Friday, December 23, 2011

សេចក្តី​ថ្លែងការណ៍ អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ទាក់​ទងនិង​ព័ត៌មាន​បំភ្លើស ដែល​ចុះ​ផ្សាយ​​ក្នុង​គេហទំព័រ ក្រុងថេប​ធុរកិច្ច “ នឹងមាន​ការ​ពិចារណា រឿងការ ដក​សហគមន៍​កម្ពុជា ចេញ​ពីវត្ត​កែវ​សិ​ក្ខាគីរីស្វារៈ ”




សេចក្តីថ្លែងការណ៍
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • អ្នកនាំពាក្យក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា សូមធ្វើការ បំភ្លឺលើព័ត៌មាន​បំភ្លើស​ ដែលចុះ​ផ្សាយ​ក្នុងគេហទំព័រ ក្រុងថេបធុរកិច្ច នៅវេលាម៉ោង ២១:៥៧នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលថា ក្រុមការងារ​រួម​បង្កើតឡើងដោយគណៈកម្មាធិការព្រំដែនទូទៅ (GBC) “ នឹងមានការពិចារណា រឿងការ ដកសហគមន៍កម្ពុជា ចេញពីវត្តកែវសិក្ខាគីរីស្វារៈ ” ។
     ដោយឡែកប្រភពសារព័ត៌មានបាងកកប៉ុស្តិ៍ ដែលផ្សាយវេលាម៉ោង ១២:០០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ បាន​និយាយ​ថា “ លោកឧត្តមសេនីយ៍ យុទ្ធស័ក្ត សាស៊ីប្រាផា រដ្ឋមន្រ្តីក្រសួង ការពារជាតិ រាជាណាចក្រថៃឡងដ៏ បាន​និយាយ​ថា ក្រុមការងាររួម Joint Working Group (JWG ) អាចនឹងជួបប្រជុំគ្នានៅទីក្រុងបាងកកនាខែក្រោយ ដើម្បី​ពិភាក្សាពិស្តារ ពីការដកកងទ័ព ការដាក់ ពង្រាយអ្នកសង្កេតការណ៍ ការរៀបចំទីតាំងផ្សារកម្ពុជានៅកន្លែងថ្មី​ និងតាំង​ទីលំ​នៅថ្មីឲ្យសហគមន៍ កម្ពុជាចេញពីវត្តកែវសិក្ខាគីរីស្វារៈ ” ។
  • អ្នកនាំពាក្យក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា កិច្ចប្រជុំរបស់ គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-ថៃ (GBC) លើកទី៨ ដែលបានប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១​នោះ ភាគីទាំងពីរ បានឯកភាពៈ
-អនុវត្តសាលដីកាបង្គាប់របស់តុលាការអន្តរជាតិ (ICJ) ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ស្តីពីវិធានការបណ្តោះអាសន្ន ឲ្យមានតម្លាភាព ស្មើភាព និងមានភាពទៀតទាត់។
 -សម្រេចបង្កើតក្រុមការររួម Joint Working Group (JWG) ដែលក្រុមការងាររួមនេះ នឹងធ្វើការ​ពិភាក្សាតែ​លើបញ្ហា​ទាក់ទង ទៅនឹងការអនុវត្តន៍សាលដីកាបង្គាប់ របស់តុលាការយុត្តិធម៌ អន្តរជាតិ (ICJ) នៅក្នុងតំបន់គ្មាន​កងទ័ព​បណ្តោះអាសន្ន (PDZ) ព្រមទាំងធ្វើការកែសម្រួលបុគ្គលិក យោធាចេញពីតំបន់គ្មានយោធាបណ្តោះអាសន្ន (PDZ) ឲ្យបានឆាប់បំផុត ស្របពេលជាមួយគ្នា ប្រកប ដោយតម្លាភាពស្ថិតក្រោមការត្រួតពិនិត្យ ក្រុមអ្នកសង្កេតការណ៍កម្ពុជា ថៃ ឥណ្ឌូនេស៊ីតែប៉ុណ្ណោះ។
  • អ្នកនាំពាក្យក្រសួងការពារជាតិ ព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះ លទ្ធផលនៃ​កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ក​ម្ពុជា-ថៃ (GBC) លើកទី៨ ហើយសូមច្រានចោល នូវព័ត៌មានទាំង​ឡាយ​ណាដែលផ្ទុយពីសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំខាងលើ។
រាជធានីភ្នំពេញ,ថ្ងៃទី២២ ខែធ្នូ     ឆ្នាំ២០១១