Wednesday, December 14, 2011

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ចង់​ឲ្យ​​អ្នក​​សេដ្ឋកិច្ច​​វិទូ​បរ​ទេស​ត្រូវ​គ្នា​ អំពី​ការ​វាយ​តម្លៃ ​អត្រា​កំណើន​​សេដ្ឋ​កិច្ច​កម្ពុជា​


​ ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សកល វិទ្យាល័យ​កម្ពុជា និង ប្រគល់​ប័ណ្ណ​ជ័យលាភី​អាហារូបករណ៍ សម្តេច​តេ​ជោ ហ៊ុន សែន-ហាន់​ដា ដែល​ប្រព្រឹត្តទៅ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំនាព្រឹក​ថ្ងៃទី ១៤ ខែ​ ធ្នូ ឆ្នាំ ២០១១​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ មាន​ប្រសាសន៍ ​ឲ្យ​ដឹង​ថា ថា បើ​វិស័យ​កសិកម្ម មាន​កំណើន​ស្មើ ០% ក៏​សេដ្ឋកិច្ចកម្ពុជាអាច​​រីក​លូតលាស់​បាន​ជុំវិញ ៧%ដែរ។ ទាក់ទង​នឹង​ ការ​វាយ​តម្លៃ​ខុស​ៗ​គ្នា​អំពី​អត្រា ​កំណើនសេដ្ឋកិច្ច​​នៅ​ក្នុងព្រះ​រាជាណាចក្រ​កម្ពុជា​​ឆ្នាំ ​២០១១ ដោយ​ក្រុម​អ្នក​សេដ្ឋកិច្ចវិទូ​របស់​ធនាគារ​ពិភព​លោកបាន​​វាយតម្លៃ​ កំណើនសេដ្ឋកិច្ច​កម្ពុ​ជាមាន​អត្រា ៦% ធនាគារ​អភិវឌ្ឍ​អាស៊ី​វាយតម្លៃ​សេដ្ឋកិច្ចកម្ពុជា​មាន អត្រាកំណើន៦,៨%មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​វាយតម្លៃ ៧,៥% ​នោះ​ សម្តេច​តេ​ជោ​មានប្រសាសន៍ នៅក្នុង​សង្កថា ថា វា​ជា​ចម្ងល់​នៅពេលដែល​ក្រុម​សេដ្ឋវិទូ​ដូចគ្នា មកពី​បរទេស​ដូចគ្នា ប៉ុន្តែ​វាយតម្លៃមិន​​ដូចគ្នា​តើ​វា​មកពី​អ្វី? ព្រោះ​មានការ​វាយតម្លៃ​ខ្លះ​ធ្វើ​ឲ្យ​យើង​រំភើប​ខ្លាំង ហើយ​មានការ​វាយតម្លៃ​ខ្លះ​ធ្វើ​ឲ្យ យើង​មាន​ទុទិដ្ឋិនិយម​ទៅវិញ។ 

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្រ្តី​មានប្រសាសន៍ថា ​ រឿង​ពិតប្រាកដ​របស់​កម្ពុជា​គឺ​រង់ចាំ​វាយតម្លៃ​លើ​វិ​ស័យ​កសិកម្ម ដែល​ត្រូវ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅក្នុង​ខែមេសា ព្រោះថា​ឥឡូវនេះ​វិស័យ​ឧស្សាហកម្ម​នាំចេញ​មាន​កំណើន​លើស ១០% វិស័យ​ទេសចរណ៍​កើន​ជាង ១០%ហើយ​វិស័យ​សំណង់​ក៏​កើនឡើង​ដែរ។ សម្តេចតេជោ​ មាន​ប្រសាសន៍​ថា នៅពេលដែល​រាជរដ្ឋាភិបាល​វាយតម្លៃ​ពី​អត្រាកំណើន​សេដ្ឋកិច្ច ៦,៤% នៅ​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល ប្រជុំ​ជាមួយ​ផ្នែក​ឯកជន ធនាគារពិភពលោក​បាន​ប្រកាសថា អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ ២០១១ មាន៦% ហើយ​បន្ទាប់មក​ធនាគារ​អភិវឌ្ឍ​អាស៊ី​បានប្រកាសថា កម្ពុ​ជាមាន​កំណើន៦,៨% ហើយ​ក្រោយមក​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ​បាន​ក្រ​កាស​ថា អត្រាកំណើន​របស់​កម្ពុ​ជាមាន​សុទិដ្ឋិនិយម ជាងនេះទៅទៀត។ សម្តេច​តេ​ជោ​ថ្លែងថា ការវាយតម្លៃ​របស់​ធនាគារ​ពិភពលោក​ផ្សេង ធនាគារ​អភិវឌ្ឍ​អាស៊ី​ផ្សឹ​ង ហើយ​ស្ថាប័ន​មូលនិធិ​រូបិយ​យ​វត្ថុ​អន្តរជាតិ​ផ្សេង ដែល​ស្ថាប័ន​ទាំងបី​នេះ​សុទ្ធតែជា​មហា អំណាចរៀងៗខ្លួន​ដូច្នេះ​មានតែ​យើង​ជា​អ្នកសម្របសម្រួល​ពួកគាត់។

សម្តេច​តេ​ជោ​ មានប្រសាសន៍ថា ដោយសារតែ​បញ្ហា​នេះហើយ​ទើប​ខ្ញុំ​ចង់​ធ្វើ​សុ​ខុ​ដុម​ប​នីយកម្ម នៃ​ដៃគូ​ព្រោះថា​ពេលខ្លះ​យើង ត្រូវ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ទាំងនោះ។សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​បាន ពន្យល់ថា ពាក្យ​សុ​ខុ​ដុម​ប​នីយកម្ម​គឺ​សំដៅ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ ទាំងបី​ត្រូវ​គ្នា ព្រោះ​ស្ថាប័ន ទាំងនេះ​មកជួយ​កម្ពុជា តែ​ពួកគាត់​មិនត្រូវ​គ្នា។

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍ថា ចំពោះ​បញ្ហា​អតិផរណា​របស់យើងៗត្រូវ​គ្រប់គ្រង​ឲ្យ បាន ព្រោះ​នៅ​ជុំវិញ​ប្រទេស​របស់​យើង​មាន​អត្រា​អតិផរណា​ខ្ពស់​ណាស់​ដូចជា ឡាវ ថៃ ចិន មាន​អត្រា ជាពិសេស ប្រទេស​វៀត​អតិផរណា​ដល់​ទៅ ១៨% ហើយ​ទំនិញ​មួយចំនួន​នាំចូល​មកពី​ប្រទេស​ដែល មាន​អតិផរណា​ស្រាប់ ដែល​នេះ​ក៏​ជា​បញ្ហា​ដែរ។

​ ទាក់​ទង​នឹង​បញ្ហា​​កម្ពុជា​​​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​ និង​ ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាននា​ឆ្នាំ ២០១២ ដែល​នឹង​ចូល​មក​ដល់​​នា​ពេល​ឆាប់​នេះ​​ សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​មាន​ប្រសាសន៍​​ថា​ យើង​ត្រូវ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​កិច្ចការ​ អាស៊ាន​មួយ​ឲ្យ​ល្អ​ដើម្បី​បំពេញ​តួនាទី​ជា​សមាជិក​ដែល​មាន​ការទទួល​ខុស​ ត្រូវ ​ហើយ​ជា​ប្រធាន​ដែល​ មាន​ការ​ទទួល​ខុសត្រូវ ​ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​តំបន់​របស់​យើង​ដំណើរ​ទៅ​ប្រកប​ដោយ​ជោគជ័យ និង​ ឈាន​ទៅ​សម្រេច​សហគមន៍​អាស៊ាន​ឆ្នាំ ​២០១៥​។
សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា សូមកុំ​ភ្លេច«ប្រធាន​អាស៊ាន មិនមែន​មានតែ ហ៊ុន សែន ម្នាក់ឯង​ធ្វើជា​ប្រធាន​អាស៊ាន​នោះទេ ប៉ុន្តែ​គឺ​កម្ពុជា​ទាំងមូល»។ សម្តេច​តេ​ជោ​ ថ្លែងថា យើង មាន​សមត្ថភាព​នឹងធ្វើ​ជា​ប្រធាន​អាស៊ាន ព្រោះ​កម្ពុជា​ធ្លាប់​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០០២ ម្តង​រួច ទៅហើយ ដែល​នៅ​សម័យ​នោះ​មានការ​លំបាក​ខ្លាំងណាស់ ព្រោះ​យើង​មានតែ​សណ្ឋាគារ​អាំងទែ​កុង តឺ​ណង់​តា​ល់​មួយ​ប៉ុណ្ណោះ  តែ​ឥឡូវនេះ​យើង​មាន​វិមាន​សន្តិភាព ដែល​អាច​ទទួល​កិច្ចប្រជុំធំៗ មាន ទាំង​បន្ទប់​សម្រាប់​គណៈប្រតិភូ​ធ្វើការ ហើយ​ពិធី​ជប់​នឹង​អាច​រៀបចំ​នៅ​ម​ជ្ឈ​ប​ណ្ឌ​លកោះ​ពេជ្រ ដែលអាច​ទទួលភ្ញៀវ​បាន​ដល់​ទៅ​រាប់ពាន់​នាក់​៕