Tuesday, December 6, 2011

បទវិ​ចារណ​កថា៖ បក្ស​ប្រឆាំង កំពុង​ធ្វើ​ខ្លួន​ជា​បាវ​បំរើ​ឱ្យ​បរទេស

ដោយៈរួម ជាតិ

រាល់ពេល ​ដែលដឹង​ថាសហគមន៍​អឺរ៉ុប ឬតំណាងអង្គការសហប្រជាជាតិ មកបំ​ពេញ​​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្តង​ៗ គេ​តែងតែឃើញ​គណបក្ស​ប្រឆាំង​ប្រើល្បិចត្អូញ​ត្អែរ ទួញ​សោក ហាក់​ដូច​ជាពួក​គេ និង​ប្រជាពល​រដ្ឋ ​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ធ្ងន់​ធ្ងរពីរាជ​រដ្ឋាភិបាល ប៉ុន្តែ សកម្មភាព​ទាំង​នេះ​ វាគ្រាន់​តែជាការឆ្លៀត​ឱកាស​​យក​ចិត្ត​ យកថ្លើមបរទេស និងធ្វើ​ខ្លួន​ជាបាវ​បំ​រើឱ្យ​បរទេស​ ដើម្បីបានប្រាក់​ជំ​នួយ​ និងការ​កេង​ចំ​ណេញ​ផល​យោជន៍​នយោបាយ​ក្រុម​ខ្លួន​តែប៉ុណ្ណោះ​។

ជន​ឱកាសនិយម​ទាំង​នោះ​ រួម​មាន ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ​បានចោទ​ប្រកាន់មកលើ​រាជ​រដ្ឋា​ភិបាលថា កំពុងតែរឹតបន្តឹងសេរីភាព ក្នុងសកម្ម​ភាព​នយោបាយ នឹង​ធ្វើ​របាយ​ការណ៍​ទាំងនេះប្តឹងទៅ លោក សុរិយា ស៊ូប៊េឌី អ្នករាយការណ៍ពិសេសរបស់អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សនៅកម្ពុជា និង​ លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តខេត្តកំពតរបស់ គណបក្សសម រង្ស៊ី ក៏បានធ្វើ​សន្និសីទ​កា​សែត​នៅមុខរដ្ឋ​សភា​ជាតិ​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃច័​ន្ទ​ទី​៥​ ខែ ​ធ្នូ​ ឆ្នាំ​២០១១ ស្តីពី​កម្មករ​អន្តោប្រវេសន៍នៅប្រទេសម៉ាឡេស៊ី ក្នុងបំណងបង្ហាញឲ្យ លោក សុរិយា ស៊ូប៊េឌី ​មើល​ឃើញ​ថា ​មាន​ការ​រំលោភ​​​ច្បាប់​ការងារ​។

អ្នករាយការណ៍​ពិសេស​ផ្នែក​សិទិ្ធម​នុស្សរបស់​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា​​​ លោក សុរិយា ស៊ូប៊េឌី បាន​​មក​ដល់​​​ប្រទេសកម្ពុជាកាលពី​ថ្ងៃចន្ទ័។

ទង្វើដែល​មាន​លក្ខណៈ​ជាបាវបំរើបរទេស របស់ លោក កឹម សុខា និង​លោកស្រី មូរ សុខហួរ នោះ​ត្រូវបាន​ចាស់ទុំ​ខ្មែរ​យើងហៅថា ហែកទ្រូងឲ្យក្អែកចឹក ឬអាចហៅម្យ៉ាងទៀត​ថា ចាំ​តែ​ទូ​ពិត​ ក្នុង ​គោល​ដៅ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិកាត់បន្ថយជំនួយ ជា​ចេត​នាមិន​ចង់​ឃើញ​មាន​ការ​អភិវឌ្ឍនៅកម្ពុជា​ ប៉ុន្តែ​រាល់ការរាយការណ៍​របស់ពួក​គណបក្ស​ប្រឆាំង​​ ដែលបាន​មួល​បង្កាច់​មកលើរាជរដ្ឋាភិបាល​យ៉ាងនេះ​ក្តី ក៏​ស​ហ​គម​ន៍​​អន្តរជាតិ​ និងប្រទេស​ម្ចាស់​ជំ​នួយ​ ​នៅតែ​យកចិត្តទុកដាក់ផ្តល់​ជូនដល់រាជរដ្ឋាភិបាល​ក្នុង​មួយឆ្នាំៗ​ជាង​មួយ​ ពាន់​ លានដុល្លាអាមេរិកជាបន្ត​បន្ទាប់​។
កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១១ តាមរយៈវិទ្យុបរទេសនិយាយខេមរៈភាសា បានផ្សាយថា មន្រ្តី​គណបក្ស​សិទ្ធិមនុស្ស បានចោទប្រកាន់ថា អាជ្ញាធរសង្កាត់បាក់ខែង ខណ្ឌឬស្សីកែវ បាន​រា​រាំង​មិន​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស​រៀបចំ​វេទិកា​សំណេះ​សំណាលមួយ រវាងអ្នកតំណាងរាស្រ្តនិងប្រជា​ពល​រដ្ឋ។ វិទ្យុនេះ​បាន​​ដក​ស្រង់សំដី លោក ផាត ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិការ​គណបក្ស​សិទិ្ធ​មនុស្ស បាន​និយាយថា គណបក្សសិទ្ធិមនុស្ស​រៀបចំ​ពិធី​សំណេះ​សំណាល​មួយកាលពី​ថ្ងៃអាទិត្យ​នេះ​នៅវត្ត ​ក្តី​ចាស់ ក្នុង​ ខណ្ឌឬស្សីកែវ រាជ​ធានី​ភ្នំ​ពេញ​ ប៉ុន្តែ​មាន​ការ​​ចោទប្រកាន់​មកលើ​អាជ្ញា​ធរមូល​ដ្ឋានថា បាន​មក​​គំរាមកំហែង​ព្រះចៅ​អធិការ​ វត្តមិនឲ្យផ្តល់ទីតាំងដល់គណបក្សសិទ្ធិមនុស្ស​រៀបចំ​វេទិ​កាទេ។​

ការចោទប្រកាន់ទាំងនេះត្រូវ​បាន​ លោក ញឹក ភីផុន ចៅសង្កាត់បាក់ខែង បាន​បដិសេធថា« អាជ្ញាធរ​មិន​បាន​រុះរើរោង​វេទិការបស់គណបក្សសិទ្ធិមនុស្សទេ គឺអ្នក​រៀប​ចំ​កម្ម​វិធី​នោះបាន​ស្ម័គ្រចិត្ត​រុះរើដោយខ្លួនឯង ។

ទោះបីជាមានការបកស្រាយរបស់លោកចៅសង្កាត់យ៉ាងណាក៏ដោយ ក៏លោក កឹម សុខា នៅ​តែ​​បន្ទរ​តាមពាក្យ​សំដី​កូន​ចៅរបស់ខ្លួនបន្តចោទប្រកាន់មកលើ​ រាជរដ្ឋាភិបាលថា « កំពុងតែ​រឹត​បន្តឹង​សេរីភាពក្នុង​សកម្ម​ភាព​​​ន​យោបាយ »  លោក កឹម សុខា​ អះ​អាង​ថា​ នឹង​ធ្វើ​របាយ​ការណ៍ទាំងនេះប្តឹងទៅ លោក សុរិយា ស៊ូប៊េឌី

បើរាជរដ្ឋាភិបាលរឹតបន្តឹងសេរីភាពក្នុងសកម្មភាពនយោបាយមែននោះ​ ហេតុអ្វីបានជាលោក កឹម សុខា ចាប់តាំងពី ​ធ្វើជាប្រធាននៅមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា​ និង​រហូតមកធ្វើប្រធាន​គណបក្ស​សិទ្ធិ​មនុ​ស្ស​ និង​បាន​​ដើរ​ធ្វើ​វេទិកា​នៅ​គ្រប់​​ច្រក​ល្ហក ទូទាំងប្រទេសកម្ពុជាសឹង​តែជារៀង​រាល់​ថ្ងៃសូម្បីតែថ្ងៃ​បុណ្យ​ទាន​ឬ ថ្ងៃ​សៅរ៍ អាទិត្យ​ សួរថា តើសេរីភាព​របស់​ លោក កឹម សុខា ប៉ុន​ណាទៀត​ទើប​ឆ្អែត​ឆ្អន់​?​

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីំ បាន និង​កំពុង​គោរព​ប្រតិបត្តិ​យ៉ាងខ្ជាប់​ខ្ជួន​ តាមរដ្ឋធម្មនុញ្ញដែលប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។

រាជរដ្ឋាភិបាលកម្ពុជា ​បានអនុវត្តនូវ​គោលនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស​អំណាច​ទាំងអស់​ជា​របស់​ប្រជា​ពលរដ្ឋ ។ រៀងរាល់៥ឆ្នាំម្តងៗមាន​ការ​បោះ​ឆ្នោត​ជ្រើស​រើសតំណាងរាស្រ្ត និង​ការបោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ លើស​ពីនេះ​រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិសេរីភាពដ៏ពេញលេញ ដល់​គណ​បក្ស​​នយោបាយ​ក្នុងការ​ធ្វើគោល​នយោ​បាយ​ផ្ស​​ព្វ​ ផ្សាយតាមប្រព័ន្ធអេឡិចត្រូនិច តាមវិទ្យុ ហើយពួកគេថែម​ទាំង​បាន​​ជួល​ម៉ោង​ផ្សាយ​បន្តទៅ​ច្រើន​ប៉ុស្តិ៍​ទូទាំង​ប្រទេស ​កម្ពុជាទៀត​ ។

បើនិយាយអំពីចំ ​នួន​អង្គការ សមាគម សង្គមស៊ីវិលនៅប្រទេសកម្ពុជាមានច្រើន​​​ជាងបីពាន់ ​ហើយ​បាន​ និងកំពុង​ ធ្វើសកម្មភាពជួយកសាងនិងអភិវឌ្ឍប្រទេសជាតិ។ដូច្នេះការចោទ​ប្រកាន់​របស់​​លោក កឹម សុខា អំពី​ការរិតបន្តឹង​សិទ្ធិ​សេរី​ភាព​នោះ វាមិនមែន​ជាការ​ពិត​ទេ  វាគ្រាន់តែជា​ការប្រឌិត​ព័ត៌​មាន​ទុច្ច​រិត​ដើម្បីបំរើផល​ចំណេញ​ន​យោ​បាយ​ឲ្យគណបក្ស​ខ្លួន​តែ​ប៉ុណ្ណោះ ។

ដោយឡែកតាមអ្នកវិភាគឯករាជ្យបានមើលឃើញថា លោកស្រី មូរ សុខហួរ បាននឹងកំពុង​កេង​ចំណេញ​​នយោបាយ​គណបក្ស និងនយោបាយផ្ទាល់ខ្លួន ដោយលើកយកករណីពល​ករទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី មកធ្វើ​សន្និសីទ​កាសែតចំពេល លោក សុរិយា ស៊ូប៊េឌី មកកម្ពុជា ដើម្បីឆ្លៀត​ឱកាសបំប៉ោងព័ត៌មាន ជាចេតនា​ទាក់​ទាញ​សមានចិត្ត ពី​ លោក សុរិយា ស៊ូប៊េឌី ក៏ដូចជាចង់បាន​ប្រជាប្រិយភាព​ពីប្រជាពល​រដ្ឋ​តែតាមពិតការផ្អាកមិនឲ្យពល​ករទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​គឺផ្តើមចេញពីសម្តេច តេជោ ហ៊ុន សែន បានប្រកាសដល់​ក្រសួងការងារ​តាម​រយៈ​​សារាច​រ​ណែនាំ មិនអនុញ្ញាត្តិឱ្យ​មានការ​នាំពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​​ម៉ាឡេស៊ី ទៀតនោះ​ទេ ប៉ុន្តែ លោកស្រីមូរ សុខហួរ បែរជាប្រើល្បិចស៊ីឡាក ដោយកេង​ចំណេញ​នយោបាយ ។ ក្នុង​បញ្ហា​នេះ​ បើគ្មាន​ការ​ប្រកាសរបស់​សម្តេច​តេ​ជោ ហ៊ុន សែន នោះវាប្រាកដ​ជាគ្មាន​ការផ្អាកទេ។ ដូច្នេះ​ លោកស្រី មូរ សុខហួរ គ្មានអំ​ណាច​ណា​មួយ​ឲ្យ​រដ្ឋា​ភិបាល​ប្រទេសម៉ាឡេស៊ីផ្អាកឡើយ។

          តាមការស្ទង់មតិរបស់វិទ្យាស្ថាន​សារធារណៈអន្តរជាតិ(IRI)បានបង្ហាញ​ឱ្យឃើញថា រាជ​រដ្ឋាភិបាល     ធ្វើ​ត្រូវ​៧៦​% បានន័យថា ជោគ​ជ័យ​ទាំង​នេះ​ ពិត​ជាបាន​កើត​ចេញ​ពីការដឹកនាំ​របស់​រាជរដ្ឋា​ភិបាលកម្ពុជា​ជាពិសេស គឺគណ​បក្ស​​ប្រជាជន​កម្ពុជា​។

          ជារួម ការត្អូញត្អែររបស់លោក កឹម សុខា និងលោក ស្រី មូរ សុខហួរ គ្មានប្រយោជន៍អ្វី​ដល់​អង្គការ​សហ​ប្រជាជាតិ​ឡើយ គឺវាគ្រាន់តែជាព្យុះខ្យល់នៅក្នុងកែវទឹកតែប៉ុណ្ណោះ ដូចពាក្យសុភា​សិតបាននិយាយ​ថា​មនុស្ស​ជា​អ្នកធ្វើទេវតាជាអ្នកកត់ មានន័យថា ​ទោះបីគណបក្សប្រឆាំងចោទ​ប្រកាន់មក​លើរាជរដ្ឋាភិបាល​យ៉ាងណាក៏ដោយ​ ក៏គង់តែប្រជាពលរដ្ឋបានដឹងថា មានតែ​គណបក្សប្រជាជនតែមួយ​គត់​ដែលបានដឹង​សុខទុក្ខ និង​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពល​រដ្ឋ​ ដូច្នេះប្រជាពលរដ្ឋដ៏​ច្រើន​លើសលប់​នឹងនៅ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ជានិរន្ត៕

ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១១