Friday, January 13, 2012

អាជ្ញាធរ​ជាតិ​​ព្រះវិហារ និង​​គណៈ​កម្មា​ធិការ​​ជាតិ​​បេតិភណ្ឌ​​ពិភព​​លោក សូម​​សម្តែង​​នូវការ​​សោកស្តាយ​​​​យ៉ាង​​ខ្លាំង​បំផុត​​ចំពោះសកម្មភាព​​នា​ពេល​ថ្មីៗ​​នេះ ដែល​បាន​​ធ្វើឡើង​​ដោយ​អ្នក​ជាតិ​​និយម​​ជ្រុល​​​​​ថៃ​មួយ​ក្រុ​ម​


សេចក្តីថ្លែងការណ៍រួម

អាជ្ញាធរជាតិ​ព្រះវិហារ និង​គណៈកម្មាធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក សូម​សម្តែង​នូវការ​សោក ស្តាយ​​​យ៉ាង​ខ្លាំង​បំផុត​ចំពោះសកម្មភាព​នា​ពេលថ្មីៗ​នេះ ដែល​បាន​ធ្វើឡើង​ដោយ​អ្នក​ជាតិ​និយម​ជ្រុល​​​​ថៃ​មួយ​ក្រុ​ម​ រួមមាន​កាធ្វើបាតុកម្ម​នៅខាង​ក្រៅ​បរិវេណ​ការិយា​ល័យ​អង្គការ​សហប្រជា​ជាតិ​នៅ​ទី​ក្រុង​​​​​បាង​កក និងនាំ​ពួកសកម្ម​ជនមួយ​ក្រុមធំ​មកដាក់​តាំង​ព្រះពុទ្ធ​ដិមាករ​នៅ​លើ​​ភ្នំទ្រព្យ ដែល​​ស្ថិត​នៅជិត​ប្រា​សាទ​​​ព្រះ​វិហារ និងស្ថិត​នៅយ៉ាង​ជ្រៅក្នុង​តំបន់​គ្មាន​កង​ទ័ព​​បណ្តោះ​អាសន្ន​(Provisional Demilitarized Zone) ដែល​កំណត់​ដោយ​តុ​លាការ​យុត្តិធម៌​អន្តរជាតិ​(International Court of Justice)។ ព័ត៌មាន​នៃ​សកម្មភាព​ទាំង​នេះត្រូវ​បានផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​ថៃ ដែលរួមមាន 15th Move ដែល​ចេញ​នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១២ និង Thairath ដែល​ចេញនៅ​ថ្ងៃទី ៨-៩ ខែមករា ឆ្នាំ២០១២​ ​កន្លង​មក​នេះ។

អាជ្ញាធរជាតិ​ព្រះវិហារ និង​គណៈកម្មា​ធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក​ សូមធ្វើការ​ថ្កោល​ទោស​យ៉ាង​​​​ខ្លាំងចំពោះ​សកម្មភាព​នេះ ដែល​មិនត្រឹម​តែរំលោភ​យ៉ាង​ច្បាស់​ក្រឡែត​លើដីកា​សម្រេច​របស់​​​​​​តុលា​កា​រយុត្តិធម៌​អន្តរជាតិ​ដែល​ចេញ​នៅថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០១១​ប៉ុណ្ណោះទេ​​ ប៉ុន្តែថែម​ទាំ​ង​ផ្ទុយ​ទៅនឹង​ស្មារតី​​នៃ​លទ្ធផល​វិជ្ជមាន​នៃកិច្ចប្រជុំ​គណៈកម្មា​ធិការ​ព្រំដែន​ទូទៅ (General Border Committee ) រវាង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​រដ្ឋមន្រ្តីក្រសួង​ការពារ​ប្រទេស​នៃរាជាណា​ចក្រថៃ ​ដែល បាន ប្រព្រឹត្ត​ទៅនាថ្ងៃទី២១​​​ខែធ្នូ ឆ្នាំ២០១១ នៅរាជធានី​ភ្នំពេញ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បង្កើត​នូវតំបន់​គ្មានកងទ័ព​បណ្តោះ​អាសន្ន និង​ក៏បាន​ចេញ​ដីកា​សម្រេច​​​​ថា​“ភាគីទាំង​ពីរត្រូវ​ទប់ស្កាត់​នូវរាល់​សកម្មភាព​ណាមួយ​ដែល​អាច​ធ្វើឲ្យ​កាន់​តែធ្ងន់​ធ្ងរ ឬ ពង្រីក​​​​​​ជម្លោះមុន​តុលាការ ឬធ្វើឲ្យ​កាន់​តែមាន​ការពិបាក​ថែមទៀត​ក្នុងការ​ដោះស្រាយ”​ ក្នុង​ខណៈ​​​​ដែល​​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន​ទូទៅបាន​ចេញនូវ​សេចក្តីថ្លែង​ការណ៍​រួមថា ”ភាគី​ទាំង​​ពីរ​បាន​​ព្រម​ព្រៀង​គ្នា អនុវត្ត​តាមដីការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ចេញ​នៅថ្ងៃ​ទី​​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ប្រកប​ដោយ​តម្លាភាព ស្មើភាព និងដែល​អាចផ្ទៀង​ផ្ទាត់បាន ” ។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​គណៈកម្មា​ធិការ​ជាតិ​បេតិ​ភណ្ឌពិភព​លោក​មានការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា សកម្មភាព​ដែល​ប្រើប្រាស់​ចលនា​ប្រជាជន និង​សាសនានេះ​
​ត្រូវ​បាន​គេមើល​ឃើញថា​ជា អំពើ​បង្ករ​ហេតុ និង​​ការប៉ុន​ប៉ង​បង្កើន​ភាព​តាន​តឹង និង​រារាំងដល់​ការអភិរក្ស​នៃ​ប្រាសាទ​ព្រះវិហារ ដ៏​មាន​​​តម្លៃ​ដែល​ជា​សម្បត្តិ​បេតិភណ្ឌ​ពិភពលោក និងជា​សម្បត្តិ​បេតិភណ្ឌ​របស់​មនុស្ស​ជាតិ​ទាំង​អស់។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​គណៈ​កម្មាធិការ​ជាតិ​បេតិភណ្ឌ​ពិភព​លោក សូម​ជម្រុញ្ឲ្យ​ភាគីទាំង​ពីរ​គោរព តាម​ដីកាស​ម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​​នាពេលថ្មីៗ​នេះ​របស់​គណៈ​កម្មាធិការ​ព្រំដែន​ទូទៅ ហើយមាន​សេចក្តី​សង្ឃឹម​​យ៉ាង​មុតមាំ​ថា អ្នក​ជាតិ​និយម​ជ្រុល​​ថៃ​ទាំង​អស់ នឹង មិន​ធ្វើសកម្មភាព​ណាមួយ​ឡើយ​ ដែល​អាចជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់​ទំ​នង​​​ល្អ​​ដែល​ទើបបាន​បង្កើត​ឡើង​នា​ពេល​ថ្មីៗនេះ រវាង​ប្រទេស​ជិត​ខាង និង​ប្រជាជន​ទាំងពីរ​ដែល​​​​ចង់​រស់​នៅប្រកប​ដោយ​សុខ​សន្តិភាព និងសុខ​ដុម​រមនា​នៅ​ក្នុងពិភព​លោក​មួយ​ដែល​ស៊ីវិល័យ និង​ទំនើប។

រាជធានី​ភ្នំពេញ, ថ្ងៃទី១៣​ខែមករា ឆ្នាំ២០១២

គណៈ​កម្មាធិការ​ជាតិបេតិភណ្ឌ​ពិភពលោក                      ​​​​      អាជ្ញាធរ​ជាតិ​ព្រះវិហារ