Tuesday, January 3, 2012

វិចារណកថា៖ ៧ មករា គឺជាសក្ខីភាពប្រវត្តិសាស្រ្តនៃការសង្គ្រោះ និង ការអភិវឌ្ឍជាតិ


ដោយ រាជ្យ សុវណ្ណនគរ

        រហូតមកដល់ពេលនេះ គឺមានរយៈពេល ៣៣ ឆ្នាំ មកហើយដែលប្រជាជាតិកម្ពុជា ត្រូវបានរស់​រានមានជីវិតឡើងវិញ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនោះមាន​ឈ្មោះថា “បក្សប្រជាជនបដិវត្តន៍កម្ពុជា” និង ដោយមានការចូលរួមពីគ្រប់ស្រទាបមហាជន ប្រជាជនជុំវិញ “រណសិរ្ស​សាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលសុទ្ធសឹងជាបុព្វហេតុលះបង់សាច់ស្រស់ ឈាមស្រស់របស់ប្រជាជាតិ​ខ្មែរ ដើម្បីសង្គ្រោះជីវិត និង រំដោះប្រទេសជាតិឲ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ក្រោម​ការដឹកនាំ​របស់សម្តេចអគ្គទាំងបី។
          ដោយសារថ្ងៃ ៧ មករានេះហើយ ដែលធ្វើឲ្យប្រជាជនខ្មែរគ្រប់រូប បានរួចរស់ជីវិតពីក្រញាំបិសាច ស្គាល់នូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សគ្រប់បែបយ៉ាង ធ្វើឲ្យខ្មែរគ្រប់ក្រុម គ្រប់បក្ស គ្រប់និន្នាការ​នយោបាយ រួបរួមសាមគ្គីគ្នា ក្នុងគោលដៅបញ្ចប់ជម្លោះ ស្វែងរកសន្តិភាព កសាងស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគ្រប់វិស័យ និង ប្រកបដោយចីរភាព។
មិនត្រឹមតែប៉ុណ្ណោះ ការកាប់សម្លាប់ ការព្រាត់ប្រាស់បងប្អូនកូនចៅក្រុមគ្រួសារ និង ការបំផ្លិចបំ​ផ្លាញសង្គមជាតិយ៉ាងអយុត្តិធម៌ និង ស្ទើរគ្មានសល់អ្វីទាំងអស់របស់របបកម្ពុជាប្រជាធិបតេយ្យ រាជរដ្ឋា​ភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសហការជាមួយអង្គការ​សហប្រជាជាតិ បានខិតខំប្រឹងប្រែងស្វែងរកការពិត និង យុត្តិធម៌ ជូនប្រជាជាតិកម្ពុជាឡើងវិញ ក្នុងគោល​ដៅទីមួយ ដើម្បីដោះស្រាយចម្ងល់ ស្វែងរកមូលហេតុដែលនាំឲ្យមានការកាប់សម្លាប់ និង ការបំផ្លិចបំផ្លាញ​ជាតិ និង ទីពីរ ដើម្បីកុំឲ្យប្រវត្តិសាស្រ្តនៃរបបប្រល័យពូជសាសន៍ដ៏អាក្រក់នេះវិលត្រឡប់មកក្នុងសង្គម​ជាតិកម្ពុជា ជាថ្មីម្តងទៀត។
ថ្ងៃ ៧ មករា បានធ្វើឲ្យប្រទេស និង ប្រជាជាតិកម្ពុជាទាំងមូល ទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យ​ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវថ្នល់រហូតដល់ជនបទដាច់ស្រយ៉ាលគ្រប់ច្រកល្ហក ប្រព័ន្ធ​ធារាសាស្ត្រខ្វាត់ខ្វែងនៅគ្រប់តំបន់ជនបទ សាលារៀនមន្ទីរពេទ្យវត្តអារាម ត្រូវបានកសាង និង កែលំអនៅ​គ្រប់ភូមិឃុំនិគមជនបទ និង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តដទៃទៀតរាប់មិនអស់ ដែលតំបន់ភាគច្រើនមិនដែល​មានទាល់តែសោះ នៅក្នុងរបបនយោបាយមុនៗ។
ដោយសារថ្ងៃ៧ មករា បានធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយខ្លួនពីប្រទេសជាតិមួយដែលធ្លាប់ទទួល​រងនូវការរើសអើង និង ទណ្ឌកម្មយ៉ាងអគតិពីជាតិសាសន៍ដទៃ ក្នុងដំណាក់កាលដែលប្រជាជាតិខ្មែរ កំពុង​ជួបការលំបាកគ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ការវិលត្រឡប់របបកម្ពុជាប្រជាធិបតេយ្យផង កសាង​សន្តិភាពផង និង អភិវឌ្ឍប្រទេសជាតិផង ក្នុងពេលតែមួយនោះ ឲ្យបែរមកទទួលស្គាល់ការពិត ផ្តល់​យុត្តិធម៌ដល់បុព្វហេតុរបស់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយកិត្យានុភាព សេចក្តីថ្លៃថ្នូរ ខ្ពស់មុខខ្ពស់មាត់ និង ស្មើភាពស្មើសិទ្ធិនៅលើឆាកអន្តរជាតិប្រកបដោយកិត្តិយសបំផុត។
ជាក់ស្តែងបន្ទាប់ពីការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា តាមរយៈការរំលាយអង្គការចាត់តាំង​នយោបាយ និង យោធារបស់ពួកខ្មែរក្រហមក្រោមទស្សនវិស័យនៃនយោបាយឈ្នះ-ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង បន្ទាប់ពីបានធ្វើសមាហរណកម្មទៅក្នុងតំបន់ និង ពិភពលោកយ៉ាងឆាប់រហ័សរួចមក ព្រះរាជាណាចក្រកម្ពុជា បាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ជា​កំលាំងចលករក្នុងការកសាង និង ការរក្សាសន្តិភាព ការបញ្ចប់សង្គ្រាម ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការលើកម្ពស់ការថែរក្សាតម្លៃ និង សម្បត្តិវប្បធម៌បេតិកភណ្ឌមនុស្សជាតិ នៅគ្រប់វេទិការ​តំបន់ និង ពិភពលោក ជាពិសេស កម្ពុជា បាន និង កពុងដើរតួនាទីជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០១២ នេះ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានធ្វើឲ្យប្រទេសជិតខាង ដែលធ្លាប់តែចាត់ទុកកម្ពុជាជាប្រទេសទន់ខ្សោយ និង មិនដែលយកចិត្តទុក​ដាក់​ចំពោះច្បាប់អន្តរជាតិស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះ ឲ្យវិលមកគោរព​ក្រោម​គំនាប់​របស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ អង្គការតំបន់ និង ពិភពលោក។ កិច្ចការទាំងនេះ គឺជា​កិច្ចការដ៏លំបាកមួយ ស្ថិតក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងនៅទន់ខ្សោយនៅឡើយ បើ​ធៀបនឹងប្រទេសជិតខាង។
សមិទ្ធផលទាំងនេះ គឺជាតឹកតាង និង ជាសក្ខីភាពប្រវត្តិសាស្ត្រដែលមិនអាចនរណាម្នាក់ ក្រុម ឬ បក្សណាមួយ មកបំភ្លៃ ឬក៏កែប្រែប្រវត្តិសាស្ត្របានឡើយ ហើយត្រូវហ៊ានទទួលស្គាល់ការពិតចំពោះមុខ​ប្រវត្តិសាស្ត្រនេះ ពីព្រោះថា បើគ្មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ក៏គ្មានបក្សនយោបាយនានាដែលកំពុងធ្វើ​សកម្មភាព និង រិះគន់រាជរដ្ឋាភិបាល ក៏គ្មានសិទ្ធិមនុស្ស គ្មានអង្គការសមាគមក្រៅរដ្ឋាភិបាល និង ក៏គ្មាន​ការអភិវឌ្ឍរីកចំរើនគ្រប់វិស័យដូចសព្វថ្ងៃនេះឡើយ។
ហើយអ្នកនយោបាយមួយចំនួនដែលតែងតែប្រឆាំងនឹងថ្ងៃ ៧ មករា ទាំងបញ្ច្រាសទិសនៃបំណង​ប្រាថ្នារបស់ប្រជាជនខ្មែរ ត្រូវហ៊ានទទួលស្គាល់ផងដែរថា សមិទ្ធផលប្រវត្តិសាស្ត្រ និង ដែលមានអាច​បំភ្លេចនូវគុណូបការៈបានទាំងនេះ គឺជាការខិតខំប្រឹងប្រែង ការលះបង់ និង ការបូជាជីវិត ទ្រព្យសម្បត្តិ សេចក្តីសុខសុភង្គលផ្ទាល់របស់ថ្នាក់ដឹកនាំ និង គណបក្សប្រជាជនកម្ពុជាទាំងមូល ដើម្បីផ្តល់ជូនប្រជា​ជាតិកម្ពុជា នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ គឺសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយ តម្លៃនៅលើឆាកអន្តរជាតិ ការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ហើយសមិទ្ធផលទាំងនេះ គ្មានប្រទេស ឬ ទេវតាឯណាផ្តល់ប្រជាជាតិកម្ពុជាឡើយ គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានខិតខំ​ពុះពារសម្រេចបាន។
ពីព្រោះ គណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីប្រជាជន របស់ប្រជាជន និង កើត​ឡើង​ដោយ​កម្លាំងសាមគ្គីភាពរបស់ប្រជាជន គ្រប់កាលៈទេសៈ។