Monday, January 16, 2012

សម្តេច​​អគ្គមហា​​សេនាបតី​តេជោ ហ៊ុន សែន ទទួល​​សវនាការ​​ជាមួយ​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស ​


នៅព្រឹកថ្ងៃទី​១៦ ខែ មករា ឆ្នាំ​២០១២​ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន  បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម MARK DOOGING ឯកអគ្គរ​ដ្ឋទូតថ្មី នៃចក្រភព​អង់គ្លេស ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែលឯកឧត្តម ត្រូវ​បានតែង​តាំង​ជាឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ​និងពេញ​សមត្ថភាព របស់​ប្រទេស​ចក្រភព​អង់គ្លេស នៅព្រះ​រា​ជា​ណាចក្រ​កម្ពុជា។
       ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី បាន​ឲ្យ​ដឹង​ថា  ឯកឧត្តម MARK DOOGING ឯកអគ្គរដ្ឋ​ទូត​ថ្មី​នៃ​ចក្រភពអង់គ្លេស​បានគោរពជំរាប​ជូន​សម្តេច​ថា ឯកឧត្តម ធ្លាប់​បាន​មកធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅពេល​នេះ​ឯកឧត្តម បាន​ឃើញ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​រីកចំរើន​យ៉ាង​លឿន​ជាទីបំផុត។ ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូតថ្មី​មាន​ប្រសាសន៍​បន្តថា ដំណើរ​បេសកកម្ម​ការទូត​របស់ ឯកឧត្តម​មកកាន់​ព្រះរាជាណា​ចក្រកម្ពុជា​នៅពេល​នេះ នឹងនាំមក​នូវកិច្ចសហប្រតិ​បត្តិការ​រវាងប្រទេស​ទាំង​ពីរ​​កម្ពុជា និង​ចក្រភព​អង់គ្លេស ឈានឆ្ពោះ​ទៅ​មុខ ​ជាពិសេស​លើវិស័យ​ពាណិជ្ជកម្ម ,ទេសចរណ៍,​និង​វិស័យដោះមីន។
សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​បានមាន​ប្រសាសន៍​ថ្លែងអំណរ​គុណចំពោះ​ចក្រភព​អង់គ្លេស​ដែលតែង​តែបាន​ជួយ ដល់​កម្ពុជា ហើយ​សម្តេចតេជោ​បានស្នើ​ឲ្យ​ឯកឧត្តម MARK DOODING  បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ ក្នុងការ​ជួយដល់​ប្រទេស​កម្ពុជា​ជាបន្តទៀត​ ជាពិសេស​លើវិស័យ​បណ្តុះ​បណ្តាលធន​ធាន​មនុស្ស​ និងការ​ដោះមីន៕