Friday, December 23, 2011

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ដឹកនាំកិច្ចប្រជុំ លើកទី៧ នៃគណៈកម្មាធិការ ​ជាតិ​បណ្តុះបណ្តាល


នៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១ មានបើកកិច្ចប្រជុំគណៈកម្មា​ធិការ ​ជាតិ​បណ្តុះបណ្តាលលើកទី៧ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន​គណៈកម្មា ធិការជាតិបណ្តុះ   បណ្តាល លើរ​បៀប​វារៈ៖
១.  ពិនិត្យរបាយការណ៍វឌ្ឍនភាពស្តីពី
·         គោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័ន
·         កម្មវិធីបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់
·         ការធានាគុណភាព ត្រួតពិនិត្យ និងវាយតម្លៃ របស់គម្រោងពង្រឹងវិស័យអប់រំបណ្តុះ​បណ្តាលបច្ចេក​ទេស និងវិជ្ជាជីវៈ នៃធនាគារអភិវឌ្ឍន៍អាស៊ី
២.  ពិនិត្យរបាយការណ៍វឌ្ឍនភាពស្តីពីគម្រោងសាកល្បងលើបច្ចេកទេសក្រោយប្រមូលផល និងកម្មវិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​សម្រាប់អ្នកជនបទក្រីក្រ ក្រោមគម្រោង JFPR
៣.  ពិនិត្យគម្រោងបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់សម្រាប់ឆ្នាំ ២០១២-២០១៤ របស់គម្រោងពង្រឹង     វិស័យ​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃធនាគារអភិវឌ្ឍន៍អាស៊ី
៤. សំណើសុំការអនុម័តលើសេចក្តីព្រៀងក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ក្រោយពី​បាន​ស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមកកិច្ចប្រជុំបានសម្រេចនូវ៖
.  អនុម័តរបាយការណ៍វឌ្ឍនភាពស្តីពីគោលនយោបាយគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន និងស្តីពីកម្មវិធីបណ្តុះ    បណ្តាល​ជំនាញតាមលិខិតបញ្ជាក់ក្រោមគម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈនៃ​ធនាគារអភិវឌ្ឍន៍អាស៊ី
២.  អនុម័តគម្រោងបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់សម្រាប់ឆ្នាំ២០១២-២០១៤ របស់គម្រោង​ពង្រឹងវិស័យ​​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃធនាគារអភិវឌ្ឍន៍អាស៊ីដែលមានទំហំទឹកប្រាក់​សរុបចំនួន ៥.៣១៤.៦៦៦ ដុលា្ល​អាមេរិក ក្នុងនោះ​​ទឹកប្រាក់ចំនួន ១.២០៩.២៧៤ ដុលា្លអាមេរិក ដែលមានរយៈ​ពេលបណ្តុះបណ្តាលចំនួនមួយឆ្នាំ សម្រាប់ធ្វើការបណ្តុះ​បណ្តាល​នៅក្នុង​ខេត្ត​បាត់​ដំបង កំពង់ឆ្នាំង កំពត សៀមរាប ស្ទឹងត្រែង ស្វាយរៀង និងតាកែវ។ ទឹកប្រាក់ចំនួន ២.២២១.៨២៤ ដុលា្លអាមេរិក ដែលមានរយៈពេលបណ្តុះបណ្តាលចំនួនពីរឆ្នាំ សម្រាប់​ធ្វើការ​បណ្តុះបណ្តាលនៅក្នុងខេត្តកំពង់ចាម កណ្តាល កោះកុង ក្រចេះ ព្រៃវែង ពោធិ៍សាត់ និងព្រះ​សីហនុ។ ទឹកប្រាក់ចំនួន ១.៤៩២.៧៨៨ ដុលា្លអាមេរិក ដែលមានរយៈ​ពេល​បណ្តុះបណ្តាលចំនួនពីរឆ្នាំ សម្រាប់ធ្វើការបណ្តុះបណ្តាលនៅក្នុងខេត្តបន្ទាយមានជ័យ កំពង់​ស្ពឺ កំពង់ធំ មណ្ឌលគីរី ព្រះវិហារ រតនគីរី ឧត្តរមានជ័យ កែប និងប៉ៃលិន។
៣.  លើកសំណើរសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី សុំឲ្យមានតំណាងគណៈ​កម្មាធិការ​ ​​ជាតិ​បណ្តុះបណ្តាល និងទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ ចូលរួមរាល់កិច្ចប្រជុំអនុម័ត​គម្រោង​វិនិយោគ​របស់​គណៈកម្មាធិការវិនិយោគកម្ពុជាដើម្បីក្តាប់បាននូវព័ត៌មានស្តីពីតម្រូវការជំនាញ និង​ឱកាសការងារ​។
៤.  លើកសំណើរសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី សុំឲ្យគ្រប់​ស្ថានីយ៍ទូរទស្សន៍ផ្តល់​នូវ​ពេល​វេលាចំនួន​១៥នាទី ក្នុងមួយ​​សប្តាហ៍ដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ​ដើម្បីផ្សព្វផ្សាយពី​ឱកាស​ការងារ​ដល់អ្នកស្វែងរកការងារធ្វើ ផ្តល់ព័ត៌មានទីផ្សារការងារ និង​តម្រង់ទិសជំនាញដល់យុវជន-យុវនារីដែលកំពុងជ្រើសរើសជំនាញឲ្យជ្រើសរើសជំនាញសមស្របតាមតម្រូវការទីផ្សារការងារ
៥.  តំណាងវិស័យឯកជន និងសហជីពបានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹង​ប្រែងរបស់គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល និងស្ថាប័នរដ្ឋនានាក្នុងការលើកកម្ពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ​ដែលជាវិស័យមួយជួយលើកកម្ពស់ផលិតភាព និងផ្តល់ជំនាញដល់កម្លាំងពលកម្ម។




អង្គប្រជុំបានបិទសម័យប្រជុំនៅវេលាម៉ោង១២ និង៣០នាទី។