Tuesday, December 6, 2011

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ជាមួយ​លោក សត្យា រក្ស ក្នុង​កម្មវិធី​វិភាគ​ព្រឹត្តិ​ការណ៍​សង្គម ​ ស្តី​ពី​ការ​ដណ្តើម​ស្លាក​ជា​អ្នក​ប្រជាធិបតេយ្យ​ រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​ សិទ្ធិមនុស្ស​ ​ ​


 ថ្ងៃទី ០៥ ខែ ធ្នូ​ ​ ឆ្នាំ២០១១

លោក សត្យា រក្ស
          សំណួរ៖ យើង​ឃើញ​ថា គណបក្ស​ សម រង្ស៊ី និង​ គណបក្សរបស់ កឹម សុខា កំពុង​តែ​ចោទ​ប្រកាន់​គ្នា​ ដែល​ខាង​ កឹម សុខា ថា គណបក្ស​ សម រង្ស៊ី ជា​អាយ៉ង​​របស់​គណបក្សប្រជាជន​កម្ពុជា ។​សម្រាប់​ សម រង្ស៊ី វិញ​កំពុង​តែ​ចោទ​ប្រកាន់​ថា គណបក្ស កឹម សុខា នេះ​កំពុង​តែ​អូស​ទាញ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គេ​ ដើម្បី​ឲ្យ​មក​គាំទ្រ​ការ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​។​ យើង​ឃើញ​ថា ចំណុច​នេះ​យើង​អាច​និយាយ​បាន​ថា ភាព​ផ្អែម​ល្ហែម​​របស់​គណបក្ស​ទាំង​ពី​រ​គឺ​​ឈប់​មាន​ហើយ។​ចំណុច​នេះ​តើ​លោក បណ្ឌិត​​យល់​ឃើញ​យ៉ាង​ម៉េច​?​

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  ត្រង់​ហ្នឹង​ហើយ​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ពិនិត្យ​មើល​ថា គណបក្ស​ប្រឆាំង​ទាំង​គណបក្ស សម រង្ស៊ី ទាំង​គណបក្ស សិទ្ធិ​មនុស្ស​ ដែល​ដណ្តើ​ម​គ្នា​ថា ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ពិត​ ដូច​លោក​ សត្យារក្ស​ បាន​លើក​អញ្ចឹង​​ គឺ​ដណ្តើ​ម​​ទាញ​យក​ស្លាក​អ្នក​ប្រជាធិបតេយ្យ​​ ហើយ​អាស្លាក​ហ្នឹង​រហែក​ដោយ​សារ​តែ​រឿង​គណបក្ស​ប្រឆាំង​កំពុង​ដណ្តើម​ហ្នឹង​ ឯង​។​ តែ​ពាក្យ​ និង​ខ្លឹម​សា​រ​ពិត​ប្រាកដ​របស់​ប្រជាធិបតេយ្យ​មិន​ស្ថិតនៅលើ​​ស្លាក​ដែល​ ពួក​ហ្នឹង​កំពុង​ដណ្តើម​គ្នាទេ​ គឺ​ជា​អ្វី​ដែល​ជាគុណសម្បត្តិ​របស់​កម្ពុជា​កំពុង​វិវឌ្ឍន​​មក​ដល់​ពេល​នេះ​ ហើយ​កំពុង​ត្រៀម​វិវឌ្ឍន​​ជា​ជំហ៊ាន​ទៅ​មុខ​។​ អាហ្នឹង​គឺ​ជា​ខ្លឹម​សារ​ពិ​ត​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​នៅ​ កម្ពុជា ហើយ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ដណ្តើម​​គ្នា​ទាញ​យក​ស្លាក​ប្រជាធិបតេយ្យ​ កំពុង​តែ​ដាច់​ដោច​គ្នា​ហ្នឹង​ឯង​ ហើយ​មួយ​ទៀត​ក៏​ជាការ​​រំលឹ​ក​មក​វិញ​បន្តិច​ដែរ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គេ​ប្រកូក​ប្រកាស​គ្នា​ធ្វើ​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ ហើយ​កាល​ហ្នឹង​យើង​ក៏​ធ្លាប់​សម្តែង​នៅ​ក្នុង​វេទិការ​របស់​យើង​បញ្ជាក់​ថា ​គណបក្ស​ទាំង​ពីរ​ហ្នឹង​គ្មាន​សារធាតុ​ណា​ដែល​អាច​ចាប់​ដៃ​គ្នា​ធ្វើ​ការ​ជា ​មួយ​​គ្នា​បាន​ទេ​ ហើយ​កាល​ហ្នឹង​គេ​ចោទ​ប្រកាន់​យើង​ថា យើង​ជា​អ្នក​ទប់​ស្កាត់​មិន​ចង់​ឲ្យ​គេរួម​គ្នា​ទេ ខ្លាចគេ​ខ្លាំង​ រហូត​ដល់​គេ​ថា កម្ម​វិធីនេះ​ជា​កម្ម​វិធី​ញុះញង់​បំបែក​បំបាក់​គណបក្ស​គេ​មិន​ឲ្យ​ចង​ សម្ព័ន្ធភាព​ជា​ដើម​។ល។​ ទៅ​ជា​ចោទ​យើង​ថា​បំបែក​បំបាក់​គូរ​ស្នេហ៍​ ការ​ពិត​គូរ​ស្នេហ៍​ហ្នឹង​វាទៅ​អត់​រួច​ ដែល​យើង​មើល​ឃើញ​ យើង​ដឹង​ថា គូរ​ស្នេហ៍​ពីរនេះ​​ទៅ​អត់​រួច​ទេ​ ព្រោះ​មិនដឹង​​អ្នក​ណា​ដើរ​តួជា​ប្រពន្ធ​ អ្ន​ក​ណា​ដើរ​តួ​ជា​ប្តី។​​ ដល់​យើង​ប្រាប់​ទៅ​គេ​ខឹង​យើង​ ដល់​ឥឡូវ​ពួក​គណបក្ស​ប្រឆាំង​ទាំង​ពីរ​គឺ​ជា​ជន​រមិលគុណ​ទៅ​វិញ​គួរ​តែ​ អរគុណ​ពួក​យើង​។ សព្វ​ថ្ងៃ​នេះ​ពួក​គាត់​អត់​រួបរួម​​គ្នា​បាន​ទេ​ ហើយ​មិន​ត្រឹម​តែ​អត់​ចូល​ទេ គាត់​វាយ​ប្រហារ​ដាក់​បណ្តាសារ​គ្នា​ ដាក់​ទំនាយ​គ្នា​ទៀត​​​ ។ បើ​យល់​គួរ​តែ​អរគុណ​ពួក​យើង​ដែល​បាន​ប្រាប់​ពី​មុន​​ ទាំង​លោក សម រង្ស៊ី និង​គណបក្ស​ សម រង្ស៊ី ហើយ​គួរ​តែ​សុំទោស​យើង រឿង​ដែល​​ចោទ​ប្រកាន់​ថា យើង​បំបែក​បំបាក់​មិន​ឲ្យ​គូរ​ស្នេហ៍​ចាប់​ដៃ​គ្នា​បាន​​​។​ តាម​ពិត​ពួក​គាត់​មិន​ដែល​មាន​ស្នេហា​ចាប់​ដៃ​ជា​មួយ​គ្នា​ឯណា​ ពួក​ពីរ​អ្នក​នោះ​អត់​ស្មោះ​ត្រង់​គ្នាទេ​។ ឥឡូវ​យើង​ទាញ​មក​ព្រឹត្តិការណ៍​ថ្មី​ យើង​ឃើញ​ហើយ កម្ពុជាយើង​ជិត​ឈាន​ទៅ​ដល់​ថ្ងៃបោះ​ឆ្នោត​ព្រឹទ្ធសភា​ គឺ​នៅ​ខែ​មករា​ ឆ្នាំ​ ២០១២ នេះ​ឯង​ ហើយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ ខុស​ពី​ការ​បោះ​ឆ្នោត​ រដ្ឋ​សភា​ និង​ ការ​បោះ​ឆ្នោត​ ឃុំ​ សង្កាត់​ គឺ​យើង​បោះ​ឆ្នោត​ជា​អសក​ល​ និង​មិន​​ផ្ទាល់​ បាន​សេច​ក្តី​ថា អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា គឺ​មាន​តែ​សមាជិក​​ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់​ ទូទាំង​​ប្រទេស​ បូក​​នឹង​សមាជិក​រដ្ឋ​សភា​បច្ចុប្បន្ន​។ សព្វ​ថ្ងៃ​នេះ​មាន​តែ​គណបក្ស​ពីរ​ទេ​​ ដែលឈរ​ឈ្មោះ​ប្រកួត​ប្រជែង​បោះ​ឆ្នោត​ព្រឺទ្ធសភា​​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ សម រង្ស៊ី ឯគណបក្ស​ កឹម សុខា ទោះចង់​មិន​ចង់​ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​ដែរ​ ព្រោះ​ខ្លួន​គ្មាន​សមាជិក​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់​ ទេ​ ដូច្នេះ​ត្រូវ​តែ​អត់​ចូលរួម​ហើយ ព្រោះ​ទៅ​ចូល​រួម​មាន​​អ្នក​ណា​គេ​ទៅ​បោះ​ឲ្យ​។​ ប៉ុន្តែ​នៅ​មាន​ភាព​ណែងណង​មួយ​រវាង​ ​គណបក្ស កឹម សុខា និង​គណបក្ស សម រង្ស៊ី ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ត្រង់​ថា កន្លង​មក​ប៉ុន្មាន​ខែ​នេះ​គឺ​ការ​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី មាន​ជា​បន្ត​បន្ទាប់​ពិសេស​គឺ​នៅ​ខាង​​កំពង់​ចាម​​នេះ​ឯង​ ។ អ្នក​ដែល​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី មក​គណបក្ស​ កឹម សុខា គឺ​វាមាន​ពាក់​ព័ន្ធ​គ្នា​ជា​មួយ​នឹង​​សមាជិក​ក្រុមប្រឹក្សា​ ឃុំ សង្កាត់​ នៅ​ឯ​មណ្ឌល​បោះ​ឆ្នោត​ខេត្ត​កំពង់​​ចាម​។​ អញ្ចឹង​ កឹម សុខា ប្រើ​លទ្ធភាព​បច្ចុប្បន្ន​ហ្នឹង​ ដើម្បី​អូស​ទាញ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នៅ​ឯ​ខេត្ត​កំពង់​​ចាម​ ដែល​ជា​សមាជិក​​របស់​គណបក្ស សម រង្ស៊ី ប៉ុន្តែ​អ្នក​ទាំង​អស់​ហ្នឹង​ មាន​មួយ​ចំនួន​អាច​ថា គាំទ្រ​ក្រុម​ដែល​ចាក​ចេញ​ពី​គណបក្ស សម រង្ស៊ី ។ ត្រង់​ហ្នឹង​ដែល​ជា​ការ​អះអាង​របស់​គណបក្ស សម រង្ស៊ី ថា គណបក្ស កឹម សុខា កំពុង​​តែ​អូស​ទាញ​សមាជិក ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់​ មួយ​ចំនួន​របស់​គណបក្ស សម រង្ស៊ី ដែល​គាំទ្រ​ក្រុម​ដែល​ចាក​ចេញ​ទៅ​កុំ​ឲ្យ​បោះ​ឆ្នោត​ គាំទ្រ​បេក្ខជន​របស់​គណបក្ស​ សម រង្ស៊ី ដែល​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​នោះ​ គឺ​ឲ្យ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។​នេះ​ជា​ការ​ចោទ​ប្រកាន់​ម្ខាង​របស់​គណបក្ស សម រង្ស៊ី ហើយយើង​ឃើញ​ថា គណបក្ស​ កឹម សុខា បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ វា​អត់សក្តិសម​នឹង​ខ្លួន​ពាក់​ សិទ្ធិ​មនុស្ស​ទេ មិន​ដឹង​ជា​សិទ្ធិ​អ្វី​ទេ​ ចេញ​មក​ប្រមាថ​គេ​បញ្ច្រាស់​ទៅ​វិញ​មិន​ព្រម​ពន្យល់​ ហើយ​នេះ​ជា​ចរិក​នយោបាយ​របស់​ កឹម សុខា តែ​ម្តង​ គាត់​អត់​ចូល​ចិត្ត​​ពន្យល់​អ្នក​ណា​ទេ​ ព្រោះ​គាត់​អត់​ចេះ​ មិន​ដឹង​ពន្យល់​អី មាន​តែ​ជេរ​បញ្ច្រាស់​ទៅ​វិញ​។​ មាន​ន័យ​ច្រើន​ណាស់ រហូត​ដល់​យក​ពាក្យ រឡិក​រឡក់​ តាម​អ្វី​ដែល​គាត់​យល់​កន្លះ​ក្អម​នៅ​ក្នុង​ទ្រឹស្តី​​​​ព្រះ​ពុទ្ធ​ក៏​ដូច​ ទ្រឹស្តី​ប្រជាធិបតេយ្យ​ យក​មក​ធ្វើ​សេច​ក្តី​ថ្លែង​ការ​ណ៍​វាយ​ប្រហារ​គណបក្ស​ សម រង្ស៊ី ​វិញ​ ។ តាម​ធម្មតា រឿង​ចោទ​ប្រកាន់​វា​សឹង​តែ​ជា​ទម្លាប់​ទៅ​ហើយ របស់​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​ កឹម សុខា​ ប៉ុន្តែ​អ្វី​ដែល​ជា​ចរិត​មិន​ល្អ​នៅ​ត្រង់​ថា ពួក​គាត់​អត់​ចេះ​បំភ្លឺ​គ្នា ​បាន​ត្រឹម​តែ​បញ្ច្រាស់​គ្នា​ទៅ​​វិញ ។ កឹម សុខា គាត់​បញ្ច្រាស់​ទៅថា ចោទ​ប្រកាន់​ គណបក្ស​ សម រង្ស៊ី រហូត​ដល់ អសីលធម៌​ ប្រមាថ​កាត​​ទាន​គ្នា​ ទៅ​វិញ​ទៅ​មក​ ហើ​យ ពាក្យ​អស់​ហ្នឹង កឹម សុខា ខ្លួន​ឯង​ក៏​ធ្លាប់​ប្រមាថ​កាត​​ទាន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​គណបក្ស​​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​អញ្ចឹង។​ តែ​ដល់​ឥឡូវ​ប៉ះ​ដល់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​រឡិករឡក់​​គ្នា​ឯង​ចាប់​ ផ្តើម​លេង​គ្នា។​ ប៉ុន្តែ​ឥឡូវ​ថ្មី​ៗ​នេះ ក្រោយ​ពី​ កឹម សុខា ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ប្រឆាំង​តតាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​ គណបក្ស​ សម រង្ស៊ី យើង​មាន​ប្រភព​ព័ត៌មាន ដែល​និយាយ​អំពី​​ករណី​ពីរ​ ជា​ករណី​ជាក់​ស្តែ​ង​។​ តែ​មក​ដល់​ពេល​នេះ​អត់​ឃើញ​ខាង​គណបក្ស​ កឹម សុខា ឆ្លើយ​តប​តែ​គឺ​ ខាង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ នៅ​ឯ​កំពង់​​ចាម​របស់​ សម រង្ស៊ី មួយ​ចំនួន​បាន​ដើរ​តាម​ការ​អូស​ទាញ​របស់​ក្រុម​ កឹម សុខា ប៉ុន្តែ​អូស​ទាញ​ឲ្យ​ទៅ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ រហូត​ដល់​គេ​លើក​ចំៗ​ឈ្មោះ​ចំពោះ​​ការ​ជួប​គ្នា​ជា​មួយ​នឹង​ក្រុម​ ប្រឹក្សាឃុំ​របស់​ សម រង្ស៊ី ជា​មួយ​ក្រុម​លោក កឹម សុខា ដើម្បី​ទៅ​ជួប​នៅ​​ខាង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ធានា​ឲ្យ​មាន​ការ​គាំទ្រ​ចំពោះ បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាហ្នឹង​មួយ​ករណី​ទៅ រហូត​ដល់​គេ​ដឹង​ថា ហាង​នេះ​ ហាង​នោះ ​គេ​ជួប​ជុំ​គ្នា​​។ មាន​ករណី​មួយ​ទៀត​មាន​ក្រុម​មួយ​ផ្សេង​ទៀត​ ដែល​នៅ​កំពង់​​​ចាម​ ដែរ​ គឺ​ជា​សមាជិ​ក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ របស់​គណបក្ស សម​ រង្ស៊ី ក៏​ត្រូវ​បាន​ក្រុម​លោក កឹម សុខា​ អូសទាញ​ដែរ​ ហើយណាត់​ជួប​ជា​មួយ​នឹង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជាមួយ​បែប​ទៀតទៅ​ ដើម្បី​ឲ្យ​មាន​ការ​ទុក​ចិត្ត​គ្នា​ ក្នុង​ការ​គាំទ្រ​និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ដោយ​គាំទ្រ​បេក្ខ​​ជន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​ សភា​ ហើយ​ករណី​ពីរ​នេះ​គឺ​លើក​ភាពជា​ក់​ស្តែ​ង​ជា​ច្រើន​ ដែល​មក​ដល់​ពេល​នេះ​ខាង​លោក កឹម សុខា អត់​ឃើញ​ប្រតិកម្ម​ដូច​មុនទេ។​​​ ត្រង់​ចំណុច​នេះ​ចោទ​សួរ​ពិតឬ​​មិន​ពិត​ ទុក​ឲ្យ​គណបក្ស​ទាំង​ពី​រ​ដោះ​ស្រាយ​គ្នា​ចុះ​។​ ករណី​របស់​យើង​ដែល​ត្រូវ​បំភ្លឺ​ អ្វី​ដែល​លោក សត្យា រក្ស​ បាន​សួរ​នោះ​គឺ​ត្រង់​ហ្នឹង​ហើយដែល​យើង​បាន​បញ្ជាក់​យូរ​ហើយ ថា គណបក្ស​ប្រឆាំង​ទាំង​ពី​រ​នេះ​គ្មាន​គោល​នយោបាយ​ច្បាស់​លាស់​ទេ មាន​ត្រឹម​តែ​អួត​ក្អេង​ក្អាង​ថា ខ្លួន​ឯង​ជា​អ្នក​ប្រជាធិបតេយ្យ​ ហើយ​ខ្លួន​ដើរ​តួ​ជា​អ្នក​ប្រឆាំង​ ប៉ុន្តែ​យើង​ស្តាប់​ទៅ​ឮ​ថា ដូច​ប្រឆាំង​នឹង​គណបក្ស​ប្រជាជនកម្ពុជា ដល់​ពិចារណា​មែន​ទែន​ទៅ​ពួក​គាត់​ប្រឆាំង​គ្នា​ឯង​ គឺទាំង​​គណបក្ស​ កឹម សុខា និង​ គណបក្ស​ សមរង្ស៊ី ចង់​ឲ្យ​ខ្លួន​គៀកនឹង​​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​អញ្ចឹង​ដើម្បី​បាន​គៀក​គេនាំ​គ្នា​អួត​ថា គេ​ជា​គណបក្សប្រឆាំង​​ខ្លាំង​ទី​១ ហើយ​ខាង​កឹម​ សុខា អួតថា​គេហ្នឹង​ក្លាយ​​ជា​គណបក្ស​​ប្រឆាំង​ខ្លាំង​ជាង​គណបក្ស​ប្រឆាំង​ សម រង្ស៊ី ។ អញ្ចឹង​ចេះ​តែ​ទៅ​រឡិក​រឡក់​​ដណ្តើម​គ្នា​អញ្ចឹង​ទៅ​។​ ឥឡូវ​យើង​ពិនិត្យ​មើល​តើ​​​ការ​ប្រកួត​របៀប​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​ដែរ​ឬអត់​​? បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋ​ភាព​​របស់​ លោក កឹម សុខា ដូច​ជា​នយោបាយ​មួយ​ដែល​គ្មាន​អ្វី​ប្រាកដ​ប្រាជា​ទេ។​​ ខ្ញុំ​ធ្លាប់​បញ្ជាក់​​ច្រើន​ដងហើយ​ ​បន្តិច​ទៀត​នឹង​ដើរ​ដល់​ផ្លូវ​ទាល់​មួយ​ ពេល​ហ្នឹង​គឺ​មាន​តែ​បែក​ជា​ពីរ​ គឺ​បត់​ស្តាំ ឬ បត់​ឆ្វេង​។​ បាន​ន័យ​ថា​បត់​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លន់​តួសុំ​អង្វរ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ខ្លួន​សុំ​ចុះ​ចូល ឬ​ក៏​ខ្លួន​ងាក​មក​​គណបក្ស​ សមរង្ស៊ី ដើម្បី​ឲ្យ​​គណបក្ស​ សមរង្ស៊ី ជួយ​ស្រោច​ស្រង់​​​ជី​វិត​នយោបាយ​របស់​ខ្លួន​ ដើម្បី​បន្ត​ការ​ស្រែក​ជេរ​រដ្ឋាភិបាល​តទៅ​ទៀត​ ព្រោះ​បោះ​ឆ្នោត​ ២០១២ និង ២០១៣ គឺ​ជា​កាល​វេលា បញ្ជាក់​ថា លោក កឹម​ សុខា ដល់ ផ្លូវ​ទាល់​ហើយ​។

លោក សត្យា រក្ស
          សំណួរ៖ ទាក់​ទង​ទៅ​នឹង​មាយាទ​​របស់​លោក កឹម សុខា ដែល​គាត់​កំពុង​តែ​ដឹក​នាំ​បក្ស​របស់​គាត់​ហ្នឹង ខ្ញុំ​មើល​ឃើញ​ថា លោក កឹម​ សុខា ដូច​ជា មិន​បង្ហាញ​នូវ​ភាព​ច្បាស់​លាស់​ណាមួយ​នោះ​ទេ ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​បញ្ជាក់​មើល ថា លោក កឹម​ សុខា តែ​ង​តែ​និយាយ​ថា អ្វី​ដែល​គាត់​ធ្វើ​ និង​កំពុង​ធ្វើ​ហ្នឹង​ ដើម្បី ទី១​​ប្រយោជន៍​បក្សគាត់​ ទី២ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​។​ ប៉ុន្តែ​ភាព​ជាក់​ស្តែ​ង​ដែល​យើង​មើល​ឃើញ​ចរិត​ លោក កឹម​ សុខា​ ដែល​បាន​ធ្វើ​ និង​កំពុង​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​ យើងឃើញ​ថា មិន​ត្រឹម​តែ​គាត់​បញ្ចុះ​បញ្ចូល​​សមាជិក​ក្រុម​ប្រឹក្សាយ​ ឃុំ សង្កាត់​នៅ​ខេត្ត​កំពង់​ចាម​​ប៉ុណ្ណោះ​ទេ គឺ​ស្ទើរ​តែ​គ្រប់​ខេត្ត​ ខ័ណ្ឌ​ យើង​ឃើ​ញ​ថា លោក កឹម​ សុខា បាន​ចុះ​ទៅ​បញ្ចុះ​បញ្ចូល​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ ដូច​ជា​នៅ​ខាង​បាត់​ដំបង នៅ​ខាង​បន្ទាយ​មានជ័យ​ ឧត្តរមានជ័យ​​ ក៏​មាន​ដែរ គឺ​ការ​លេច​​ឮ​​ចេញ​ពីគណបក្ស​ សម រង្ស៊ី ដែល​អះ​អាង​បែប​ហ្នឹង អញ្ចឹង​យើង​ឃើញ​ថាបើ​ លោក កឹម​ សុខា​ ធ្វើ​បែប​ហ្នឹង​ពិត​ប្រាកដ​ តើ​លោក កឹម​ សុខា​ មាន​ជំហរ​បែប​ណា​ដែរ​ទៅ​? ខ្ញុំ​ចង់​និយាយ​ថា យើង​ធ្វើ​ការ​ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​មើល​ឃើញ​ ថាតើ​យើង​ជាបក្សស្អី​ ហើយ​ធ្វើ​ដើម្បី​អ្វី ដើម្បី​គណបក្ស​ប្រជាជនកម្ពុជា ឬ ក៏​ដើម្បី​ខ្លួន​គាត់​?​ ហើយ​លោក​បណ្ឌិត​មើល​ឃើញ​យ៉ាង​ម៉េ​ច​ត្រង់​ចំណុច​ហ្នឹង ?

លោក​បណ្ឌិត ឈឹម ផលវរុណ
          ចម្លើយ៖​  លោក កឹម​ សុខា គ្មាន​នយោបាយ​ច្បាស់​លាស់​ទេ​ កន្លង​មក​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ឮ​ លោក កឹម​ សុខា ហើយ​ខ្លះ​ធ្លាប់​ចូល​រួម​ផ្ទាល់​នៅ​ក្នុង​វេទិកា​សាធារណៈ​របស់​គណបក្ស​​ លោក កឹម​ សុខា យើង​ឃើញ​ថា​ លោក កឹម​ សុខា ជា​វាគ្មិន​ដ៏​មហា​អស្ចារ្យ​ គ្រាន់​តែ​ឃើញ​យាយ​ម្នាក់​​បាក់​ធ្មេញ​គាត់​ថា​បើ​យាយ​បាក់​ធ្មេញ​ នៅ​ពេល​គណបក្ស​ខ្ញុំ​ឈ្នះ​ឆ្នោត​គាត់​ដាក់​ធ្មេញ​មាស​ឲ្យ​។ អញ្ចឹង​បាន​ន័យ​ថា កម្ម​វិធី​របស់​​គាត់​គឺ​ជា​កម្ម​វិធី​មើល​ដោយ​ភ្នែក​ និង​និយាយ​ដោយ​អណ្តាត​ទេ មិន​មែន​គិត​ដោយ​ខួរ​ក្បាល​ទេ​។ ដល់​ឥឡូវ​ការ​ប្រកួត​របស់គាត់​​បង្ហាញ​អត់​ច្បាស់​ថា គាត់​ជា​គណបក្សអ្វី​ គាត់​ខឹង​គណបក្ស នរោត្តម​​រណឫទ្ធិ​ រឿង​ថា បង្រួប​បង្រួម​មួយ​បែប​ទៅ​ គាត់​ខឹង​គណបក្ស​ សម រង្ស៊ី ថា គណបក្ស​ប្រឆាំង​ប៉ុន្មាន​ឆ្នាំ​អត់​ទៅ​មុខ។​ ​ឥឡូវ​តើ​គាត់​ជា​គណបក្ស​ អ្វី គាត់​ខឹង​គណបក្ស នរោត្តម​រណឫទ្ធិ​ ថា​អត់​ព្រម​ប្រឆាំង​ទេ​ ហើយ​ខឹង​គណបក្ស សម រង្ស៊ី ថា ប្រឆាំង​ដែរ​តែ​ប្រឆាំង​ខ្សោយ​ ឥឡូវ​មាន​តែ​គាត់​ហ្នឹង​គណបក្ស​ប្រឆាំង​ តែ​ប្រឆាំង​យ៉ាង​ម៉េច​បើ​យើង​ឃើញ​ព័ត៌មាន ដូច​ការ​​បង្កើត​គណបក្ស សិទ្ធិ​មនុស្ស​ ហ្នឹង គឺ​ការ​សន្ទនា​សំងាត់​ជា​មួយ​សម្តេច​នាយក​រដ្ឋមន្រ្តី​ គឺ​ពាក់​ព័ន្ធ​ទៅ​ហ្នឹង​ការ​ប្រសូត្រ​គណបក្ស​ មួយ​ដែល​ពិបាក​ហ្នឹង​កើត​។​ បើ​និយាយ​ពីគ៌រ​ថា​នៅ​ទទឹង​ ឬ​បញ្ច្រាសជើង​ អញ្ចឹង​ដល់​តែ​រក​​ឆ្មប​ដែល​មាន​ប្រសិទ្ធ​ភាព​ពូកែ​នឹង​ប្រសូត្រ​ អញ្ចឹង​បាន​ការ​ប្រសូត្រ​ឡើង​គណបក្ស​សិទ្ធិមនុស្ស​គឺ​កើត​ឡើង​ដោយ​ការ​ជំនួយ ​​សមត្ថកិច្ច​ ជាឆ្មប​ជា​អ្នក​បង្កើត​ពី​សំណាក់​ សម្តេច​នាយក​ហ្នឹង​ឯង​បាន​​បង្កើត​គណបក្ស​ ហ្នឹង​បាន​។​ នេះ​បើ​យើង​ស្តាប់​ព័ត៌មាន គឺ​ឃើ​ញ​ច្រើន​ណាស់​ នៅ​ក្រសួង​មហាផ្ទៃ​លោក កឹម សុខា អត់​មាន​​​គ្រប់​ចំនួន​ផ្តិត​មេដៃ ដើម្បី​តម្រូវ​តាម​លក្ខខណ្ឌ​ច្បាប់​ទេ​ ទាល់​​តែ​មាន​អ្នក​ផ្តិត​មេដៃ​ ៤០០០ នាក់​ទើប​អាច​បង្កើត​បាន​។​ ក្រសួង​មហាផ្ទៃ​បាន​ប្រតិកម្ម​ គឺ​លោក​ កឹម សុខា បាន​បញ្ចូន​ស្នាម​​ផ្តិតមេដៃ​អត់​ច្បាស់​លាស់​ មក​ពី​ស្អី​​ដែល​ខ្ញុំ​សន្និដ្ឋាន​ថា​ អាច​យក​មេដៃ​កាល​គាត់​នៅ​ក្នុង​គុក​ ដែល​គេ​ប្រមូល​ គាត់​យក​អាហ្នឹង​។ បើ​តាម​គាត់​អួត​គឺ​អត់​ពិបាក​ទេ ៤០០០ នាក់​ព្រោះ​​គាត់​សុទ្ធ​តែ​មនុស្ស​រាប់​សិប​ម៉ឺន​ រាប់​សិប​សែន​គាំទ្រ​​ រហូត​ដល់​លាន​ អញ្ចឹង​យើង​ឃើញ​ថា ពិបាក​កើត​ អញ្ចឹង​កូន​ហ្នឹងកូន​បញ្ច្រាស​ជើង​។ ដល់​កើត​ហើយ យើង​ឃើញ​ថា ការ​ទម្លាយការ​សន្ទនា​​សំងាត់​​ជាការ​មួយ​ដែល​អាច​ឲ្យប្រជាពលរដ្ឋ​ពិចារណា​។

អញ្ចឹង ​ចូល​ដល់​រឿង​អូស​ទាញ​សមាជិក​ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់​នៅ​ខេត្ត​កំពង់​​ចាម​ ហើយ​លោក សត្យារក្ស ថា មាន​នៅ​ផ្សេង​ទៀត អញ្ចឹង​ឃើញ​ថា គណបក្ស លោក កឹម សុខា ហ្នឹង ដូច​ជា​មិន​ប្រឆាំង​ទេ​។ អញ្ចឹង​ហើយ​ចង់​បញ្ជាក់​ទៅ​លោក កឹម សុខា វិញ ព្រោះ​កាល​​ណា​យើង​ធ្វើ​នយោបាយ​ត្រូវ​មាន​តម្លាភាព រឿង​អូស​ទាញ​សមាជិក​គណបក្ស ណា​ឲ្យ​មក​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា វាជា​ការ​ល្អ​ហើយ ព្រោះ​ជា​សិទ្ធិ​នយោបាយ​វា​មិន​ជា​អ្វី​ទេ ប៉ុន្តែ​បើ​អូស​ទាញឲ្យ​​បោះ​ឆ្នោត​ឲ្យគណបក្សប្រជាជន ​​លោក កឹម សុខា ត្រូវ​បញ្ជាក់​ជំហរ​ខ្លួន​ឯង​ថា ជា​គណបក្សអ្វី ជា​មួយ​ហ្នឹង​គណបក្ស​ប្រជាជន​កម្ពុជា ឬក៏​ខ្លួន​ឯង​ដើរ​តួ​ជា​គណបក្ស​ប្រឆាំង​ ព្រោះ​ពាក្យ​ថា គណបក្ស ត្រូវ​ទាម​ទារ​​នយោបាយ​តម្លាភាព​មួយ​ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​។​ ប៉ុន្តែ​បើ​ខ្លួន​លេង​មុខពីរ​ មុខបី តាំង​​ពី​ការ​បង្កើត​លាក់​លាម​ជាមួយ​សម្តេច​នាយក​ រហូត​ដល់​ឥឡូវ​ពាក់​ព័ន្ធ​រឿង​អូស​ទាញ​អ្នក​គាំទ្រ​ សម រង្ស៊ី ឲ្យ​ទៅ​គាំទ្រ​គណបក្សប្រជាជន​កម្ពុជា​ ដូច្នេះ​ខ្លួន​ត្រូវ​បញ្ជាក់​ជំហរ​។​ ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​មើល​ឃើញ​លោក កឹម​ សុខា មិន​គិត​ប្រយោជន៍​គណបក្សសិទ្ធិ​មនុស្ស​​ ប៉ុន្មាន​ទេ​ បើ​គិត​ប្រយោជន៍​ជា​តិ​អាហ្នឹង​​សូន្យ មិន​រាប់​ជាមួយ​ គឺ​លោក កឹម សុខា គ្មាន​សារជាតិ​ឯណា​មក​គិត​ប្រជាពលរដ្ឋ​ខ្មែរ​ទេ ព្រោះ​យើង​មើល​ទៅ​ឃើញ​ហើយ ស្អី​ក៏​លួច​ៗ។​ យើងមើល​ពី​ឆ្នាំ​ ១៩៧៩ -១៩៨០ វេទនា​ចង់​ងាប់ រក​អង្ករ ​រក​ស្បៀង​មិន​គ្រប់​គាត់​ដាច់​ចិត្ត​លួច​អង្ករ​រាប់​តោន​កើត​ យើង​គិត​តែ​ប៉ុណ្ណឹង​​ទៅ​ដឹង​ហើយ​ គឺ​គាត់​ធ្វើ​នយោបាយ​នេះ​ គ្រាន់​តែ​យក​នយោបាយ​ធ្វើ​ជា​មុខ​របរ​។​ លោក​ កឹម​ សុខា គ្មាន​មុខ​របរ​អ្វី​ក្រៅ​ពី​ហ្នឹង​ទេ​ ហើយ​ហ៊ាន​តែ​ដូរ​មុខ​របរ​លោក កឹម សុខា រក​លុយ​ចិញ្ចឹម​ប្រពន្ធ​កូន​អត់​បាន​ផង​ កូន​នៅ​អាមេរិក​ ២ នាក់​ ត្រូវ​អស់​ប៉ុន្មាន​ក្នុង​១ឆ្នាំ ហើយ​ប្រពន្ធ​ទៀត​ ហើយ​បាន​លុយ​ពីណា​ អ្នក​ទាំង​អស់​នោះ​គ្មាន​មុខ​របរ​ទេ​រស់​ដោយ​សា​រ​ កឹម សុខា ទាំង​អស់​ ។ បើ​ កឹម សុខា ហ៊ាន​ដូរ​មុខ​របរ​ពី​អ្នក​នយោបាយ​ ទៅ​អ្នក​រក​ស៊ី មាន​តែ​ដើរ​លួច​គេ​ ព្រោះ​គាត់​អត់​មាន​ជំនាញ​អ្វី​ទេ​ ​បើ​ឲ្យ​ទៅ​ធ្វើ​តាម​​ជំនាញ​គី​មី​ទៅ​អត់​រួច​ទេ​ តែ​ដល់​ទៅ​ធ្វើ​នយោបាយ​ គាត់​យក​អា​​ចំណេះ​គីមី​​ទៅ​ធ្វើ​ ហៅ​ថា នយោបាយ​ប្រតិកម្ម​គីមី អាហ្នឹង​ចេះ​។ គាត់​រាល់​ថ្ងៃធ្វើ​នយោបាយ​បែប​ប្រតិកម្ម​គីមី​។ ហើយ​មួយ​បែប​ទៀត​​គឺ​នយោបាយ​បែប​ទឹក​ក្រឡុក​ គឺ​យក​ពាក្យ​អាមេរិកផង បារាំង​ផង ខ្លួន​ឯង​ផង​ យក​មក​ដាក់​ចូល​ធុង​ទឹក​ក្រឡុក​មួយ​ ច្របល់​នៅ​ក្នុង​ហ្នឹង​មិន​ដឹងទៅ​ជា​ស្អី​ ហើយ​ឥឡូវ​គាត់​កំពុង​ច្របល់​​ជា​មួយ​គណបក្ស​ សម រង្ស៊ី ទៀត​ ។​អញ្ចឹង​បាន​ន័យ​ថា លោក កឹម សុខា គួ​បញ្ជាក់​ជំហរ​ឲ្យ​ច្បាស់​ ហើយ​ខ្ញុំ​ជឿថា លោក​ កឹម សុខា មិន​មែន​ធ្វើ​ដើម្បី​គណបក្ស សិទ្ធិមនុស្ស​ទេ​ គឺ​ដើម្បី​ខ្លួន​គាត់​ និង​ ប្រពន្ធ​កូន​ក្រុម​គ្រួសារ​របស់គាត់​ទេ​​។ និយាយ​នេះ​ចង់​ឲ្យ​គណបក្ស​សិទ្ធិមនុស្ស​ ដែល​មាន​អ្នក​ផ្សេង​ៗ​ពិចារណា​ខ្លួន​ឯង​ទៅ ប្រសិន​ជា​ខ្លួន​ចូល​រួម​ក្នុង​គណបក្ស​ សិទ្ធិ​មនុស្ស​​ត្រូវគិតថា​ចុះបើអត់ កឹម សុខា តើ​គណបក្សសិទ្ធិមនុស្ស​ដើរឬអត់​? ។បើសិនជាអត់​ កឹម សុខា គណបក្ស​សិទ្ធិមនុស្ស​​អត់ដើរ បានន័យថាអ្នកឯងអន់ជាង កឹម សុខា ​ទៅទៀត​។ ក្នុងករណី​ចៃដន្យ​ណា​មួយ​​​ដែល លោក កឹម សុខា និង​ក្រុមគ្រួសារ លែងបានផលប្រយោជន៍ពីគណបក្ស សិទ្ធិមនុស្ស​ ពីព្រោះ​បោះឆ្នោត​២០១២-២០១៣​ មិនដឹង​ថាយ៉ាងម៉េចនោះទេ​។ សួរថាតើលោក កឹម សុខា សុខចិត្ត​អត់​អង្ករ​ច្រក​​ឆ្នាំង​នៅជាមួយគណបក្ស សិទ្ធិ​មនុស្ស​ឬ​?  ពេលនោះលោក កឹម សុខា ប្រាកដ​ជាវេច​មួយ​បង្វិច​ ស្ពាយ​​​ប្រពន្ធកូនទៅលន់តួ សុំទោសថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា ឬទៅអង្វរលោក សម រង្ស៊ី​ ​ដើម្បីបន្តនយោបាយហើយ​​។​ដូច្នេះក្នុងករណីដែលលោក កឹម សុខា លែងនៅក្នុង​គណបក្ស​សិទ្ធិមនុស្ស​ តើអ្នកផ្សេងៗទៀត​អាចបន្តគណបក្សសិទ្ធិមនុស្ស​​បានឬទេ​? បើអត់ទេគឺពិតជាអន់ជាងលោក កឹម សុខា ហើយ​។

លោកសត្យា រក្ស​
សំណួរ៖ ​ បើតាមការតាមដានស្តាប់​នូវ​នយោបាយ​​របស់ កឹម សុខា​​ ​គឺ​​ប្រជាពលរដ្ឋ​កំពុង​តែរិះគន់​គាត់​​​ថា​គាត់ជា​អ្នកនយោបាយបែបកូនក្មេង​ ឬនយោបាយឡប់គ្រឿង ឬក៏នយោបាយបញ្ចា្រស់ទិស។​​ការដែលប្រជា​ពលរដ្ឋ​លើក​ឡើង​​នេះគឺត្រឹមត្រូវណាស់​ ​ ពីព្រោះគាត់បានអួតថានៅអាមេរិក​ថាចេក​មួយ​ផ្លែ​១ដុល្លារ​​ជាដើម វាជារឿងមួយ​ដែលគ្មានអ្នក​ណាជឿទេ​។​ ដូចជា ជី ម្អម​ ស្លឹកគ្រៃ គេអាចខ្ចប់​យកទៅ​លក់​​​ធ្វើជាគ្រឿងកំប៉ុងជាដើម ដើម្បីកុំឲ្យខូច​គុណភាព​​។ ចំណុចនេះហើយ​ដែលប្រជាពលរដ្ឋ​លោក​បាត់បង់​នូវជំនឿ​ ហើយបានធ្វើការរិះគន់យ៉ាងខ្លាំង​​។ នៅពេលដែល​​ប្រជា​ពល​រដ្ឋ​រិះគន់​គាត់​បែប​នេះ គាត់បែរជានិយាយថាអ្នកគាំទ្រគាត់ច្រើនទៅវិញ​។ តើមាយាទបាយ​ឡុក​បាយ​ឡរបស់ កឹម សុខា​នេះ លោកបណ្ឌិត​មានអ្វី​ដើម្បី​ជាការបំភ្លឺ​ទៅដល់​ជនរួមជាតិ​ដែរឬទេបាទ?​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​ ខ្ញុំនៅចាំកាលពីបោះឆ្នោតសភាឆ្នាំ២០០៨​ លោក កឹម សុខា បានសម្ភាសន៍​នៅក្នុង​វេទិកា​​អ្នកស្តាប់​​​វិទ្យុអាស៊ី​សេរី​​។ ហើយគេបាន​សួរថា​​លោក កឹម សុខា សង្ឃឹមម្លេះ ចុះកាលពីមុន​កាល​នៅ​ជាអគ្គលេខា​បក្ស គណបក្សលោកតាសឺន សាន​ គឺបានបរាជ័យធ្លាក់ពី១០កៅអី​មកសូន្យកៅអីទេ គឺរហូត​ដល់រលាយបក្សទៅទៀត​ នេះគឺដោយសារ​តែមាន​អគ្គលេខាបក្ស​ដែលមាន​ខួរក្បាល​អន់ គឺ​លោក កឹម សុខា នេះឯង​។ ទីបំផុតគាត់បាន​លក់កេរ្តិ៍របស់លោកតាសឺន សាន ដើម្បីទៅយកតំណែង​នៅព្រឹទ្ធសភា​ទៀត​ គឺដោយសារស្នាដៃអគ្គលេ​ខាបក្សខួរក្បា​លអន់​នេះហើយ​។​ដូច្នេះ​ត្រូវពិចារណា​ ចំណុចមួយ​​នេះ​​ ។ ពេលនោះលោក កឹម សុខា មិនព្រមទទួលស្គាល់ទេ គឺគាត់បែរជាខឹងគេតែម្តង​។ បន្ទាប់​មកទៀតក៏ជិះក្របីចំលងភក់​ យកខ្មោចគណបក្សលោក​តាសឺន សាន​ ដែល​ស្លាប់​តាមរយះ​ការ​បោះឆ្នោត​ឆ្នាំ១៩៩៨ មក​ដុតនៅឯបច្ឆាគណបក្ស ហ្វ៊ុនស៊ីនប៉ិច​ ដើម្បីខ្លួនបានកៅអីព្រឹទ្ធសភា​។ នៅ​ពេល​ដែលដល់ត្រើយ​ ក៏បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​​​ ដើម្បីបោកលុយអាមេរិកទៀត​។ ក្រោយ​មក​ដោយសារតែអង្គការ IRI ផ្តាច់លុយ​ក៏បានបោះបង់​ចោល​មជ្ឈម​ណ្ឌល​​សិទ្ធិមនុស្ស​ទៀត​។​ពីព្រោះ​ដូច​ ខ្ញុំ​និយាយអញ្ចឹង​ មុខរបររបស់លោក កឹម សុខា​ គឺ​បោកគេតែអញ្ចឹង​​ នៅពេល​ដែល​អត់លុយ​ហើយ​គឺ​គាត់​ទៅបង្កើតមុខរបរមួយ​ទៀតដើម្បី​រក​លុយបាន។​ ដល់ពេលឥឡូវនេះមុខរបររកស៊ីរបស់​គាត់​ដែល​បំពេញ​ក្នុង​ប្រវត្តិរូបគឺមេ​បក្ស​ ហើយ​សព្វថ្ងៃនេះ​ គឺគ្មាន​ធ្វើ​អ្វី​លើសពីហ្នឹងទេ​។​​ ដូច្នេះបើយើងមើលទៅ នយោបាយរបស់លោក កឹម សុខា ដើម្បី​បាន​លុយ​មក​ឃោសនា​នៅឆ្នាំ២០០៨​ គឺ​​គាត់​បាន​យកតំណែង​ខ្យល់​ ដូចជាបញ្ជីឈរឈ្មោះតំណាងរាស្ត្រទៅលក់ឲ្យ​ខ្មែរនៅអាមេរិក នៅបារាំង​ ជាដើម ហើយ​បងប្អូន​ខ្មែរ​ខ្លះ​ដែលនៅ​​អាមេរិកក្តី នៅបារាំងក្តី ដែលអត់​បាន​ទទួល​ព័ត៌មាន​ និង​ដោយសារ​មានកំហឹង​ស្អប់នឹង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ ក៏ត្រូវរងគ្រោះចាញ់បោកលោក កឹម សុខា ដោយសារយកបញ្ជី​ឈ្មោះ​លំដាប់​លេខ១ ឬលេខ២​ នៅតាមខេត្តនីមួយៗ​ទៅលក់ គឺយ៉ាង​តិច​ពីប្រាំម៉ឺន ទៅប្រាំបីម៉ឺន ឬរហូត​ទៅដល់​ដប់ម៉ឺន​ដុល្លារ​ឯណោះ ​អញ្ចឹងនៅពេលដែល​អ្នកទាំងអស់​នោះ​បរាជ័យ​ គឺមានខ្លះ​លែងលះ​ប្តីប្រពន្ធ​ទៅ​ទៀត​​​​។ នៅពេលដែលលោក កឹម សុខា អស់ផ្លូវដើរ​គាត់​ក៏​ទៅ​គៀងគរ​រកអ្នកថ្មីទៀត​​ ដូចជា​នៅ​អាមេរិកក្តី នៅបារាំងក្តី​នាពេលថ្មីៗនេះ​ ។ ប៉ុន្តែទៅជើងនេះ​គ្មាននរណាគាំទ្រទេ​ គឺមានសភាពស្ងាត់​ណាស់​ ហើយអត់មាននិយាយថានឹងជួប​សមាជិកព្រឹទ្ធស​ភាអាមេរិក ឬជួប​តំណាងរាស្ត្រអាមេរិក ឬមន្ត្រីរដ្ឋការអាមេរិកទេ​។ ចំណុចនេះយើងឃើញ​ថាចរិតរបស់​លោក កឹម សុខា គ្រាន់តែ​គាត់​ជួប​កូន​អាមេរិកក៏គាត់អួតដែរ​ ហើយសម្ភាសន៍តាមអាស៊ីសេរី ឬក៏VOA ផ្អើលភូមិឥឡូវ​ហើយ​។​ កាលពីខែ​ណា​មួយ​នោះគ្រាន់តែទូតបារាំងនៅភ្នំពេញអញ្ជើញលោក កឹម សុខា​ និងបន​នយោបាយ​របស់គាត់​ទៅ​ស៊ីបាយ​​សោះ ក៏ផ្សាយពេញក្នុងកម្មវិធីសិទ្ធិមនុស្សដែរ​ បានន័យថា​ជា​មនុស្ស​ពូកែ​បំប៉ោង​សម្លេង​ ប៉ុន្តែគ្មានខ្លឹមសារ​​។​
សរុបមកនយោបាយរបស់លោក កឹម សុខា មិនអាចឈានទៅមុខបានវែងឆ្ងាយនោះទេ នៅ​ពេល​ដែលគាត់​ធ្វើរបៀបគ្មានភាពច្បាស់លាស់ ហើយគ្រាន់តែយក​ពាក្យនយោបាយ​សម្រាប់ជា​មុខរបរ​ សម្រាប់​បម្រើផលប្រយោជន៍ខ្លួនឯង និងប្រពន្ធកូនបែបនេះ​។​ដូច្នេះអ្នកដ៏ទៃទៀត​​ដែលទៅចូលរួម និ​ង​ប្រជាពលរដ្ឋ​ដែលច្រឡំ​បោះ​ឆ្នោតគាំទ្រ​ឲ្យលោក កឹម សុខា ជាពិសេស​នៅមណ្ឌលបោះឆ្នោតកំពង់ចាម កណ្តាល ព្រៃវែងជាដើម​ បានរា​យ​ការណ៍​​មកថាគេច្រឡំបោះឲ្យលោក កឹម សុខា ពីមុនមក​នោះ​ គឺដោយសារ​តែលោក កឹម សុខា និយាយដដែលៗ​ពេក​ ហើយនៅពេល​ដែលគេមើល​ឃើញថា​ជាការ​បោក​ប្រាស់នោះ ពួកគេបាន​ចាកចេញ​មកវិញច្រើនណាស់​​​ ដូច្នេះហើយបានជាយើង​ប្រើពាក្យថា គេ​បោះឆ្នោត​ច្រឡំ​ឲ្យលោក កឹម សុខា នៅកំពង់ចាម នៅកណ្តាល នៅព្រៃវែង ជាដើម​នោះ​។​

លោកសត្យា រក្ស​
សំណួរ៖ ​ មកទល់ពេលនេះ នយោបាយភូតភរ របស់លោក កឹម សុខា គឺទទួលបានផល​ខ្លះដែរ​ដូចជា​អ្នកគាំទ្រគណបក្ស សម រង្ស៊ី មួយចំនួន​មានតាំង​ពីថ្នាក់​តំណាងរាស្ត្រ​ទៅទៀត​ គឺបាន​មក​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​លោក កឹម សុខា​ ។​ អញ្ចឹងទាក់ទងទៅនឹងសមត្ថភាពអូសទាញរបស់លោក កឹម សុខា​ ចំពោះសកម្មជនគណបក្ស​ផ្សេងៗនោះ តើលោកបណ្ឌិតមើលឃើញថា​ កឹម សុខា នេះ​មាន​សមត្ថភាព​​អូសទាញ​សមាជិក ឬក៏អ្នកគាំទ្រគណបក្សប្រជាជនឲ្យចូល​រួមក្នុង​នយោបាយ​កន្លះក្អម​របស់​គាត់​ បានឬទេ​?​​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​ ចំណុចនេះយើងអាចលើកយកពាក្យចាស់បុរាណបានពោលថា​ « ភូតច្រើន ច្រើន​ចាញ់​អាត្មា​ ​​» មកវិភាគ​បាន​។​ ទី១ យើងគ្រាន់តែគិតថា តើលោក កឹម សុខា គាត់រកស៊ីមុខរបរអ្វី ស្មោះត្រង់​ឬអត់​?​។ លោក កឹម សុខា ទៅធ្វើនយោបាយកន្លែងណាគឺអត់បានយូរ​ទេ​​។ មុនពេល​ដែល​គាត់​ទៅចូលធ្វើ​នយោបាយជាមួយគណបក្ស លោកតាសឺន សាន​ កាលឆ្នាំ១៩៩២-១៩៩៣ គាត់បាន​បង្កើត​​អង្គការសិទ្ធិមនុស្សមួយ​។ ក្រោយមកគាត់​លក់អង្គការសិទ្ធិមនុស្សនោះ​ ដើម្បីធ្វើ​ទុន​ចូលទៅ​ក្នុង​គណបក្ស លោកតាសឺន សាន​ ពីព្រោះគាត់អត់មានប្រវត្តិ​ និងអតីតភាព​នៅ​ក្នុង​រណសិរ្ស​​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់លោកតាសឺន សានទេ​​។​តែហេតុអ្វីបានជាលោក កឹម សុខា បានឈរ​នៅក្នុង​កៅអី​តំណាងរាស្ត្រ​? និងបានធ្វើនៅក្នុងកូតាសភាជាប្រធានគណកម្មការសិទ្ធិមនុស្ស​របស់រដ្ឋសភាទៅទៀត ឯអ្នក​ដ៏ទៃជា​​សមាជិករដ្ឋសភាដែរ ដែលមានអតីតភាព​ពីដើម​ឡើយ​ជាមួយ​លោកតា​សឺន សាន​ នៅ​ក្នុង​រណសិរ្ស​រំដោះប្រជាពលរដ្ឋខ្មែរ គឺអត់ទទួលបានទេ​ គឺត្រឹមតែ​ជា​សមាជិក​សភា និងខ្លះទៀត​បានត្រឹម​តែ​ជា​លេខាគណកម្មការ​តែប៉ុ​ណ្ណោះ​។​ ត្រង់ចំណុចនេះ​គឺយើង​អាចបញ្ជាក់​អំពី​មុខរបរ​របស់លោកកឹម សុខា ហើយ អញ្ចឹងយើងមិនចាំបាច់​ឆ្លើយទេ គឺទុកឲ្យអតីតសមាជិក​គណបក្ស​លោកតាសឺន សាន ពិចារណា និង​ឆ្លើយ​ខ្លួនឯងចុះ​ ពីព្រោះអ្នកទាំងអស់នោះដឹងច្បាស់ហើយ​។​ ក្រោយមកទៀត ហេតុអ្វី​បានជា​លោក​កឹម សុខា បានធ្វើជាអគ្គលេខាគណបក្សលោកតាសឺន សាន ទៀត​ ចំណែក​ឯអ្នកដែល​មានអតីតភាព​នៅ​ក្នុង​គណបក្សលោកតាសឺន សាន​ មិនបានធ្វើទៅវិញ​។​ ប៉ុន្តែវាសនានេះមិនបានយូរទេ ទីបំផុត​គឺត្រូវ​រលាយ​គណបក្ស​ រួចរត់ទៅចូលជាមួយគណបក្ស ហ្វ៊ុនស៊ីនប៉ិច​ ហើយក្រោយ​មកទៀត​ដោយសារ​តែ​គេ​ស្គាល់​ក្រយៅមិនសុច្ចរិត​ តាំងពីក្បាល​ដល់ចុង​កន្ទុយ​​ក៏ត្រូវចេញ​ទៅធ្វើ​ជាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ កម្ពុជា​ទៀត ​ប៉ុន្តែបានតែ២ ឬ៣ ឆ្នាំ​ ក៏ត្រូវ​មន្ត្រី​បុគ្គលិក​​មជ្ឈមណ្ឌលសិទ្ធិមនុស្សជំនាន់​នោះ​​ ស្គាល់ក្រយៅលោក កឹម សុខា​ទៀត ​ទើប​គេ​បណ្តេញ​មិនឲ្យ​នៅ​​មជ្ឈ​មណ្ឌល​តទៅទៀត ហើយអង្គការ IRI ក៏ខកចិត្ត​ ហើយ​អាម៉ាស់​ដោយសារ​លោក កឹម សុខា ថែមទៀត​​​ មិនគួរចាញ់បោកលោកកឹម សុខា បោកលុយ​ទៅ​ធ្វើ​គណបក្ស​​។ មានន័យថា IRI យកលុយ​មកឲ្យលោក កឹម សុខា មកធ្វើគណបក្ស ប៉ុន្តែ​មិនមែនដូច្នោះទេ សូមប្រជាពលរដ្ឋកុំច្រឡំ​ យើងត្រូវឲ្យយុត្តិធម៌ទៅអង្គការ IRI ផង ពីព្រោះអង្គការ IRI ក៏ជាជនរង​គ្រោះ​ដូច​ប្រជាពលរដ្ឋខ្មែរ ដូច ឈឹម ផលវរុណ ហើយក៏ដូច​អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែរ​​។ អញ្ចឹងលោក កឹម សុខា គឺជាមនុស្សបោក​ ហើយមនុស្សដែលភូតច្រើន​ ច្រើនចាញ់អាត្មានោះ គឺលោក កឹម សុខានេះឯង​ បើមុខរបររកស៊ីគេហៅថាលក់ផ្លូវ​។ ឥឡូវនេះ​នៅសល់តែផ្លូវពីរ​ទេ​ដែល​លោក កឹម សុខា ត្រូវដើរ​នៅពេលដែលទៅដល់ផ្លូវទាល់ គឺទី១ លន់តួសុំទោសថ្នាក់ដឹកនាំ​​គណបក្ស​ប្រជាជន​កម្ពុជា​​​ និងទី២​គឺ​ទៅ​អង្វរ​លោក សម រង្ស៊ី ឲ្យ​ផ្តល់លទ្ធភាពដើម្បីបានចូល​ក្នុងគណបក្ស​ សម រង្ស៊ី​ដែរតែប៉ុណ្ណោះ​។​ ការដែលលោក កឹម សុខា ទទួលបាន៣កៅអីនេះ គឺមិនមែន​ដោយសារ​អ្នកគាំទ្រ​លោក កឹម សុខា ទេ​ ប៉ុន្តែគឺសុទ្ធតែជាអ្នកដែលរំភើបនឹងលោក កឹម សុខា​ ហើយ​ពាក្យរំភើប​គឺគេ​ទៅតាម​តែ​មួយភ្លែតទេ អញ្ចឹងហើយបានជាយើងហៅថាច្រឡំ​បោះឆ្នោត​នោះ​។​ កាលពីឆ្នាំ២០០៨ ស្ថានភាព​របស់​គណបក្ស ហ្វ៊ុនស៊ីនប៉ិច មានការបែកបាក់​ ពេលនោះគណបក្សហ្វ៊ុនស៊ីនប៉ិច មាន៦អាសនៈ​។ ក្រោយ​​ពេលដែលបែកបាក់ បានក្លាយទៅជាហ្វ៊ុនស៊ីនប៉ិច ថ្មី​ ហើយនិងគណបក្ស នរោត្តមរណរិទ្ធ ។ អញ្ចឹង​​អ្នកគាំទ្រគណបក្ស ហ្វ៊ុនស៊ីនប៉ិច ចាស់មួយចំនួនក៏ងាកទៅគាំទ្រគណបក្ស​លោក កឹម សុខា​។ អញ្ចឹង​​ហើយបានន័យថា​គណបក្សហ្វ៊ុនស៊ីនប៉ិចថ្មី និងគណបក្ស នរោត្តមរណរិទ្ធ​ បានបាត់បង់​អ្នក​បោះឆ្នោត​របស់ខ្លួនកាលពីមុនមកនោះ​​ គឺដល់ពេលនេះ​លោក កឹម សុខា ភ័យ​ខ្លាច​សមាជិក​របស់​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច និងសមាជិករបស់គណបក្ស​នរោត្តមរណរិទ្ធ​ ទាំងនោះ​នឹងត្រឡប់​ទៅរក​គណបក្ស​​ដើម​របស់គេវិញ​។​ ទី២ទៀត អ្នកដែលគាំទ្រលោក កឹម សុខា គឺជាអ្នក​ដែលប្រឆាំង​នឹង​គណបក្ស​ប្រជាជនកម្ពុជា​ ដែលយល់​ច្រឡំពីគណបក្សប្រជាជនកម្ពុជា ។​អញ្ចឹងហើយ​ នៅពេលដែល​គេឃើញថាគណបក្សលោក កឹម សុខា ប្រឆាំងនឹងគណបក្ស សម រង្ស៊ី​​​ និងមិនដឹង​ថា​មុខមាត់​របស់​លោក កឹម សុខា បម្រើឲ្យសម្តេចនាយករដ្ឋមន្ត្រី​ ឬ​ក៏ជាគណបក្សស្វ័យភាព​ឬយ៉ាងណានោះ អញ្ចឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​មានការ​មន្ទិល និងងាកទៅគាំទ្រ​គណបក្សប្រជាជនកម្ពុជា​តែម្តង​ ពីព្រោះ​គេមិន​បោះឆ្នោត​ឲ្យគណបក្សអាយ៉ងទេ​។​

លោកសត្យា រក្ស​
សំណួរ៖ ថ្មីៗនេះ លោក កឹម សុខា កំពុងតែ​បញ្ចេញនូវសកម្មភាព​មួយ​បដិសេធ​ទៅនឹង​លទ្ធផល​​​​របស់អង្គការ IRI ដែលគេស្ទង់មតិទៅមើលេឃើញថា​ រាជរដ្ឋាភិបាល​បានដើរ​លើផ្លូវត្រូវ​នោះ​ចំនួន​​៧៦% ។ ប៉ុន្តែ​កឹម សុខា បានអះអាងថា​៧៦% ដែល IRI បានធ្វើការស្ទង់មតិនេះគឺជាការ​មួយ​ដែល​ IRI ស្ទង់មតិ​ដោយច្រឡំទេ​ ហើយគាត់បានដាក់បន្ទុកទៅលើប្រជាពលរដ្ឋ​ ថា​ប្រជាពលរដ្ឋ​ដែល​ទៅ​ឆ្លើយ​ជាមួយនឹង IRI នៅពេលស្ទង់មតិនោះគឺប្រជាពលរដ្ឋមិនយល់​ និងប្រជាពលរដ្ឋនោះខ្លៅ ខ្លាច ឃ្លាន​ ជាដើម​។​ អញ្ចឹងទស្សនៈរបស់កឹម សុខា ដែលបានចោទប្រកាន់ថា​​ការអភិវឌ្ឍ​ជាការបំភ័ន្ត​ភ្នែក​ និង​ការបដិសេធនូវលទ្ធផល​នៃការស្ទង់មតិរបស់ IRI នោះ តើលោកបណ្ឌិត​យល់ឃើញ​យ៉ាងម៉េច​ដែរ​បាទ​?​​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ចំណុចនេះ ប្រជាពលរដ្ឋត្រូវគិតរួមគ្នាទៅថា​ ការចោទរបស់លោក កឹម សុខា ថាការ​ស្ទង់​មតិរបស់ IRI អត់មានលក្ខណៈវិទ្យាសាស្ត្រ អត់ត្រឹមត្រូវ​។ ចុះអ្វី​ដែលគាត់​ធ្វើការ​ប៉ាន់ស្មាន​ថាគាត់​នឹង​ឈ្នះ​កាលពីឆ្នាំ២០០៨ ពី៥៨កៅអី ទៅ៦០កៅអីនោះ​ជាការ​ត្រឹមត្រូវ​ដែរឬទេ​?​​ ចំណុចនេះ​បញ្ជាក់​ថា​គាត់គឺជា​មេបក្សខួរក្បាលអន់​បាត់ទៅហើយ​។​ពីព្រោះគាត់​ វាយតម្លៃ​អ្នកគាំទ្ររបស់​ខ្លួនមិនត្រូវ​ផងនោះ​ ដូច្នេះ​​គាត់វាយ​​តម្លៃ​អ្នកដ៏ទៃ​មិនកើត​ទេ​​។ បើសិនជាលោក កឹម សុខា វាយតម្លៃ​គណបក្ស​របស់​ខ្លួន​មាន​សន្ទុះ​​បានប៉ុណ្ណា បានត្រឹមត្រូវ នោះទើប​យើងអាចពិចារណាពីការស្ទង់មតិរបស់ IRI ។ ​ការវាយ​តម្លៃ​របស់​គាត់ដែលថាពី៥៨ ទៅ៦០នោះ ចុងក្រោយគឺបានតែ៣កៅអីប៉ុណ្ណោះ​ គឺវា​មានការ​ខុសគ្នា​ឆ្ងាយ​ខ្លាំង​ណាស់​​។ ចំណែក IRI ដែលបានវាយតម្លៃថាប្រជាពលរដ្ឋខ្មែរ​៧៦% ទទួលស្គាល់ថា​ការដឹកនាំ​របស់រដ្ឋាភិបាលកម្ពុជា​ធ្វើដំណើរត្រឹមត្រូវ​​ បានន័យថា​រដ្ឋាភិបាលបានដឹកនាំនាវាកម្ពុជា​បានត្រឹមត្រូវ​។ លោក​កឹមសុខា បែរជាចោទប្រជាពលរដ្ឋថា អត់ចេះ អត់យល់​ ឬក៏ឃ្លាន ខ្លាច ខ្លៅ​ ទៅវិញ​។ តាមពិត​គឺគាត់​ទៅវិញទេ​ដែល ឃ្លាន ខ្លាច ខ្លៅ ។ ទី១ លោក កឹម សុខា ឃ្លាន​តាំងពីកាតទូរស័ព្ទ៥ដុល្លារទៅ គឺលោក កឹម សុខា ​គាត់កឹបកេងបានដែរ​ ។ គាត់ឃ្លាន​ហ៊ានកាត់ប្រាក់ខែបុគ្គលិក​​ រហូត​ដល់ហ៊ាន​កាត់​របប​ប្រចាំថ្ងៃរបស់​សិក្ខាកាម​ដែលមករៀន​ វគ្គពលរដ្ឋវិជ្ជាដែលខ្ញុំបង្រៀនទៀត​។ របបមួយថ្ងៃ៨ដុល្លារ លោកកឹម សុខា ឲ្យគេតែ៣ដុល្លារ ទៅ៤ដុល្លារទេ​។ ឃ្លានមួយទៀតគឺគាត់ឃ្លានអំណាច ចង់ធ្វើ​នាយករដ្ឋមន្រ្តី​។​ ការគិតបែបនេះមិនប្រមាណខ្លួនដែលគណបក្សខ្លួនទើបតែកើតថ្មី​សោះ ចង់បាន​តំណែង​​ជា​នាយក​រដ្ឋមន្ត្រី​ គណបក្សទើបកើត​ថ្មីគឺឲ្យតែបានពី​​៥ទៅ១០កៅអី ឬ១៥កៅអីទៅ វា​ជាការ​អស្ចារ្យ​​ទៅ​ហើយ​នៅ​លើ​ពិភពលោក ពីព្រោះប្រទេសណាក៏ដូចប្រទេសណាដែរ​ គ្មានគណបក្ស​កើតថ្មី​ឈ្នះភ្លាមៗ​​ឡើងកាន់​អំណាច​ទេ​។ នេះហើយការឃ្លានរបស់លោក កឹម សុខា​ ដែលធ្វើ​ឲ្យគាត់​មិនចេះ​ប៉ាន់​ប្រមាណ​ អញ្ចឹងមិនមែនប្រជាពលរដ្ឋជាអ្នកឃ្លានទេ​ គឺលោក កឹម សុខា ឃ្លាន​ខ្លួនឯង​។​

ចូលដល់ ​ចំណុចខ្លៅ​របស់លោក កឹម សុខា​ ។​​គណបក្សដែលទើបតែបង្កើត​ ហ៊ានគិតគូរ​តួលេខ​បាន​រហូតពី៥៨ ទៅ៦០កៅអី​នោះ គឺជាការខ្លៅរបស់គាត់ហើយ​។ នៅពេល​ដែល​ទទួលបាន​៣កៅអី​ហើយ​នោះ​គាត់ក៏​ដើរតួខ្លៅ​ម្តងទៀត ដោយអួតថា​គណបក្ស​យើងទើប​តែកើតថ្មី​ទទួល​បាន៣កៅអី​នោះ​គឺ​ខ្លាំងជាងគេ​ហើយ​ គ្មានគណបក្ស​ណាបានទេ​ នេះជាចម្លើយ​មនុស្សខ្លៅ​ ពីព្រោះលោកកឹម សុខា គាត់​អត់​ចេះគណនា​ គឺគាត់គណនាអត់ចេញ​ គឺខុសគ្នា២០ដង នៅតែអួតទៀត​ថាខ្លួនគ្រាន់បើ​ នេះ​ជាការ​ខ្លៅ​របស់​គាត់ហើយ​។​

ចំណុច ​ដែលគាត់ខ្លាច​ នេះជារឿងពិត​ កាលខ្ញុំនៅជាមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​ ចូលរួម​ក្នុង​វេទិកា​សម្តែងមតិ​សាធារណៈជាមួយលោក កឹម សុខា​ ខ្ញុំដឹង​។ កាលធ្វើនៅព្រែកអញ្ចាញ​ គ្រាន់តែ​អ្នក​រៀបចំ​ប្រាប់ថា​ឯកឧត្តមប្រធានមានខាងគណបក្សប្រជាជនមកចូលរួម​ ប្រហែលជា២០នាក់ដែរនោះ គឺ​វេទិកា​នោះគឺឡើងដល់រាប់រយនាក់​។ ពេលនោះលោក កឹម សុខា ខ្លាចអត់ហ៊ានទៅទេ​ គឺចាំ​ឲ្យ​គេ​គៀងគរ​ទូតអាមេរិក​ បរទេស និងអ្នកយកព័ត៌មានអាស៊ីសេរី​ ទើបខ្លួនឯងហ៊ានទៅ​។ នេះ​ជាការ​ខ្លាច​របស់​លោក កឹម សុខា ។ នៅខេត្តស្វាយរៀង​ ពេលនោះ​ខ្ញុំ​មាន​វត្ត​មាន​នៅទីនោះដែរ​ នៅពេល​មាន​បញ្ហា​លោក​កឹមសុខា មិនដឹង​ជាដោះយ៉ាងម៉េច​​​ ខ្ញុំជា​​អ្នក​សរសេរ​ក្រដាស​​​ប្រគល់​ទៅឲ្យ​​លោក ចៅហ្វាយ​ស្រុក ប្រកាស​បិទ​កម្មវិធី ហើយ​យើង​រំសាយ​ ដោយ​សារ​សភាព​ការណ៍​​នេះ​យើង​ត្រូវ​ទុក្ខ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​​ ។​​ លោក កឹម សុខា គិត​អត់​ចេញ​ទេ​ ស្រាប់​តែ​ប្រកាស​បិទ​ហើយ​ងាក​មក​បាត់​ លោក កឹម សុខា ងាក​ទៅ​រក​ឡាន​បាត់​ទៀត​ តើ​អាហ្នឹង​ខ្លាច​អត់​អាហ្នឹង​។​ ដល់ពេល​​ជួប​ លោក កឹម សុខា ជួប​នៅ​អ្នកលឿងឯណោះ​ នៅ​ហាង​បាយ​ អាហ្នឹង​ខ្លាច​ឬ​អត់ ។ សរុប​មក​វិញ​ លោក កឹម សុខា កុំ​និយាយ​ដល់​ផ្ទុះ​អាវុធ​ ក្មេង​ដុត​ផាវ​​ក្បែរ​ខ្លួន​ក៏​រត់​ចោល​ ៤ទៅ​៥ គីឡូម៉ែត្រ​ ហើយ​ងាក​មក​សួរវិញ​​ ម៉េច​បាត់​ផ្ទុះឬ​​នៅ ផ្ទុះ​​អី​ ដល់​គេ​ប្រាប់​ថា ផ្ទុះ​ផាវ​​បាន​អៀន​ខ្លួន​ក្រោយ​ ។ រឿង​ខ្លាច​មួយ​ទៀត ឥឡូវ​ជិត​ដល់​ទិវា​សិទ្ធិមនុស្ស​ ថ្ងៃ ១០ ខែ​ធ្នូ។​ កាលពី​​ថ្ងៃទី១០ ខែ​ធ្នូ ២០០៥ នៅ​ពហុកីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​គឺ​ពេល​ហ្នឹង​លោក កឹម សុខា ត្រូវ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​ដាក់​បដា​មួយ​ ដែល​រិះគន់​បុគ្គល​ វាយ​ប្រហារ​បុគ្គល​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ នៅ​ឯតុលាការ​លោក​ កឹម សុខា ឆ្លើយ​យក​រួច​ខ្លួន​។​ គាត់​ថា គាត់​អត់​បាន​សរសេរ​ទេ​អក្ស​រ​ទាំង​អស់​ហ្នឹង​ គឺ​ជា​អក្សរ​របស់​ប្រជាពលរដ្ឋ​អ្នក​សរសេរ​។​ គេ​អត់​ជំទាស់​​ទេ​បើ​អក្សរ​របស់​ប្រជាពលរដ្ឋ​អ្នក​​សរសេរ​ អ្នក​ឯង​ដឹង​ហើយ​ អ្នក​ឯង​យក​ផ្សាយ​ធ្វើ​អ្វី​ ម៉េច​មិន​ទុក​នៅ​ឃ្លាំងរបស់​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ម៉េច​យក​មក​ផ្សាយ​ ដោយ​សារ​អ្នក​​ឯង​ជា​​ប្រធាន​ អ្នក​ឯង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ គេ​ប្តឹង​រឿង​អ្នក​ឯង​អត់​ទទួល​ខុស​ត្រូវ​ មិន​មែន​ប្តឹង​ទៅ​លើ​អ្នក​សរសេរ​ទេ​ ប្តឹង​ទៅ​លើ​ព័ត៌មាន​បរិហារកេរ្ត៍​ គាត់​ឆ្លើយ​ថា គាត់​អត់​បាន​ធ្វើ​ទេ​ គាត់​ឆ្លើយ​ទម្លាក់​ទៅ​ប្រជាពលរដ្ឋ​ អាហ្នឹង​ខ្លាច​ឬ​អត់​?​។​ ដល់​ពេល​ចេញ​ពី​គុក​ គាត់​ថា គាត់​ជាប់​គុក​ដោយ​សារ​ស្នេហាជាតិ​ អញ្ចឹង​ ឃ្លាន ខ្លាច ខ្លៅ មិន​មែន​ប្រជាពលរដ្ឋ​ទេ គឺ​ កឹម សុខា ខ្លួន​ឯង​តែ​ម្តង​៕​

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី