Friday, January 13, 2012

បទ​អត្ថាធិប្បាយ​ ៖​ ភូត​កុហក និង​បោក​ប្រាស់​ គឺ​ជា​យុទ្ធ​សាស្ត្រ​​របស់​មេបក្ស​កឹម សុខា


បទ​អត្ថាធិប្បាយ​
ភូត​កុហក និង​បោក​ប្រាស់​ គឺ​ជា​យុទ្ធ​សាស្ត្រ​
របស់​មេបក្ស​កឹម សុខា

          លោក កឹម សុខា គឺ​ជា​អ្នក​នយោបាយ​ពុលទឹក​មាត់មួយ​រូប​​ ដែល​និយម​ចូល​ចិត្តប្រើ​គំ​និត​ស្រមើ​ស្រម៉ៃ​ដ៏​មហិមា បូក​រួម​ជាមួយ​នឹង​ការ​ប្រើ​មធ្យោបាយភូត​កុហក និង​បោក​ប្រាស់​ប្រជាពល​រដ្ឋ ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​ ប៉ុន្តែសកម្មភាពទាំង​អស់​នោះ វាគ្រាន់​តែ​ជាយុទ្ធ​សាស្ត្រនៃ​ការ​រវើរវាយ​បែប​ឆោត​ល្ងង់របស់​ ចៅ​ចាក់​ស្មុក ដែល​គ្មានទទួល​បាន​​អ្វី​ជា​ការពិត​នោះ​ឡើយ។
ជាលទ្ធផលរំ​ពឹង​ទុកនៅ​ពេល​ខាង​មុខ​​ មេបក្សប្រឆាំង​​រូប​នេះ ​​បាន​ត្រឹម​តែ​គេប្រសិទ្ធនាម​ឱ្យ​ថា​ជា​នាយក​រដ្ឋមន្ត្រី​ឧទាហរណ៍​​អស់​​មួយ​ជី​វិត​​តែ​​ប៉ុណ្ណោះ ពី​ព្រោះ​​ មាន​ពេល​ខ្លះ​លោកកឹម សុខា គាត់​ហាក់​ដូច​ជាចង់​បបួល​ប្រជាពល​រដ្ឋឱ្យ​ទៅ​ធ្វើ​ស្រែ​នៅ​លើ​មេឃ នេះ​ គឺ​ជា​មហិច្ឆតា​ដ៏​គ្មាន​ព្រំ​ដែន​របស់​អ្នក​នយោ​បាយ​​ប្រជាភិថុត កឹម​ សុខា ដែល​បាន និង​កំ​ពុង​យក​មក​​អនុវត្តនៅ​ក្នុង​យុគ​សម័យ​សកល​ភាវូបនីយកម្ម​ និង​បច្ចេក​វិទ្យា​​ដ៏​សំ​បូរ​បែប​នាពេល​បច្ចុប្បន្ន។
៣៣ឆ្នាំចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រំ​ដោះ​ ៧ មករា ឆ្នាំ ១៩៧៩ និង​គិត​ពីត្រឹម​​ឆ្នាំ១៩៩៣មក នៅ​កម្ពុជា​មានការ​បោះឆ្នោត​ជាច្រើន​លើក​ច្រើន​សារមក​ហើយ​ ដែល​មាន​គណបក្ស​នយោបាយ​ប្រមាណ​ជាង​៤០ ចូល​រួម​​ធ្វើ​​ការ​បោះឆ្នោត នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យ ​ ដើម្បី​ការ​ប្រកួត​ប្រជែង​គ្នា​ ដោយ​តម្លា​ភាព​  ដោយ​ផ្ទាល់​ ដោយ​សម្ងាត់​ ដោយ​សេរីត្រឹមត្រូវ ​​ និងយុត្តិ​ធម៌​ ។
មេដឹក​នាំ​បច្ចុប្បន្ន​ពិត​ជា​បាន​កើត​ឡើង​ដោយសារ​​ប្រជាពល​រដ្ឋប្រើ​ប្រាស់​អំ​ណាច​របស់​ខ្លួន​ ក្នុង​ការ​​ផ្តល់​សេចក្តី​ទុកចិត្តគាំ​ទ្រ​តាម​រយៈ​សន្លឹក​ឆ្នោតដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ដែល​គណបក្សប្រជាជន​កម្ពុជា​បាន​ឈ្នះ​ដាច់​លើ​គណបក្ស​ដទៃ​ ហើយសង្ឃឹម​ថា នឹង​​ទទួល​បាននូវ​​ជោគ​ជ័យ​​សម្រាប់​​អាណត្តិខាងមុខជាបន្ត​បន្ទាប់​ទៀត។
យើង​សូម​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពល​រដ្ឋខ្មែរទាំង​អស់​ ដើម្បី​ចូល​រួមពិចារណានូវ​ចំ​នុចរិះ​គន់​ និង​វាយប្រហារ​ពី​សំ​ណាក់​មេ​គណបក្ស​ប្រឆាំង លោក​កឹម ​សុខា ​មកលើ​ការ​ដឹក​នាំដ៏​ឈ្លាសវៃ និង​ត្រឹម​ត្រូវ​​របស់​រាជ​រដ្ឋា​ភិបាល​សព្វ​ថ្ងៃ​ ដែល​បុគ្គល​រូប​នេះ​ បាន​និយាយ​បំ​ផ្លើសថា​ ខ្លួន​គាត់​ កឹម​ សុខា ត្រូវ​បាន​គេ សូក សម្លុត​ និង​គេចង់​សម្លាប់​ ដើម្បី​បញ្ចប់​ជី​វិត​នយោបាយ​របស់​លោក។ បន្ថែម​ពីលើ​នេះ​ លោក កឹម សុខា បាន​បោកប្រាស់​ប្រជាពល​រដ្ឋខ្មែរជាង​១៤លាន​នាក់​ថា ឥឡូវ​ប្រទេស​ជាតិ​កំ​ពុង​ជួប​គ្រោះ​អាសន្ន​ ហើយ​ថែម​ទាំង​បាន​បន្ទាប​បន្ថោក​ថ្ងៃ​រំ​ដោះ​៧ មករា ឆ្នាំ១៩៧៩ ដែល​ខ្មែរបាន​រួច​ជី​វិត​ពី​ការកាប់​សម្លាប់​ដោយរបបបន​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ដ៏​សាហាវ​យង់​ឃ្នង​ ថា​មិន​មែន​ជាជ័យ​ជំ​នះ​របស់​ខ្មែរទៅ​វិញ​។   ជាង​នេះ​ទៅ​ទៀត លោកកឹម សុខា ហាក់​ដូចជា​កំ​ពុង​​ជ្រួល​ច្របល់ក្នុង​ចិត្តយ៉ាង​អន្ទះ​អន្ទាញ​​ ដោយ​ជាញឹក​ញាប់លោក​កឹម សុខា​ បាន​តាំងខ្លួន​ឯង​ជាមេ​ដឹក​នាំ​រដ្ឋាភិបាល​ ក្រោម​ឈ្មោះ​ថា​ រដ្ឋាភិបាល​គណបក្សសិទ្ធិ​មនុស្ស និង​ថា​ រដ្ឋាភិបាល​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ គាត់​នឹង​ត្រូវ​ធ្វើ​យ៉ាង​នេះ​ ធ្វើ​យ៉ាង​នោះ​ ហើយបាន​​អះ​អាង​ថា​ នឹង​ចាយ​​វាយ​​ថវិការដ្ឋបែប​ណាមួយ​ទៅ​តាម​​គោលនយោបាយ​របស់​គណបក្ស​ខ្លួន ព្រម​ទាំង​បាននិយាយ​ដៀល​ត្មះ​ដោយ​ការ​ច្រណែន​​មក​លើ​រាជ​រដ្ឋាភិបាល​ ដែល​កំ​ពុង​ដឹក​នាំ​ប្រទេសសព្វ​ថ្ងៃ ​ប្រដូច​ទៅ​នឹង​មនុស្ស​ឆ្គួត​ និង​ថែម​ទាំង​បាន​​អំ​ពាវ​នាវ​ឱ្យ​ប្រជាពល​រដ្ឋត្រូវ​ដូរ​​ចេញ​ ......។ល។និង​។ល។
ការ​ពោល​ពាក្យ​អសុរោះ​ ប្រមាថ​តាត​ទានមក​លើ​រាជ​រដ្ឋាភិបាល​​ និង​រមិល​គុណ​ចំ​ពោះ​ថ្ងៃរួច​ជី​វិត​របស់​ពល​រដ្ឋកម្ពុជា​ពីរបបដ៏​មហាឃោរឃៅ​ រួម​ទាំង​ខ្លួន​ឯង​ម្នាក់​ផង​ដែរក៏​ជាជន​ដែល​ត្រូវ​ប៉ុល ពត​ សម្លាប់​ បើ​របបនោះ​បន្ត​អូសបន្លាយ​ក្នុង​ពេល​ដ៏យូរ​បន្តិចទៀត​ ​ ប៉ុន្តែដោយ​សារកម្លាំង​រណសិរ្សសាមគ្គី​សង្គ្រោះ​​ជាតិ​កម្ពុជា​ និង​កង​ទ័ពស្ម័គ្រចិត្តវៀត​ណាម​ បាន​ជួយ​រំ​ដោះ​ ទើប​ខ្មែរគ្រប់​រូប​បាន​រួច​ជី​វិត។ ​ ការ​រីក​រាយ​ជាថ្មី​នៅ​​លើ​ដែន​ដី​សន្តិ​ភាព​ ក៏​បាន​នាំ​ឱ្យ​ លោក កឹម​ សុខា ​​ ក្លាយ​​​ជា​ប្រធាន​អង្គការមួយ​ ហើយ​ចុង​ក្រោយ​នេះ ​បាន​ និង​​កំ​ពុង​ធ្វើ​ជាមេបក្ស​​​នយោបាយ​ប្រឆាំង​មក​ដល់​សព្វ​ថ្ងៃ​ គឺពិត​ជា​ដោយ​សារ​គុណ​បំ​ណាច់​ថ្ងៃរំ​ដោះ​ ​៧ មក​រា ឆ្នាំ ១៩៧៩  នេះ​ គឺជា​សក្ខី​ភាព​នៃប្រវត្តិ​សាស្ត្រ ​។
ម៉្យាង​ទៀតទៀត ការដែល​លោក កឹម សុខា ​អះ​អាង​ថា រូប​គាត់​ត្រូ​វបាន​គេសូក​ប្រាក់​ សម្លុត​ និង​ចង់​សម្លាប់​ ដើម្បី​បញ្ចប់​ជី​វិត​នយោបាយ​នោះ​ គឺជាការ​ប្រឌិត​ព័ត៌មាន​ ភូត​កុហក់ទាំង​ស្រុង​​ ពី​ព្រោះ​បើ​ពិនិត្យ​មើល​ជុំវិញ​អំពើ​ល្អ​របស់​ថ្នាក់​ដឹក​នាំកម្ពុជា​បច្ចុប្បន្ន គឺមិនដែល​ចង់យក​​ឈ្នះចាញ់​ជាមួយ​​អ្នក​នយោបាយ​ប្រឆាំង​ណាម្នាក់​តាម​រយៈ​ការ​សូក​ប្រាក់ ឬ​ទិញ​ទឹក​ចិត្តដោយ​ប្រការណាមួយ​ឡើយ​ ពី​ព្រោះ​គ្រប់​គ្នាគឺ​ជា​មនុស្ស​ មិន​មែន​ជាទំ​និញ​ទេ ហើយ​ក៏​មិន​ធ្លាប់​សម្លុត​ ឬ​គំ​រាម​សម្លាប់​ចំ​ពោះ​លោក កឹម សុខា នោះ​ដែរ ផ្ទុយ​ទៅ​វិញមហាជន​ធ្លាប់​តែបាន​ឮជាហូរ​ហែរ​អំពីការ​ប្រកាសរបស់​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ចង់​ឃើញ​គណបក្ស​ប្រឆាំង​មាន​ឥទ្ធិពល​ជាងនេះ​ ទើបសម​ជា​ដៃគូរប្រកួត​ប្រជែងដែល​ខ្លាំង។
យ៉ាង​ណាម៉ិញការ​ដែល​លោក កឹម សុខា ជាប់​ពន្ធ​នាគារ​ក្នុង​ទោសព្រហ្មទណ្ឌនា​​​​ពេលកន្លង​មក​ គឺដោយ​សារ​រូប​គាត់​ប្រព្រឹត្តបំ​ពាន​ច្បាប់​ក្នុង​បទ​បរិហារ​កេរ្តិ៍​ និង​ជេរប្រមាថ មកលើ​ថ្នាក់​ដឹក​នាំ​ ដែល​សេចក្តី​សំ​រេច​នោះ​ គឺជា​អំ​ណាច​ឆន្ទានុសិទ្ធិរបស់​តុលាការ​ដែល​ជាស្ថាប័ន​ឯករាជ្យ​ មិន​មែន​ដូច​ការ​លើក​ឡើង​របស់​លោក កឹម​ សុខា ឡើយ​។ ​

ហេតុអ្វី​ បាន​ជាលោក កឹម សុខា ​ភូត​ភរ​ខ្លួន​ឯង​ និង​បំ​ភ័ន្ត​សាធារណមតិ បោកប្រាស់​ប្រជាពល​រដ្ឋ ហើយ​ធ្វើ​ខ្លួន​ជា​អ្នក​នយោបាយ​មិន​ទទួល​ស្គាល់​នូវ​ការ​ពិតបែប​នេះ​ ? និង​សួរថា​ តើ​លោក​កឹម សុខា បាន​រួម​ចំណែក​អ្វី​ខ្លះ​ដើម្បី​កសាង​ឱ្យ​មាន​សន្តិ​ភាព​ដូច​សព្វ​ថ្ងៃ ?  ចំ​លើយ​ កឹម សុខា មិន​បាន​ជួយធ្វើ​អ្វី​សោះ​ឡើយ​សំ​រាប់​​នាំ​មក​នូវ​សន្តិ​ភាព​ និងការ​អភិវឌ្ឍប្រទេស​ ផ្ទុយ​ទៅ​វិញ​បាន​​យក​ថ្ងៃ​៧មករា ធ្វើ​ជាសត្រូវ​របស់​ខ្លួនថែម​​ទៀត។ ក្រៅពី​នេះ​ ​ គឺរាល់​ថ្ងៃ លោក កឹម សុខា គិត​តែពី​ការ​ដើរជេរធ្វើ​ជាអាជីព​នយោបាយរបស់​ខ្លួន​​ ដើម្បី​ស្វែក​រក​ប្រជាប្រីយភាព​នៅ​ពី​ក្រោយ​សន្តិភាពដែល​បាន​មក​ដោយ​​កម្រ។​

ពល​រដ្ឋខ្មែរទាំង​អស់​គួរគប្បី​ត្រូវ​ដឹង​ថា​ លោក​ កឹម សុខា គឺមាន​ក្បួនភរច្រើន​របៀប​ណាស់​ ក្នុង​នោះ​ មាន​ដូច​ជា​ ការ​សន្យាឱ្យ​ប្រាក់ខែលោកយាយ លោកតា​ ក្នុង​មួយ​ខែ ៤ម៉ឺន​រៀលសំ​រាប់​ពិសារស្លា ម្លូរ បើ​សិន​គណ​បក្ស​របស់​លោកជាប់​ឆ្នោត។ សន្យាថា​ នឹង​ដាក់​ធ្មេញ​មាសឱ្យ​ចាស់​ៗគ្រប់​គ្នា​ សន្យាថា​ នឹង​ដឹក​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់​របស់​ខ្លួន​ទូ​ទាំង​ប្រទេស​ទៅ​លេង​សហរដ្ឋអាមេរិក​ សន្យាថា​ ធានាទិញ​ត្រកូន ស្តៅ​ ព្រលឹត​ កំ​ប្លោក ពី​ស្រុក​ខ្មែរយក​ទៅ​លក់​នៅ​អាមេរិក សន្យា​ថា មិនឱ្យពល​រដ្ឋខ្មែរណាម្នាក់​អត់​ការងារ​ធ្វើ​ទេ គឺ​គ្រប់​គ្នា​គ្រាន់​តែ​ធ្វើ​ខ្ចៅ​យន្ត​ហោះ​ ក៏​អាចក្លាយ​ទៅ​ជា​អ្នក​មាន​ទាំង​អស់​គ្នា​បាន​ដែរ។ ក្រៅ​ពី​នេះ​ លោក កឹម សុខា​ បាន​សន្យាថា នឹង​យក​បទ​ពិសោធន៍​តាមគំ​រូរបស់​ប្រទេស​អូ​ស្ត្រាលី​ នៅ​ពេល​ដែលស្ត្រីឆ្លង​ទន្លេ កើត​បាន​កូន​មួយ​ លោកសន្យាថា​ ម្នាក់​ៗត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៥០​ម៉ឺន​រៀល​ និង​ការ​សន្យាជាច្រើន​ទៀត​ ។ល។និង​។ល។

ឧបាយកល​ភូត​កុហក់របស់​លោក កឹម​ សុខា​ បាន​កើត​មាន​ឡើង​តំ​ណាល​គ្នា​ជាមួយ​នឹងការ​លេចឮ​នូវ​​ព័ត៌មាន​អំពីមេបក្ស​រូបនេះ​ លួច​មាន​ប្រពន្ធចុង​ជាច្រើន​នាក់​  និង​ការ​ចាយ​វាយ​លុយ​ជំ​នួយ​របស់​សប្បុរស​ជន​ពី​ក្រៅ​ប្រទេស​យក​ទៅ​ចិញ្ចឹម​ស្រី​ក្មេងផងដែរ។ ដូច្នេះ​ សួរថា​ ត្រឹម​ជាមេបក្ស​ប្រឆាំង​ដ៏​តូច​មួយ​ លោក កឹម​ សុខា ឈ្លក់​វង្វេង​នឹង​ស្រី​ញី​យ៉ាង​នេះ​ទៅ​ហើយ​ ចុះ​ទម្រាំបាន​ដឹក​នាំប្រទេស​វិញ​គាត់​មាន​ពេល​វេលា​ឯណាមក​គិត​គូរដោះ​ស្រាយ​បញ្ហា​​​ដែល​ខ្លួន​បាន​សន្យា ជាមួយ​ប្រជាពល​រដ្ឋនោះ? ហើយ​ការ​សន្យា​នោះ​ទៀត​សោត គឺវាផ្ទុយ​ស្រឡះ​អំពី​ទិដ្ឋភាព​ពិតនៅ​ក្នុង​សង្គម​ខ្មែរ​ ដែល​ប្រជាពល​រដ្ឋមិន​យល់​ស្រប​តាម​ទេ។
ក៏​ប៉ុន្តែ​ ទោះ​ជា​យ៉ា​ណា​ក៏​លោក កឹម សុខា គ្មាន​វាសនា​នឹង​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ពិត​ប្រាកដ​នោះ​ទេ​ គឺ​បាន​ត្រឹម​តែ​ជាការ​សន្យាខ្យល់ ដែល​មានគំ​និត​ដូច​ជាចៅ​ចាក់​ស្មុក​ ក្រោម​លេសថា​ បើ​សិន​ជា​លោក​​ជាប់​ឆ្នោត​តែប៉ុណ្ណោះ​។ ការ​សន្យានេះ​ បាន​ធ្វើ​ឱ្យ​ពល​រដ្ឋខ្មែរសំ​ដែង​ការ​ហួសចិត្ត​ជាខ្លាំង​ និង​ថ្លែង​ថា ​កោត​តែ​មេដឹក​នាំ​បក្ស​នយោបាយ​មួយ​មាន​គំ​និត​រាក់​កំ​ភែល​បែប​នេះ ​ហើយ​ហ៊ាន​ខ្ជាក់​សម្តី​បោក​ប្រាស់​ប្រជាពល​រដ្ឋខ្មែរទៅ​កើត​ដែរ។ អ្នក​ធ្វើ​នយោបាយ​ គួរគប្បី​ត្រូវ​មាន​ទស្សនៈ​វិស័យ​ឱ្យ​វែង​ឆ្លាយ​ និង​ស៊ីជម្រៅ រួម​ផ្សំ​ជាមួយ​នឹង​យុទ្ធ​សាស្ត្រ​ដឹក​នាំច្បាស់​លាស់​ មាន​គោលនយោបាយ​ត្រឹម​ត្រូវ​ដែល​បាន​​រៀប​ចំ​ឡើង​ដោយ​ពហុ​មតិ​ និង​ស្រប​តាម​ទិដ្ឋភាព​ជាក់​ស្តែងនៃ​បច្ចុប្បន្នភាព​ បូក​ផ្សំ​ជាមួយនឹង​​កត្តា​ប្រវត្តិ​​សាស្ត្រ​ ដើម្បី​យក​មក​ធ្វើ​ជា​បទ​ពិសោធន៍  ត្រីវិស័យ​ និងជា​មាគ៌ាសំរាប់​​ដើរ​ឆ្ពោះ​ទៅ​មុខ​​ ប៉ុន្តែ​ លោក កឹម សុខា ពុំ​មាន​នូវ​លក្ខណៈ​សម្បត្តិ​នោះ​ឡើយ​ គឺលោក​មាន​តែ​ការ​ភូត​កុហក់ និង​បោក​ប្រាស់​យក​ធ្វើ​ជា​យុទ្ធសាស្ត្រសំ​រាប់​បំ​រើ​នយោបាយ​របស់​ខ្លួនតែ​ប៉ុណ្ណោះ​​ ដូច្នេះ​ ការ​ដឹក​នាំ​បក្ស​តាម​អារម្មណ៍​ រវើ​រវាយ​របស់​លោក កឹម សុខា  គឺមិនអាចឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការជាក់​ស្តែង​​របស់​ប្រជាពល​រដ្ឋបាន​ទេ ផ្ទុយ​ទៅ​វិញ​ទង្វើ​បែបនោះ​ នឹងរិត​តែ​នាំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ស្អប់​ខ្ពើម​កាន់​តែ​ខ្លាំងទ្វេដងថែម​ទៀត​​​នូវ​ឥរិយាបថចោល​ម្សៀត​នោះ​។
ពល​រដ្ឋខ្មែរ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ នឹង​មិន​ជឿតាម​ការ​ឃោសនា​បោក​ប្រាស់​របស់​លោក កឹម​សុខា នោះ​ឡើយ ពីព្រោះ​សព្វ​ថ្ងៃ​ពួកគាត់ បាន​ និង​​កំ​ពុង​រស់​នៅ​ជាមួយ​សន្តិ​ភាព​ ស្ថេរភាព សន្តិ​សុខពេញ​បរិបូរណ៍​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​​។  ប្រជាពល​រដ្ឋខ្មែររាប់​លាន​នាក់​ដែលបាន​​រួច​ជី​វិត​ពី​របប​បន​ប្រល័យ​​ពូជ​សាសន៍ប៉ុល ពត​​ គឺគ្រប់​គ្នា​បាន​អប​អរសាទរយ៉ាង​កក់​ក្តៅ​បំ​ផុត​ ចំ​ពោះថ្ងៃ​រំ​ដោះ ​៧មករា​ ឆ្នាំ ១៩៧៩ ​ប៉ុន្តែ បែរជាគណបក្ស​សិទ្ធិ​មនុស្ស​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​ប្រឆាំង​នឹង​ថ្ងៃជ័យ​ជំ​នះ​នោះ​ទៅ​វិញ​។
ទង្វើ​របស់​លោក កឹម សុខា គឺខុសគ្នា​ស្រឡះ​អំពី​ឥស្សរភាព​នៃ​ជី​វិត​នយោបាយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ថ្នាក់​ដឹក​នាំសំ​ខាន់​ៗមួយ​ចំ​នួនរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​យក​អាយុ​ជី​វិត​ធ្វើ​ជាដើមទុន​ ដើម្បី​តស៊ូ​ រហូត​កម្ពុជា​មាននូវ​សន្តិភាព​ និងមាន​​អ្វី​ៗដូច​សព្វ​ថ្ងៃ ។ សម្តេច​ បាន​​ប្រកាន់​យក​នូវ​ទស្សនៈ​ដ៏​ថ្លៃថ្លាមួយ​ឃ្លា គឺ «ពិសាទឹក​កុំ​ភ្លេចប្រភព​ទឹក» ប៉ុន្តែ លោក កឹម សុខា និង​គូកន​មួយ​ចំ​នួន​ បាន​ និង​កំ​ពុង​ធ្វើ​ខ្លួន​ជាសត្វក្រពើដ៏​កាចសាហាវ​ និងរ​មិល​គុណ​​ ។ លោក កឹម សុខា បាន​យក​ការ​ភូត​កុហក់​ក្នុង​ការ​ដឹក​នាំ​នយោបាយ​របស់​ខ្លួន​ដើម្បីតែ​បំ​រើ​​មហិច្ឆតា​ប្រឆាំង​ដ៏​ងុប​ងល់​តែ​ប៉ុណ្ណោះ​​ ។
 លោក កឹម សុខា ពិត​ជាសក្តិ​សម​បំ​ផុត​នឹង​ទទួលបាន​នូវ​ងារថ្មី​មួយ​​ក្នុង​ប្រវត្តិ​សាស្ត្រ គឺជាអ្នក​នយោបាយ​ពុល​ទឹក​មាត់​ ឬ​ជា​​នាយក​រដ្ឋមន្ត្រី​ឧទាហរណ៍​​អស់​មួយ​ជី​វិត​ ឬក៏​​​ជាមេបក្ស​ស្ទាត់​ជំ​នាញ​ខាង​ការ​ភូត​កុហក បោក​ប្រាស់​ប្រជាពល​រដ្ឋខ្មែរ​៕

ដោយៈ គង់​ សម្បត្តិ