Thursday, December 8, 2011

សម្តេច​​តេជោ​​ប្រកាស​​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​វារីអគ្គិសនី​​កំចាយ ​អនុភាព ១៩៣,២ មេហ្គាវ៉ាត់​


វារី​អគ្គិសនី​កំចាយ​ដែល​មាន​អានុភាព ​១៩៣,២ ​មេហ្គាវ៉ាត់ ​នៅ​ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ​ស្រុក​ទឹក​ឈូ ​ខេត្ត​កំពត​ បន្ទាប់​ពី​ដំណើរ​ការ​សាង​សង​អស់​រយៈ​ពេល​ ៤៥ ខែ ត្រូវ​បាន​​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ហើយ​ នាព្រឹកថ្ងៃ​ទី​០៧ ខែធ្នូ​ ឆ្នាំ ២០១១​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និង​វត្តមាន​ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​​។ ​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី បាន​​មាន​ប្រសាសន៍​ចាត់​ទុក​​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​វារីអគ្គិសនី​កំចាយ​ នេះ​​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នៅ​ ក្នុង​ការ​អភិវឌ្ឍន៍​​ទឹកដី​។​

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន បញ្ជាក់​ថា​ បញ្ហា​របស់​យើង​នៅ​ទី​នេះ ​មិន​មែន​ជា​បញ្ហា​ថ្មី​ថ្មោង​នោះ​ទេ​ប៉ុន្តែ​ជា​បញ្ហា​នៃ​ចក្ខុ​វិស័យ​នៃ​ របប​សង្គម​រាស្ត្រ​និយម​នៃ ​ព្រះ​ក​រុណា​សម្តេច​ព្រះ ​នរោត្តម​សីហនុ ​ដែល​នៅ​ក្នុង​ដំណាក់​កាល​នោះ​បាន​សិក្សា​វារីអគ្គិសនី​នេះ​រួច​ម្តង​ ហើយ​តាំង​ពី​ឆ្នាំ​១៩៦៥ ​ប៉ុន្តែត្រូវ​បាន​បង្អាក់​ដំណើរ​ការ​ទៅ​វិញ​ដោយ​សារ​សង្គ្រាម​។ ​ប្រសិន​បើ​គ្មាន​រដ្ឋ​ប្រហារ ​និង​ទុក​ឲ្យ​ដំណើរ​ការអភិវឌ្ឍន៍​ប្រទេស​ទាំង​ពី​ពេល​នោះ​មក ​ប្រហែល​ជា​វារីអគ្គិសនី​នេះ​ មាន​វ័យ​រហូត ​៤០ ​ឆ្នាំ​ជាង​ ឬជាង ​៣០​ ឆ្នាំ​ទៅ​ហើយ។​
 សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី​ ក៏​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​អំ​ពី​ការខិត​ខំ​ក្នុង​ការអភិវឌ្ឍន៍ វារីអគ្គិសនី​កំចាយ​​នេះ​តាម​រយៈ​​នៃ​ការ​​​ជួប​ទំនាក់​ទំនង​ជា​មួយ​ថ្នាក់​ដឹក​ នាំនៃសាធារណរដ្ឋ​ប្រជាមានិត​​ចិន ដោយ​ទទួល​បាន​ការ​គាំទ្រ​ និង​បាន​បើក​ការ​ដ្ឋាន​ជានិមិត្ត​រូប​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ​ដែល​ជា​ការ​បើក​ការ​ដ្ឋាន​២​ក្នុង​ពេល​តែ​មួយ​គឺ​ការ​ដ្ឋាន​កសាង​ទីស្តី​ ការ​គណៈរដ្ឋ​មន្ត្រី​ដែល​ជា​ជំនួយ​របស់​ចិន​និង​ទី២​ការ​ដ្ឋាក​សាង​ វារីអគ្គិសនី​​កំចាយ​នេះ។​   ទាក់ទងនឹងការរិះគន់​អំពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍន៍​ ​សម្តេចតេជោ​​បាន​មាន​ប្រសាសន៍​​​ថា ​គ្មាន​ការ​អភិវឌ្ឍន៍​ណា​មួយ ​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន​នោះ​ទេ​​ ។​ សម្តេចតេ​ជោ​ថ្លែងថា ប្រទេស​​ខ្លះ​ផលិត​យក​ប្រេង​ការ ដោយ​ខួង​យក​ប្រេង​នៅក្នុង​ដី​រហូតដល់​មាន រញ្ជួយ​ផែនដី។ ការពិត​យើង​គ្រាន់តែ​ជា​ប្រទេស​រងគ្រោះ​ពី​ឧស្សាហកម្មធំៗ ហើយ​អ្នក​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ប្រែប្រួល​អាកាសធាតុ​គឺ​ប្រទេស​អ្នកមាន​ព្រោះ​ផ្សែង​ដែល​ភាយ​ចេញពី​រោងចក្រ បាន​បង្កើតជា​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែលជា​មូលហេតុ​នោះ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​នេះ។ 
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ​ថ្លែងថា ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅ​ពួក​បរិស្ថាន​ជ្រុលនិយម សូមកុំ​ហួស​ហេតុ​ពេក សូម​​មើល​ព្រៃ​ទាំងមូល​កុំ​មើល​ឈើ​មួយដើមៗ ត្រូវ​គួបផ្សំ​រវាង​ការមើល​ព្រៃ​ទាំងមូល នឹង​មើល​ឈើ​មួយ​ដើមៗ​ផងដែរ។ សម្តេច​តេ​ជោ​ថ្លែងថា វា​រី​អគ្គីសនី​កំចាយ​នេះ​បម្រើ​មនុស្ស បាន​រាប់លាន​នាក់ ថ្វីត្បិតតែ​វា​មាន​​ផលប៉ះពាល់​ដល់​មុខរបរខ្លះៗ ប៉ុន្តែ​យើង​អាច​ផ្ទេរ​ប្រជា​ពល រដ្ឋ​ទាំងនោះ​ឲ្យ​ទៅ​ប្រកបមុខ​របរផ្សេងៗ​ទៀត​​បាន។
ឯកឧត្តម ​ស៊ុយ ​សែម ​រដ្ឋ​មន្ត្រី​​ក្រសួង​ឧស្សាហកម្ម​រ៉ែ ​និង​ថាមពល ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​គម្រោង​វារី​អគ្គិស​នី​កំចាយ​នេះ ​មាន​ប្រភព​នៅ​តំបន់​ ជួរ​ភ្នំ​ដំរី​ក្នុង​ភាគ​និរតី​នៃ​ប្រទេសកម្ពុជា​។ ជា​រៀង​រាល់​ឆ្នាំ ​ស្ទឹង​កំចាយ​​ដែល​មាន​ប្រវែង​៧០ ​គីឡូម៉ែត្រ ​និង​មាន​ផ្ទៃ​រង​ទឹក​ភ្លៀង​៨២២​គីឡូ​ម៉ែត្រ​ក្រឡា ​ត្រង​យក​ទឹក​ភ្លៀង​បាន​​ប្រមាណ​២.០០០ ​លាន​ម៉ែត្រ​គូប​។​ ​គម្រោង​វារីអគ្គិសនី​កំចាយ​ គឺ​ជា​គម្រោង​ដែល​ស្ថិត​ក្នុង​កម្មវត្ថុ​នៃ​ការ​សិក្សា​អស់​រយៈពេល​ជា​ច្រើន ​ឆ្នាំ ​។​កាល​ពី​ទសវត្សឆ្នាំ​៦០​រដ្ឋា​ភិបាល​ជំនាន់​នោះ​មាន​ផែន​ការ​អភិវឌ្ឍ​ម្តង ​រួច​មក​ហើយ ​ក្នុង​ក្រប​ខណ្ឌ​ជំនួយ​របស់​អតីត​សហភាព​សូវៀត​។​ប៉ុន្តែ​សង្រ្គាម​នៅ​ឆ្នាំ ​១៩៧០-​១៩៧៥ ​បាន​បង្អាក់​ការ​ សាងសង់​គម្រោង​នេះ​ទៅ​វិញ​។ ឯកឧត្តម​ ស៊ុយ ​សែម ​បាន​បន្តថា ​នៅ​ខែ​មីនា ​ដល់​ឧសភា​ ឆ្នាំ២០០៤ ​ក្រសួង​ឧស្សាហកម្ម​រ៉ែ ​និង​ថាមពល​ បាន​រៀប​ចំ​ដាក់​គម្រោង​នេះ​ឲ្យ​ក្រុម​ហ៊ុន​ ឯក​ជន​ចូល​ដេញ​ថ្លៃ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរ​ជាតិ​តាម​ការ​សម្រេច​ របស់​រាជ​រដ្ឋាភិបាល ​។​ក្នុង​ការ​ដេញ​ថ្លៃ​នោះ​ក្រុម​ហ៊ុន​វារីអគ្គិសនី​ដ៏​ធំ​មួយ​មក​ពី​ប្រទេស​​ចិន​ ឈ្មោះថា​សាជីវកម្ម ​ស៊ីណូហាយដ្រូ ​បាន​ទទួល​ចំណាត់​ថ្នាក់​ទី១​។​ ​កិច្ច​ព្រម​ព្រៀង​គម្រោង​ វារីអគ្គិសនី​នេះ ​មាន​ទំហំ​វិនិយោគ​សរុប​២៨០,៥៤​លាន​ដុល្លា​អាមេរិក,​មាន​រយៈ​ពេល​សម្បទាន​៤៤ ​ឆ្នាំ​ ក្នុង​នោះ​៤​ឆ្នាំ​សំរាប់​ធ្វើ​ការ​សាង​សង់ ​និង​៤០​ឆ្នាំ​សំរាប់​ធ្វើ​អាជីវកម្ម​។​ បរិមាណ​អគ្គិសនី​ជា​មូល​ដ្ឋាន​ សំរាប់​ធ្វើ​ការ​ទូទាត់​គឺ​៤៩៨លានគីឡូ​វ៉ាត់​ម៉ោង​ក្នុង​១​ឆ្នាំ​។ ​អត្រា​​ថ្លៃ​លក់​គិត​ជាមធ្យម​ក្នុង​រយៈពេល​៤០​ឆ្នាំ​គឺ​៨,០០៨​សេន​អាមេរិក ​ក្នុង​១​គីឡូវ៉ាត់ម៉ោង​។ ​គម្រោង​នេះបាន​ចាប់​ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី២០ ​ខែមីនា ​ឆ្នាំ២០០៨​ និង​បាន​បញ្ចប់​ការ​សាង​សង់​ជាស្ថាពរ​នៅ​ថ្ងៃ​នេះ ពោល​គឺ​ចំណាយ​អស់​រយៈពេល​៤៥​ខែ ​លើ​រយៈពេល​គ្រោង​ទុក​៤៨​ខែ។​ថាមពល​ដែល​ផលិតបាន​ពី​គម្រោង​កំចាយ​នឹង​ធ្វើ​ ការ​ចែក​ចាយ​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប​មួយ​ចំនួន​ និង​សល់​បញ្ជូន​ទៅ​រាជ​ធា​នី​ភ្នំពេញ ​និង​ខេត្ត​ ព្រះសីហនុ ​តាម​គម្រោង​សហប្រតិបត្តិ​ការជា​មួយ​ដៃ​គូអភិវឌ្ឍន៍​នានា​។

លោក ​ ស៊ុន ហុងស៊ុយ (SUN HONG SHUI) ​ អគ្គនាយក​សាជីវកម្ម​ស៊ី​ណូ​ហ៊ី​ដ្រូ មានប្រសាសន៍​ថា គំរោង​វា​រី​អគ្គិសនី​កំចាយ តាំងពី​ចាប់ផ្តើម​ដំណើរការ​សាងសង់​រហូត​ដល់​ដំណើរការ​ជា​ផ្លូវការ​បាន​ទទួល​​​នូវ​ការគាំទ្រ និង ការយកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ និង ពី​សំណាក់សហគ្រាស​នានា ដែល​មាន​អាជីវកម្ម​ដូចគ្នា ជាមួយគ្នានេះ​គំរោង​នេះ​បាន​ផ្តល់ឱកាស ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ព្រម​ទាំង​បានធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​ក្នុង​ខេត្តកំពត និង រមនីយដ្ឋាន​ទេសចរណ៍​នៃ​តំបន់​ទឹកឈូ​ផងដែរ។ ជាង​នេះទៅទៀត ក្រុមហ៊ុន​បាន​សាងសង់ និង ជួសជុល​ផ្លូវថ្នល់​តាម​ស្រុក ភូមិ ប្រមាណ ៣០ គីឡូម៉ែត្រ ស្ពាន​ចំនួន៣ ព្រមទាំង​ដោះ ស្រាយ​ផលប៉ះពាល់​ជូន​ពលរដ្ឋ​ក្នុង​តំបន់​នេះ ចំណាយ​អស់​ថវិកា ៣ លាន​ដុល្លា​អាមេរិក និង បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៣០ ម៉ឺន​ដុល្លា​អាមេរិក ដើម្បី​បំរើ​ដល់​សកម្មភាព​មនុស្សធម៌​របស់ កាកបាទក្រហមកម្ពុជា​ដែរ។
 សូម​បញ្ជាក់​ថា​ វារីអគ្គិសនី​ដែល​​រាជ​រដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​​ប្រកប​ដោយ​គតិបណ្ឌិត​របស់​ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ​ខិត​ខំ​អភិវឌ្ឍន៍​កន្លង​មករួមមាន​​​វារីអគ្គិសនី​ គីរីរម្យ១​ មាន​អានុភាព​១២​មេហ្គាវ៉ាត់ ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ២០០២ និង ​វារីអគ្គិសនីកំចាយ ​អានុភាព ​១៩៣,២​មេហ្គាវ៉ាត់​, ដែល​សម្ពោធ​នា​ថ្ងៃ​នេះ។ វារីអគ្គិសនីគីរីរម្យ៣ ​អានុភាព១៨ ​មេហ្គាវ៉ាត់ ​គ្រោង​នឹង​សម្ពោធ​ខែមេសា​ឆ្នាំ​២០១២​, វារីអគ្គិសនី​ស្ទឹង​អាតៃ ​១២០មេហ្គាវ៉ាត់ ​គ្រោង​ដាក់​ឲ្យ​ដំណើរ​ការចុង​ឆ្នាំ២០១៣,​វារីអគ្គិសនី​ស្ទឹង​តាតៃ​ អានុភាព ​២៤៦មេហ្គាវ៉ាត់ ​គ្រោង​ដាក់​ឲ្យដំណើរ​ការនៅ​ឆ្នាំ២០១៤,​វារីអគ្គិសនី​ស្ទឹង​ឫស្សី​​ជ្រុំ​ក្រោម ​ អានុភាព​៣៣៨មេហ្គាវ៉ាត់​ គ្រោងដាក់​ឲ្យដំណើរ​ការឆ្នាំ២០១៥។​រោងចក្រអគ្គិសនី​ប្រើ​ធ្យូង​ថ្មទី១​ដំណាក់​ កាល​ទី១​ អានុភាព​១០០​មេហ្គាវ៉ាត់ ​គ្រោង​ដំណើរ​ការ​ចុង​ឆ្នាំ​២០១៣,​និង​ដំណាក់កាលទី២ ​អានុភាព ​១៣៥​មេហ្គាវ៉ាត់​ គ្រោង​ដាក់​ឲ្យ​ដំណើរ​ការ​ឆ្នាំ​២០១៦។ ​រោងចក្រ​អគ្គិសនីប្រើ​ធ្យូង​ថ្ម​ទី២ ​ដំណាក់​កាលទី១ ​អានុភាព​២៧០​មេហ្គាវ៉ាត់ ​គ្រោង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ២០១៤,​និង​មាន​គំរោង​ផលិតកម្ម ​អគ្គិសនី​ជា​ច្រើន​ទៀត​កំពុង​សិក្សា​និង​ពិភាក្សា​ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​។