Wednesday, December 14, 2011

បទវិចារណកថា ​ដូរ ឬមិនដូរ?


ដោយៈរួម ជាតិ
        ដូរ ឬមិន​ដូរ​? គឺជា​បទ​ចំ​រៀង​របស់​ពួក​ក្រុម​ក្មេង​រត់​តាម​ចញ្ចើម​ថ្នល់​ច្រៀង​លេង​កំ​ សាន្ត​សប្បាយដើម្បី​សុំទារស្កគ្រាប់​ពី​ម្តាយ​ពេលមកពី​ផ្សារ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ ត្រូវ​បាន​មេបក្ស​ លោក កឹម សុខា ចាប់​យកមក​ធ្វើ​ជា​មធ្យោបាយ​ឃោសនាបោះឆ្នោតយ៉ាង​គ្រឹក​គគ្រេង​​ តាំង​ពី​ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន និង​បាន​​ប្រើ​ពាក្យនេះ​ ក្នុងគោលបំណងចង់ផ្តួល​រំលំ ឬដូររាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដោយ​ឥត​ខ្មាស់អៀន​ទៅ​វិញ​។

          រៀងរាល់ថ្ងៃ លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងក្រុមរបស់ខ្លួនបានដើរស្រែក​គ្រប់ច្រកល្ហក​ទូទាំងប្រទេស ដោយ​ការ​​ញុះញង់ និងបំផុសប្រជាពលរដ្ឋឲ្យមានគំនិតជាតិ​និយម​ជ្រុល​ក្នុងការ​ផ្លាស់​ប្តូររបប​ ឬ​ប្តូរ​រាជ​រដ្ឋាភិបាល​ ដោយប្រើពាក្យថា «ដូរ ឬមិនដូរ?» ។ ត្រង់ចំណុចនេះត្រូវបាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យបាន​វាយ​តម្លៃថា គណបក្សប្រឆាំង ជាពិសេសគណបក្សសិទ្ធិមនុស្សពុំ​​មាន​ស្នាដៃអ្វី​ក្នុង​ការ​ជួយ​ចូល​រួម​ ស្តារ កសាង​ និង​អភិវឌ្ឍ ជាតិ​មាតុភូមិ ដើម្បី​លើក​កំ​ពស់​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋទេ គឺមាន​តែ​សកម្មភាព​ខំ​ប្រឹង​ដើរស្រែក​ជេររាជ​រដ្ឋាភិបាល​ ដើម្បី​ការ​ធ្វើ​នយោបាយ​របស់​ខ្លួន​ ដែល​ផ្ទុយ​ពី​​សកម្ម​ភាព​របស់​គណបក្សប្រជាជនកម្ពុជាដែល​នៅ​រួម​សុខរួម​ទុក្ខ ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពល​រដ្ឋដោយ​ផ្ទាល់​ ដូចជា​ការ​​​សង្គ្រោះពល​រដ្ឋពេល​មាន​គ្រោះទឹក​ជំ​នន់​ ការ​ខិតខំ​ប្រឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ចូលរួម​ថែ​រក្សា សន្តិភាព​ ស្ថេរភាព​នយោបាយ​ ធានាបាន​នូវ​ភាព​សុខសាន្តជូន​ប្រជាពល​រដ្ឋរស់​នៅ​ដោយ​សុខដុមរមនា​ដូចសព្វ​​ ថ្ងៃ ។ ទាំង​នេះ​ គឺជាទំ​នុក​ចិត្តរបស់​ប្រជាពល​រដ្ឋកម្ពុជា​ ដែល​ត្រូវ​ការគណបក្ស​ប្រជាជន​ដើម្បីជា​ដង្ហើម​រស់​ ជានិច្ចនិរន្ត។

          ទិសដៅជាសារវន្តរបស់រាជរដ្ឋាភិបាលគឺកសាង ជាជំហានៗនូវ​សង្គមកម្ពុជាមួយដែលមានសន្តិភាព​​​ ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មាន​ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង​សមធម៌​ជាមួយ និងការគោរពខ្ជាប់ខ្ជួន​នូវគោលការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ​ សំដៅលើកស្ទួយនីតិរដ្ឋ ការពារ​សិទិ្ធ និង​សេចក្តី​ថ្លៃថ្នូរបស់មនុស្សគ្រប់រូប។​

តាម ​រយៈ​សមិទ្ធផល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​បាន​ឃើញ​ផ្ទាល់នឹង​ភ្នែក​នៅ​តាម​មូល​ដ្ឋាន គឺជាការ​វាយ​បំ​បាក់​ទៅ​លើ​ក្រុមគណ​បក្ស​ប្រឆាំង ​ដែល​កំ​ពុង​នាំគ្នា​ឃោសនាអកុសល មួល​បំ​ភ្លៃ​ខុសពី​ការពិត​ និង​បាន​ចោទ​ប្រកាន់​ថា​ ប្រទេស​មិន​មាន​ការ​រីក​ចំ​រើន​ និង​សង្គម​ជាតិ​កំ​ពុង​ជួប​នូវ​ទុក្ខព្រួយ។ ការពិត​នៅ​កម្ពុជា​ មិន​អាក្រក់​ដូច​ការ​ចោទ​ប្រកាន់​ប្រាស់​ចាក​ពី​សច្ចៈភាព​បែប​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ កម្ពុជា​សព្វ​ថ្ងៃ​ជាប្រទេស​គ្មាន​សង្គ្រាម​បង្ហូ​រឈាម​ ពុំ​មាន​ការ​កាប់​សម្លាប់​គ្នា​ ពុំ​មាន​ការ​បំ​បិទសិទ្ធ​សេរី​ភាព​ ឬ​គាប​សង្កត់​ទៅ​លើ​ជន​ណាមួយ​នោះ​ឡើយ​ ។ រាជ​រដ្ឋាភិបាល​ បាន​និង​កំ​ពុង​លើក​កំ​ពស់​សិទ្ធិ​សេរី​ភាព​ និង​សេចក្តី​ថ្លៃថ្នូររបស់​មនុស្សជាតិ​ និង​គោរព​បាន​យ៉ាង​ត្រឹម​ត្រូវ​នូវ​ច្បាប់​រដ្ឋធម្មនុញ្ញរបស់​ប្រទេស​ ដើម្បី​ពង្រឹង​នីតិរដ្ឋនៅ​កម្ពុជា​។ ត្រង់នេះសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលសព្វថ្ងៃ គឺធានាបាន​នូវ​ស្ថេរភាពនយោបាយ សន្តិភាព​បរិបូណ៌  ដូចនេះ សួរថា​ តើប្រជាពលរដ្ឋចង់ផ្លាស់​ប្តូរថ្នាក់​ដឹក​នាំប្រទេស​ដូច​ការលើកឡើង​របស់​គណ​ បក្ស​​សិទ្ធិមនុស្សដែរឬទេ? ចម្លើយដោយ​មិនបង្អង់​យូរ​ គឺពល​រដ្ឋគ្រប់​រូបនឹង​​អាចឆ្លើយបាន​ភ្លាម​ថា « មិន​ដូរជាដាច់​ខាត​» ផ្ទុយ ​ទៅ​វិញ​នឹង​រិត​តែ​គាំទ្រថែម​ទៀត​ ​ព្រោះបទពិសោធន៍ប្រទេសកម្ពុជា​​បានឆ្លង​កាត់ជាច្រើន​ជំនាន់មក​ហើយ​ ដូចជាប្រជាពលរដ្ឋកាលរស់នៅក្នុងរបបរាជជានិយម ថាបាន​សម្បូរសប្បាយ រីកចំរើន​ជឿនលឿន ប៉ុន្តែ​ មាន​អ្នក​ដឹកនាំខ្លះមិនពេញចិត្ត ដូចជាពួកសាធារណរដ្ឋនិយមឆ្វេង គឺលោកសេនាប្រមុខ លន់ ណុល បានធ្វើរដ្ឋ​ប្រហារ​ផ្តួល​រំលំ​រាជបល្ល័ង គឺការផ្តួលរំលំសម្តេចសីហនុ នៅ​ទស្សវត្សឆ្នាំ១៩៧០  បន្ទាប់​មកដឹកនាំ​មិនបានប៉ុន្មាន​ឆ្នាំផង​ក៏មានអំពើពុករលួយ បក្ខពួក ហើយ​ប្រើអំពើហឹង្សាឃោរឃៅ ពុករលួយ​លើស​របបរាជជានិយម បណ្តាលឲ្យមានការបះបោរបង្កើតចលនា ខ្មែរ​ក្រហមបានផ្តួលរំលំរបបលន់ ណុល នៅថ្ងៃទី​១៧ខែ មេសា ឆ្នាំ១៩៧៥    ​ប្រជាជន សង្ឃឹម​ថា​នឹង​ទទួល​​​​បាន​នូវ​សេរីភាពនិងបានមេដឹកនាំ​ប្រទេសកម្ពុជា​ឱ្យ​ ប្រសើរ ប៉ុន្តែគ្រាន់​តែ​បី​ថ្ងៃប៉ុណ្ណោះ ឲ្យអ្នករស់នៅ​ទីក្រុងភ្នំពេញត្រូវ​បាន​បង្ខំ​ឱ្យ​ចាកចេញទៅជនបទ  និង​បាន​កាប់​សម្លាប់​ប្រជាពល​រដ្ឋ​កម្ពុជា​ស្លាប់​អស់​ជាង​២​លាន​នាក់។

បទពិសោធន៌ទាំងនេះ ត្រូវបានអ្នកវិភាគនយោបាយលើកឡើងនៅ​ពេល​ឮសូរអ្នក​នយោបាយ​ប្រឆាំង​មួយ​ចំ​​នួន ដែល​ប៉ុនប៉ង​ចង់​ផ្លាស់​ប្តូររបប គឺវានឹង​អាច​ជាន់​ដាន​ស្នាម​កង់​ប្រវត្តិ​សាស្ត្រដូចរបបមុន​ៗ​ គឺនិង​អាច​ធ្វើឲ្យឈាមខ្មែរហូរស្រក់​ជាថ្មីម្តង​ទៀត​​។ដូច្នេះ​ប្រជាពល​ រដ្ឋមិន​អនុញ្ញាត្តឱ្យ​របបនោះ​កើត​មាន​ឡើង​នោះ​ទេ។

 ម៉្យាង ​ទៀត​ ការ​បញ្ចប់​បាន​នូវ​សង្គ្រាម​ជាស្ថាពរ គឺពិត​ជាកើត​មាន​តាម​រយៈ​នយោបាយ​ឈ្នះ‑ឈ្នះ របស់​​សម្តេច​តេជោ ហ៊ុន សែន នៅចុងឆ្នាំ១៩៩៨ ដែល​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​ខ្មែរក្រហម​ត្រូវរលំ​រលាយ​អស់​ និង​ឈាន​ដល់​មាន​ការ​បោះឆ្នោត​តាម​បែប​លទិ្ធប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​បន្ត​ពង្រឹង​ការ​អនុវត្ត​គោល​​ការណ៍​នោះ​មក​ដល់​សព្វ​ថ្ងៃ ដែល​បាន​ផ្តល់​អំ​ណាច​ឱ្យ​ប្រជាពល​រដ្ឋជាម្ចាស់​ជោគ​វាសនារបស់​បរទេស​ជាតិ​​ ​តាម​រយៈ​សម្លេង​ឆ្នោត​គាំ​ទ្រ និង​ដកសេចក្តី​ទុកចិត្ត។

ដូច្នេះ ​ សកម្មភាពរបស់​គណបក្សសិទ្ធិមនុស្សដែល​ចង់​ប្តូររបប មិន​ធ្វើ​តាម​បែប​ប្រជាធិបតេយ្យ គឺជា​ការ​ដើរផ្ទុយ​ពី​ឆន្ទៈរបស់​ប្រជាពល​រដ្ឋ និង​អាច​ចាត់​ទុក​ថា​ ជាចេតនាចង់​ឱ្យ​មាន​សង្គ្រាម​សារជាថ្មី វាជា​អំពើ​ញុះញង់ ដុត​បញ្ឆេះកំហឹង និង​បណ្តុះគំនិតឲ្យប្រជាពលរដ្ឋស្អប់ខ្ពើម​អ្នកមាន ជានយោបាយ​សម្លាប់​អ្នក​មាន គឺវាដូចគ្នា​នឹង​របបប៉ុល​ពតអញ្ចឹង​ដែរ ដែល​សកម្ម​ភាព​ទាំង​នោះ​នឹង​បង្កឱ្យមាន​នូវ​អសន្តិសុខ​ជាតិ​ និងក៏​ជាការ​រំ​លោភលើច្បាប់​របស់​ប្រទេស​​ ដែល​រាជ​រដ្ឋាភិបាល​នឹង​ត្រូវ​ចាត់​វិធាន​ការ​ទប់​ស្តាត់​ ដើម្បី​ការពារ​បាន​នូវ​ច្បាប់រដ្ឋ​ធម្ម​នុញ្ញដែល​ជាច្បាប់​កំ​ពូល​របស់​ កម្ពុជា៕

ថ្ងៃទី១៤​ ខែ ធ្នូ ឆ្នាំ២០១១