Thursday, December 8, 2011

លិខិត​​សំ​ដែង​​ការ​​ខក​ចិត្ត​របស់​​លោក សុខ សំ​ណាង​ សកម្មជន​គណបក្សសម រង្ស៊ី នៅ​ខេត្តកំ​ពង់​ចាម ផ្ញើ​ជូន​ប្រជាពល​រដ្ឋខ្មែរ ក្នុង​​ និង​ក្រៅ​ប្រទេស​


ពល​រដ្ឋខ្មែរ​ទាំង​​អស់​​សូម​​មេត្តា​ឈប់​​ជឿការ​​បោក​​ប្រាស់​​របស់​ កឹម​ សុខា និង​សម រង្ស៊ី
មុន​នឹង​ខ្ញុំ​បាទ​ រៀប​រាប់​អំពី​ សុខទុក្ខផ្ទាល់​ខ្លួន បន្ទាប់ពី​បានចាញ់​បោក​​គណបក្សសម រង្ស៊ី
ជាបឋម ខ្ញុំ​សូម​ប្រកាសថា​ «ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ ខ្ញុំ​ឈប់​ធ្វើ​នយោបាយ​ទៀត​ហើយ»​

          មេបក្ស​ប្រឆាំង​ឈ្មោះសម រង្ស៊ី​ និង​ម្នាក់​ទៀត​ ឈ្មោះ​ កឹម​ សុខា អ្នក​ទាំងពីរ​រូប​នេះ គឺជាមនុស្សអត់​បាន​ការ គឺជាឈ្លើងជញ្ជក់​ឈាមគ្រួសាររបស់​ខ្ញុំ និង​អាច​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរមួយ​ចំ​នួនជាប់​គុកដោយ​សារ​ដើរ​តាម​នយោបាយ​នោះ ។ បើទោះបី​ជាពួក​គេ​តាំង​ខ្លួន​ឯង​ថា​ ជាអ្នក​ស្រឡាញ់​លទ្ធិ​ប្រជា​ធិបតេយ្យ អាណិត​អាសូ​រ​ប្រជាពល​រដ្ឋខ្មែរ យ៉ាង​ណាក៏​ដោយ​ ក៏ពួក​នេះ​នឹង​នៅ​តែជាបក្ស​ប្រឆាំង​អស់​មួយ​ជី​វិត។
          មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ជន​ក្បត់​ទាំង​ពីរនាក់​នេះ​ គឺមិន​បាន​ជួយ​កសាង​ប្រទេស​ជាតិ​ទេ គិត​តែ​ពី​រឿង​ចង់​បាន​អំ​ណាច​ និង​បំ​ផុសឱ្យ​មន្ត្រី​របស់​ខ្លួន​នៅ​តាម​ភូមិ​ ឃុំ ស្អប់​ខ្ពើម​គណបក្ស​ប្រជាជន​ និង​ចោទ​ថា​ មេបក្ស​ប្រជាជន​​ជាអាយ៉ង​ប្រទេស​វៀត​ណាម​ និង​បាន​កាប់​សម្លាប់​ខ្មែរ ប៉ុន្តែ ការពិត​ ​រដ្ឋាភិបាល​ដែល​ដឹក​នាំដោយ​សម្តេច​ហ៊ុន សែន មិនមែន​ដូច​ពួក​គេប្រឆាំង​ចោទ​ប្រកាន់​នោះ​ទេ។ នេះ​ គឺជាការ​យល់​ឃើញ​របស់​ខ្ញុំ​បាទ ​ដែល​បច្ចុប្បន្ន​ជាសកម្មជន​មួយរូប​របស់​គណបក្សសម រង្ស៊ី​ នៅ​ខេត្តកំពង់​ចាម ដែល​សព្វ​ថ្ងៃបាន​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ខូច​ចិត្ត ឈឺស្គម​រី​ងរៃ ហើយ​កំ​ពុង​ជួប​នូវ​ការ​រងទុក្ខលំ​បាក​វេទនាយ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​ដើរខុសផ្លូវ​អស់​រយៈ​ពេល​៦ឆ្នាំ ដោយសារ​ស្រឡាញ់​គណបក្ស​ប្រឆាំង​ ជឿការ​បោក​ប្រាស់​របស់​មេខ្យល់​នៅ​តាម​មូល​ដ្ឋាន ដោយ​សង្ឃឹមថា​ នឹង​បាន​ធ្វើ​ជាមេឃុំមួយ​នៅ​ខេត្តកំ​ពង់​ចាម ប៉ុន្តែ លទ្ធផល​គឺវាសូន្យ​ ក្តី​ស្រមៃនោះ​វាបាន​ក្លាយ​ទៅ​ជារឿង​អាសារ​បង់​ឥតប្រយោជន៍ ហើយ​ថែម​ទាំង​រហូត​មាន​ការ​ឈ្លោះ​ប្រកែក​ទាស់​ទែង​គ្នារវាងប្តី​ប្រពន្ធ​ក្នុង​គ្រួសារ​ និង​ធ្លាក់​ខ្លួន​ក្រ​ដុន​ដាបលំ​បាក​វេទនាជាខ្លាំង​ មិន​ត្រឹម​តែប៉ុណ្ណោះ​​ទាំង​ញាតិ​មិត្ត​ក្នុង​ ស្រុក ភូមិ​​ គេលែង​រាប់​រក​ទៀត​ផង​។
មូល​ហេតុ​ គឺដោយសារ​ខ្ញុំ​បាទ​បាន​លក់​អស់​ខ្ទេចខ្ទី​ ដី​ស្រែ ចំ​ការ​ ដែល​ជាកេរ្ត៍របស់​ឳពុក​ម្តាយ​ចែក​ឱ្យប្តី​ប្រពន្ធខ្ញុំសំ​រាប់​ធ្វើ​ស្រែ និង​ប្រកប​មុខរបបចិញ្ចឹម​កូន​ ប៉ុន្តែឥឡូវ​វាហិន​ហោចអស់​គ្មានសល់​ ហើយ​សព្វ​ថ្ងៃ ខ្ញុំ​បាទ​ និង​ប្រពន្ធ​ក៏ធ្លាក់​ខ្លួន​​ឈឺធ្ងន់​អត់​លុយ​ព្យាបាល​ជម្ងឺ ចំ​ណែក​កូន​ក៏​មិន​បានទៅ​សាលា​រៀន​ ដោយ​សារអត់​លុយ។
ខ្ញុំ​បាទ​បាន​ជឿតាមការ​ឃោសនារបស់​គណបក្ស​សម រង្ស៊ី​ បន្ទាប់​ពី​បានឮថា​ ពេល​គណបក្ស​សម រង្ស៊ី​ ជាប់​ឆ្នោត​គេនឹង​ឱ្យ​ខ្ញុំ​បាទ​ធ្វើ​ជាមេឃុំ ប៉ុន្តែ ពួក​គេមិន​បាន​គោរព​ពាក្យ​សម្តី​របស់​ខ្លួន​ឡើយ​ ដោយ​បាន​តម្រូវ​ឱ្យ​ខ្ញុំ​ចំ​ណាយ​លុយ​យ៉ាង​ច្រើន​ដើម្បី​អូសទាញ​សម្លេង​បន្ថែម​ ដូច​ជា​ឱ្យ​ខ្ញុំ​បាទ​ប្រមូល​លុយ​គ្នា​ ដើម្បី​ជប់​លៀង​ឱ្យ​សកម្មជន​នៅ​តាម​ស្រុក​ ឱ្យ​សមាជិក​ក្រុមប្រឹក្សាឃុំនី​មួយៗ តាម​ដាន​គណបក្ស​ប្រជាជន​ និង​ខំ​ប្រឹង​ចាប់​កំ​ហុស​​អាជ្ញាធរអំពី​ការ​ប្រព្រឹត្តខុសច្បាប់​នានា ដើម្បី​រាយ​ការណ៍​ជូន​ថ្នាក់​លើ​ និង​ជម្រុញ​ឱ្យ​អ្នក​គ្រប់​គ្នា​ត្រូវ​ដើរ​និយាយ​អាក្រក់​ពី​រដ្ឋាភិបាល​ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អំពី​សុខទុក្ខរបស់​ប្រជាពល​រដ្ឋ ប្រជាពល​រដ្ឋរងគ្រោះ​បញ្ហា​ដី​ធ្លី ទោះបី​រឿង​នោះ​តូច​តាច ឱ្យ​តែកើត​មាន​ ក៏​ត្រូវ​តែនាំគ្នា​និយាយបំ​ប៉ោង​ឱ្យទៅ​ជារឿង​ធំ​ ដើម្បី​ឱ្យ​ផ្អើល​ឆោឡោ​ឡើង និងត្រូវ​ចេះ​រាយការណ៍​ជូន​មក​អ្នក​តំ​​ណាង​រាស្ត្រ​មណ្ឌល​របស់​ខ្លួន អំពី​ពេល​មាន​ការ​ឈឺថ្កាត់​គ្មានពេទ្យ​ព្យាបាល​ និង​ចោទ​ពី​បញ្ហា​ពុករលួយ​ផ្សេងៗរបស់​សមត្ថកិច្ច​ និង​មន្ត្រី​អ្នក​មាន​អំ​ណាច​ ដើម្បី​សំ​អុយ​គណបក្ស​ប្រជាជន។ ក្រៅ​ពី​នេះ​​ អ្នក​តំ​ណាង​រាស្ត្រ​មួយ​ចំ​នួន​ពេល​ចុះ​ទៅ​ជួប​ប្រជាពល​រដ្ឋ បាន​ជម្រុញ​ឱ្យរូប​​ខ្ញុំ​បាទ​ និង​សកម្ម​ជន​ទាំង​អស់​ ត្រូវ​ចេះទៅ​ចូល​រួម​ក្នុង​វេទិកាសាធារណៈ​ជាមួយ​គណបក្ស​​សិទ្ធិ​មនុស្ស ឬក៍​កម្ម​វិធី​រៀប​ចំ​ដោយ​អង្គការ​ផ្សេង​ៗ និង​ឱ្យ​ក្លាហានក្នុង​ការ​​​ទូ​រស័ព្ទ​ចូល​ចោទជាសំ​នួរជាមួយ​វិទ្យុ​អាស៊ី​សេរី​ និង​វិទ្យុ​វី​អូ​អេ ដើម្បី​សួរទៅ​វាគ្មិន​ ដែល​គេអះ​អាង​ថា វាគ្មិន​ទាំងនោះ​ គឺជា​គ្នារបស់​យើង​ និង​ថា​អ្នក​ទាំង​នោះ​សុទ្ធ​តែគាំ​ទ្រ​គណបក្ស​ប្រឆាំង​ ដូច្នេះ​ត្រូវ​តែ​និយាយ​អាក្រក់​ពី​ការដឹក​នាំសព្វ​ថ្ងៃ ក្រៅ​ពី​នេះ​ គេបានឱ្យ​នាំ​គ្នា​ស្តាប់​វិទ្យុ​ភ្លើង​ទៀន​របស់​គណបក្ស​ សម រង្ស៊ី​​ និង​ប្រាប់​ថា​ ​ខំ​ប្រឹង​ជេររដ្ឋា​ភិបាល​  នាំ​គ្នាចោទ​ថា​គ្មាន​ទេការ​គោរព​សិទ្ធិ​មនុស្ស​  មាន​តែ​ការ​កៀប​សង្កត់​ធ្វើ​បាប និង​ការ​គំ​រាម​កំ​ហែង​សព្វ​បែប​យ៉ាង​ សូម​កុំនិយាយ​ពី​រឿង​អភិវឌ្ឍន៍ស្រុក​ទេស ទោះ​បី​រដ្ឋាភិបាល​បាន​ធ្វើ​ផ្លូវ ស្ពាន សាលារៀន មន្ទី​រពេទ្យ និង​ស្រុក​អត់​សង្គ្រាម ក៏​កុំ​សរសើរអី នាំតែ​ចំ​ណេញ​នយោបាយ​គណបក្សប្រជាជន​ទេ​ គឺត្រូវ​តែរិះគន់​ឱ្យ​បាន​ច្រើន​ និង​ចាប់​យក​តែ​ចំ​នុច​អវិជ្ជមាន​  ហើយ​បំ​ផុស​ចលនានោះ​ទៅ​គ្រប់​ទី​កន្លែង ទើប​ឈ្នះ​ការ​បោះ​ឆ្នោត​នៅពេល​ខាង​មុខ។
ថ្ងៃ​នេះ​ ខ្ញុំ​បាទ​ សូម​សរសេរនូវ​លិខិត​ចំ​ហរនេះ​ឡើង​ជូន​ជន​រួម​ជាតិ​ ដោយ​បំ​ណង​ចង់​សារភាព​ប្រាប់​បងប្អូន​ថា​ «ខ្ញុំ​ខុសហើយ» ខ្ញុំ​មិន​អាច​និយាយថា ភ្នែក​ខ្ញុំ​ខ្វាក់​ នៅ​ពេល​ដែល​ភ្នែក​ទាំង​គូរបស់​ខ្ញុំ​ភ្លឺច្បាស់ គ្មាន​ជម្ងឺ​នោះ​ទេ។ខ្ញុំ​រស់​នៅ​ស្រុក​ខ្មែរ គឺមិន​ដែល​ឃើញ​មាន​បាត់​ដីកន្លែង​ណាមួយ​ដុំ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ឃើញ​តែ​ថ្នាក់ដឹក​នាំ​ប្តេជ្ញាការពារ​ទឹក​ដី​ និង​ខិត​ខំ​បោះបង្គោល​ព្រំ​ដែន​ ដូច្នេះ​ បងប្អូន​សូម​ឈប់​នាំ​គ្នា​ចាញ់​បោក​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ទៀត​ទៅ​ ត្រូវ​ចេះ​ពិចារណាឡើង​វិញ​ និង​ខិត​ខំ​ស្រឡាញ់​គ្រួសារ​ ប្រពន្ធកូន​ កុំចាញ់​បោក​គេ និង​សូម​បញ្ឈប់​យក​លុយ​ទៅ​ជួយពួក​បំ​ផ្លាញ​ជាតិ​ដែល​មាន​សម រង្ស៊ី និង​កឹម សុខា ជាមេក្លោង​ គឺពួក​នេះ​ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ គិត​តែ​ពី​ប្រឹង​ជេរ យក​ការ​ជេរប្រមាថធ្វើ​ជាមុខរបរទៅ​ហើយ​។ ខ្ញុំ​មិន​ដែល​ឃើញ​បក្ស​ប្រឆាំង​បំ​ផុសប្រជាជនឱ្យ​ចេះគោរព​ច្បាប់​ ឬក៏​ពន្យល់​ប្រជាជន​ឱ្យ​ស្គាល់​ពី​ច្បាប់​ទម្លាប់​  និង​ចេះ​បែង​ចែកពីល្អ និង​អាក្រក់​នោះ​ទេ​។​ ដូច្នេះ​ សូម​ប្រជាពល​រដ្ឋខ្មែរចេះ​រួបរួម​គ្នា​ ស្រឡាញ់​សន្តិ​ភាព​ កុំ​ចង់ឱ្យ​មាន​សង្គ្រាម​ទៀត ពី​ព្រោះ​មាន​របបប៉ុល​ពត​ជាគំ​រូស្រាប់​ហើយ​ ។ ចាប់ពី​ពេល​នេះ​តទៅ​ ត្រូវ​នាំ​គ្នា​ហ៊ាននិយាយ​ការ​ពិត​ និង​ត្រូវ​សរសើរពី​ការ​រីក​ចំ​រើន​របស់​ប្រទេស​ ពី​ព្រោះ​ ខ្ញុំ​បាទ​ដឹង​ច្បាស់​ណាស់​ថា​ ពួក​ប្រឆាំង​គិត​តែពី​ជេរបញ្ចោរ អត់​បាន​ចូល​រួម​កសាង​ជាតិ​ ឬក៏​លើក​កំ​ពស់​កិត្យានុភាព​ជាតិ​ខ្មែរទេ គឺនាំគ្នា​និយាយតែ​បន្តុះបង្អាប់​ និង​ឱ្យ​បរទេស​យល់​ច្រឡំ​ពី​ខ្មែរតែប៉ុណ្ណោះ​។
ម៉្យាង​វិញ​ទៀត ខ្ញុំ​ចង់​ជម្រាប​បង​ប្អូន​ខ្មែរថា​ ខ្ញុំ​បាទ​បានតាមដាន​សភាព​ការណ៍​នយោបាយ​នៅ​ក្នុង​ស្រុក​ខ្មែរ តាម​វិទ្យុ​ អានកាសែត និង មើលទូ​រទស្សន៍​​ គឺគណបក្ស​ប្រឆាំងបាន​នាំ​គ្នា​និយាយ​តែ​ពី​រឿង​ផ្លាស់​ប្តូរមេដឹក​នាំសព្វ​ថ្ងៃ និង​បាន​ប្រៀប​ធៀប​សម្តេច​ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​ ទៅ​លោកកាដាហ្វី គឺមិន​ត្រឹម​ត្រូវ​នោះ​ទេ​ ពី​ព្រោះ​ស្រុក​ខ្មែរយើង​មាន​ការ​បោះ​ឆ្នោត​ ខ្មែរធ្លាប់​ហែល​ឆ្លង​ការ​លំ​បាកក្នុង​របបប៉ុលពត ធ្លាប់​វេទនា​ ឥឡូវ​ស្រុក​ខ្មែរយើង​មាន​សន្តិ​ភាព​  មាន​ការ​រីក​ចំ​រើន មាន​ប្រទេស​ជាច្រើន​ឱ្យ​លុយ​ខ្មែរខ្ចី​ដើម្បី​យក​មក​អភិវឌ្ឍន៍ ពី​ព្រោះ​តែ​គេទុក​ចិត្ត និង​ជឿជាក់​ថា​ អ្នក​ដឹក​នាំខ្មែរបច្ចុប្បន្នមាន​កំ​ណើត​ និង​ពល​រដ្ឋខ្មែរមិន​ចង់​ឃើញ​សង្គ្រាម​កើត​មាន​ជាថ្មី​ ទើបគេជួយ​យើង​។
ចំ​ណែក​ឯលោក សម រង្ស៊ី និង​លោក កឹម សុខា វិញ​ មាន​តែ​ការ​ច្រណែន​ និង​ឈ្លោះ​ប្រកែក​ទាស់​ទាញ​គ្នា​ និយាយ​អាក្រក់​ពី​គ្នា​ ហែក​ហួរគ្នា ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ថាអ្នក​នេះ​ក្បត់​ អ្នក​នោះ​ក្បត់​ និង​ចង់​ធ្វើមេបក្សប្រឆាំងដ៏​ល្បី​ល្បាញ​នៅ​ស្រុក​ខ្មែរ ​តែ​រៀង​ៗខ្លួន ដណ្តើម​គ្នា​ដូចសត្វធាតុ ។ បើ​និយាយពី​លោក កឹម សុខា ទៅ​រៀន​សូត្រឯក្រៅ​ប្រទេស​ គាត់​ចេះ​តែ​របៀប​ភូត​ភរ យក​គំ​និត​ផ្តេសផ្តាស់ពី​ក្រៅ​ មក​ពង្វក់​ខ្មែរ គឺអត់​បា​ន​​ចូល​រួម​អភិវឌ្ឍស្រុក​ទេស ដូច​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ ខ្ញុំ​និយាយ​ដូច្នេះ​ ដោយ​ខ្ញុំ​បាទ​ចង់​ប្រាប់​បងប្អូន​ខ្មែរថា​ ចាប់​ពី​ពេល​នេះ​តទៅ​ ខ្ញុំ​ឈប់​គាំ​ទ្រ​គណបក្ស​ក្រុម​បោក​ដូច​ សម រង្ស៊ី និង​កឹម​ សុខា ទៀត​ហើយ។ ខ្ញុំ​នឹង​ខិត​ខំ​ព្យាបាល​ខ្លួន​ឱ្យ​ជាពី​ជម្ងឺវង្វេង​នយោបាយ និង​ខំ​រកស៊ី​ចិញ្ចឹម​កូន​ប្រពន្ធ​ តាម​សមាជីវោ និង​ប្រកាសថា​ សូម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​អស់​ជី​វិត​ ឈប់​ជឿការ​បោក​ប្រាស់​របស់​គណបក្ស​ប្រឆាំង​ទៀត​ហើយ​ ខ្ញុំ​រាង​ចាល​ហើយ​ ខ្ញុំខុសហើយ! ។
ខ្ញុំ​បាទ​ក៏​ចង់​និយាយ​ដែរ​ថា​ បើ​គណបក្ស​សម រង្ស៊ី មាន​មេបក្ស​ដូច​សម រង្ស៊ី​ គឺស្រុក​ខ្មែរនឹង​រលាយ​អស់​ ពី​ព្រោះ​សកម្ម​ភាព​របស់​លោក សម រង្ស៊ី មិន​បំ​រើប្រយោជន៍​ខ្មែរទេ គឺគាត់ចេះ​តែរបៀប​បំ​ផ្លាញ​ និង​បង្ក​ចលាចល​ បាន​ជាគាត់​ត្រូវ​មាន​ទោសយ៉ាង​នេះ​។ ខ្ញុំ​អាច​និយាយ​បាន​ថា​ «ជើង​លេខរបស់​លោក​សម រង្ស៊ី​ គឺ​នឹង​ស្អុយ​រលួយកែមក​ជាល្អមិន​កើត​ទេ គឺគាត់​សម​នឹង​រស់​នៅ​ប្រទេស​បារាំងជារៀង​រហូត​ ពី​ព្រោះ​គាត់​មាន​សញ្ជាតិ​បារាំង​អញ្ចឹង​ បាន​ជាគាត់​មើល​មកស្រុក​ខ្មែរមិន​ឃើញ​ល្អបន្តិចណាសោះ ឃើញ​តែ​គុណ​វិបត្តិ​។
ជាចុង​ក្រោយនេះ​ ខ្ញុំ​បាទសូម​ប្រកាសថា ខ្ញុំ​ស្រឡាញ់​គ្រួសារខ្ញុំ សូម​ស្រមោល​អព្វ​មង្គល​ឈប់​លង​បន្លាច​ខ្ញុំ​ទៀត​ទៅ​ ។ នយោបាយ​ខ្ញុំ​ ទី​បញ្ចប់​នៅ​សល់​តែ​ឆ្អឹង នឹង​ក្ររហាម​ ពី​ព្រោះ​ដើរខុសផ្លូវ ។ ការពិត​គណបក្ស​ប្រជាជន​កម្ពុជា​ ពិត​ជាបាន​ជួយ​ជាតិ​  និង​ជួយ​ឱ្យ​ខ្ញុំ​បាន​រស់​រាន​មាន​ជី​វិត​មក​ដល់​សព្វថ្ងៃ គណបក្ស​ប្រជាជន​ទើប​ជាក្តី​សង្ឃឹម និង​អាចជួយ​ស្រោចស្រង់​គ្រួសារខ្ញុំ​បាន ។
ចាប់ពី​ពេល​នេះ​តទៅ​​ ខ្ញុំ​មិន​លុង​ខ្លួន​ចាញ់​បោក​ពួក​ប្រឆាំង​ជាលើក​ទី​ពីរ​ទៀត​ទេ។ ការ​ភូត​កុហក់​របស់​ពួក​វា​ សម រង្ស៊ី និង​កឹម​ សុខា  គង់​តែថ្ងៃណាមួយ​នឹង​រលាយ​ហិន​ហោច ហើយ​នឹង​ត្រូវ​បណ្តាសារពី​ប្រជាជន​ជាក់​ជាពុំ​ខាន​ ពួក​នេះ​ ដូច​ជាសត្វក្រពើ​រមឹល​គុណអញ្ចឹង​ បាន​រស់​មក​ដល់​សព្វ​ថ្ងៃហើយប្រមាថអ្នក​មានគុណ​ទៀត​៕