Friday, December 30, 2011

សម្តេចតេជោចែក​សញ្ញាបត្រ​ និង​​​សម្ភោធដាក់​ឲ្យ​ប្រើ​ប្រាស់​អគារសាលប្រជុំ បណ្ណាល័យ ជូននិស្សិតសាកលវិទ្យាល័យស្វាយរៀង


អគារសាលប្រជុំ រួមទាំងបណ្ណាល័យ ក្នុងសាកលវិទ្យាល័យស្វាយរៀង ដែល​​កសាងឡើង ក្រោម​ជំនួយ​ឧបត្ថម្ភ​ដ៏សប្បរសធម៌​របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បានប្រារព្វពិធីសម្ភោធដាក់ឲ្យ​ដំណើរការ នៅព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ ២០១១។ ក្នុង​ពិធី​ដែល​​ប្រព្រឹត្ត​​ទៅ​​ក្រោម​អធិបតីភាព​​ដ៏​ខ្ពង់ខ្ពស់​ សម្តេចអគ្គមហា សេនា បតី​តេជោ ហ៊ុន សែន ​​ ក៏​មាន​ការ​ចែកសញ្ញា​បត្រ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់​បរិ​ញ្ញា​បត្ររង ជូនដល់​​​និស្សិត​ចំនួន ៧៨៦នាក់​ ដែលបាន បញ្ចប់ការ​សិក្សាដោយជោគជ័យ ​នៅ​សាកលវិទ្យាស្វាយរៀង​ ក្នុងឆ្នាំសិក្សា ២០១០- ២០១១ផង​ដែរ​។ 
មាន​ប្រសាសន៍សំណេះ​សំណាល ទៅកាន់​និស្សិតជ័យ​លាភី នៃសាកល​វិទ្យាល័យ​ស្វាយ​រៀង សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​​វាយ​តំលៃ​ខ្ពស់ ចំពោះ​សកម្មភាព សិក្សា​រៀនសូត្រ របស់​និស្សិត​នៅ និង បង្រៀន​របស់​ថ្នាក់ដឹកនាំ​សាស្រ្តាចារ្យ និង ក្នុង​សាកល​វិទ្យាល័យ​ស្វាយរៀង ដែល​បាន​ដំណើរ​​ការចាប់តាំង​ពីឆ្នាំ២០០៥ រហូតមក​ដល់បច្ចុ​ប្បន្ន។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏​បានធ្វើការ​ផ្តាំផ្ញើ​ជូន​ដល់និស្សិត​ដែលបាន​បញ្ចប់​ការសិក្សា​នៅទីនេះ មួយ​ផ្នែក​ស្វែងរកការងារ​ធ្វើ និង​មួយផ្នែក ទៀត​ត្រូវបន្តសិក្សា​ស្រាវជ្រាវ ដើម្បី​ឲ្យកំរិតជំនាញ​របស់យើង កាន់តែ​ខ្ពង់ខ្ពស់​ថែមទៀត សំដៅ​ធ្វើយ៉ាង​ណាឲ្យជំនាញ​ឯកទេស របស់យើង​កាន់ តែទទួល​បានជោគជ័យ ថែម ទៀត។ ទាក់ទិនទៅ​និងកសាង​បណ្ណាល័យ ក្នុង​សាកលវិទ្យាល័យ​ស្វាយរៀង សម្តេច​តេជោនាយក​រដ្ឋមន្រ្តី មាន​ប្រសាសន៍​ថា បណ្ណាល័យ​នេះ​មិនគ្រាន់​តែជា​ការជួយ​ដល់ការ អាន និង​សិក្សាស្រាវ​ជ្រាវរបស់ សិស្ស និស្សិត ក្នុង​សាកលវិទ្យា​ល័យ​នេះ​ប៉ុណ្ណោះទេ ប៉ុន្តែ វា​និង​រួមចំណែក​ជួយដល់​អាន និង​ការសិក្សា​ស្រាវ​ជ្រាវ​ពីសំណាក់ មន្រ្តី​រាជការគ្រប់​មជ្ឈដ្ឋាន​នានា​ផងដែរ។
សម្ដេច​តេជោ​ក៏​បាន​មាន​ប្រសាសន៍​ ថ្លែង​អំណរ​គុណ ​ចំពោះ​សប្បុរសជន ​និង​ក្រុម​ហ៊ុន​នានា ​ដែល​បាន​ផ្ដល់​អាហារូបករណ៍​ ដល់​និស្សិត ​ឲ្យ​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ​ស្វាយ​រៀង ​ក្នុង​នោះ​សម្ដេច​តេជោ ​ក៏​​បាន​​សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​វិញ្ញាណ​ក្ខ័ន្ធ​របស់​ឯកឧត្តម ​ហុក ​ឡងឌី អតីត​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ ​និង​បាន​ថ្លែង​អំណរគុណ​ចំពោះ​ឯកឧត្តម ​ហ៊ុន ​ណេង​ អភិបាល​ខេត្ត​កំពង់​ចាម ​ដែល​ជា​ស្ថាបនិក​ដ៏​ឆ្នើម​ និង​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​សាកល​វិទ្យាល័យ​ស្វាយរៀង​នេះ​។
ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា  មាន​ប្រសាសន៍​ឲ្យថា ក្រោម​ការ​ចង្អុល​បង្ហាញ​ប្រកប ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ការឧបត្ថម្ភ​គាំទ្រ​ប្រកប​ដោយ ទឹកចិត្ត​សប្បរស​ធម៌​ដ៏ថ្លៃថ្លា​បំផុត របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងលោក​ជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ចំពោះ​វិស័យ​អប់រំ ក្រសួង​បាននិង​កំពុង​ខិតខំ​ពង្រីក អនុវិទ្យាល័យ ឲ្យបាន​គ្រប់ឃុំ សង្កាត់ និងខិត​ខំកសាង​អគារ​សិក្សា នៅតាមបណ្តាខេត្ត និង​តំបន់ដាច់​ស្រយាល​នៅ​ទូទាំងប្រទេស ដើម្បី​សំរួល​ដល់កូនចៅ​ប្រជាពលរដ្ឋ​គ្រប់ៗគ្នា។ ឯកឧត្តម រដ្ឋមន្រ្តីបាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ព្រះ​រាជាណាចក្រ​កម្ពុជា​​យើងមាន​សិស្ស និងនិស្សិត​នៅគ្រប់ភូមិ​សិក្សា​សរុប​ប្រមាណ​ជាង ៣លាន ៥សែននាក់ ក្នុង​ចំណោម​ប្រជាពល​រដ្ឋកម្ពុជាជាង ១៣លាន​នាក់។ ជាមួយគ្នានេះ នៅ​ឧត្តមសិក្សា ចាប់ពីថ្នាក់បរិ​ញ្ញាបត្ររង ដល់ថ្នាក់​បណ្តិតមានចំនួន​ ២​សែន​ ២ម៉ឺន ២ពាន់ ១៤៦នាក់ ក្នុងនោះនិស្សិតនារីមាន​ចំនួន ៨ម៉ឺន៣ពាន់៧១៩នាក់ ស្មើនិងជាង៣៧%។
ឯកឧត្តម អ៊ឹ​ម​ សិទ្ធី មានប្រសាសន៍ ថា សា​កល​វិទ្យាល័យ​ស្វាយរៀង​ ត្រូវ​បានបង្កើត​ឡើង​នៅ​ឆ្នាំ២០០៥ ដោយឯកឧត្តម នាយ ឧត្តម​សេនី​យ៍ ហុក ឡង​ឌី និងឯកឧត្តម ហ៊ុន ណេង ក្រោម​ការជួយ​ឧបត្ថម្ភ​ពីសប្បរសជន​នានា ជាពិសេស​អ្នក ​ដែល​មានដើម​កំណើត នៅលើទឹកដី​ខេត្តស្វាយ​រៀង ​ដែលមាន អគារសរុប ១៣ស្មើ និង ១១៩​បន្ទប់ រួម​ទាំង​អគារ​សាល​ប្រជុំដ៏ធំ និងបណ្ណាល័យ​ដ៏ប្រណិត ដែល​ជាអំណោយ ដ៏វិសេស​វិសាល​បំផុត របស់​សម្តេចតេជោ ​និងលោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ដែល​បច្ចុប្បន្ន​កំពុង​បណ្តុះបណ្តាល​និស្សិត ​ចាប់​ពីកំរិត​បរិញ្ញាបត្ររង ដល់បរិញ្ញា បត្រជាន់ខ្ពស់ចំនួន ២ ពាន់ ៥៨០នាក់ ក្នុង​នោះ​និស្សិត​នារី​មានចំនួន ៩៩៣នាក់។ 
ជាមួយ គ្នានេះដែរ​ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ថា សម្តេច​នឹងធ្វើដំណើរ ទៅកាន់សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅថ្ងៃ ទី២ មករា ដើម្បី​គោរព​វិញ្ញា​ណក័្ខន្ធ​យុទ្ធមិត្ត​កម្ពុជា ចំនួន ៤៩ រូប ដែល​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុភូមិ​​ពេល​បង្កើត​កង​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ និង​ ចូលរួម ក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ផលនានា ​ដែល​កសាង​ឡើង នៅលើទឹកដី ទីតាំងប្រវត្តិសាស្ត្រ នៃចលនា​តស៊ូ​បង្កើត​អង្គភាព​ ១២៥  ដែលជាចំនុច​ចាប់ផ្តើមដំបូងគេ បង្អស់​ នៃចលនា​តស៊ូ​ចេញ ពី​ប្រទេស​វៀត​ណាម ដើម្បី​រំដោះ​ប្រទេសជាតិ ឲ្យ​រួចចាកផុត ពីគ្រោះ​មហន្តរាយ​ ប្រល័យ​ពូជ​សាសន៍​ប៉ុលពត និង​ ឈាន​ទៅដល់ថ្ងៃ ជ័យជំនះ ជា​ប្រវត្តិសាស្រ្ត៧ មករា​១៩៧៩​។
សម្តេច​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​​​ថា ​«ខ្ញុំ​នឹង​ថ្លែង​សុន្ទរកថា​មួយ​នៅក្នុង ថ្ងៃទី ២ មករា​ដើម្បី​ឲ្យ​សាធារណជន​បានដឹង​អំពី​ប្រវត្តិ​នៃ​ការក​កើត​កងកម្លាំង​ប្រដាប់អាវុធ​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា នៅលើ​ទឹកដី​នៃ​ប្រទេស​វៀតណាម​។សម្តេច​តេ​ជោ​ថ្លែងថា យើង​បាន​ឲ្យ​សារៈ សំខាន់​ខ្លាំងណាស់​នៅ​តំបន់​ផ្នូរ​យុទ្ធ​មិត្រ​កម្ពុជា​របស់​យើង ដែលមាន​សរសេរ​អក្សរ​ថា«ទិវា​បុណ្យ​ចាត់ តាំង​កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​​ជាតិ​កម្ពុជា អង្គភាព ១២៥ ហើយ​អ្វី​ទៅជា​អង្គភាព ១២៥ នោះ​គឺ ថ្ងៃ ១២ ខែ ៥» ដែល​នេះ​ជាការ​ចាប់ផ្តើម​ចេញមុខ​បើក​វគ្គ ប៉ុន្តែ​រឿងរ៉ាវ​វា​មាន​វែងឆ្ងាយ​លើសពី នោះ។
សូមបញ្ជាក់​ថា ​វិមានអនុស្សាវរីយ៍​កងទ័ព​ពលី​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ ស្ថិត នៅ​ក្នុងឃុំឡុងយ៉ាវ ស្រុក​ឡុងខាញ់ ខេត្តឡុង​ណាយ នៃសាធារណ​រដ្ឋ​សង្គមនិយម វៀតណាម។