Friday, December 30, 2011

សម្តេច​​តេជោ​ ជម្រុញ​​ឲ្យ​​រដ្ឋ​​មន្រ្តី​​ក្រសួង​​ការ​​បរទេស​​ថៃ​ បន្ត​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​ល្អ​​ជា​មួយ​​គ្នា​


ក្នុង​ឱ​កាស​​អនុញ្ញាត​ឲ្យ​ឯកឧត្តម ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (SURAPONG TOVICHAK CHAIKUL) រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ចូល​ជួប​សំដែង​ការគួរសម នា​ថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ ២០១១​ ​នៅ​វិមាន​​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ជំរុញឲ្យ​ប្រទេស​ទាំង​ពីរ​បន្តកិច្ច​សហ​ប្រតិ​បត្តិការល្អ​​ជា​មួយ​គ្នា​ដោយ​សម្តេច​មាន​ប្រសាសន៍​ថា កម្ពុជា និង​ថៃ​​ប្រៀប​ដូចជា អណ្តាត និង​ធ្មេញ ដែល​គេមិន​អាច​ដកអណ្តាត​ទុក​ធ្មេញ ឬ​ដក​ធ្មេញ ទុក​អណ្តាត​នោះឡើយ ។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា លោក​បានធ្វើ​ការជា​មួយ​នាយករដ្ឋ​មន្រ្តីថៃ​ចំនួន ១១ ហើយ​រាប់ទាំង​លោក​ជំទាវ យីងឡាក់ ស៊ី​ណា​វ៉ាត់ត្រា ផងនោះ ដូច្នេះអ្វីៗ​ដែល​ប្រទេស​ទាំងពីរ​មាន​កន្លង​មកនោះ​គឺត្រូវ​បន្ត​អនុវត្ត​ដូច​ជាការ​ធ្វើ​អាជីវ​កម្ម​នៅក្នុង​តំបន់​ត្រួតស៊ី​គ្នា​ក្នុង​សមុទ្រជា​ដើម​។​ បើ​យើង​រង់​ចាំ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ឲ្យចប់​សព្វ​គ្រប់​គឺ​ត្រូវ​រង់ចាំ​២០០ឆ្នាំ​ទៀត មិនដឹង​ថាចប់​ឬមិន​ចប់​ផង ដូច្នេះ​នៅ​ពេល ដែល​យើង​ត្រូវ​ការ​ថាមពល ត្រូវ​ការ​ឧស្ម័ន​​ដែល​ចាំបាច់យើង​គួរតែពិនិត្យ​មើល ហើយ​អ្វីដែល​ជា​សក្តានុ​ពល​​​របស់​ប្រទេស​យើង​ទាំងពីរ យើង​ត្រូវតែ​រួមគ្នាអភិវឌ្ឍន៍។
​ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តី​ប្រតិភូ​អមនា​យករដ្ឋមន្រ្តី​ឲ្យដឹង​ថា នៅក្នុង​ជំនួប នោះ សម្តេចតេជោ​បាន​ហៅដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (SURAPONG TOVICHAK CHAIKUL) ក៏​ដូច​ជា​ដំណើរ​ទស្សនកិច្ច​របស់​​រដ្ឋមន្រ្តី​ក្រសួង ថា​មពលថៃ​នៅ​កម្ពុជា​​ថា ទស្សនកិច្ច​នេះនឹង​ពង្រឹង​ថែមទៀត​នូវ​ទំនាក់​​ទំនង​រវាង​ប្រទេស​ទាំងពីរ ដែលបាន​ប្រែមកជា​ល្អនៅក្នុង​រយៈពេល​ប៉ុន្មាន​ខែកន្លង​មកនេះ ប​ន្ទាប់​ពី​គណបក្ស​ភឿថៃ បានឈ្នះ​ឆ្នោត​។
ឯកឧត្តម ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (SURAPONG TOVICHAK CHAIKUL) បាន​ថ្លែងអំណរ​គុណជូន​ចំពោះ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ដែល​បានផ្តល់​ឱកាសឲ្យ​ឯកឧត្តម​​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​​ការ​បរទេស​ថៃ​​ជួប​សំដែងការ​គួរសម។​ ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ ​ក៏​បាន​ពាំនាំ​នូវការផ្តាំ​សាក​សួរ​​សុខទុក្ខ​ពីសំណាក់​លោកជំទាវ​នាយករដ្ឋមន្រ្តី​ថៃ ជូនចំពោះ​សម្តេចតេជោ ហើយ​បាន​អះអាង​អំពីការ​ផ្តោតការ​យកចិត្ត​ទុកដាក់​ក្នុងការ​បើកនូវ​ទំព័រ​សករាជ​ថ្មីមួយ​ សម្រាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ និង​បាន​​ប្តេជ្ញានឹង​ជំរុញទំនាក់​ទំនង​ខាងវិស័យ​ពាណិជ្ជកម្ម វិនិយោគទេស​ចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​ផងដែរ។
ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួងការបរទេស​ថៃមាន​ប្រសាសន៍​ថា ប្រទេស​ថៃ​តែងតែ​ចង់បាន​សន្តិភាព​ស្ថិត​ស្ថេរ ការរីក​ចំរើន ការ​អភិវឌ្ឍ និងការរស់​នៅ​ប្រកបដោយ​សុខដុមរមនា​ជាមួយ​កម្ពុជា ក៏ដូច​ជានៅ​ក្នុង​តំបន់​ផងដែរ ។
ឯកឧត្តម​ ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (SURAPONG TOVICHAK CHAIKUL) ក៏បានសំដែង​នូវការរីករាយ​ចំពោះ​ជោគជ័យ​នៃកិច្ច​ប្រជុំគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ដែល​បាន​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃ​ទី​១៩ ដល់ថ្ងៃទី២១ ធ្នូ ឆ្នាំ ២០១១ កន្លង​មកហើយ ភាគី​ថៃ​នឹងជំរុញ​កិច្ចសហ​ប្រតិ​បត្តិការ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ក៏ដូច​ជាជំរុញ កំណើន​សេដ្ឋកិច្ច ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ព្រមទាំង​ត្រៀម នឹងគាំទ្រ​កម្ពុជានៅ​ក្នុងវិស័យ​សិក្សាធិការ វិស័យ​ហេដ្ឋារចនា​សម័្ពន្ធ សុខភាព សាធារណៈ​ ការទប់ស្កាត់​ការរាល​ដាលជំងឺ​ឆ្លង​។​ ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួងការបរទេស​ថៃបានកោត​សរសើរ ចំពោះ​សុន្ទរកថា របស់​សម្តេចតេជោ​​នៅ​​ក្នុងពិធី​បើក​សម្ពោធ​ផ្លូវនៅ​ខេត្ត​ព្រះវិហារ ដែល​បានលើក​ឡើងអំ​ពី​ជនជាតិខ្មែរ ដែល​បានទៅ​កាប់​ឈើ​នៅ​​ក្នុង​ទឹកដី​ថៃ ក៏ដូចជាឡាវ ដែល​បានបង្ហាញ​ពីកិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេស​ទាំង​ពីរ ដើម្បី​ទប់ស្កាត់​បទ​​ល្មើស​នេះ ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ បាន​ឲ្យ​ដឹង​ថា សម្តេចតេជោ ​បានអប​អរចំពោះ​កិច្ចប្រជុំ​របស់​គណៈ កម្មាធិការ​ព្រំដែន​ទូទៅនា​ពេល​កន្លងមក និង​បាន​បង្ហាញ​នូវក្តី​សង្ឃឹម​ថា កិច្ចប្រជុំ​របស់​គណៈកម្មការ ចម្រុះ​ព្រំដែន​លើក​ទី ៨ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​ការ​បរទេស​ទាំងពីរ​នៅចុង​ខែកុម្ភះ និង​ដើម​ខែ​មីនា​នឹង​ទទួល​បាន​ជោគជ័យ​ជា​មិនខាន ។
សម្តេចតេជោបាន​ផ្តល់​អនុសាសន៍​ថា គម្រោង​ទាំងឡាយ​ដែលមាន ពីមុនមក​គឺត្រូវ​តែ​រៀបចំ​ពិនិត្យ ដើម្បី​បន្ត​យន្តការ​​ទាំងអស់​នេះ​ជា​បន្តទៀត។