Tuesday, January 3, 2012

បទ​វិចារណកថា ៖ សមិទ្ធផល​ថ្មី​ក្នុង​សម័យ​តេជោ ៖ ស្ពានអាកាស៧មករា ស្វាគមន៍​ពល​រដ្ឋគ្រប់​ជាតិ​សាសន៍


ដោយៈរួម​ ជាតិ

៣៣ឆ្នាំ ក្រោយ​ថ្ងៃរំដោះប្រជាពលរដ្ឋចេញពីមហាសោកនាដកម្ម​នៃបនប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ៧ ខែ មករា ឆ្នាំ១៩៧៩ បាននាំឲ្យមានការចាប់ផ្តើមជាថ្មីនូវសិទិ្ធរស់រានមានជីវិត និងសិទ្ធិដទៃជាច្រើនទៀត ទាំង​នេះ គឺជាសក្ខីភាពនៃប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបាន នៃគុណបំណាច់របស់ឥស្សរជនដែលជាថ្នាក់ដឹកនាំ​របស់​គណបក្សប្រជាជនកម្ពុជា និងកងទ័ព​ស្ម័គ្រចិត្ត​វៀតណាមជាមិត្ត ដែល​បានកំទេចនូវរបបដ៏​សា​ហាវ​​ឃោរឃៅយង់ឃ្នង ហើយបាននាំមកនូវ​ដង្ហើមរស់មកដល់សព្វថ្ងៃ

បន្ទាប់​ពីនោះ​មក​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ខិត​ខំ​ស្តារ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានតូចធំជាច្រើន និងជាពិសេស សមិទ្ធផល​ថ្មី​ស្រឡាង​ដែល​នឹង​ត្រូវ​សម្ពោធបើក​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ២០១២ ខាង​មុខនោះ គឺស្ពានអាកាស៧មករា

កាលពីថ្ងៃទី  ២៨  ខែ ធ្នូ  ឆ្នាំ ២០១១ នៅក្នុងឱកាសការផ្តល់សញ្ញាប័ត្រដល់និសិ្សតបញ្ចប់ការសិក្សា
របស់​វិទ្យាស្ថានវ៉ាន់ដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករ​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា  បានមានប្រសាសន៍ថា     «  ស្ពានអាកាសថ្មីមាន​គន្លងផ្លូវបួន​​ដែល​​ស្ថិតលើចំណុចប្រសព្វនៃមហាវិថី​
​​​​​ព័ន្ធរុស្សី និងមហាវិថីកម្ពុជាក្រោមនេះនឹងត្រូវដាក់​ឈ្មោះថា ស្ពានអាកាសមករា ដើម្បី​រំលឹក​សមិទ្ធ​ផលដែលកម្ពុជាសម្រេចបានចាប់តាំងពីឆ្នាំ​១៩៧៩មក»។ សម្តេចតេជោ ហ៊ុន សែន បាន​​មានប្រ​សា​ស​ន៍​បន្ថែមទៀតថា« កាលពី៣៣ឆ្នាំមុន នៅពេលដែលប្រជាពលរដ្ឋត្រឡប់ចូលទីក្រុងវិញដោយស្លៀក​​ពាក់អាវខ្មៅ និងមានពកូនផងនោះ ពួកគេរងគ្រោះយ៉ាងខ្លាំង គឺស្ទើរ​តែស្លាប់ទៅហើយ។ ប៉ុន្តែ​រយៈពេល៣៣ឆ្នាំក្រោយមក ទីក្រុងនេះមានស្ពានអាកាសដល់ទៅពីរដែលសម្រួលការធ្វើដំណើរចូលពីភាគខាងកើត និងភាគខាងលិច»នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​

មុនពេល​មកដល់សព្វថ្ងៃនេះ ប្រសិនបើយើងធ្វើការ​ស្រម៉ៃ​នូវព្រឹត្តិការណ៍ខ្លះនៅក្នុងសម័យប៉ុលពត នោះ តើវាវេទនាយ៉ាងណាខ្លះ?ដែលរបប​ប៉ុល​ពតបានកំទេចចោលគ្មានសល់ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីរ​ពេទ្យ និងវត្តអារាម ជាពិសេស វប្ប​ធម៌ប្រពៃណី ​និង​សាសនា​ត្រូវ​បាន​បំ​បាត់​ចោល​កុំថា​ឡើយ​​ក​សាង​ប្រទេសសូម្បីតែ​ការស់​នៅ​ ហូប​ចុកមិនគ្រប់​គ្រាន់ ហើយ​ត្រូវ​បាន​ប៉ុលពតបង្ខំប្រជាជនឲ្យធ្វើការជាទម្ងន់ ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យា​​បាល សូម្បីតែសិទ្ធិទំនាក់ទំនងគ្នាត្រូវបានកាត់ផ្តាច់ គ្មាន​សិទិ្ធ​សេរីភាព។ល។និង។ល។ ​ទាំងនេះ​បើរំលឹក​វា​ឈឺ​​ចាប់ខ្លាំងណាស់មិនអាចបំភ្លេចទេ ប៉ុន្តែជាសំណាងល្អ ប្រជាពលរដ្ឋដែល​បាន​រស់​រាន​មាន​ជីវិត​រហូត​មកដល់សព្វថ្ងៃ គឺដោយ​សារគុណ​បំ​ណាច់​របស់​គណ​បក្សប្រជាជនកម្ពុជា​ដែលបានរំដោះប្រជាជន​ពល​រដ្ឋទាន់ពេលវេលាគឺថ្ងៃ​៧​មករា ឆ្នាំ១៩៧៩។

របបប៉ុលពតលំបាក​វេទនា​ជាទី​បំ​ផុត​ ដូច្នេះ​ ប្រជាពលរដ្ឋ​ខ្មែរស្អប់ខ្ពើមនូវ​របបនោះ​ និង​មិនចង់ឲ្យរបបខ្មៅ​ងងឹត​នេះវិលត្រឡប់មកវិញទេ ប៉ុន្តែបែជា​ក្រុម​​គណបក្សប្រឆាំងមួយចំនួនចង់បានរបបនេះឲ្យរស់សាជាថ្មី ។ ការ​អធិប្បាយ​បែប​នេះ ​ដោយ​យោង​ថា​ ថ្មី​ៗនេះ លោក កឹម សុខា បាននិយាយថា នៅ​​សម័យ​ ប៉ុលពត គ្មានសង្រ្គាម គ្មានឮ​ស្នូកាំភ្លើង​ទេ។ ត្រង់ចំណុចនេះសូមប្រជាពលរដ្ឋ ពិចារណានូវសម្តីដែលរមិលគុណ សម្តីដែលគ្មានន័យមិន​ទទួល​​ស្គាល់ការពិត​នេះ​ សម័យប៉ុលពតថ្វីបើគ្មានស្នូកាំ​ភ្លើង ប៉ុន្តែកុំភ្លេច​ថាមាន​ស្នូរ​ត្បូង​ចប​គ្រប់​ទី​កន្លែង​​ទូទាំងប្រទេសកម្ពុជា រហូតដល់បណ្តាលឲ្យស្លាប់ប្រជាជនខ្មែរជិតបីលាននាក់។ របបប៉ុល​ពត​បាន​​បន្សល់ទុកនូវ​កូនកំព្រារាប់ពាន់​នា​ក់​ និង​បន្សល់ទុកនូវ​ស្ត្រី​បុរស​ព្រាត់​ប្រាស់​​ប្តី​ប្រពន្ធ​រាប់មិនអស់ ធ្វើឲ្យ​ ប្រទេសធ្លាក់ក្នុងភ្នួកផេះ ។

មកដល់សព្វថ្ងៃ ប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិបានធ្វើកិច្ចព្រមព្រៀង​ជា​មួយ​គ្នាក្នុងការនាំ មេដឹក នាំកំពូល និងប្រមុខរដ្ឋនៃរបបប៉ុលពតមកកាត់ទោសនៅ​អង្គ​ជំ​នុំជម្រះ​វិសាមញ្ញ ​នៃ​តុលា​កា​រ​​កម្ពុជា​​ដើម្បី​បង្ហាញ​ឲ្យ​អ្នក​ជំនាន់​ក្រោយ ជៀស​វាង​ប្រព្រឹត្ត​តាម​គន្លងចាស់

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន  បាន​ស្តារ​ប្រទេសកម្ពុជាឱ្យ​មាន​ការ​រីកចំរើនយ៉ាងឆាប់រហ័ស និង​ល្បី​រន្ទឺលើ​ឆាក​អន្តរជាតិ ដែល​គេទទួល​ស្គាល់ថាកម្ពុជាមាន​ការ​រីក​ចំរើន​ស្ទើរ​គ្រប់​វិស័យ​ដោយឡែកយោងតាមតួលេខរបស់ក្រសួងទេសចរណ៍បាន​​ឲ្យដឹងថា ចំនួនទេសចរណ៍​មកទស្សនាប្រទេសកម្ពុជាបានកើនឡើង១៤ភាគរយ ដល់២,៥​លាននាក់​ នៅក្នុងរយៈពេល ១១ខែ ដំបូង នៃឆ្នាំ២០១១ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ទិន្នន័យនេះ​បង្ហាញ​ថា ​ភ្ញៀវទេសចរដែលធ្វើដំណើរតាមយន្តហោះ បានកើនឡើង ៥១ភាគរយ នៅក្នុង រយៈពេលនេះ រីឯទេសចរណ៍ធ្វើដំណើរផ្លូវគោកឬផ្លូវទឹកបានកើនឡើង៤៩ភាគរយបើយោង តាមប្រសាសន៍​របស់​លោក គង់ ភារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានឲ្យដឹង បន្ថែមទៀតថា ប្រទេស​កម្ពុជា ពិតជានឹងសម្រេចបានគោលដៅរបស់ខ្លួនថា  នឹងមានភ្ញៀវទេសចរណ៍ មកទស្សនាចំនួន​ ,៨លាននាក់ មុនបំណាច់ឆ្នាំនេះ ជាពិសេសបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរអ៊ែរ  បានចាប់ផ្តើមបើកដំណើការ ជើងយន្តហោះ ជាទៀង​ទាត់ពីក្រុងព្រះសីហនុ មកកាន់ខេត្តសៀមរាប កាលពីដើមខែនេះ។ លោក គង់ ភារៈ ក៏បានមានប្រសាសន៍បន្ថែមទៀតថា រដ្ឋាភិបាលសង្ឃឹមថា នឹងមានភ្ញៀវទេសចរណ៍​ អន្តរជាតិ មក ទស្សនា​ ប្រទេសកម្ពុជា៣,១លាននាក់   ។​

ម្យ៉ាងវិញទៀតប្រទេសកម្ពុជា បាន និងកំពុងតែធ្វើ​ឱ្យ​ពិភពលោកវាយតំលៃខ្ពស់ថាជាប្រទេសច្ឆ​រិយៈ ហើយ​បានធ្វើជាប្រធានអាស៊ាននាដើមឆ្នាំ២០១២ខាងមុខ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក លោកអូបាម៉ា នាយករដ្ឋមន្រ្តីចិន វេន​ជាបាវ  នាយករដ្ឋមន្រ្តីរុស្សីលោក ពូទីន និង​ឥស្ស​​រ​​​ជន​​​កំពូល​​ៗនៅ អាស៊ាន ជាច្រើនបានចូលរួម នេះសបញ្ជាក់​ឲ្យឃើញ​ពីភាពរីក​ចំរើន​នៃ​ប្រទេស​កម្ពុជា​ដែល​យើង​ជា​ប្រជាពលរដ្ឋ​ កម្ពុជាគួរតែមានមោទភាពជាតិ។

ជារួមប្រទេសកម្ពុជា ៣៣ឆ្នាំ ក្រោយថ្ងៃរំដោះ៧  មករា ឆ្នាំ ១៩៧៩ មកដល់សព្វថ្ងៃ គឺមានការ​ រីក ​ចំរើន​យ៉ាងខ្លាំង មានអគារខ្ពស់ៗ សណ្ឋាគារទំនើបៗ ជាពិសេសស្ពានអាកាស៧មករានេះ​ជាតឹក​តាង​ ស្ពាន​អាកាស៧មករា ពិត​ជាបាន​បង្ហាញ​ពី​ការ​ផ្សាភ្ជាប់​ទំ​នាក់​ទំ​នង​បណ្តាញគមនាគមន៍​ សំ​រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​ដល់​ពល​រដ្ឋគ្រប់​ជាតិ​សាសន៍​ផង​ ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរផង និង​មួយផ្នែក​ទៀតក៏បាន​ជួយ​លើក​សម្រស់​ទីក្រុង​ភ្នំ​ពេញ​ថែម​មួយ​កំ​រិត​ទៀត ឱ្យសម​នឹង​ពាក្យ​ស្លោក « ទី​ក្រុង​ស្អាត​ រមណីយដ្ឋានស្អាត សេវាកម្ម​ល្អ»៕