន​ការ​ផ្អើល​ឆោ​ឡោ​ដល់​សហគម​ន៍​ជាតិ និង​អន្តរ​ជាតិ​។
          ក្ដី​សុបិន្ត​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​របស់​ សម​ រង្ស៊ី ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​វិទ្ធង្ស​នា​ធម្ម​នុញ្ញ​ តាម​រយៈការ​ធ្វើ​ពហិ​ការ​របស់​សមាជិក​សភា​ ២៦ រូប​ និង​ការ​ដក​ខ្លួន​ចេញ​ពី​សមាជិក​សភា​ តំណាង​រាស្រ្ដ​ ៣ រូប ដើម្បី​ធ្វើ​ឲ្យ​ចំនួន​តំណាង​រាស្ត្រ​ក្រោម​ ១២០ រូប គឺ​តិច​ជាង​អ្វី​ដែល​រដ្ឋ​ធម្មនុញ្ញ​បាន​តំនត់​ ដែល​ធ្វើ​ឲ្យ​រដ្ឋសភា​បាត់​បង់​ធម្មនុញ្ញ​ភាព គឺ​សេចក្ដីសម្រច​របស់​សភា​របស់​រដ្ឋាភិបាល​ មិន​មាន​លក្ខណៈ​ពេញ​ច្បាប់ ស្រប​តាម​ក្ដី​ស្រមើល​ស្រម៉ៃ រវើ​រវាយ​របស់​ពួក​គេ​។
          គោល​បំណង​ទាំង​នេះ​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​ជាទីបំផុត ដោយ​ការ​ពហិកា​ និង​ការ​ដកខ្លួន​ចេញ​ពី​សមាជិក​សភា​តំណាង​រាស្ត្រ មិន​បាន​ជះ​ឥទ្ធិពល​អ្វី​ទាំង​អស់​ដល់​សេចក្ដី​សម្រេច​របស់​រដ្ឋសភា​​ ក្នុង​ការ​អនុម័ត្ត​ថវិការជាតិ​ឆ្នាំ ២០១២។ ជាង​នេះ​ទៅទៀត ការ​ធ្វើ​បែប​នេះ រិត​តែ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ដល់​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​នោះទេ។ ផ្ទុយ​ទៅ​វិញ​ ក្រុម​នេះ​ទទួល​បាន​នូវ​ការ​រិះគន់​តេះដៀល​ ពី​ក្រុម​អ្នក​ច្បាប់​ដែល​មាន​ជំនាញ​ច្បាស់​ថា ជា​ភាព​​ឆោត​ល្ងង់​មិន​យល់​ច្បាប់របស់​មេដឹក​នាំ​បក្ស​ប្រឆាំង​។
          ការ​យល់​ខុស​យ៉ាង​ធ្ងន់​ធ្ងរ ចំពោះ​លក្ខណ្ឌ​មាត្រា​ ៧៦ នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​បាន​ចែង​ថា រដ្ឋសភា មាន​តំណាង​រាស្ត្រ​យ៉ាង​តិច​ ១២០ រូប នៃ​ចំនួន​សភា គឺជា​កំហុស​ផ្នែក​នយោបាយ​ថ្មី​របស់​ លោក សម​ រង្ស៊ី។ ព្រោះថា ការធ្វើ​ពហិកា​មិន​ចូល​រួម​ប្រជុំ​សភា​ ដើម្បី​អនុម័ត​កញ្ចប់​ថវិកា និង​មិន​អាច​នាំ​ឲ្យ​មាន​វិបត្តិ​ធម្មនុញ្ញ​ឡើយ។
          យោង​តាម​ការ​បក​ស្រាយ​ច្បាប់​រដ្ឋ​ធ​ម្មនុញ្ញ ដើម្បី​បញ្ចប់​នូវ​មន្ទិល​សង្ស័យ​ អំពី​ភាព​ត្រឹម​ត្រូវ​ច្បាស់លាស់​ដែល​ស្រប​ទៅ​ នឹង​គោលការណ៍​​ច្បាប់​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​បិទ​ផ្លូវ​តវ៉ា គឺ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ពន្យល់​វែក​ញ៉ែក​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា ។ ដូច្នេះ​ ចំ​នួន​សមាសភាព​សមាជិកសភាដាច់​ខាត​១២០ គឺ​សំ​រាប់​តែ​ការ​ប្រជុំ​ដំ​បូង​របស់​រដ្ឋសភាចាប់​ផ្តើម​បន្ត​នីតិកាលនី​មួយ​ៗ ដោយ​ឡែកការអនុម័ត​ច្បាប់​ផ្សេង​ៗ គឺវាអាស្រ័យលើ​ចំ​នួន​ កូ​រ៉ុម ​ភាគច្រើន ដែល​អាច​ប្រជុំ​ ពិភាក្សា គ្នាបាន​​។
ជាក់​ស្ដែង​ទោះ​បី​ជា គណបក្ស​ប្រឆាំង​ធ្វើ​ពហិកា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះក៏​ដោ​យ​ ក៏​រដ្ឋ​ស​ភា​កម្ពុជា​ បាន​អនុម័ត​ថវិការ​ជាតិ​ឆ្នាំ ២០១២ ប្រមាណ ២.៧០០ លាន​ដុល្លា អាមេរិក ដោយ​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​ សុខាភិបាល អប់រំ កសិកម្ម និង​ការ​អភិ​វឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។ ការ​អនុម័ត​ច្បាប់​ថវិការ​ជាតិ ដោយ​ជោគជ័យនេះ ជា​ការ​ផ្ដល់​ឧបករណ៍​សំ​ខា​ន់​​មួយ​សម្រាប់​រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​ប្រទេសយ៉ាង​ល្អប្រសើរ​ រួម​មាន​ការការពារ​អធិបតេយ្យ​ភាព​ បូរណៈ​ភាព​ទឹក​ដី និង​ការ​អភិវឌ្ឍន៍​ប្រទេស​គ្រប់វិស័យ ឆ្លើយ​និង​តំរូវការ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​ ​។
          ភាព​បរាជ័យ​នៃ​នយោបាយ​គ្មានសុច្ចរិក​ភាព​របស់​ សម រង្ស៊ី ម្ដង​ហើយ​ម្ដង​ទៀត បាន​រុញ​ច្រាន ​រូប​កាយ​ វិញ្ញាណ ​ស្មារតី ​មេបក្ស​ប្រឆាំងគ្មាន​អំណាយ​រូប​នេះ ឃ្លាត​ចាក​ទៅ​កាន់​តែ​ឆ្ងាយ​ទៅៗ ពីប្រជាពល​រដ្ឋ​ ​ឆាក​នយោបាយ​ពី​មាតុ​ប្រទេស​ ដែល​សម្បូរ​បែប​ នៅ​ការ​អភិ​វឌ្ឍ​ប្រជា​ធិប​តេយ្យ​ ការ​ប្រតិបត្តិ​យ៉ាង​ខ្ជាប់​ខ្ជួន​នៅរដ្ឋ​ធម្ម​នុញ្ញ ​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​ របស់​សម្ដេច​អគ្គសេនាបតីតេជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។
          សរុប​មក​នយោ​បាយ​បាន​ញ៉ុះញ៉ុង​ បោក​បញ្ឆោត​បំភ្លៃ បំភ័ន្តការ​ពិត​របស់​ សម រង្ស៊ី ជា​ច្រើន​លើក​ច្រើន​សា​កន្លង​មក​នេះ គឺ​ជាការ​ធ្វើ​អត្ត​ឃាត​នយោ​បាយ​ខ្លួន​ឯង​ ដែល​សម​ល្មម​នឹង​ដល់​ទី​បញ្ចប់​ហើយ​។
          ទី​បញ្ចប់​នៃ​អនាគត​នយោ​បាយ​របស់​ សម រង្ស៊ី គឺក៏អាច​នឹង​ត្រូវ​បញ្ចប់​ផងដែរដោយ​លោកស្រី​ មូរ សុខ​ហួរ​ ដែល​កំពុង​តាំង​ខ្លួនប្រជែង​តំ​ណែង​ប្រធាន​បក្ស​ប្រឆាង​នោះ​​។​ ពេល​ថ្មីៗ​នេះ មូរ សុខ​ហួរ បាន​ប្រកាស​ប្រឆាំង​នឹង​នយោ​បាយ​ដក​​ខ្លួន​ចេញ​ពី​សមាជិក​ស​ភា​​របស់​ សម រង្ស៊ី ដោយ​ចំហ ព្រម​ទាំង​​និយាយ​ថា លោក​ស្រី​​​មិនដក​ខ្លួន​ចេញ​នោះទេ​ ហើយ​លោក​ស្រីក៏​នឹង​មិន​ទៅ​បង្កើត​គណបក្សថ្មី​ណាមួយ​ទៀត​ដែរ
          តើ​ភាព​បែក​បាក់​ និង​ការ​ខ្វែង​គំនិត​របស់​មន្ត្រី​ជាន់​ខ្ពស់​សំខាន់​ៗ ក្នុង​ជួរ​បក្ស​ សម រង្ស៊ី​ វា​វិវត្តន៍​ទៅ​យ៉ាង​ដូច​ម្ដេច​ទៀត​ នា​ពេល​ខាង​មុខ​នេះ​?
          តាម​ការ​សន្និ​ដ្ឋាន​របស់​ក្រុម​អ្នក​វិភាគ​ នៃ​ស្ថាន​ការណ៍​នយោ​បាយ​កម្ពុជា​ មើល​ឃើញ​ថា ដោយ​ក្ដី​អស់​សង្ឃឹមលាយ​ឡំ​ និង​ភាព​បាត់​ម្ចាស់​ការលើ​​ខ្លួន​ឯងរបស់​ ​ សម រង្ស៊ី ​ក្នុង​កាលៈទេ​សៈ នេះ​ មូរ សុខ​ហួរ សាក​សម​ណាស់ ពី​ព្រោះ​     មូរ    សុខ​ហួរ     ​កំពុង​ព្យាយាម​ប្រដូច​ខ្លួន​​ទៅ​នឹង ​លោកស្រី​ អង់ សាន ស៊ូជី ដែល​ជា​មេបក្ស​ជំទាស់​របស់​ប្រទេស​ភូមា​។
          ហេតុ​ដូច្នេះ សម រង្ស៊ី គួរ​រម្ងាប់​ចិត្ត​ ហើយ​ត្រៀម​ខ្លួន​ទទួល​យក​ការ​ពិត​ នូវគ្រប់​ព្រឹត្តិ​ការណ៍​​ដែល​បាន​ និង​កំពុង​តែ​កើត​មាន​ក្នុង​ផ្ទៃក្នុង​​បក្ស​របស់​ខ្លួន​ ចាប់​ពី​ពេលនេះ​ និង​តទៅ​អនាគត់​ដ៏​ខ្លី តើ​នឹង​នៅ​សល់​អ្វី​ទៀត​ដែល​ជា​ក្តី​សង្ឃឹមសម្រាប់ជាមត៌កនៃ​​ជី​វិត​នយោបាយ​ចុង​ក្រោយ​របស់​ខ្លួន​៕
ដោយ​ ឧត្តម សក្ដិ