Tuesday, January 3, 2012

ពិធីបុណ្យសមុទ្រនិងឆ្លងឆ្នាំសកល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សុខ អាន​ និងលោកជំទាវ​នៅក្រុងព្រះសីហនុ ទទួល​បានជោកជ័យ



ពិធីបុណ្យសមុទ្រ និង បុណ្យឆ្លង ឆ្នាំសកល ២០១១ ដែលមានការតាំងពិពណ៌​និងសំដែងសិល្បៈ ប្រព្រឹត្តទៅនារា​ត្រីថ្ងៃ៣១ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១២ នៅក្រុង ព្រះសីហនុ ដែលមានមនុស្សប្រ​មាណជិត ៦ម៉ឺននាក់ ចូលរួម បានទទួល ជោគជ័យ យ៉ាងធំធេង តាមការរំពឹងទុករបស់ឯកឧត្តម បណ្ឌិត សុខ អាន​ ។
ថ្លែងបើកការប្រារព្ធពិធីដែលធ្វើឡើងនៅឆ្នេរអូឈើទាល ​ ខេត្តព្រះសីហនុ នារាត្រី ថ្ងៃ​ទី​៣១​ ខែធ្នូ​ឆ្នាំ​២០១១ ឯកឧត្តម បណ្ឌិត សុខ អាន​ បានមានប្រសាសន៍ថា ខ្ញុំមានជំនឿ​យ៉ាងមុត​មាំថា​​ការរៀបចំពិធីបុណ្យសមុទ្រនេះជារួម​ចំណែកយ៉ាង​ សំខាន់​ក្នុងការ​អភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
​ ​ឯកឧត្តម បណ្ឌិត សុខ អាន​ បានមានប្រសាសន៍បញ្ជាក់ថា ការអនុញ្ញាតដ៍ខ្ពង់ខ្ពស់​របស់សម្តេច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន ឲ្យមានការរៀបចំពិធីបុណ្យសមុទ្រ​នៅខេត្ត ព្រះសីហនុ ឆ្នាំនេះឆ្លុះបញ្ចាំងពីការគាំទ្រររបស់រាជ​រដ្ឋាភិ​បាល​ក្នុងការជំរុញ​កិច្ច​ អភិវឌ្ឍន៍​ឆ្នេសមុទ្រកម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាប៉ូលសេដ្ឋកិច្ច ក្នុងការ​ទាក់ទាញវិនិយោគ សំរាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ​និង ត្រូវបានចាត់ទុកថា​ជាគោល​ដៅទេសចរណ៍​ដ៍មាន​ភាពទាក់​ទាញរួមចំណែក​ធ្វើឲ្យ​ តំបន់ឆ្នេរសមុទ្រកម្ពុជា​មានការ​វិវត្ត ប្រែប្រួលមុខមាត់ថ្មីសមជា​តារា​រះនាទិសនិរតី​និង​ ជាសមាជិក​ក្លិប​​ឆ្នេសមុទ្រ​ដែល​ស្អាតលើសកលលោក។
          ក្នុងនាមរាជរដ្ឋាភិបាល​និង ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី​ ឯកឧត្តម បណ្ឌិត សុខ អាន​​ បានកោត​សរសើរ​ក្រ​សួងទេសចរណ៍ ដែលបានខិខំអនុវត្តភារកិច្ច​របស់ខ្លួនប្រកបដោយការទទួលខុសត្រូវ​ និងសមស្រប ពិសេស​ការ​ធ្វើ​ពិពិធ​កម្មទេស​ចរណ៍​ និងការតភ្ជាប់តំបន់ទេសចរណ៍បេតិកភ័ណ្ឌវប្បធម៌ និងប្រវត្តិសាស្រ្ត សៀមរាប​អង្គរ ទៅនឹង​តំបន់​ឆ្នេរ​សមុទ្រកម្ពុជា​។ ឯកឧត្តម បណ្ឌិត សុខ អាន​ មានប្រសាសន៍ថា​ការតភ្ជាប់នេះ​ស្តែងឲ្យឃើញកាន់តែច្បាស់​តាម​រយៈ​ជើងហោះហើរ​ សៀមរាប -ព្រះសី​ហនុ -សៀមរាប របស់ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជាអង្គរអ៊ែរដែលត្រូវបាន​ដាក់​សម្ពោធ​ដាក់ឲ្យដំណើរការកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១


          ទាក់ទងនឹងបញ្ហាកំណើនសេដ្ឋកិច្ច​ ឯកឧត្តម បណ្ឌិត សុខ អាន​ បានមានប្រ​សាសន៍​ថា សំរាប់ឆ្នាំ២០១១​នេះទោះ​បីកម្ពុជាត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ក៍​ដោយ តាមការព្យាករណ៍ កម្ពុជានៅតែអាចសំរេចបាន​ កំណើនសេដ្ឋ​កិច្ច​ប្រមាណ​៦,៤% ដែរ ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានឲ្យដឹង​ថា៖​ពិធីធ្វើបុណ្យ​សមុទ្រ​ ត្រូវបានធ្វើឡើងក្រោយ​ពេលព្រះ​រាជា​ណា​ចក្រកម្ពុជាបានចូលជា​សមាជិក​ ក្លឹបនៃប្រទេស​ដែលមានឆ្នេសមុទ្រស្អាតលើសកលលោក កាលពីខែ ឧសភា ឆ្នាំ ២០១១ ។​ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា៖​« ​ការ​ធ្វើបុណ្យសមុទ្រ​នេះ ទីមួយ​គឺ​ឃោសនាអំពី​សក្តានុពល​ទេសចរណ៍​តំបន់​សមុទ្រ។ គ្រប់​ប្រទេស​ទាំងអស់​ ក្រោយពី​បាន​ធ្វើបុណ្យ​ឆ្នេរហើយ​តែងតែ​មាន​ភ្ញៀវ​ទេសចណ៍​កើនឡើង​យ៉ាងតិច​ ១៥%។ ឆ្លង​តាម​បុណ្យ​នេះ យើង​បំផុស​ស្មារតី​ប្រជាជន ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ចូល​រួម​ការពារ ​និង​អភិវឌ្ឍ​តំបន់​សមុទ្រ»។
ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ កម្ពុជាសម្រេចបានសមិទ្ធផលគួរជាទីមោទ​នៈ។ នៅឆ្នាំ ២០១០ កម្ពុជាទទួល​បាន​ភ្ញៀវ​ទេសចរណ៍អន្តរជាតិ​ ជាង២,៥លាននាក់ ក្នុងអត្រាកំណើន ១៦%ធៀបក្នុងឆ្នាំ ២០០៩។ ឆ្នាំ ២០១១ ភ្ញៀវទេស​ចរណ៍​កើនឡើង​ដល់ប្របានជាង២,៨លាននាក់ កើនប្រមាណ១៤% ធៀបនឹងឆ្នាំ២០១០។ កម្ពុជា​សង្ឃឹម​ថានឹង​ទទួល​បានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៤,៥លាននាក់នៅឆ្នាំ ២០១៥ និងប្រមាណ ៧លាននាក់ ក្នុងឆ្នាំ២០២០ ។
ឯកឧត្តម បណ្ឌិត សុខ អាន​​ បានមានប្រសាសន៍ថា​ការរីកចំរើននៃវិស័យទេសច​រណ៍ដែលត្រូ​វ​បានចាត់​ទុកថា​ជាមាស ​បៃ​តង​ ពិតជាបានរួមចំណែកយ៉ាងខ្លាំង​ក្នុង​ការ​អភិ​វឌ្ឍន៍សេដ្ឋកិច្ចសង្គម​ពិសេស​ ចូលរួមដល់ការសំរេចបាននូវគោលដៅ​អភិ​វឌ្ឍន៍​​​សហសវត្សន៍ របស់អង្គការសហប្រជាជាតិក៍ដូចជាយុទ្ធសាស្រ្តចតុកោណ ដំណាក់​កាល​ទី២ របស់រាជ​រដ្ឋា​ភិបាល​ដើម្បី «កំណើន ការងារ ប្រសិទ្ធភាព និងសមធម៌»។





កម្ពុជាមានឆ្នេរសមុទ្រប្រវែង ប្រមាណជាង ៤០០គ.ម ស្ថិតក្នុងខេត្តព្រះ​សី​ហនុ​ កោះកុង កំពត និងខេត្តកែប។ ឯកឧត្តម បណ្ឌិត សុខ អាន​​ បានមានប្រសាសន៍ថា ខេត្តទាំង៤ នឹងត្រូវផ្លាស់ប្តូរវេនគ្នារៀបចំពីធីបុណ្យសមុទ្រជារាងរាល់ឆ្នាំ។​ ក្នុងយុទ្ធនា​ការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជាព្រះរាជា​ណាចក្រ អច្ឆរិយៈ (Cambodia – Kingdom of Wonder)»​ និង​ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឯកឧត្តម បណ្ឌិត សុខ អាន​​ បានអំពាវ​នាវ​ឲ្យ​ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញា​ធរមូល​ដ្ឋាន​និង បងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្នខ្ពស់​​ចំពោះ​ ការអភិវឌ្ឍន៍តំបន់ឆ្នេរ​ធ្វើ​យ៉ាង​​ណាធានាឲ្យមានការអភិវឌ្ឍន៍បៃតង នៅតំ​បន់នេះ​ស័ក្តិសម​ជាសមាជិក​ក្លឹបឆ្នេរ​សមុទ្រ​ដ៍ស្រស់​ស្អាត​លើស​ក​លោក។
តាមរយៈឯកឧត្តមក្រសួងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថារាជរដ្ឋាភិ​បាលកម្ពុជាបានគាំទ្រឲ្យមានការដាក់តាំង​លេខាធិ​ ការដ្ឋានក្លឹបប្រទេសដែលមានឆ្នេរ​សមុទ្រ​ស្អាតលើសកលលោក​ដែលជាអង្គការ​ ទទួលស្គាល​ដោយអង្គការ​សហ​ប្រ​ជា​​ជាតិ​​​និង​អង្គ​ការ​យូណេស្កូនៅ​ ក្នុងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា​ក្នុង​ពេល​ខាង​មុខ។