Monday, January 16, 2012

ឯកឧត្តម​ កែវ រ៉េមី ៖ ការ​តែង​​តាំង​​សហចៅ​ក្រម​​ស៊ើប​​អង្កេត​​បរទេស​ នៅ​​សាលា​ក្តី​កាត់​​ទោស​​មេដឹក​នាំ​ខ្មែរ​ក្រហម​ ជា​សមត្ថកិច្ច ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​


ថ្លែង​​​ក្នុង​សន្និសីទ​កា​សែត​ដែល​ប្រារព្ធ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្រ្តី វេលា​ថ្ងៃត្រង់​ ទី ១៦ ខែ មករា ឆ្នាំ ២០១២ ឯកឧត្តម កែវ រ៉េមី រដ្ឋ​លេខាធិការ​ទីស្តីការគណៈរដ្ឋ​មន្រ្តី និង​ជា​អនុប្រធាន​អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស​ បាន​​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន មិន​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​តែង​តាំង​សហចៅក្រម​ស៊ើប​អង្កេត​បរទេស​នៅ​សាលា​ក្តី​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហ​ម​នោះ​ទេ​។ ដោយ​យោង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​​ ទាក់​ទង​នឹង​ការ​កាត់​សេច​ក្តី​នៅ​ក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋ​កម្ម​ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេ្យ​ ឯកឧត្តម កែវ រ៉េមី បាន​បញ្ជាក់​ថា នេះ​ជា​សមត្ថកិច្ច​ពេញ​ទី​​របស់ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​មាន​​ព្រះ​មហាក្សត្រ​ជា​ប្រធាន​។​
ប្រសាសន៍​ប្រតិកម្ម​របស់​ឯកឧត្តម កែវ រ៉េមី ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​​​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ (Phnom Penh Post )និង​ព្រឹត្តិបត្រ​ ឌឺខាមបូឌៀដេលី (The Cambodia daily)  ​ផ្សព្វ​ផ្សាយ​មិន​ត្រូវ​​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ព្រឹក​​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១២ ក៏​ដូច​ជា​សេច​ក្តី​ថ្លែង​ការណ៍​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ របស់​លោក​ អ៊ូ វិរៈ (CHR) និង​អង្គការ OSJI  អំពី​ការ​ពាក់​ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ទាក់​ទង​​នឹង​ការ​តែង​តាំង​សហចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៅ​សាលាក្តី​​កាត់​ទោស​មេដឹកនាំ​​ខ្មែរក្រហម​ គឺ​លោក​ ឡូរ៉ង់​កាស្ពែរ(Laurent Kasper-Anserment) ជំនួស​លោកចៅក្រមជន​ជាតិ​​អាល្លឺម៉ង់ ឈ្មោះ ស៊ែហ្គ ប្លុង (Siegfried Blunk) ដែល​បាន​លា​ចេញ​ពី​ដំណែង​ ។​ ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍ថា ខ្ញុំ​សូម​ច្រាន​ចោល​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ ​ខាង​លើ​។ ខ្ញុំ​សូម​បញ្ជាក់ថា នៅ​ក្នុង​​កិច្ច​ព្រម​ព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​បាន​ចែង​ច្បាស់​អំពី​បញ្ហា​នេះ​ ដោយ​​មាន​ការ​គោរព​អធិបតេយ្យ​ភាព​គ្នា​ទៅ​វិញ​ទៅ​មក​។​ ឯកឧត្តម​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ការ​តែង​តាំង​អង្គការ​សហប្រជាជាតិ​ជា​អ្នក​ស្នើ​បេក្ខភាព​ ហើយ​សមត្ថភាព​អ្នក​ដែល​ត្រូវ​ពិនិត្យ​មើល​ការ​តែ​ង​តាំង​គឺ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ​។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី លោក​មិន​បាន​ទាក់​ទង​ទាល់​តែ​សោះ​ក្នុង​ការ​តែង​តាំង​នេះ​ ព្រោះ​ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​កំពូល​នៃ​តុលាការ​ខ្មែរ​ ដែល​មាន​ព្រះ​មហាក្សត្រ​ជា​ប្រធាន​ ហើយ​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រមមាន​នីតិ​វិធី​ធ្វើ​ការងារ​របស់​គេ​។​ ឯកឧត្តម​ កែវ រ៉េមី បាន​ចាត់​ទុក​ ឃ្លា​ប្រយោគ​របស់​អង្គការ​ OSJI និង CHR ហាក់​បី​ដូច​ជា​បញ្ជា​ និង​រំលោភ​អធិបតេយ្យ​ភាព​ អំណាច​កំពូល​របស់​ជាតិ​។​ ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្រ្តី​ សម្តេច​តេជោ​ លោក​ដឹង​ច្បាស់​អំពី​ការ​បែង​ចែក​អំណាច​រវាង​ស្ថាប័ន នីតិប្រតិបត្តិ​ តុលាការ​ និង​នីតិប្បញ្ញត្តិ​។ ឯកឧត្តម​ កែវ រ៉េមី បញ្ជាក់​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី មាន​ភារកិច្ច​តាម​​ដាន​ត្រួត​ពិនិត្យ​ និង​រក្សា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ ដែល​កម្ពុជា​យើង​កំពុង​មាន​នា​ពេល​សព្វ​ថ្ងៃ​ ដែល​បង្ក​លក្ខណៈ​​ដល់​ការ​វិនិយោគ​​បរទេស​ ភ្ញៀវ​ទេសចរណ៍​ និង​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង ក្នុង​ពេល​ដែល​ប្រទេស​ខ្លះ​នៅ​ក្នុង​ពិភពលោក​កំពុង​មាន​អស្ថិរភាព​​។​ ឯកឧត្តម​ កែវ រ៉េមី បាន​អំពាវ​នាវ​ថា ក្នុង​នាម​ជា​ខ្មែរ​យើង​ត្រូវ​គិត​ពី​បញ្ហា​នេះ​ កុំ​ធ្វើ​អ្វី​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​។
ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​លើ​ដំណើរ​ការ​នៃ​សាលា​ក្តី​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហម​នេះ​ ឯកឧត្តម​ កែវ រ៉េមី បាន​មាន​ប្រសាសន៍ថា យើង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា​ ព្រោះ​ដំណើរ​ការ​នៃ​ការ​កាត់​សេចក្តី​បាន​ជោគ​ជ័យ​គឺ​ជោគជ័យ​ទាំង​អស់​គ្នា​ ទាំង​អង្គការ​សហប្រជាជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​មិត្ត​ភ័ក្តិ​សាលាក្តី​​បាន​ផ្តល់​ជំនួយ​ដល់​ដំណើរ​ការ​នៃ​សាលាក្តីនេះ​។​ ឯកឧត្តម​ កែវ រ៉េមី ក៏​បាន​ឲ្យ​ដឹង​​ដែរ​ថា កន្លង​មក​រាជរដ្ឋាភិបាល​​មាន​ទំនាក់​ទំនង​​ជា​ប្រចាំ​ គឺ​មាន​លិខិត​ឆ្លើយ​ឆ្លង​គ្នា ចំនួន​ ១០ ទូរស័ព្ទ​ចំនួន​ ៤ ដង និង​​មាន​ការ​ជួប​ប្រជុំ​គ្នា​ផង​ដែរ​ ក៏​ប៉ុន្តែ​ការ​យឺត​យ៉ាវ​គឺ​ដោយ​សារ​តែ​យើង​ត្រូវ​ប្រារព្ធ​បុណ្យ​ឯករាជជាតិ​ អន្តរជាតិ​ត្រូវ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ សកល​ មិន​មែន​មាន​ន័យ​ថា គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ​។​
ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ​គ្មាន​មូលដ្ឋាន​របស់កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ (Phnom Penh Post )និង​ព្រឹត្តិបត្រ​ ឌឺខាមបូឌៀដេលី (The Cambodia daily) ឯកឧត្តម​ កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា​ ឯកឧត្តម​នឹង​តាម​ដាន​ពិនិត្យ​មើល​ឥរិយាបទ​របស់​បណ្តាញ​ឃោសនា​ទាំង​ពី​រ​នេះ​ អំពី​ការ​កែតម្រូវ​​នូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​។​