Friday, December 23, 2011

​សម្តេច​តេ​ជោ​ចង់​ឲ្យ​អគ្គលេខា​ធិការ​ដ្ឋាន​​​អាស៊ាន​ដើរ​តួនាទី​កាន់​តែ​ធំ​


សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​នា​ថ្ងៃទី ២២ ខែ​ធ្នូ ឆ្នាំ ២០១១ អំពី​បំណង​​​ចង់​ឲ្យ​លេខាធិការដ្ឋានអាស៊ាន​ និង អគ្គលេខាធិការ​អាស៊ាន​មាន​តួនាទី​កាន់តែ​ធំឡើងៗ ដើម្បី​ជា​ផលប្រយោជន៍​របស់​អាស៊ាន។ សម្តេចតេជោ​ មាន​ប្រសាសន៍​បែប​​​នេះ​ក្នុង​ឱកាស​ទទួល​ជួប​សវនាការ​​​ជាមួយ​លោក​ SURIN ​PITSUWAN ​អគ្គលេខាធិការ​អាស៊ាន នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី បានផ្តល់​អនុ​សាសន៍​​ឲ្យ​ពង្រឹង​តួនាទី​របស់​លេខាធិការដ្ឋាន​និង អគ្គលេខាធិការ​អាស៊ាន និង បានស្នើ​ឲ្យ​លោក SURIN PITSUWAN  នូវ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លេខាធិការ​ដ្នា​ន និង អគ្គលេខាធិការ​យកមក​ពិភាក្សា​ ដើម្បី​ធ្វើយ៉ាងណា​សម្រេច​​ឲ្យ​មាន​តួនាទី​កាន់តែ​ធំ​ឡើង​នោះ។​
​ឯកឧត្តម​​ អ៊ាង សុផល្លែត ​ជំនួយ​ការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា​ នៅក្នុង​ជំនួប​ សំដែង​ការ​គួរ​សម​នោះ​​​លោក​ SURIN ​PITSUWAN ​អគ្គលេខាធិការ​អាស៊ាន​បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អំពី​កិច្ចពិភាក្សា​ប្រកប​ដោយ​ផ្លែ​ផ្កា​រវាង​រូបលោក​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋ​មន្ត្រី ​ហោ​ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​​ការបរទេស​ និង​ កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ២២​ ធ្នូ​ ឆ្នាំ ២០១១​នេះ​ផង​ដែរ​។ ​
លោក SURIN PITSUWAN បាន​ជំំ​រាប​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដៃគូ​សន្ទនា​របស់ អាស៊ាន​បាន​សំដែង​នូវ​ការយកចិត្តទុកដាក់ និង ការរីករាយ​យ៉ាងខ្លាំង និង បាន​សន្យា​នឹង​ជួយ​កម្ពុជា នូវ​គ្រប់​មធ្យោបាយ​ទាំងអស់​នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០១២ ខាងមុខនេះ។ នៅក្នុង​ជំនួប​នោះ​លោក SURIN PITSUWAN បាន​គោរព​សុំ​ទស្សនៈ​អំពី​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ អំពី​តួនាទី​នៃ​លេខាធិការដ្ឋាន និង អគ្គលេខាធិការ​អាស៊ាន ដែល​សម្តេច​តេ​ជោ​ចង់បាន​នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។