Monday, December 5, 2011

សម្តេច​តេ​ជោ៖ ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ និង ការ​គាំ​ពារ​​សង្គម​ គឺជា​​បញ្ហា​​អាទិភាព​​របស់​រាជ​រដ្ឋាភិបាល​


សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ​ថ្លែងថា រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុក ថា ការកាត់បន្ថយ​ភាពក្រីក្រ និង ការ​គាំពារ​សង្គម​គឺជា​បញ្ហា​អាទិភាព​របស់ខ្លួន ដោយ​ក្នុងនោះ​រាជ រដ្ឋាភិបាល​កំពុង​បំពេញភារកិច្ច​ដោយ​សក​ម្ម​ក្នុងការ​កាត់បន្ថយ​នូវ​ ភាពក្រីក្រ​របស់​ប្រជាជន​តាមរយៈ ការ ធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ក្នុង​កម្រិត​ខ្ពស់​ពី ៦% ទៅ ៧% ក្នុង​រយៈពេល វែង​ការបែងចែក​ផ្លែផ្កា​នៃ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង ការប្រើប្រាស់ និង ការគ្រប់គ្រង ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព។ 


ថ្លែង​នៅ ​ក្នុង​ពិធី​បើក​វេទិកា​ជាតិ​ ស្តី​ពី​ការផ្សព្វ​ផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជន​​ ក្រីក្រ និង​ ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា​នៅ​វិមាន​សន្តិភាព​នា​​ថ្ងៃ​ទី ​៥ ​ខែ​ធ្នូ ឆ្នាំ​២០១១​ ​ សម្តេចនាយក​រដ្ឋមន្ត្រី​ថ្លែងថា ខ្ញុំ​យល់ថា យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា ដែល​យើង​បាន​ប្រារព្ធ​ពិធី​នៅថ្ងៃនេះ គឺជា​សកម្មភាព​ជាក់ស្តែង​នៃ​ការ អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​បច្ចុប្បន្ន​កម្ម ២០០៩-២០១៣ ដែលជា​របៀបវារៈ​គោល​ន​យោ​បាយ​សង្គម-សេដ្ឋកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​សកម្មភាព​នេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​លើ​បទពិសោធន៍ និង សកម្មភាព​សម្របសម្រួល​នៅ​កម្ពុជា ដើម្បី​រួម ចំណែក​ដល់​ការស្តារ និង អភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង ការ ស​ម្រេ​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍។
សម្តេចតេជោ​​ មានប្រសាសន៍ថា ជា​ការពិត​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ​នឹង​ទាមទា​ឲ្យ ពង្រីក​បន្ថែម​នូវ​អន្តរាគមន៍ ដែលមាន​ស្រាប់ ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង ការបង្កើតឡើង​នូវ​កម្ម​វិធីថ្មីៗដើម្បី​គ្របដណ្តប់​លើ​ការងារ​ចន្លោះប្រហោង ហើយ​ជំហាន​បន្ទាប់​សម្រាប់​ការអនុវត្ត​យុទ្ធសាស្ត្រ នេះ​គឺ​ការកំណត់​ឲ្យ​ឃើញ និង ឲ្យ​បាន​ច្បាស់​នូវ​សកម្មភាព​ដែល​នឹងត្រូវ​អនុវត្ត​ក្នុងដំណាក់កាល​ខ្លី​ ដើម្បី រក្សា​ស្ថិរភាព និង និរន្តរភាព​នៃ​ការរីកចម្រើន​លើ​ការងារ​គាំពារ​សង្គម​ ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នាពេល​កន្លងមក។ នៅក្នុង​ដំណាក់កាល​ខ្លី និង មធ្យម​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​នឹង​ផ្តល់​អាទិភាព លើ​ការរៀបចំ​បង្កើត​សំណាញ់​​សុវត្ថិភាព​សង្គម ដែលមាន​ប្រសិទ្ធភាព និង និរន្តរភាព​ដែល​ផ្តោតលើ​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ ជាមួយនឹង​សេវា​សុខុមាលភាព​សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ។
សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី​មានប្រសាសន៍ពន្យល់ ​ថា ក្នុងដំណាក់កាល​វែង​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់ ជនក្រីក្រ​នឹង​ជន​ងាយ​រងគ្រោះ​នឹង​កំណត់​ក្របខណ្ឌ​គាំពារ​សង្គម ដែលមាន​និរន្តរភាព និង ស៊ីជម្រៅ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប ជាមួយនឹង​កញ្ចប់​ជំនួយ​ឧបត្ថម្ភ និង សេវា​មូលដ្ឋាន ដែលមាន​លក្ខណៈ សមរម្យ គឺ​ អាស្រ័យ​ទៅតាម​ការវិវត្តន៍​ឈានឡើង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ចាត់ទុក​ ​​វេទិកា​ជាតិ​ស្តី​ពី​ការផ្សព្វ​ផ្សាយ​យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​​ សម្រាប់​ជន​​ក្រីក្រ ​និង​ ជន​ងាយ​រងគ្រោះ ​ពិតជា​មាន​សារៈ​សំខាន់​សម្រាប់​ថ្នាក់​ដឹក​នាំ​នៃ​រាជរដ្ឋា​ភិបាល​​ មន្ត្រី​ជាន់​​ខ្ពស់​ទាំងអស់​ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​កិច្ចការ​អភិវឌ្ឍ​សង្គម​ និង​ មូលដ្ឋាន​ដើម្បី​ពិនិត្យ និង ​ឆ្លុះ ​បញ្ចាំង​ឡើងវិញ​អំពី​គោល​នយោបាយ​ និង​ ការអនុវត្ត​ជាក់​ស្តែង​នានា​ ដែល​ជា​បញ្ហា​អាទិភាព​ និង ​មាន ​បច្ចុប្បន្ន​សម្រាប់​ប្រទេស ​និង​ ប្រជាជន​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លងមក​ ដែល​កម្ពុជា​បាន​ទទួល​រង​នូ​វ ផល​ប៉ះ​ពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​និង ​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាសធាតុ​។​
អង្គការ UNICEF,WFP និង អង្គការ ILO បាន​ជួយឧបត្ថម្ភ​ទាំង​ថវិកា និង បច្ចេកទេស វេទិកា​ជាតិ​នេះ ​ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង ជនបទ ដែលមាន​ការចូលរួម ពី​ស្ថាប័ន​ពាក់ព័ន្ធ និង វិស័យ​គាំពារ​សង្គម​នៅ​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ​ចំនួន ជាង ៦០០ នាក់។
លោក ឌូ​ក្លាស ប្រូ​ឌី​រីក អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា មានប្រសាសន៍ ថា អង្គការសហប្រជាជាតិ​សូម​គាំទ្រ​ទាំងស្រុង​ដល់​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ​គាំពារ​សង្គម​ដោយ​រាជ រដ្ឋាភិបាល ពិសេស ដើម្បី​ធានា​ឲ្យ​មានការ​ចូលរួម​ពេញលេញ​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ទាំង អស់ ដែលជា​ស្នូល​កណ្តាល​នៃ​ការ​ធានាថា វិសាលភាព​នៃ​ការ​គាំពារ​សង្គម​នឹង​ត្រូវមាន​សុ​ខុ​ដុម​នី​យ ភាព និង ពង្រីក​លើ​គ្រប់​វិស័យ​សាធារណៈ។
លោក ឌូ​ក្លាស ថ្លែងថា ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ឆ្នាំ ២០១៥ ដែលជា​ឆ្នាំ​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស អង្គការសហប្រជាជាតិ​បាន​បង្កើត​ផែនការ​អភិវឌ្ឍ ៥ ឆ្នាំ​ថ្មី មួយ ដែលមាន​ឈ្មោះថា ក្របខណ្ឌ​ជំនួយ​អភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ ហើយ​សរសរ​ស្តម្ភ​ទាំង ៥ ដែលជា​វិស័យ​អាទិភាព​នៃ​ផែនការ​នេះ រួមមាន​កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ​ដោយ​និរន្តរភាព សុខាភិបាល និង អប់រំ សមភាព​យេនឌ័រ អភិបាលកិច្ច និង ការ​គាំពារ​សង្គម។ លោក ឌូ​ក្លាស ប្រូ​ឌី​រីក បាន​អះអាង​ថា យើងខ្ញុំ​សូម​បន្ត​ធ្វើការ យ៉ាង​ជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា​ និង ដៃគូ​ទាំងអស់​ដើម្បី​គាំពារ​ដល់​វឌ្ឍនភាព​នៃ​វិស័យនេះ ពិសេស យើងខ្ញុំ​ទាំងអស់គ្នា​នឹង​សូម​ចាប់ផ្តើម​ធ្វើដំណើរ​លើ​គន្លង​ផ្លូវ​ដ៏​ វែងឆ្ងាយ និង ដែល​ពោ​ពេញ ដោយ​ការ​ប្រឈម​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ។
សូម​ បញ្ជាក់​ថា យុទ្ធសាស្ត្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា ត្រូវបាន​ចំណាយ​ពេល​ជិត ២ ឆ្នាំ​ដើម្បី​រៀបចំតាក់តែង និង បានទទួល​ការអនុម័ត​ពី​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ១៨ មីនាឆ្នាំ ២០១១ ។​ យុទ្ធសាស្ត្រនេះ​ដោយមាន​គោលដៅ​រួម​ ដើម្បី​បង្ហាញ និង ពិភាក្សា​លើ​នីតិវិធី និង គោលការណ៍​ណែនាំ​រួម នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​គាំពារ សង្គម​នេះ នៅ​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ ហើយក៏​ដើម្បី​បង្ហាញ និង ពិភាក្សា​​លើ​កម្មវិធី​ព​គាំពារ​សង្គម​នានា ដែលមាន​ស្រាប់​មួយចំនួន​នាពេល​បច្ចុប្បន្ន និង អភិក្រម​ចម្រុះ ក្នុងការ​អនុវត្ត។
ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង ជនបទ មានប្រសាសន៍ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការដឹង​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​ ​បាន​សហការ​ជាមួយនឹង​អង្គការ​ជាតិ-អន្តរជាតិ និង ស្តា​ប័ន​ពាក់ព័ន្ធ​នានា ដើម្បី​លើក​ស្ទួយ​​កាលានុវត្តភាព​ការងារ ការបន្ថយ​ភាព​ងាយ​រងគ្រោះ​របស់ ប្រជាជន​ក្រីក្រ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន កែលម្អ​ប្រព័ន្ធ​សុខាភិបាល និង រៀបចំ​ប្រព័ន្ធ​អប់រំ​ឲ្យ​រឹត តែមាន​ប្រសិទ្ធភាព និង គុណភាព ដែលជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន។ ឯកឧត្តម យឹម ឆៃលី មានប្រសាសន៍ថា ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា វេទិកា​ជាតិ​នេះ​នឹង​ផ្តល់ឱកាស​ដ៏​សំខាន់​មួយ សម្រាប់​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​រវាង​អ្នករៀបចំ​គោលនយោបាយ​នៃ​ ក្រសួងស្ថាប័ន​ពាក់ព័ន្ធ និង អង្គការ​ជាតិ-អន្តរជាតិ ដើម្បី​ជម្រុញ និង អនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​មួយ ដែលមាន​ប្រសិទ្ធភាព និង មានគុណ​ភាព រួមចំណែក​ក្នុងការ​ធានា​សម្រេច​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​អត្រា​នៃ​ ភាពក្រីក្រ​ឲ្យ​លើស ១%ក្នុង​មួយឆ្នាំ ស្រម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំ​ណា​កើ​កាល​ទី ២ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៤ នៃ​រដ្ឋសភា។​
​ក្នុង​ នីតិកាល​ទី ៣ កន្លងមករាជ​រដ្ឋា​ភិ​បាល​កម្ពុជា បានទទួល​នូវ​សមិទ្ធផល​គួរ​ជា​ទី​មោទនៈ ក្នុង​ការអនុវត្ត​គោលនយោបាយ​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ដោយ​បាន​ជួយ​សង្គ្រោះ​ជនអនាថា ស្ត្រី កុមារ និង ជនរងគ្រោះ​ដោយសារ​ការជួញដូរ គ្រួសារ​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះមហន្តរាយជា​ច្រើន​ និង បាន​ធ្វើ​ការរៀបចំ​ឲ្យ​មានការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ដល់​ជនរងគ្រោះ ជនអនាថា ជនពិការ​ឲ្យ​មានមុខ​របរ និង មានការ​ងារ​ធ្វើ​ផងដែរ៕