Friday, January 13, 2012

ស្ពានអាកាសទីបី នឹងត្រូវសាងសង់ជាពីរដំណាក់កាល


Thursday, 12 Jan 2012 08:01
ក្រោយពីទទួលការសម្រេចពី ប្រមុខរាជរដ្ឋាភិបាល
សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើគម្រោង កសាងស្ពាន​អាកាសស្​ទឹង​មានជ័យ ក្នុងឧិកាស សម្ពោធ ស្ពានអាកាស៧មករា នោះ អ្នកជំនាញរបស់ក្រុមហ៊ុនOCIC ក៏ដូចជាមន្ត្រី បច្ចេកទេសរបស់ សាលា​រាជធានីភ្នំពេញ (មន្ទីរ​សាធារណៈការ) បាននឹងកំពុង រៀបចំជើងព្រួល ក្នុងការ​ចាប់​ផ្តើម​អនុវត្តន៍​កសាងស្ពានអាកាស ដែលមាន តំលៃខ្ពស់មួយនេះហើយ។
គួររំលឹកថា ដោយសារសង្កេតឃើញ ស្ថានភាពចរាចរណ៍ចំនុចប្រសព្វ ស្ពានស្ទឹង​មាន​ជ័យ​បច្ចុប្បន្ន​ មានសភាពស្មុគស្មាញ មានការកកស្ទះស្ទើរជាប្រចាំ អាជ្ញាធររាជ​ធានីភ្នំពេញ​បានសុំគោល​ការណ៍​ពី សម្តេចតេជោធ្វើការសិក្សាលទ្ធភាព សាងសង់ស្ពានអាកាសទីបី របស់ខ្លួន។ ឆ្លងកាត់​ការ​សិក្សាអស់រយៈពេលយ៉ាងយូរ និងកិច្ចប្រជុំដ៏ស្វិតស្វាញ ជាច្រើនលើក ច្រើនសារ សាលារាជធានី មន្ទីរសាធារណៈការ ក្រុមហ៊ុនOCIC និងក្រុមហ៊ុន ស៊ីណូប៉ាស៊ីហ្វិក បានរក​ឃើញនូវ​ដំណោះស្​រាយ​មួយដ៏ប្រសើរ ក្នុងចំណោមជំរើសចំនួន៦ ដោយសាងសង់ ស្ពានអាកាសមួយ ដែលស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ (ខណ្ឌមានជ័យ) សង្កាត់ទំនប់ទឹក (ខណ្ឌចំការមន) និងសង្កាត់បឹងសាឡាង (ខណ្ឌទួលគោក) ដែលជាជម្រើសទី៦ ពីព្រោះជាជម្រើសដែលល្អជាងគេ នឹងអាច ដោះ​ស្រាយ​បញ្ហាចរាចរគ្រប់ប្រភេទ មានលក្ខណៈយុទ្ធសាស្រ្តយូរអង្វែង និងធានាដោះ​ស្រាយ​បញ្ហាក​កស្ទះ​ចរាចរ។ រីឯការសាងសង់ ចំពោះជម្រើសនេះ គេអាចអនុវត្តន័ជាដំណាក់ៗ បានទៅតាម​លទ្ធភាព​ហិរញ្ញវត្ថុ។
ស្ពានអាកាសនេះ ត្រូវបានសិក្សាប្លង់មេរួចរាល់ ហើយមានលក្ខណៈ​បច្ចេកទេស​ដូចខាង​ក្រោម​៖
  • សាងសង់ស្ពានអាកាសធំ ពីបេតុងអារមេស្របពីលើផ្លូវលេខ ២៧១ ត្រង់ចំនុចភ្​លើងស្តុប​មានទទឹង​ ១៤.៨០ម៉ែត្រ សម្រាប់ចរាចរទ្វេរទិស ដោយមាន ០២ខ្សែទៅ និង០២ខ្សែមក
  • សាងសង់ស្ពានអាកាសតូចពីរឯកទិស ពីបេតុងអារមេមាន ទទឹង​៦.៥០​ម៉ែត្រ និងសាងសង់ស្ពានបេតុងមួយទៀ តជំនួសស្ពាន​បាឡេ​ដែលមានទទឹង ៨ម៉ែត្រ
  • អ៊ុតកៅស៊ូអមសង្ខាងស្ពានទទឹងពី ៥.៥០ម៉ែត្រ ទោ៧ម៉ែត្រ និងចិញ្ចើម ៣ម៉ែត្រ
  • កំពស់សុវត្តិភាពក្រោមស្ពាន ៥.២០ម៉ែត្រ
  • ក្រៅពីនេះការស្ថាបនាលូ ច្រាំងបេតុងប្រឡាយជើងទេរ សួនច្បារ ខឿនបែង​ចែកទ្រូងស្ពាន ដំឡើងបង្គោលភ្លើង លាបគំនូសចរាចរ ដាក់ស្លាកចរាចរជាដើម។
ប្រតិបត្តិការស្ថាបនានឹងបែងចែកជា ២ដំណាក់កាល ដែលក្នុងនោះមាន៖
- ដំណាក់កាលទី១ ៖ សាងសង់ស្ពានអាកាសមេ ០២ ស្ពានរូងក្រោមដី ០១ ដោយប្រើ​រយៈ​ពេលសាងសង់ ចំនួន១៨ខែ និងត្រូវចំណាយថវិកាអស់ប្រមាណជាង ១២លាន​ដុល្លារ​សហ​រដ្ឋអាមេរិក
- ដំណាក់កាលទី២ ៖ សាងសង់ស្ពានបែងខ្នែងចំនួន ០១ និងស្ពានឆ្លងកាត់ប្រឡាយចំនួន ០២​ដោយប្រើ រយៈពេលសាងសង់ចំនួន ៨ខែ និងចំណាយអស់ថវិកាប្រមាណជិត ៥លានដុល្លារ​សហរដ្ឋអាមេរិក។
ក្នុងពេលដែល សម្តេចតេជោនាយករដ្ឋមន្ត្រី លើកឡើងពីកិច្ច​បន្តការស្ថាបនា​ស្ពាន​អាកាស​ទីបីនេះ សម្តេចក៏បានបញ្ជាក់ពីប្រភពថវិកា ដែលនឹងត្រូវ​យកមកប្រើប្រាស់ក្​នុងការអនុវត្ត​គម្រោង​មួយ​នេះផងដែរ ថវិកាចំនួន ជិត ១៨លានដុល្លារនោះ គឹបានមកពីការ​វិនិយោគ​តំបន់​ ទីក្រុងរណបរបស់ក្រុមហ៊ុនOCIC ជ្រោយចង្វារនោះឯង ស្របតាម អនុសាសន៍ដ៏វៃឈ្លាស របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺ "យកក្រុង ចិញ្ចឹមក្រុង"