Friday, December 30, 2011

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម​ ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា​ជាមួយទូរទស្សន៍បាយ័ន ​ស្តី​ពី​​​ ​ចរិត​​​ដើរប្រាស់​ចាក​ពី​គន្លងប្រជាធិបតេយ្យ​ របស់គណបក្សប្រឆាំង​នៅ​ ​​កម្ពុជា​


 ថ្ងៃទី ២៦ ខែ ធ្នូ​ ​ ឆ្នាំ២០១១

លោក សត្យា រក្ស
          សំណួរ៖ បច្ចុប្បន្ននេះ ទាំងគណបក្ស​ សម រង្ស៊ី និងគណបក្ស កឹម សុខា​ កំពុងតែដើរប្រាស់ចាកពីគន្លងប្រជាធិបតេយ្យ​។ ជាពិសេស ពេលនេះគណបក្សទាំងពីរ​ កំពុង​តែប្រកួត​ប្រជែង​គ្នា​ តាមរូបភាពបែបអាវ៉ាសែ​ មិនអាចគួរទទួលយកបាន​ និងផ្ទុយពីឆន្ទះរបស់ប្រជាពលរដ្ឋ​ផងដែរ​។​ ពេលថ្មីៗនេះ ក្រៅពីរឿងរបស់លោក សម រង្ស៊ី ដែលប្រព្រឹត្តិខុសច្បាប់​ហើយនោះ​ គឺនៅមានអ្នកដែលស្វាម៉ីភក័្រ​ជាមួយ សមរង្ស៊ី ក៏កំពុងតែដើរតាមគន្លងរបស់​ សម រង្ស៊ី ដែរ ដោយបង្ក​និងបង្កើតរឿងចលាចល​នៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើ​រាជរដ្ឋាភិបាល​ ទៅលើរដ្ឋសភា និងព្រឹទ្ធសភា ជាដើម​។​ជាក់ស្តែង​ថ្មីៗនេះ រដ្ឋសភាបាន​អនុមត្តិ​ដកអភ័យឯកសិទ្ធិ​តំណាងរាស្ត្រគណបក្ស សម រង្ស៊ី គឺលោក ចាន់ ចេង​ ដោយសារគាត់បានទៅរំដោះ​ពិរុទ្ធជននៅក្នុងពន្ធនាគារតែម្តង​។​ ដូច្នេះ​ដើម្បីឲ្យច្បាប់ ដំណើរការទៅលើកំហុស​របស់​គាត់បាន គឺខាង​តុលាការ បានស្នើសុំឲ្យរដ្ឋសភា​ដកអភ័យឯកសិទ្ធិ​សិន​។ ប៉ុន្តែ សម្រាប់​ ចាន់ ចេង វិញ​បានចោទប្រកាន់ស្ថាប័ន​រដ្ឋសភា ឬស្ថាប័នតុលាការ​ថា​ជារឿងមិន​សុច្ចរិត​ជាដើម ។ ជុំវិញ​ករណីនេះ ក្នុងនាមលោកបណ្ឌិត​ដែលជាអ្នកតាមឃ្លាំមើល​ និងតាមដាននូវទង្វើ​របស់តំណាងរាស្ត្រនេះដែរនោះ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាដែរ?​
          លោកបណ្ឌិត​ឈឹម ផលវរុណ​
          ចម្លើយ​៖រឿងតំណាងរាស្ត្ររូបនេះ បើយើងឈរលើគោលការណ៍នីតិរដ្ឋ​ តំណាងរាស្ត្រក៏ជាបុគ្គល​​មួយរូបដូចប្រជាពលរដ្ឋ​ទូទៅដែរ ប៉ុន្តែ​នៅក្នុងឯកសណ្ឋាន​ជាអ្នកតំណាងរាស្ត្រដែលបានជាប់ឆ្នោត​ពីប្រជាពលរដ្ឋ​ គាត់មានលក្ខណៈសម្បត្តិពិសេសមួយទៀតខុសពី​ប្រជាពលរដ្ឋ ត្រង់ថា​តំណាងរាស្ត្រ​មានបំពាក់ដោយអភ័យឯកសិទ្ធិ​។ ការមានអភ័យឯកសិទ្ធិនេះ គឺមានមុខងារ​ត្រឹម​តែការពារអ្នកតំណាងរាស្ត្រក្នុងការបំពេញតួនាទី​របស់ខ្លួន​ក្នុងក្របខ័ណ្ឌសភា​ ដើម្បីកុំឲ្យមានអំណាចណាផ្សេងមករំលោភ​។ ប៉ុន្តែ ការមានអភ័យឯកសិទ្ធិនេះ​គឺសម្រាប់ការពារអ្នកតំណាងរាស្ត្រ​ក្នុងការងារ ឬការបំពេញភារៈកិច្ច​ក្នុងរង្វង់ការងារសភា​។ រីឯការងារ​ផ្សេងទៀត ក្នុងភាពជាបុគ្គល​ ឬជាបទល្មើសនឹងច្បាប់ គឺអភ័យឯកសិទ្ធិមិនអាច​ការពារ​គាត់​បាន​ទេ​ ពីព្រោះវាជាគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់​។ តើកំហុសរបស់ លោក ចាន់ ចេង ថិតនៅត្រង់ណា​?​ ហើយតើទង្វើរបស់គាត់ពេលនោះជាទង្វើក្នុងការងារតំណាងរាស្ត្រ​ឬមិនមែន​?​ ។ ទោះបីជាមានអំណះ​អំ​ណាងពាក់ព័ន្ធ​ថាពុំមានដីកា​ឃាត់ខ្លួនទៅលើបុគ្គលម្នាក់ដែល​ជាប់ពាក់ព័ន្ធ​ទៅនឹងសំណុំរឿងព្រហ្មទណ្ឌ​ក្តី​ ទោះជាមានឬគ្មាន​ តើវាជាភារៈកិច្ចរបស់មេធាវី​ ឬក៏ជាភារៈកិច្ច​របស់​អ្នក​តំណាងរាស្ត្រ?​ ​ យោងតាមគោលការណ៍នៃការបែងចែកអំណាច​ ដែលគណបក្សប្រឆាំងតែងតែប្រើប្រាស់​ក្នុងការ​និយាយ​រហូត​មកនោះ​​​​ ចុះហេតុអ្វី​បានជាតំណាងរាស្ត្រ​ មក​ធ្វើការដែលពាក់ព័ន្ធនៅក្នុងរង្វង់ដែនសមត្ថកិច្ច​របស់តុលាការ និងក្រសួងមានសមត្ថកិច្ច គឺពន្ធនាគារ​ទៅវិញ?​ សភាគឺគ្មាន​សមត្ថកិច្ច​ទៅ​ធ្វើ​នូវ​កិច្ចការ​នេះទេ។ សូម្បីតែទំនាក់ទំនង​រវាងតុលាការ និងរដ្ឋសភា​ ដែលជាទំនាក់ទំនងផ្ទាល់​ក៏គ្មានដែរ​។​ តុលាការ​​​ ចង់ទំនាក់ទំនងជាមួយសភា​ ពាក់ព័ន្ធជាមួយការព្យួរអភ័យឯកសិទ្ធិ​ ក៏មិនអាចទាក់ទងផ្ទាល់ជាមួយ​រដ្ឋសភា​បានដែរ​ គឺត្រូវធ្វើតាមរយះក្រសួងយុត្តិធម៌​ រួចទើបចូលទៅប្រធានរដ្ឋសភា​​ នីតិវិធីនេះ នៅប្រទេសណាក៏ដូចគ្នាដែរ​​។ ប៉ុន្តែនៅពេលដែលតំណាងរាស្ត្រ​ទៅធ្វើផ្ទាល់​ ឡូកឡំ ច្របូកច្របល់​ជាមួយ អំណាចតុលាការ​ នោះវាជាការរំលោភដែនសមត្ថកិច្ចរបស់ស្ថាប័នគេហើយ​។ សម្រាប់រឿងលោក ចាន់ ចេង​ ទោះបីជាគាត់មិនបានទៅឆក់អ្នកជាប់ពិរុទ្ធពីពន្ធនាគារទេ តែយ៉ាងហោចណាស់ក៏លោក ចាន់ ចេង បានប្រើរថយន្ត​របស់គាត់ដើម្បីអន្តរាគមន៍​យកបុគ្គលម្នាក់ដែលកំពុងជាប់ពាក់ព័ន្ធ​នៅ​ក្នុងសំណុំ​រឿង​ព្រហ្មទណ្ឌ​​​ មកដាក់នៅក្នុងរថយន្តគាត់ ហើយបើកចេញពីពន្ធនាគារ​។ នេះជាចំណុចជាក់ស្តែងមួយ ហើយចំណុចមួយទៀត​ នៅពេលដែលលោក ចាន់ ចេង​ ទៅឈប់បញ្ឆេះឡានចាំនៅ​ក្នុងដែន​រង្វង់​ការងារ​របស់​សមត្ថកិច្ច​ និងនៅក្នុងអំណាចតុលាការនោះ​ គឺជាការគ្រោ​ងទុកជាមួយមេធាវី​ និងមិនមែនជាការចៃដន្យ​នោះទេ ។​ នោះគឺជាចេតនា​របស់ពួកគាត់​ ហើយវាពិបាក​និយាយ​ថា ពួកគាត់ធ្វើដោយអចេតនាណាស់​ ពីព្រោះមិនដែលមនុស្សឡើងឡានខ្លួនហើយ ខ្លួនបើកទៅ​ទាំង​អត់ដឹង​នោះ​ទេ​។​ លោកចាន់ ចេង គាត់បានដឹងថា​ម្នាក់នោះកំពុងជាប់ចោទ​ប្រកាន់ក្នុងសំនុំរឿងព្រហ្មទណ្ឌ​ ដូច្នេះទោះបីជាអ្នកនោះជាសាច់​ញាត្តិ​ ជាមិត្តភ័ក្រជិតដិត ជាអ្នកដែលមាននិន្នាការ​ក្នុងរង្វង់​ក្រុមដូចគ្នាក៏ដោយ​ ក៏ប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ គឺបុគ្គលរៀងៗខ្លួន​ជាអ្នកទទួលខុសត្រូវ​ មិនអាច​នរណាមកឡូកឡំបានទេ។​ ចំណុចមួយទៀត អ្នកដែលមានសិទ្ធិទៅពាក់ព័ន្ធនៅក្នុងរឿងតុលាការ គឺមានតែមេធាវីទេ​ ចំណែកលោក ចាន់ ចេង អត់មាន វិជ្ជាជីវៈមេធាវី​ទេ ផ្ទុយទៅវិញគាត់​គឺមាន​មុខងារ​ជា​អ្នក​តំណាងរាស្ត្រ​។ ត្រង់នេះហើយជាបញ្ហារំលោភ ដូច្នេះ​នៅពេល​ដែល​គាត់​រំលោភ​ទៅលើ​បញ្ហា​នេះហើយ ដែលឈានទៅដល់ការដកអភ័យឯកសិទ្ធិ​​​​របស់គាត់ ហើយវាមិនមែនជាបញ្ហាប្រទាំងប្រទើស​ដូចគណបក្សប្រឆាំង​ចោទប្រកាន់មកលើសភាទេ​ ប៉ុន្តែវាជានីតិវិធី​ច្បាប់ដែលតម្រូវឲ្យ​មានការចោទប្រកាន់ ឬ​ការបំភ្លឺណាមួយពីតុលាការ​ ដែលទាមទារឲ្យលោក ចាន់ ចេង ទៅបំភ្លឺនៅតុលាការ​​គឺត្រូវតែ​ដក​អភ័យ​ឯកសិទ្ធិ​​សិន​។ ចំណុចនេះហើយ​ដែលប្រជាពលរដ្ឋត្រូវយល់​ គណបក្សប្រឆាំង​ ធ្វើតំណាងរាស្ត្រ​គឺគ្រាន់​តែ​ដើម្បី​ទទួលយក​ប្រាក់ខែ​ប៉ុណ្ណោះ​គឺមិនដឹងពីការងារតំណាងរាស្ត្ររបស់ខ្លួនទេ​។​ ពួកក្រុមប្រឆាំងរបស់គាត់ បែរជាឆ្លើយ​ថា មិនបាច់ដកអភ័យឯកសិទ្ធិទេ​ នៅពេលដែលតុលាការកោះអញ្ចើញ​ឲ្យ​លោក​ចាន់ ចេង ទៅបំភ្លឺ​នៅ​តុលាការ​​គឺឲ្យលោក ចាន់ ចេង ទៅបំភ្លឺទៅបានហើយ​​ ចំណុចនេះគឺពួកគាត់មិនឲ្យតម្លៃសភាខ្លួនឯង​ បែរជាចង់ឲ្យសភាទាំងមូល​អនុវត្តខុស​ពី រដ្ឋធម្មនុញ្ញទៅវិញ​ ។ ការធ្វើបែបនេះ​គឺមិនមែន​ជា​អ្នកនយោបាយ​​ដែលគោរពតាមរដ្ឋធម្មនុញ្ញទេ​ ហើយគឺជាអ្នកនយោបាយងោះ ធ្វើទៅតាម​ឆន្ទៈ​ដែលខ្លួន​ចង់​បាន​តែប៉ុណ្ណោះ​។​​​ បើតំណាងរាស្ត្រត្រូវបានកោះអញ្ជើញទៅបំភ្លឺនៅតុលាការ​ដោយពាក់​ឯកសណ្ឋាន​អភ័យឯកសិទ្ធិសភា នៅចំពោះមុខតុលាការ​ គឺមានន័យថាជាការជាន់ឈ្លី​បុព្វសិទ្ធិរបស់សភា និងជាការបន្ទាបបន្ថោក​នៃតម្លៃអភ័យឯកសិទ្ធិសភា​របស់ខ្លួន ពីព្រោះ​អភ័យឯ​ក​សិទ្ធិ​មានន័យពីរធំៗ​។ ទី១ អភ័យឯកសិទ្ធិ គឺជាសិទ្ធិដ៏ខ្ពស់​របស់សភា ដែលមិនអាចមានស្ថាប័ន​ ឬអំណាចណាមួយមកប៉ះពាល់​​សមាជិកសភាដោយគ្មាន​ការអនុញ្ញាត្តិពីរដ្ឋសភា​ឡើយ​។ ឧទាហរណ៍ តុលាការបើចង់​ទាមទារសមាជិករដ្ឋសភាណាម្នាក់​ ដើម្បីមកបំភ្លឺក្នុងអំណាចខ្លួនបាន​ លុះត្រាតែ​បុព្វសិទ្ធិសភា​នោះ​ត្រូវបានរដ្ឋសភា​ព្យួរ​មួយរយះសិន​។​ មុខងារទី២ នៃអភ័យឯកសិទ្ធិសភា​ គឺ​ការ​ ការពារបុគ្គលតំណាងរាស្ត្រ ក្នុងការបញ្ចេញ​ មតិ យោបល់ ក្នុងក្របខ័ណ្ឌ​រដ្ឋសភា​ ដោយពុំមាននរណាអាចចោទប្រកាន់បានឡើយ​។ ចំណែកឯរឿង​ទង្វើរបស់លោក ចាន់ ចេង គឺមិនមែនជារឿងបញ្ចេញមតិ​ ឬក៏ធ្វើកិច្ចការសភាទេ។​គ្មានច្បាប់ណាដែលចែងថា​ តំណាងរាស្ត្រ​អាចទៅរំដោះបុគ្គលណាម្នាក់ដែលជាប់ពិរុទ្ធ​នៅពន្ធនាគារ ឬនៅអំណាចតុលាការ​ទេ។ ទង្វើនេះយើងមិនទាន់ចោទថាខុស ឬត្រូវទេ​ គ្រាន់​តែ​ជាទង្វើដែលមិនសមរម្យ​ អញ្ចឹង ដើម្បីឲ្យលោក ចាន់ ចេង ឬក៏តំណាងរាស្ត្រដ៏ទៃទៀតដែលប្រព្រឹត្តិដូចលោក ចាន់ ចេង​ អាចទៅបំភ្លឺ និងការពារខ្លួននៅចំពោះ​មុខតុលាការ​​​​​ និងដើម្បីឲ្យតម្លៃទៅលើអភ័យឯកសិទ្ធិរបស់សភា​ គឺត្រូវដកអភ័យឯកសិទ្ធិនេះសិន​។​
          លោកសត្យា រក្ស​
          សំណួរ​៖​ បច្ចុប្បន្ននេះ លោក សម រង្ស៊ី កំពុងតែ​ឆ្លេរ​ឆ្លារ​ក្នុង​ការចង់វិលត្រឡប់មកក្នុង​ប្រទេសវិញ​​។ ចំពោះបញ្ហានេះមន្ត្រីរាជរដ្ឋាភិបាល លោក​បានបញ្ជាក់ទៅកាន់លោក សម រង្ស៊ី ហើយថា​ទ្វាររបស់កម្ពុជា​​គឺបើកចំហរ​ ប៉ុន្តែ​អ្វីដែល សម រង្ស៊ី មិនព្រមចូលមក​ក្នុងប្រទេសនោះគឺ​ជារឿងរបស់លោក សម រង្ស៊ី ផ្ទាល់​ជា​មួយ​បញ្ហាផ្លូវច្បាប់​។ ជុំវិញបញ្ហានេះ តើលោកបណ្ឌិតមើលឃើញយ៉ាងណាដែរ ចំពោះគណបក្ស សម រង្ស៊ី  ហើយ​បើសិនជាអត់ សម រង្ស៊ី ទៅ តើគណបក្សនោះរលាយតែម្តងឬយ៉ាងម៉េច ​?
          លោកបណ្ឌិត​ឈឹម ផលវរុណ​
          ចម្លើយ​៖ រឿងករណីលោក សម រង្ស៊ី​ ក៏ជាឧទាហរណ៍មួយស្រដៀងគ្នា​នឹង​រឿង​លោក ចាន់ ចេង ដែរ​ ។ ពួកគាត់មានតួនាទីជាអ្នកតំណាងរាស្ត្រ​ តែមិនព្រមបង្ហាញគំរូរបស់ខ្លួន​ក្នុងការគោរពច្បាប់ទេ​ ប៉ុន្តែពួកគាត់មានវប្បធម៌ដើរចង្អុលឲ្យអ្នកដ៏ទៃគោរពច្បាប់​ ហើយបង្កើតបញ្ហាដើម្បីជាឱកាស​ក្នុងការ​ចង្អុលទម្លាក់កំហុស​ទៅលើរដ្ឋាភិបាល​ ទៅតុលាការ ទៅរដ្ឋសភា​ ។ ដូច្នេះប្រជាពលរដ្ឋអាចពិចារណា​ នយោបាយស្នេហាជាតិ​ ឬ​នយោបាយព្រំដែន និងទង្វើដកបង្គោលព្រំដែន​ គឺជារឿងពីរខុសគ្នា​​។ បើសិនជាប្រជាពលរដ្ឋទៅដកបង្គោលព្រំដែន​​ ហើយនិងតួអង្គដែល​ជាប្រធានគណបក្ស​មួយទៅ​ដក​បង្គោល​ព្រំដែន​ ការទទួលខុសត្រូវចំពោះមុខច្បាប់​គឺមានដូចគ្នា ក៏ប៉ុន្តែ​ក្នុងនាមខ្លួនជាអ្នកតំណាងរាស្ត្រ​គឺត្រូវ​ទទួលខុសត្រូវធ្ងន់ជាងប្រជាពលរដ្ឋ​ ពីព្រោះខ្លួន​ជាអ្នក​ចេះដឹងច្បាប់​ ហើយទៅរំលោភច្បាប់​។​
          គណបក្សប្រឆាំង មានគំនិតខូច គាត់ថាលោក សម រង្ស៊ី តុលាការកាត់ទោសដោយសារតែរឿងស្នេហាជាតិ​  យើងគិតមើល​ គឺ​វាអាក្រក់ពេកចំពោះពាក្យហ្នឹង​ វាជារឿងមិនពិត​។​បានន័យថា អ្នកស្នេហាជាតិគឺមានតែពួកគាត់ប៉ុន្មានអ្នកនេះទេឬ​?​ ហើយឲ្យតែដើរដកបង្គោល​ព្រំដែន​គឺស្នេហាជាតិហើយ​ឬ​?​ ។ យើងធ្លាប់បាននិយាយច្រើនដងរួចមកហើយថា បើគណបក្សប្រឆាំង ក៏ដូចជាមេបក្សប្រឆាំង​ ស្រឡាញ់​ជាតិ ស្រឡាញ់ទឹកដី ហើយលះបង់ដើម្បី​ការពារទឹកដីនោះវាគឺជានយោបាយថ្លៃថ្លាណាស់​ ប៉ុន្តែទង្វើរបស់គេទេដែលមិនថ្លៃថ្លា ទង្វើទេដែលបំផ្លាញជាតិដោយខ្លួន​ឯង។​ ការដោះស្រាយ​ព្រំ​ប្រទល់ បើយើងដោះស្រាយតាមកម្លាំង​ តាមអំពើហឹង្សារ ផលបច្ច័យវាកើតឲ្យមានការបំផ្លាញ​គ្នាទៅវិញទៅមកចំពោះអ្នកភូមិផងរបងជាមួយ​​ ចុះទម្រាំរវាងប្រទេស និងប្រទេស​ ដែលមានមនុស្ស​រាប់លាន​អ្នកនៅពីក្រោយខ្នង​ ​​​គឺប្រៀបដូចជាការបញ្ឆេះកំហឹងជាតិនិយមឲ្យមានកើតសង្គ្រាម បង្កសត្រូវនឹងគ្នា បាត់ទៅហើយ​ វាគឺជាផលបច្ច័យអាក្រក់ណាស់ ដែលនៅក្នុងពិភពលោក​ក៏មិនចង់ឲ្យមានទំនាស់បែបនេះដែរ​។​ ដូច្នេះការញុះញង់ អុជអាល បញ្ឆេះឲ្យមានទំនាស់ព្រំដែននេះ​មិនមែនជារឿងស្នេហាជាតិនោះទេ តែជានយោបាយ​បញ្ឆេះកំហឹងជាតិ និងបំផ្លាញជាតិ​​ទៅវិញទេ​។ បើសិនជាទាំងគណបក្ស សម រង្ស៊ី និងគណបក្ស កឹម សុខា ចាត់ទុកថា ទង្វើបញ្ឆេះកំហឹង​ជាតិនិយម ជានយោបាយស្នេហាជាតិ​ដ៏ល្អនោះ​វានឹងនាំ​ប្រទេស​ឲ្យ​កើត​សង្គ្រាម ដូចកាលក្រុមអាវលឿងថៃ​បញ្ឆេះកំហឹងជាតិនិយម​មកឈ្លានពានកម្ពុជាដែរហើយ​​។​អញ្ចឹង នយោបាយជាតិនិយមជ្រុល មិនមែនជានយោបាយស្នេហាជាតិទេ​ សូមបងប្អូនប្រជាពលរដ្ឋ​ចែកគ្នា​ឲ្យដាច់​ គឺជានយោបាយបំផ្លាញ​ជាតិ និងបញ្ឆេះកំហឹងជាតិ​។​​
          លោកសត្យា រក្ស​
          សំណួរ​៖​ បើតាមប្រសាសន៍របស់លោកបណ្ឌិត​ ឃើញថា​គណបក្ស សម រង្ស៊ី​ កំពុងតែប្រឈមមុខជាមួយ​នឹងការបាក់បែក​ដ៏ធ្ងន់ធ្ងរ ប្រៀបបីដូចជាមាន់​មួយសំបុកដែលគ្មានមេផ្តល់កំដៅអញ្ចឹង​។​ ជុំវិញបញ្ហាដែលគណបក្ស សម រង្សី​ កំពុងតែប្រឈមនឹងបញ្ហាដោះស្រាយខ្លួនឯងមិនបានបែបនេះ​ បែរជាគណបក្ស កឹម សុខា ដែលជាគណបក្សតូចតាច​ គណបក្ស​កូនមាន់ គណបក្សទើបនឹងកើតនេះ​ មានចេតនាចង់រួមបញ្ចូលគ្នា​ជាមួយ​នឹងគណបក្ស​ សម រង្ស៊ី ដោយបង្កើតឈ្មោះថ្មី​ ឬបង្កើតជាសម្ព័ន្ធភាពថ្មី​ទៅវិញ​​។​ តើ​នយោបាយ​របស់ កឹម សុខា នេះគឺជានយោបាយមានចេតនាចង់ទៅបំផ្លាញ សម រង្ស៊ី​ ឬក៏កឹម សុខា យល់​ឃើញ​ថា​ខ្លួនអស់​សមត្ថភាព​​នៅក្នុងការ​ឈរជើង​​ក្នុង​នយោបាយរបស់ខ្លួន​​ហើយ​ និងដើម្បីធ្វើ​ឲ្យ​ច្របូក​ច្របល់​​ក្នុងគណបក្ស សម រង្សី ឬយ៉ាងណា​?​​​​
លោកបណ្ឌិត ឈឹម​ ផលវរុណ​
ចម្លើយ៖​  រឿង​នេះ​គឺ​បង្ហាញ​ពី​ក្រយៅ​ពិត​ របស់​អ្នក​នយោបាយ​ប្រឆាំង​ដែលគ្មាន​ចិត្ត​បរិសុទ្ធ​ក្នុង​ការ​ធ្វើ​នយោបាយ​ទេ គឺ​គ្រាន់​តែ​យក​នយោបាយ​ ជា​មុខ​របរ​ចិញ្ចឹម​ប្រពន្ធ​កូន​ ព្រោះ​​​លោក​ កឹម សុខា នេះ​បើ​ក្រៅ​ពី​ទៅ​ធ្វើ​នយោបាយ​ប្រជាភិថុត​ មិន​ដឹង​ឲ្យ​គាត់​ទៅ​រក​ស៊ី​អ្វីទេ​។​ ប្រព​ន្ធ​​កូនគ្មាន​លុយ​ រហូត​ដល់​កូន​ទៅ​រៀន​នៅ​អាមេរិកទេ​​​ តើ​ទៅ​រក​លុយ​មក​ពី​ណា សាក​ល្បង​ទៅ​ធ្វើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្តង​ទៀត​ក៏មិនបាន​ដែរ​​។ មាន​តែប៉ុណ្ណឹង​ ចេញ​ពី​ NGO មក​នយោបាយ​ ចេញ​ពី​នយោបាយ​មក​ NGO ។ ឥឡូវ​យើង​និយាយ​អំពី​ចរិត​ប្រឆាំង​ តើ​សារធាតុ​របស់​គណបក្ស​ទាំង​ពី​រ​ ដូច​គ្នា​ ឫអត់​ ។ បើ​ពាក្យ​ប្រឆាំង​ប្រហែល​ជា​ដូច​គ្នា ប៉ុន្តែ​គណបក្ស​នី​មួយ​ៗ​មាន​មេ​ ​ខុសគ្នា​ ។ កឹម​ សុខា និង​ សម រង្ស៊ី​ មាន​ចរិ​ត​មួយ​ដែល​មិន​អាច​ចូល​គ្នា​បាន​ទេ​ បើ​គ្រាន់​តែ​ខុស​គ្នា​មិនអីទេ​ ឲ្យ​តែ​មាន​ចរិត​មួយ​អាច​ចាប់​ដៃ​គ្នា​បានក៏អត់មានដែរ​។ ​រវាង​លោក​ កឹម សុខា និង​លោក សម រង្ស៊ី មិន​ដឹង​មួយ​ណា​ធ្វើ​ប្តី​ មួយ​ណា​ធ្វើ​ប្រព​ន្ធ ព្រោះ​បញ្ជាក់​សារធាតុ​​ច្របាច់​ចូល​គ្នា​វា​អត់​មាន​ ។​ ​ចំណុច​ហ្នឹង នៅ​ពេល​ដែល​គាត់​ប៉ង​បង្រួប​បង្រួម​ យើង​អាច​យក​អតីត​កាល​នៃ​ការ​បង្រួប​បង្រួម​របស់​ពួកគាត់​មក​​ពិចារណា ។ តាម​ពិត​ទាំង​លោក​ សម រង្ស៊ី និង​លោក កឹម​ សុខា មិន​មែន​មនុស្ស​មក​ពី​ណាទេ សុទ្ធ​តែ​មនុស្ស​មក​ពី​គណបក្សចាញ់​ឆ្នោត​ដូច​តែ​គ្នាទេ។​ លោក កឹម សុខា មិន​មែន​ផុស​​ពី​ដី​មក​បង្កើត​គណបក្ស​ សិទ្ធិមនុស្ស​ទេ​ ឬ ក៏​ធ្លាក់​ពី​លើ​មេឃ​មក​បង្កើត​គណបក្ស​ សិទ្ធិ​មនុស្ស​ទេ ។​លោក​ កឹម សុខា​ មាន​អតីតភាព​នៅ​ក្នុង​គណបក្ស​ចាញ់​ឆ្នោត របស់​លោកតា សឺនសាន ហើយ​លោក​ សម រង្ស៊ី ក៏​មក​ពី​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​ ដែល​ឈ្លោះ​ហែកហួរ​គ្នា ដាច់​ដោច​អស់​នោះដែរ​ ។​ រឿង​រួប​រួម​ៗ​នេះ​ វា​មាន​យូរ​មក​ហើយ​។​
-មតិ​លោក សត្យារក្ស
ខ្ញុំ​ចាំបាន​​ថា ​ក្រោយ​ពេល​ដែល​បរាជ័យ​ការ​បោះ​ឆ្នោត​អាណត្តិ​​ទី​​៤ គ្រាន់​តែ​​​ប្រកាស​លទ្ធផល​ភ្លាម​ គណបក្ស សម រង្ស៊ី និង​គណបក្ស​ កឹម សុខា គឺ​ថា គេ​ប្រកាស​ពី​សម្ធ័ន្ធ​ភាពភ្លាម​ដែរ​។​ កាល​នោះ​យើង​ចង​ចាំ​ឃើញ​ថាអញ្ចឹង​​ ​ប៉ុន្តែ​កាល​ពី​មិន​ទាន់​ដឹង​លទ្ធផល​ក្នុង​យុទ្ធនា​ការ​ឃោសនា​រក​សំលេង​ឆ្នោត​ សម រង្ស៊ី ក៏​​​ថា គេ​ឈ្នះ កឹម សុខា​ ក៏​​ថា គេ​ឈ្នះ​រហូត​ទៅ​ដល់​ ៥០​-៦០ អសនៈឯណោះ​។​ ប៉ុន្តែ​នៅ​ពេល​លទ្ធផល​ សម រង្ស៊ី បាន​ ២៦ កឹម សុខា បាន​តែ ៣​ គេ​ចាប់​ផ្តើម​មួរ​ម៉ៅ​ជេរ​រដ្ឋាភិបាល​ បង្កាច់​បង្ខូច​ថា អ្នក​នេះ​លួច​ឆ្នោតអ្នក​នោះ​លួច​ឆ្នោត ហើយ​គេ​ប្រកាស​សម្ព័ន្ធ​ភាព​អ្នក​ប្រជាធិបតេយ្យ​ ដើម្បី​ផ្លាស់​ប្តូរ​ភ្លាម​។​
-មតិ​លោកបណ្ឌិត​ ឈឹម ផលវរុណ
ត្រឹម​ត្រូវ​ណាស់​ព្រោះ​សរុប​មក​វិញ​យើង​​ឃើញ​ថា ​ពួក​គាត់​នេះ​នៅ​ពេល​និយាយ​ពី​ការ​រួប​រួម​ គឺ​ក្រោយ​ពីគាត់​រលាយ​ បាន​ន័យ​ថា ទាល់​តែ​ឈឺ​ប្រកាច់​ប្រកិន​ បាន​ទៅ​រក​ពេទ្យ​ បើ​បង្ការ​មុន​ ការពារ​មុន​ បង្កើត​ថាម​ពល​មុន ​អត់​ទេ​ គឺ​ទាល់​តែ​រលាយ​បាន​គេ​រក​គ្នា​រួប​រួម​ ទាល់​តែ​ឈឺប្រកាច់​ប្រកិន​បាន​ទូរស័ព្ទ​ហៅ​ពេទ្យ​ ​មាយាទ​អញ្ចឹង​ធ្វើ​នយោបាយមិន​​កើត​ទេ​។ ឧទាហរណ៍​រឿង​រួប​រួម​កាល​ជំនាន់​គណបក្ស លោកតា​ សឺនសាន នៅ​រស់​ ខ្ញុំ​អត់​និយាយ​ពី​បុគ្គល​​ទេ​​ ខ្ញុំ​និយាយ​ពី​គណបក្ស​ គណបក្ស​ដែល​អត់ទាន់​ទៅ​ដុត​នៅ​បច្ឆា​​គណបក្ស​ ហ៊្វុន​ស៊ីន​ប៉ិច​ ពេល​ហ្នឹង​គាត់​និយាយ​ពី​រួប​រួម​ ហ៊្វុន​ស៊ីនប៉ិច គណបក្ស​លោក​តា​ សឺនសាន និង​គណបក្ស​ផ្សេង​ៗ​ទៀត។​ មិន​ទាន់​បាន​កើត​ផង​គ្រាន់​តែ​ឃើញ​ស្រមោល​ ស្រាប់​តែ​រលាយ​ ក្រោយ​មក​បង្កើត​ទៀត​ ពេល​ខ្លះ​អត់​ទាន់​មាន​ស្រមោល​ផង ឮ​តែ​សំលេង​រលាស់​អណ្តាត​ រលាយ​ទៀត។​ ​ ពេល​ដែល​រក​រួបរួម​ ពេល​ដែល​គាត់​រលាយ​គឺសុទ្ធ​តែ​នៅ​មុន​ពេល​​​បោះ​ឆ្នោត​ មិន​ដែល​ឮ​ពួក​គាត់​ថា ខ្លួន​ឯង​អន់ ហើយ​សុទ្ធតែ​ដៀម​ដាម​​ដាក់​គ្នា ។ បើ​ទៅ​តតាំង​ជា​មួយ​គណបក្ស​ប្រជាជន​អាហ្នឹង​ចរិត​មួយ​បែប​ទៀត ដូច​ កឹម សុខា គាត់​ថា គាត់ ៥៨ ទៅ​ ៦០ អញ្ចឹង​វា​អត់​ចាំបាច់​រួប​រួម​ទៅ​ហើយ។​ សម រង្ស៊ី គាត់​មិន​ប្រើ​ពាក្យ​ហួស​ដូច​កឹម សុខា ទេ ​តែ​គាត់​ប្រើពាក្យ​ថា គាត់​នឹង​ឈ្នះ ​។ ដល់ពេល​បោះ​ឆ្នោត​ហើយ​តែ​ប៉ុន្មាន​ម៉ោង គេ​អាច​ស្ទង់​មើ​ល​ទៅ​​ឃើញ​ចាញ់​ ស្រាប់​តែ​គេ​បង្កៀក​ស្មារ​គ្នា​ដូច​គូរ​ស្នេហ៍​ពី​អតីតកាល​អញ្ចឹង​ ទៅ​រក​សហភាព​អឺរ៉ុប​ ហើយ​សន្យា​ប្រាប់​ប្រជា​ពលរដ្ឋ​ថា នឹង​នាំ​ជោគជ័យ​នៃ​ការ​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ។ អញ្ចឹង​បាន​ថា នយោបាយ​​អញ្ចឹង ​ម៉េច​កើត​ អត់​ត្រូវ​ទេ គេ​មិន​ធ្វើ​អញ្ចឹង​ទេ ។​ឥឡូវ​​ បើ​ចង់​រួប​រួម​ជជែក​គ្នា​ឲ្យ​ហើយ​ទៅ តែ​លោក​ កឹម សុខា​ គាត់​ថា បើ​មិន​រួប​រួម​ក៏​គាត់​នៅ​តែ​ឈ្នះ​ដែរ វាដល់​ថ្នាក់​ហ្នឹង​ទៀត ព្រោះ​ប្រជា​ពលរដ្ឋ​គាំទ្រ​គគ្រឹកគគ្រេង​ តែ​គាត់​អាណិត​ចង់​ឲ្យ​ លោក សម រង្ស៊ី ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី ។ ខ្ញុំ​ចង​ចាំ​​អត់​ភ្លេច​​ យុវជន​ក្មេងៗ​ កាល​ឃោសនា​បោះ​ឆ្នោត​ ២០០៨ នៅ​តាម​ផ្លូវ​ គ្នា​ឈរ​មើល​គេ​ដង្ហែ​ក្បួន​ឃោស​នា​ ពួក​គាត់​លាន់​មាត់​គ្រប់​គ្នា​ថា ងាប់​ហើយ​យក​នយោបាយ​មក​ធ្វើ​លេងសើច​អញ្ចឹង ។​ ​បាន​ន័យ​ថា យុវជន​គេ​ស្គាល់​ពាក្យ​នយោបាយ​ច្បាស់​ណាស់​ ឯលោក​ កឹម សុខា ទេ គាត់​ស្គាល់​ពាក្យ​នយោបាយ​ត្រឹម​កំប្លែង គាត់​យក​នយោបាយ​ធ្វើ​រឿង​ឆាក​កំប្លែង​​តែ​ម្តង​។
-មតិ​លោក សត្យា រក្ស
​​ខ្ញុំ​មើ​ល​ឃើញ​ចំណុច​មួយ​ដែល​ជា រឿង​ឆាក​កំប្លែង​របស់​ កឹម សុខា។​ ​លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា កឹម ​សុខា គាត់​អះ​អាង​ថា ការ​រួប​រួម​គឺ​ដើម្បី​ចង់​ឲ្យ​សម​ រង្ស៊ី ​ធ្វើ​នាយក​រដ្ឋ​មន្រ្តី ឥឡូវ​លោក​បណ្ឌិត​ងាក​មក​ក្រោយ​បន្តិច​ដែល​ កឹម សុខា បាន​លើក​ឡើង​​ថា យុវជន​ទាំង​អស់​បោះ​ឆ្នោត​ឲ្យ​គណបក្ស គាត់​ទៅ បើ​សិន​យុវជន​ទាំង​អស់​នោះ កូន​ចៅ​ប្រជាពលរដ្ឋ​ហ្នឹង​ ចង់​ធ្វើ​នាយក​រដ្ឋ​មន្រ្តី ។​ឥឡូវ​យើង​សួរ​ថា​ កូន​ចៅ​ប្រជាពលរដ្ឋ​​បោះ​ឆ្នោត​ឲ្យ​គាត់​បាន​ធ្វើ​នាយក​រដ្ឋ​មន្រ្តី ឬក៏​បោះ​ឆ្នោត​ឲ្យ​គាត់​ទៅ ​បានលោក សម រង្ស៊ី ធ្វើ​នាយក​រដ្ឋ​មន្រ្តី ឬ​ក៏​បោះ​ឆ្នោត​ឲ្យ​គាត់​ទៅ បាន​​​ កឹម សុខា ធ្វើ​នាយក​រដ្ឋមន្រ្តី នេះ​ជា​រឿងបាយឡុកបាយឡ​ សុទ្ធ​សាធ ។​

-មតិលោកបណ្ឌិត ឈឹម​ ផលវរុណ​
          លោក កឹម សុខា គាត់​លេង​នយោបាយ​កំប្លែង គេ​ហៅ​ថា នយោបាយ​ « បើសិន » សុទ្ធតែ​នយោបាយ «​ ​ប្រសិន​បើ »​​  ។ ដូច​រឿង​ ៤ ម៉ឺន បើសិន គាត់​ឈ្នះ​ ចាស់​ៗ​បាន​ ៤ ម៉ឺន ហើយ​គាត់​បញ្ជាក់​ទៀត​ថា មិន​មែន​បាន​តែ​ចាស់​ៗ​ សិទ្ធិ​មនុស្ស​ទេ ចាស់​ណា​ក៏បាន​​គ្រប់គ្នា​​ទាំង​អស់​។ តែ​អា​ បើសិន ​ទោះ​គ្រប់ ​មិន​គ្រប់​ក៏ដោយ​ បើ​សិនពេល​ណា​ទៅ បើ​សិនលោក កឹម សុខា ឈ្នះ​ឆ្នោត។​ ចំណុច​ហ្នឹង​នយោបាយ​ បើ​សិនយើង​ហៅ​ថា ខ្ចី ឬ ទិញ​សន្លឹក​ឆ្នោត​ជំពាក់​។ ចំណុច​ហ្នឹង​យើង​គិត​ទៅ​ តើ​លោក​ កឹម​សុខា ធ្វើ​មេបក្ស​ស្មើ​នឹង​កូន​ក្មេង​បៀម​ដៃ​ឬ​ទេ?​ អញ្ចឹង​បាន​ខ្ញុំ​ប្រើ​ពាក្យថា កាល​គាត់​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស ឲ្យ​គណបក្ស​ លោកតា សឺន សាន ខ្ញុំ​ថា ជា​អគ្គលេខា​​ខួរ​ក្បាល​អន់។​ ដល់​ឥឡូវ​គាត់​ធ្វើ​មេបក្ស សិទ្ធិ​មនុស្ស​ ខ្ញុំ​ថា ជា​មេបក្ស​ខួរ​ក្បាល​អន់​ មិន​មែន​ក្នុង​ន័យ​ប្រមាថ​ទេ ខួរ​ក្បាល​អន់​គឺ​ក្នុង​ន័យ​ថា ​យើង​ធើ្វ​នយោបាយ​មិន​អាច​យក​នយោបាយ​មក​លេង​សើច​បាន​ទេ ព្រោះ​សេរីភាព​នយោបាយ​មាន​តម្លៃ​ណាស់​ តែ​គាត់​យក​មក​ធ្វើ​ដូច​បាយ​ឡុក​បាយ​ឡ​​ ធ្វើ​ដូច​កូន​ក្មេងទៅ​ទិញ​ស្ករ​គ្រាប់​គេ។​ សន្យា​ថាចាំ​​ម៉ែ​ខ្ញុំ​មក​ ឬ ចាំ​មាន​លុយ​ខ្ញុំ​ឲ្យ សួរ​ថា អ្នក​លក់​អាច​ទទួល​យក​ការ​អះអាង​របស់​កូន​ក្មេង​ម្នាក់​ក្នុង​ន័យ​ បើសិន ​ហ្នឹង​អត់​ ហើយ​ចុះ​ទម្រាំ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ រាប់​ចាប់​ពី ១៨ ឆ្នាំ ឡើង​ទៅ មិន​មែន​កូន​ក្មេង​ទេ​ណា សួរ​ថា គេ​ទៅ​តាម​នយោបាយ​បៀម​ដៃ​របស់​ កឹម សុខា បាន​ឬ​អត់​ ។​ នយោបាយ ​បើ​សិន ដូច​រឿង​ផ្កា​កំប្លោក ជី ល្ហុង ...ចាំ​បាច់​បើ​សិន​ រៀប​ចំធ្វើ​ទៅ ​ជា​មួយ​ប្រពន្ធ​កូន ហើយ​អ្នក​ដែល​ហែរហម​ បង្កើត​សហគ្រាស​​មួយ​មើល។​ខ្ញុំ​គិត​ថា ដំណើរ​ការ​ល្អ​ណាស់​​ប្រសិន​បើ​ទិញ ជី ទិញ​អី​ហ្នឹង​ ខ្ញុំ​ថា ល្អ សាក​តែ​ម្តង​ទៅ​កុំ​ បើ​សិន ព្រោះ​ជា​របស់​ធ្វើ​បាន ។​​ ចំណុច​ហ្នឹង​ហើយ​ ដែល​យើង​មើល​ឃើញ​ថា សារធាតុ​ពីរ ហ្នឹង​ខុស​គ្នា ​មិន​មាន​ន័យ​ថា ឃ្លាត​ចេញ​ពី​គ្នាទេ ប្រឆាំង​ដូច​គ្នា​ ប៉ុន្តែ​សារធាតុ​ហ្នឹង​មិន​អាច​ច្របាច់​ចូល​គ្នា​បាន ដាក់​មក​ញែក​គ្នាចេញ ព្រោះ​ពួក​គាត់​អត់​ស្មោះ​ត្រង់​ហ្នឹង​គ្នា ពាក្យ​ថា ខុស​គ្នា​គឺ​ត្រង់​ហ្នឹង​។
លោក សត្យា រក្ស
          សំណួរ៖ ឥឡូវ​ កឹម សុខា គេ​និយាយ​ថា មាន​តែ​គេ​ទេ​ជា​អ្នក​ស្រោច​ស្រង់​ជាតិ​ មាន​តែ​គណបក្ស​កឹមសុខា ទេ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ រីក​ចម្រើន​ ការ​អភិវឌ្ឍន៍​ខ្លាំងជាង​អ្វី​ដែល​គណបក្ស​ប្រជាជន​បាន​ធ្វើ និង​កំពុង​ធ្វើនា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ទៀត ឥឡូវ​លោក​បណ្ឌិតមើល​ឃើញ​ថា តើ​ចរិត​ និង​មាយាទ​ កឹមសុខា អាច​នឹង​សម្រេច​បាន​ដូច​សម្តី​របស់​គាត់​​ថា បាន​ទេ​លោ​ក​បណ្ឌិត​?​

លោកបណ្ឌិត ឈឹម​ ផលវរុណ​
          ចម្លើយ៖​  យើង​យក​ពាក្យ​ពុំនោល​បុរាណ​ខ្មែរ​យើង​មក​ពិចារណា​ទៅ តើ​កឹម សុខា ជា​មនុស្ស អញ្ចឹងឬ​​អត់ ។ ទី១ ហៅ​ថា ក្អាត់ក្នុង​ក្អម ក្អាត់​បង​ប្អូន​ដឹងហើយ ១ភាគ១០០ នៃ​កង្កែប​ ក្អាត់​បើ​ស្រែក​តែ​ឯង​ សឹង​តែ​យើង​អត់​ឮ​​ទេ អញ្ចឹង​ទាល់​តែ​ប្រើ​ក្នុង​ពាង​ ឬ ក្អម ដូច​យើង​ដាក់​ អំភ្លី​ អញ្ចឹង​ ដាក់​ម៉ៃក្រូហ្វូន​ ឲ្យក្អាត់​​ស្រែក​ទៅ ឮ​​រំពង ហើយ​ក្អ​ម​ជា​កន្លែងបំពង​សំលេង​ឲ្យ​ក្អាត់​ ការពិត​គ្នា​អត់​ឮ​ទេ ។ ហើយ​មួយ​ទៀត​តំនាល​របស់​បុរាណ​ខ្មែរ​យើង​ថា​ម៉េច​មនុស្ស​មាឌតូច​ល្អិត​ ​បើ ​កឹម​សុខាមិនត្រឹម​តែ​ស្រែក​ឮ​​ជាង​គេ​ទេ​ ស្រែក​ហើយ លោត​ទៀត​ព្រោះ​ខ្លាច​គេ​មើល​អត់​ឃើញ​ ខ្លាច​គេ​ថា សម្លេង​ហ្នឹង​សម្លេង​របស់​អ្នក​ណា ដូច​បទ​ចម្រៀង​ថា សម្លេង​របស់​អ្នក​មក​ពីខាងណា ខ្លាច​គេ​ពិបាក​រក​ ព្រោះ​គាត់​កំពុង​វង្វេង​នៅ​ក្នុង​ព្រៃ​ប្រជាធិបតេយ្យ ​​ឮ​​តែ​សម្លេង​។​ដល់​អញ្ចឹង​កុំ​ឲ្យ​វង្វេង​មាន​តែ​វិធី​ ស្រែក​ផង​លោត​បោយ​ដៃ​ហៅ​គេ​ថា ខ្ញុំ​នឹង​ហើយ​ម្ចាស់​សម្លេង​​ ។ ខ្លួន​អត់​មាន​ស្នាដៃ​អ្វី​ទេ ការ​ពិត​មាន​ដែរ​ស្នា​ដៃ​ តែ​ស្នា​ដៃ​អាក្រក់​ ធម្មតា​យើង​កសាង​ខ្លួន​ពី​តូច​ទៅ​ធំ កា​រ​វិវឌ្ឍន៍​បុគ្គល​ជា​មនុស្សក៏​​អញ្ចឹង​ដែរ​ ពី​តូច​​​ទៅ​ធំទើប​​លូត​លាស់​។​ លោក កឹម សុខា ក្រោយ​ថ្ងៃ​រំដោះ​ ៧ មករា ឆ្នាំ ១៩៧៩ គាត់​​មាន​ជោគ​វាសនា​​ បាន​ធ្វើ​ប្រធាន​ភូមិ​នៅ​ទឹក​ល្អក់​ ពេល​ហ្នឹង​ជា​ឱកាស​លោក កឹម សុខា គួរ​​បង្ហាញ​ស្នា​ដៃ​ក្នុង​ការ​បម្រើ​​ប្រជាពលរដ្ឋ​នៅ​​ក្នុង​ភូមិ​ ប៉ុន្តែ​កេរ្ត៍​អាសោច​ន៍​របស់​លោក​ កឹម សុខា មិន​មែន​បម្រើ​​ទេ ស្នាដៃ​របស់គាត់​​គឺ​ជា​ស្នាដៃ​អាសោច​ន៍​កេរ្ត៍ ។​គាត់​បាន​បំផ្លាញ​កិត្តិយស​របស់​គាត់​ គឺ​បាន​ងារ​ជា​ចោរ​លួច​អង្ករ​ ហើយ​ចោរលួច​អង្ករ​នៅ​ទសវត្សរ៍​ទី​៨០ ហើយ​ចោរ​លួច​អង្ក​រ​បច្ចុប្បន្ន​ខុស​គ្នា តម្លៃអង្ករ​​ខុស​គ្នា ស្ថាន​ភាព​ខុស​គ្នា មិន​មែន​ចោរ​ហារយទេ​ចោ​រ​ កឹម សុខា ចោរ​ហួស​ហេតុ​តែ​ម្តង ខ្ញុំ​ហ៊ា​ន​ប្រើ​ពាក្យ​នេះ​ព្រោះ​​កឹម​សុខា​ខ្លួន​ឯង​សារភាព។​ ឥឡូវ​យើង​មើ​ល​គាត់​បំផ្លាញ​ប៉ុណ្ណឹង​ហើយ ចូល​មក​គាត់​ប្រើ​ឱកាស​ផ្សេងៗ​ទៀត រហូត​បាន​ឱកាស​ធ្វើ​ជា​អគ្គលេខាធិការ​​គណបក្ស​លោកតា សឺន សាន ធ្វើ​ជា​តំណាង​រាស្រ្ត​ ហើយ​យើង​គិត​ទៅ តំណាង​រាស្រ្ត​លោក​តា សឺនសាន​ មាន​តែ​ ១០ កៅ​អីទេ ហើយ​កូតា​របស់​គណបក្ស​លោក​តា សឺន​សាន នៅ​សភា​អាណត្តិ​ទី ១ មាន​តែ​មួយ​ទេ គឺ​កូតា​ធ្វើ​ជា​ប្រធាន​គណៈកម្ម​ការ​ តែ​សំណាង​អ្វី​លោក កឹម សុខា អត់​មាន​អតីត​ភាព នៅ​ក្នុង​គណបក្ស​ នៅ​ក្នុង​រណសិរ្ស លោកតា​​សឺន​សាន ផង​បាន​មក​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​សិទិ្ធ​មនុស្ស​ ឯអ្នក​ដទៃ​អត់។​        ប៉ុន្តែ​គាត់​ទៅ​អួត​ថា ប្រជាពលរដ្ឋ​ ឬ សភា គាំទ្រ​ឲ្យ​គាត់​ធ្វើ​ជា​ប្រធាន​។​ មិន​មែន​ទេ​គាត់​ភូត​ នៅ​ក្នុង​ ៩ គណៈកម្មការ​ជំនាញ គេ​ផ្តល់​​ឲ្យ​គណបក្ស​ប្រជា​ជន​ ៤ គណបក្ស​ហ្វ៊ុនស៊ីប៉ិច ៤ ហើយ​ គណបក្ស​លោក​តា សឺន​សាន​ ១ ឯ​យក​ពី​ណា​មក​ធ្វើ​ជា​រឿង​ផ្ទៃ​ក្នុង​គណបក្ស​ ។​ ឥឡូវ​យើង​មើល​កូតា​លោកតា សឺ​ន​សាន មាន​មួយ​អត់​បាន​អ្នក​ផ្សេង​ដែល​មាន​អតីតភាព​ក្នុង​រណសិរ្ស​លោកតា សឺនសាន ​បែរជា​បាន កឹម សុខា។​ ប៉ុន្តែ​ កឹម សុខា គ្មាន​បាន​ប្រើ​ឱកាស​ហ្នឹង​ទៀត​ ចុង​ក្រោយ​អគ្គលេខា ខួរក្បាល​អន់​ គឺ​ពី​ ១០ កៅអីមក​ សូន្យ​កៅអី រលាយ ហើយ​បាន​ទៅ​រំលាយ​ចប់​ ដោយ​​បាន​ថ្នូរ​ជា​មួយ​ហ្វ៊ុន​ស៊ីន​ប៉ិច​ ដឹក​នាំ​ដោយ​សម្តេច​ក្រុម​ព្រះ កឹម​ សុខា បាន​​ធ្វើ​ជា​អគ្គលេខាបក្សរង គណបក្ស​ ហ្វ៊ុនស៊ីប៉ិច ហើយ​បាន​ថ្នូរ​កៅអី​សមាជិក​ព្រឹទ្ធសភា​ និង​ប្រធាន​គណកម្មការ​។ មិន​មែន​ កឹម សុខា គេ​ទទួល​ស្គាល់ទេ អាហ្នឹង​ជា​កូតា​របស់​គណបក្ស ហ៊្វុន​ស៊ីនប៉ិច សម្តេច​ក្រុម​ព្រះ​ឲ្យ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ផង ហើយ​ប្រធាន​គណកម្មការសិទ្ធិ​មនុស្ស​​ទទួល​ពាក្យ​បណ្តឹង​របស់​​ព្រឹទ្ធ​សភា​ ហើយ​គាត់​ទៅ​អួត​ទៅ​វិញ​ របស់​គេ​ឲ្យ​សោះ​គាត់​អួត​។​ តើគាត់​បាន​ប្រើ​មុខ​ងារ​របស់​គាត់​បំរើ​ជាតិ​បាន​ប៉ុណ្ណា អត់​ទៀត ។ គាត់​មាន​ឱកាស​មួយ​ទៀត ដែល​គាត់​និង​លោក សម រង្ស៊ី មាន​ទំនាក់​ទំនង​ល្អ ទើប​លោក​ សម រង្ស៊ី និង​អាមេរិក​យល់​ព្រម​ឲ្យ​លោក​ កឹម សុខា ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។​ លោក​ កឹម សុខា ជា​មនុស្ស​ ក្រពើ​វង្វេង​បឹង​ច្រើន​ដង​ណាស់​ រឿង​បាន​កៅអី​ព្រឹទ្ធសភា ក៏​ដោយ​សារគណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិច​ ចុង​ក្រោយ​គាត់​វាយ​ប្រហារ​គណបក្ស​ ហ្វ៊ុន​ស៊ីនប៉ិច ។​

លោកសត្យា រក្ស​
          សំណួរ​៖ លោកបណ្ឌិត​ ខ្ញុំចង់ងាកមកក្រោយបន្តិច​ជុំវិញប្រសាសន៍របស់លោកបណ្ឌិតនិយាយអំពី​ស្នាដៃរបស់ កឹម សុខា ក្នុងការ​បំផ្លាញ​គណបក្ស លោកតា សឺន សាន​ ។ ចំណុចនេះខ្ញុំឃើញថា លោក សឺន ស៊ូប៊ែរ​ ដែលជាកូន​​របស់លោកតា សឺន សាន គាត់នៅតែសរសើរ​វីរៈភាពរបស់លោក កឹម សុខា ថា លោក កឹម សុខា​ គឺជាឥស្សរៈជន ជាអ្នក​ឈ្លាសវៃ ជាអ្នកដឹកនាំបក្សប្រកបដោយជោគជ័យ​ ។ល។​ អញ្ចឹងនៅពេលដែលប្រជាពលរដ្ឋគេមើលឃើញថា​ ១០ កៅអី​របស់លោកតា សឺន សាន​ ដែលលោកខិតខំប្រឹងប្រែង​រកមកនោះ​ ហើយទុកឲ្យ កឹម សុខា ក្នុងនាមជាអគ្គលេខា​ ត្រូវបាន កឹម សុខា​ បំផ្លាញរហូតរលាយអស់​​ ដោយសារតែមាយាទរបស់កឹម សុខា មិនបានបង្ហាញពីកិច្ចការក្នុងការបម្រើប្រជាពលរដ្ឋ​ ទើបប្រជាពលរដ្ឋដកសេចក្តីទុកចិត្ត​ដែលធ្វើឲ្យគណបក្ស លោកតា សឺន សាន រលាយ​។ ផ្ទុយទៅវិញ លោក សឺន ស៊ូប៊ែរ បុត្រដ៏ឆ្នើម​របស់លោកតាសឺន សាន បែរជា​កោតសរសើរថា កឹម សុខា ហ្នឹង​ជាវីរៈបុរសរបស់ខ្លួន​ ជា​អ្នកដែលមានស្នាដៃនៅក្នុងការដឹកនាំបក្សទៅវិញ​។ ជុំ​វិញរឿងនេះ សូមលោកបណ្ឌិត ជួយបញ្ជាក់ថា​ តើលោក សឺន ស៊ូប៊ែរ កំពុងតែត្រូវបានលោក កឹម សុខា​ គាបសង្កត់ក្នុងន័យនយោបាយឬយ៉ាងណា​?​
          លោកបណ្ឌិត​ឈឹម ផលវរុណ​
          ចម្លើយ​៖ បញ្ហាគឺនៅត្រង់ថា​ តើអ្នកនយោបាយ​នៅកម្ពុជាយកនយោបាយ​ជាមុខរបររកស៊ី ឬក៏​យកនយោបាយដើម្បីពូតផ្តុំកម្លាំង​នៃគំនិត ក្នុងការប្រកួតប្រជែង​ក្នុងការដឹកនាំប្រទេស​។ បើសិនជាយកនយោបាយមកធ្វើជាមុខរបររកស៊ី​ នោះគឺជាការអះអាងក្នុងការលក់មរតក លក់គណបក្ស​ ដើម្បីបានតួនាទី​ ឬ​តំណែងវាគឺជាមុខរបរបាត់ទៅហើយ​។ បើឈរទៅលើគោលការណ៍ប្រជាធិបតេយ្យសេរី​ ទោះនៅ​ប្រទេស​ណាក៏មានគណបក្ស ខ្លះធ្លាប់មានអសនៈ​ ហើយធ្លាប់អត់បានអសនៈវិញក៏មានដែរ ប៉ុន្តែ​គេ​មិន​ដែល​រំលាយគណបក្សទេ​។ ខ្ញុំសុំលើកឧទាហរណ៍នៅប្រទេសអាឡឺម៉ង់​ គឺគណបក្ស FDP ( Liberal Democratic Party ) គណបក្សនេះ មានអាណត្តិមួយនោះ​មិនជាប់បានមួយកៅអីទេ​ ប៉ុន្តែគេអត់លប់គណបក្សគេចោលទេ​ គេនៅតស៊ូ ៤ ទៅ ៥ឆ្នាំ គេទទួលបានកៅអីវិញ​។ ពីព្រោះគេគិតពីប្រវត្តិ​របស់គណបក្ស​ ដែលជាកិត្តិយស​របស់គណបក្ស​ក្នុងន័យវិជ្ជមាន​។ រីឯលោក កឹម សុខា និងសហសេវិកគាត់ ​ដែលបានអះអាងនោះ​បែរជាសរសើរលោក កឹម សុខា ថាចេះលក់គណបក្ស​បានចែកតំណែងគ្នា​ ដែលនេះគឺជារឿងអវិជ្ជមានសោះ​។​ ពួកគេ​​សរសើរលោកកឹម សុខា ក្នុងន័យអវិជ្ជមាន​ថា​ គាត់ចេះចាយមរតកបានល្អ​ កុំអីពួកយើងតាំងពីឆ្នាំ៩៨មក​អត់បាយស៊ីហើយ​ ពីព្រោះលោក កឹម សុខា​ នេះ បើមិន​លក់​មរតកលោកតា សឺន សាន ទេ គាត់មិនដឹងទៅធ្វើអ្វីទេ ​រួមជាមួយបនភឿនរបស់គាត់នោះ​។ មកដល់ពេលនេះអ្នកដែលមានអតីតភាពនៅក្នុងគណបក្ស លោកតា សឺន សាន កំពុងតែចាញ់ប្រៀប​លោក កឹម សុខា ដាច់​ ពួកគេកំពុងតែដេកសង្ឃឹមទៅលើក្រេដីតរបស់ កឹម សុខា ក្រែងលោបាន​បាយមួយឆ្នាំសម្រាប់មួយអាណត្តិ​។ ហេតុនេះហើយបានជា កឹម សុខា​ ដឹងថាអ្នកទាំងអស់នោះត្រូវការគាត់​ អញ្ចឹង​អ្នកទាំងនោះត្រូបង្ហាញនូវភាពស្មោះទៅលើកឹម សុខា​ វិញ​។ អញ្ចឹងហើយទើបគាត់ដាក់សម្ពាធ​ទៅលើអ្នកទាំងអស់នោះ​ បើអស់លោកចង់​បានក្តីសង្ឃឹមពីកឹម សុខា គឺត្រូវ​ធ្វើតាម​កឹម សុខា​ ។ ជាពិសេសនៅពេលដែលខ្ញុំលួចអង្ករ កុំថាខ្ញុំលួច ​ត្រូវនិយាយថា​ខ្ញុំ​ស្នេហាជាតិ​យកអង្ករទៅជូនអ្នកតស៊ូអីទៅវិញទៅ​។ តាមពិតអ្នកទាំងអស់នោះដឹងច្បាស់ណាស់ពីប្រវត្តិ​របស់កឹម សុខា ពីព្រោះកាលពីជំនាន់គណបក្សលោកតា សឺន សាន គ្មាននរណាគេសប្បាយចិត្តជាមួយលោក កឹម សុខា​ទេ​ ។ អ្នកខ្លះធ្លាប់បានភ្លក់រស់ជាតិ​របស់កឹម សុខា ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស​មុនខ្ញុំទៅទៀត​៕
​​