Monday, December 5, 2011

បទអត្ថាធិប្បាយ ៖ ២ធ្នូមានព្រឹត្តការណ៍ធំៗបីជាប្រវត្តិសាស្រ្ត


          សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន ប្រសាសន៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១​ ក្នុងឱកាសជាអធិបតីភាពនៃពិធិបើកការដ្ឋានសាងសង់ផ្លូវ ក្រាល​កៅស៊ូ​ប្រវែង80,6គម នៅខេត្តពោធិសាត់ ក្នុងគំរោងកែលំអរផ្លូវជនបទប្រវែងសរុប505,4គម ក្នុងខេត្តចំនួន៧ គឺ ពោធិសាត់ កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ បាត់ដំបង និងសៀមរាប ដើម្បី ពន្យល់​អត្ថន័យ​ថ្ងៃទី០២ធ្នូដែលមានព្រឹត្តិការណ៍ធំៗបីជាប្រវត្តិសាស្ត្រនៃកម្ពុជា ជាស្នាដៃដ៏អស្ចារ្យរបស់ សម្តេចតេជោសែន ដែល​កូនចៅខ្មែរគ្រប់ជំនាន់ត្រូវចងចាំជានិច្ចនៃស្មារតី២ធ្នូតរៀងទៅ៖
1.       ព្រឹត្តិការណ៍២ធ្នូ១៩៧៨ជាថ្ងៃចាប់បដិសន្ធិឡើងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅភូមិ ជើងឃ្លូ ឃុំ​ជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ​ ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេច អគ្គ​មហាធម្ម​ពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានគោលការណ៍ ១១ខ ក្នុងបុព្វហេតុ​រំដោះជាតិមាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍នៃបន ប៉ុលពត នៅថ្ងៃ ទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ព ស្ម័គ្រចិត្តវៀតណាម។ មហាជ័យជំនះ​៧មករា១៩៧៩ បានបញ្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត នៃប្រជាជនកម្ពុជា ក្នុងសម័យកាល​ពីថ្ងៃ១៧​មេសា១៩៧៥ ដល់ ៧មករា១៩៧៩ កំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបប ប៉ុល ពត ប្រល័យពូជសាសន៍។ នៅថ្ងៃជ័យជំនះ១៧មេសា១៩៧៥ បន ប៉ុល ពត ប្រល័យ​ពូជសាសន៍បាន​ជម្លៀសប្រជាជន​ចេញពីទីក្រុង​ដោយ​​ចុង​កាំភ្លើង បានបង្ខំប្រជាជនចាកចេញ ចោលផ្ទះសម្បែង ចោលទ្រព្យសម្បត្តិ ព្រាត់ប្រាស់ប្តីប្រពន្ធ ឪពុកម្តាយ កូន បងប្អូន ទៅកាន់ជនបទ ព្រៃភ្នំយ៉ាងលំបាក វេទនា បង្ខំប្រជាជនឲ្យរស់នៅក្នុងសហករណ៍ ហូប​រួម ធ្វើរួម កម្មសិទ្ធរួម ជា គុកឥតជញ្ជាំង គ្មានសិទ្ធសេរីភាពក្នុងការដើរហើរនិយាយស្តីប្រឆាំងអង្គការ បង្ខំឲ្យធ្វើ​ការជាទម្ងន់ ជាទាសករដាច់ថ្លៃ បង្អត់ អាហារ ឲ្យបបររាវៗពីរពេលក្នុងមួយថ្ងៃ ឃ្លានគ្មានហូប គ្មានកម្ម​សិទ្ធ​សួនតួ ឥតចាយប្រាក់ ឥតផ្សារ ឥតសាលារៀន ឥតពេទ្យ ឈឺឥតឱសថព្យាបាល ទុកប្រជាជនឲ្យស្លាប់ ខោអាវ​មួយចង្កេះ ឥតមុង កន្ទេល ឥតចានឆ្នាំង ឥតកាំបិត ពូថៅ ចប ឥតសម្ភារះអ្វីទាំងអស់ រស់នៅ​អន់ជាងអ្នកទោសក្នុងសង្គមចាស់ រស់នៅដូចសត្វ ឬ អន់ជាងសត្វទៅទៀត ធ្វើការក្រោមការ ចាត់​តាំងរបស់អង្គការ តាមផែនការ មហាលោតផ្លោះ មហាអស្ចារ្យ បង្ខំឲ្យធ្វើការតាមសង្វាក់ចរន្ត បដិវត្តស្អីគេនោះ ជនណាធ្វើខុសសិលធម៍បដិវត្ត ប្រឆាំងបដិវត្ត កងឈ្លបយកទៅកំទេចចោល ដោយឥតមាន​តុលាការ​រកយុត្តិធម៍អ្វីឡើយ «ចាប់ច្រឡំប្រសើរជាងលែងច្រឡុំ»។ នៅពេលចប់រដូវ ប្រមូលផលម្តងៗ អង្គការមាន​ផែនការ​យកប្រជាជនទាំងហ្វូងៗ ទាំងក្រុមៗ ទាំងគ្រួសារៗ ទាំង សហករណ៍ៗ ទៅសម្លាប់ចោល តាមស្ថិតិ​ដំបូងស្លាប់អស់ ជាង3លាននាក់ ដោយនិយាយយ៉ាងសាមញ្ញ ថា «បញ្ជូនទៅ​កាន់ដីខ្​លាញ់»​ ពីព្រោះ «ទុកក៏ មិនចំណេញ យកចេញក៏មិនខាត»។ ប្រជាជនរស់នៅដូច សត្វដាក់ក្នុងទ្រុង តើថ្ងៃណាអង្គការយកទៅសម្លាប់ ចោល? អាស្រ័យហេតុនេះ ប្រជាជនដែលនៅ សេសសល់ត្រូវបានរំដោះឲ្យរួចផុតពីមច្ចុរាជដ៏សាហាវ យង់ឃ្នង​នៃបន ប៉ុលពត ប្រល័យពូជសាសន៍ នៅចងចាំជានិច្ចនូវគុណបំណាច់ដ៏ថ្លៃថ្លា និងធំធេង​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ក្នុងការ ស្រោចស្រង់ប្រជាជនឲ្យរស់រានមានជីវិតឡើងវិញនេះ។
2.       ព្រឹត្តិការណ៍២ធ្នូ១៩៨៧ ជាថ្ងៃដែលសម្តេចតេជោ សែន ជួបចរចាលើកដំបូងជាមួយព្រះ ករុណាព្រះ​បាទ​សម្តេច ព្រះនរោត្តម សីហនុ នៅហ្វែរអង់តាដឺន័រ( Fere-en-Tardenois )ប្រទេស បារាំង។ នេះជា​ព្រឹត្តិការណ៍មួយឆ្ពោះទៅរកដំណោះស្រាយសន្តិភាព និងបង្រួបបង្រួមជាតិនៃមាតុភូមិ អង្គរដ៏បរនៃយើង ដោយសារការលះបង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន ជាមួយអតីតព្រះមហាក្សត្រកម្ពុជា គឺ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហា​វីរក្សត្រ ព្រះវរបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ រួមគ្នា បង្កើតជា​កិច្ចព្រម​ព្រៀង​សន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១​ និងបានយាងសម្តេចឪ សម្តេចតា ចូលស្រុកវិញ នៅថ្ងៃ​ទី១៤ ខែវិច្ឆកា ១៩៩១ ឲ្យគង់ធ្វើជាព្រះប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ កម្ពុជា និងរៀបចំឲ្​យមានការ​បោះឆ្នោត​នៅឆ្នាំ១៩៩៣ ដោយ អ៊ុនតាក់ ដែលក្រោយមកបង្កើតបានរដ្ឋ ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី២។
3.       ព្រឹត្តិការណ៍២ធ្នូ១៩៩៨ ជាថ្ងៃចេញគោលនយោបាយយុទ្ធសាស្រ្តត្រីកោណ របស់សម្តេចអគ្គ មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ សែន បានប្រកាស​ចេញនូវយុទ្ធសាស្រ្តត្រីកោណដែលរួមមាន មុំទី១ ធ្វើសន្តិភាវូបនីយកម្មបន្ទាប់ពីការធ្វើ សមាហរណកម្ម​ទាំងស្រុងនៃកម្លាំងអតីតខ្មែរក្រហម ហើយក៏ជាការរលំរលាយអង្គការចាត់តាំងនយោ បាយ និងយោធា​របស់ខ្មែរ​ក្រហម ក្រោមនយោបាយឈ្នះឈ្នះ  និងមុំទី២ ធ្វើសមាហរណកម្មយ៉ាង ឆាប់បំផុតទៅសហគមន៍អន្តរជាតិ រាប់ទាំងយកកៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិ ចូលជា សមាជិកអាស៊ាន ចូលអង្គការ​អន្តរជាតិ​ដទៃទៀត ដូចជាអង្គការពាណិជ្ជកម្មពិភពលោកជាដើម។
          រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្នប្តូរទៅជារណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជាវិញ។
       ព្រឹត្តិការណ៍២ធ្នូធំៗទាំងបីខាងលើ មិនមែនធ្លាក់ពីលើមេឃដោយចៃដន្យនោះទេ គឺ ពិតចេញពី បញ្ញា​ញាណ​ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតត្រឹមត្រូវមានបទពិសោធន៍ខ្ពស់របស់សម្តេចអគ្គមហា សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាពបង្រួបបង្រួមជាតិ ស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ប្រែក្លាយមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពសម្បូរ សប្បាយរុងរឿង ថ្កុំថ្កើង ជានិរន្តរៀងទៅ។
ដោយ ទិត សារុនរ៉េត (ទីប្រឹក្សាអមរាជបណ្ឌិត្យសភាកម្ពុជា)ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១១