Tuesday, December 6, 2011

បទអត្ថាធិប្បាយៈ បក្សប្រឆាំង​យក​អ្នក​ស្លាប់​ធ្វើជា​អាជីវ​កម្ម​នយោបាយ


           ដោយងប់ងុលនឹងនយោបាយប្រឆាំងផ្កាប់មុខ លាយឡំនិងគំនុំផ្ទាល់ខ្លួន បានធ្វើ​ឲ្យ​គណបក្ស​​ប្រឆាំងបាត់​អស់​នូវ​មន​សិការជាតិសតិសម្ប​ជញ្ញៈ សីលធម៌ ក្នុងភាពជា​អ្នក​នយោ​បា​យ និង​ត្រូវ​បាន​​ចំណង់​ពាលា នៃ​ការកញ្រ្ជោល និង​ភាព​​ចង់បានជ័យជំនះ ហួសប្រមាណ ដោ​យ​​មិនខ្វល់ពីបុណ្យ និងបាបសោះ​ឡើយ។
          ភាពអស់សង្ឃឹមក្នុងស្ថានភាពត្រដរខ្យល់ ខាងនយោបាយ ដែលពុំអាចស្រោចស្រង់​បា​ន របស់​គណ​បក្ស​ប្រឆាំង​ខណៈពេលរដូវកាល នៃយុទ្ធនាការឃោសនាបោះឆ្នោត បាន និងកំ​ពុង​​តែ​រង្កិល​ខ្លួន​បន្តិ​ចម្តងៗ ខិត​កាន់តែ​ជិត​ចូល​មកដល់។
            អ្វីដែលគេកំពុងតែមើលឃើញ គឺគណបក្សប្រឆាំង បានរិះរកគ្រប់កលល្បិច នៃ​យុទ្ធ​សា​ស្ត្រ​​​​នយោបាយថ្មីៗ ដែល​នឹកស្មានពុំដល់ ដើម្បីជាការទាក់ទាញចំណាប់អា​រម្ម​ណ៍​ពី​មជ្ឈ​​​ដ្ឋាន​ជា​តិ និងអន្តរជាតិ ក្នុងបំណង​ស្តាឡើង​វិញនូវ​ប្រជា​ប្រិយភាព ដែលកំពុង​ដុន​ដាប​បា​ត់​​​បង់​អស់​ស្ទើ​តែ​គ្មានសល់។
          តើយុទ្ធសាស្ត្រនយោបាយថ្មី ដែលគណបក្សប្រឆាំងបានប្រឌិត និងតាក់តែងឡើងនោះ គឺ​ជាយុទ្ធ​សាស្ត្រ​បែប​ណា? តើវាបានផ្តល់ផលប្រយោជន៍អ្វីខ្លះ សម្រាប់គណបក្សនេះ?
          បើតាមក្រុមវាយតម្លៃនៃស្ថានការណ៍នយោបាយ នៅកម្ពុជាយល់ឃើញថា៖
          បក្សប្រឆាំង​មាននូវកម្មវិធីនយោបាយថ្មី ក៏ប៉ុន្តែ ការអនុវត្តជាក់​ស្តែង​ គឺតាមរបៀបចាស់ ដែលធ្លាប់មាន​ជា​រឿយៗ ។ ​ស្តែង​ឡើងតាមរយៈការធ្វើយុទ្ធនាការឃោសនា ជាអកុស​ល​កន្លងមក ពោល គឺ​គណ​បក្សប្រឆាំងនេះ តែងតែ​ធ្វើ​ការ​ញុះញុងបោកបញ្ឆោត បំភ្លៃការពិត ប្រឌិតព្រឹត្តិការណ៍ ដើម្បីទំ​លាក់បញ្ហា ឲ្យគណបក្សប្រជាជន ក៏ដូច​ជា​រដ្ឋាភិបាល តាមអ្វី​ដែលជាផែនការអាក្រក់ ដែលគេហៅថា លាបពណ៌ បំភ័នការពិត ដើម្បីជ័យជំនះ ស្អីគេនោះ។
          ជាក់ស្តែងក្នុងពេលថ្មីៗនេះ ជុំវិញការស្លាប់របស់ស្ត្រីម្នាក់ ដែលរស់នៅតំបន់បឹងកក់ ឈ្មោះ ជា តារា កាល​ពីថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១១ កន្លងទៅនេះ គណបក្សប្រឆាំង រួមជា​មួយ​​សង្គមស៊ីវិល ដែល​មាន​និន្នា​ការ​ប្រឆាំង មួយ​ចំនួន​បានយកព័ត៌មាននៃការស្លាប់របស់​ស្ត្រី​ម្នាក់នេះ  ដើម្បីធ្វើ​អាជីវ​កម្មនយោបាយ ក្នុង​ចេត​នា​ទាក់​ទាញការគាំទ្រ ដោយ​បំភ័ន បំផ្លើសពី​ការពិត នៃព្រិត្តិការ និងទ​ម្លាក់បញ្ហាលើអាជ្ញាធរមូលដ្ឋាន ក៏ដូច​ជា រដ្ឋាភិបាលថា ខកខានមិន​បាន​ដោះស្រាយជម្លោះនៅតំបន់បឹងកក់ ដែលជាដើមហេតុធ្វើឲ្យ លោកស្រី ជា​ ដារា បាន​ស្លាប់​នេះ​​​ទៅ​វិញ។
          ក៏ប៉ុន្តែ ភាពយុត្តិធម៌ និងសច្ចៈភាព ត្រូវបានផ្តល់ជូនរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញា​ធរ​មូល​​ដ្ឋាន ស្តែង​ឡើង​តាម​រយៈ​ការចេញមកធ្វើសន្និសីទសារព័ត៌មានរបស់ លោក ឌឿង ភូ ដែ​ល​​ជាប្តីរបស់ លោកស្រី  ជា តារា កាលពីថ្ងៃទី ២៩ ខែ​វិច្ឆិកា កន្លងទៅនេះ ក្នុងប៉ុស្តិ៍នគរបាល​រដ្ឋ​បា​ល​​​ស្រះចក ដែលក្នុងឱកាសនោះ លោក ភូ បានបញ្ជាក់យ៉ាងច្បាស់ថា «ការ​ស្លាប់របស់ប្រពន្ធគាត់ គឺមិនពាក់ព័ន្ធនឹងរឿងបឹងកក់នោះទេ» ។
          ការបដិសេធដាច់អហង្ការរបស់ លោក ឌឿង ភូ សមល្មម និងពញ្ញាក់ស្មារតីដល់ក្រុម​ប្រ​​​ឆាំងទាំងអស់ ល្មម​បញ្ឈប់ នូវសកម្មភាព មួលព័ត៌មាន បំភ្លៃការពិតបែបនេះទៀត  ព្រោះ​សក​ម្មភាពនេះ វាមិន​បាន​ហុច​ផល​ចំណេញ​ខាង​នយោបាយអ្វីសម្រាប់ពួកគេទេ។ ប៉ុន្តែ ផ្ទុយ​មកវិញពួកនេះ បានត្រឹមទទួលនូវការប្រមាថមាក់ងាយ ពីប្រជាពលរដ្ឋទូទៅ ដែលស្នេហា​យុត្តិ​ធម៌ ស្រលាញ់ការពិតថា ជាមនុស្សមិនស្គាល់បុណ្យ មិនស្គាល់បាប សូម្បីតែ មនុស្ស ដែល​ស្លាប់​ទៅ​ហើយ ក៏ពួកគេយក​ទៅ​ធ្វើ​អាជី​វកម្ម​នយោបាយ​ដែរ។
          ជាការពិតណាស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា លើអនុ​ក្រិ​ត្យ​ចុះថ្ងៃទី ១១ ខែសីហា ដើម្បី​ធ្វើប្រទានកម្មប្រគល់ដីទំហំ ១២.៤៤ ហិកតា ដល់អ្នកភូមិបឹងកក់​ប្រមាណ .០០០ គ្រួសារ ដែល​កំពុង​រស់​នៅក្នុងសហគមន៍បឹងកក់ សម្រាប់សាងសង់ផ្ទះ​ស​ម្បែ​​ង តបតាមគម្រោងអភិវឌ្ឍនៅនឹងកន្លែង។
          ការធ្វើប្រទានកម្មរបស់សម្តេច កន្លងមកក៏ត្រូវបានទទួលនូវការស្វាគមន៍ ពីធនាគារ​ពិភពលោក អង្គការ​មិន​មែន​រដ្ឋាភិបាល និងអ្នកភូមបឹងកក់ជាច្រើនគ្រួសារ។
លោកស្រី អាណិត ឌិកសុន (Annette Dixon) អ្នក​គ្រប់​គ្រង​ធនាគាពិភពលោក​ប្រចាំកម្ពុជា​បាន​បញ្ជាក់​ ក្នុង​សារ​អេឡិច​ត្រូ​និច​​ថា នេះ​ជា​ការ​វិវត្តន៍​វិជ្ជមាន ហើយ​សង្ឃឹមថា នឹង​នាំ​ទៅ​រក​លទ្ធផល​ដ៏ល្អ​សម្រា​ប់​ប្រជា​ពល​រដ្ឋ​ នៅ​តំបន់​បឹង​កក់​។
                   សរុប​មក ហេតុ​ផល​អម្បាលមាន​ ដែល​បាន​អត្ថា​ធិប្បាយ​ខាង​លើ គឺ​សម​ល្មម​បញ្ចាក់​ពី​ការពិត ជុំវិញ​ការ​ធ្វើ​អត្តឃាតរបស់ស្ត្រី ដែលរស់នៅតំបន់បឹងកក់ មិន​មែន​មក​ពីវិបត្តិ​ដី​ធ្លី​នៅ​បឹង​កក់នោះ​ឡើយ វាជាបញ្ហា​ផ្ទាល់​ខ្លួនរបស់​អ្នក​​ស្រីជា ដារា  ដូច្នេះ​ការ​ស្លាប់​នេះ​បាន​បង្ហាញអំពី​សណ្ដាន​អគ​តិ​របស់​បក្ស​ប្រឆាំង​នៅ​ កម្ពុជា ដែល​ប៉ុនប៉ង​យក​សាក​សព ដើម្បី​ធ្វើ​នយោបាយ​ ប៉ុន្តែ កលល្បិចនេះ​ ​គ្មាន​នណាម្នាក់​លង់​ជឿ​តាមការ​​បោក​បញ្ឆោត​ ប្រជា​ភិថុតិ​ ដ៏​គ្មាន​អំណោយ​ទាន អសីលធម៌​បែប​នេះទៀត​នោះ​ទេ៕
  ដោយ ឧត្តម សក្តិ