Wednesday, February 1, 2012

សម្តេច​​នាយក​រដ្ឋ​មន្ត្រី​​អរគុណ​​ចំពោះ​​អាជ្ញាធរ​​ដែល​​បង្ក​​លក្ខណៈ​​ឲ្យ​​ការ​បោះឆ្​នោត​ព្រឹទ្ធសភា​​​មាន​ភាព​​រលូន ក្នុង​ឱកាស​​ដាក់​ឲ្យ​​ប្រើ​​ប្រាស់​ និង​ជួស​ជុល​​ផ្លូវ​ជាតិ​​លេខ ៧៦


សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា បាន​ថ្លែង​អំណរ​គុណ និង ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថា្នក់ និង កងកម្លាំង​ប្រដាប់ អាវុធ​ដែល​ចូលរួម​​ពាក់ព័ន្ធ​ក្នុងការ​ការពារ​យុទ្ធនាការ​បោះឆ្នោត និង ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងមក ដែល​ប្រព្រឹត្ត​ទៅ​ដោយ​​រលូន ហើយ​គ្មាន​អំពើហិង្សា​គ្មានអ្វី​កើតឡើង​គួរ​ឲ្យ​កត់សំគាល់​នោះ។
ប្រសាសន៍​របស់​​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​​បាន​ធ្វើ​ឡើង​​ក្នុង​ពិធី​សម្ពោធ និង បើក​ការដ្ឋានជួស​ជុល​​​កំណាត់​ផ្លូវជាតិលេខ ៧៦ នា​ព្រឹក​ទី ៣១ ខែ​មករា ឆ្នាំ​២០១២ នៅ​ក្រុង​សែន​មនោ​រម្យ ​ខេត្ត​មណ្ឌលគីរី។
សម្តេច​តេ​ជោ​ថ្លែងឲ្យ​ដឹង​ថា ក្រៅពី​ទំនាស់​ដីធ្លី​នៅក្នុង​តំបន់​ស្រុក​ស្នួល​គឺ​គ្មានអ្វី​កើតឡើង​គួរ​ឲ្យ​កត់ សំគាល់​ទេ  យុទ្ធនាការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​ស្រួល​តាមរយៈ​ការបង្ក​បរិយាកាស​ន​យោ បាយ អ​ព្យា​ក្រិ​ត្យ សម្រាប់​បណ្តា​គណបក្ស​ដែល​ចូលរួម​បោះឆ្នោត។  សម្តេច​តេជោ​ បាន​បញ្ជាក់​ថា ទោះបីជា​មានតែ​គណបក្ស ពីរ​តែប៉ុណ្ណោះ ដែល​ចូលរួម​ប្រកួតប្រជែង​គឺ​គណបក្ស​ប្រជាជន និង គណបក្ស​សមរង្ស៊ី ក៏ប៉ុន្តែ​អង្គ បោះឆ្នោត​ចេញមក​ពី​គណបក្ស ៤ គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សមរង្ស៊ី គណបក្ស​ហ្វ៊ុន​ស៊ីន ប៉ិច​និង​គណបក្ស​នរោត្តមរណឫទ្ធិ​ក៏បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​ក្នុងឋានៈ​ជា​ម្ចាស់ឆ្នោត​ម្នាក់​ផងដែរ ។
សម្តេច​តេ​ជោ​មាន​ប្រសាសន៍ថា  ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​បក្សនយោបាយ​ទាំងអស់ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ប្រកបដោយ​ភាពថ្លៃថ្នូរ ពិតមែនតែ​មានការ​លើកយក​បញ្ហា​នេះ ឬ​បញ្ហា​នោះ ប៉ុន្តែ​មិន​មែនជា​បញ្ហា​ដែល​ជះឥទ្ធិពល​ទៅដល់​បរិយាកាស នៃ​ការបោះឆ្នោត​ដែល គួរ​ឲ្យ​ទុកចិត្តបាន​នោះទេ ហើយ​​លទ្ធផល​នេះ​ឃើញថា បណ្តា​បក្សនយោបាយ មួយចំនួន​ក្នុងនោះ​គណបក្ស​ប្រជាជន​ច្បាស់​ជា​ទទួល​យក​ហើយ​ឮថា ដូចជា​គណបក្ស​សមរ​ង្ស៊ី ក៏​ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ព្រោះ​គាត់​អបអរសាទរ​ដែរ​ហើយ ។ ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់​នៃ​គណបក្ស​ប្រជាជន តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន ដែល​បាន​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ។ ក្រៅពីនោះ​ក៏​សូម​​ថ្លែងអំណរ​គុណ​ចំពោះ​សមាជិ​ក សមាជិកសភា និង សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម​រណឫទ្ធិ គណបក្ស​សមរង្ស៊ី ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ផងដែរ ដែល គណបក្ស​ប្រជាជន​បានទទួល​លើស​សម្លេង​របស់ខ្លួន​ចំនួន ៧៩៧ សម្លេង​លើ​ចំនួន​ដែល​ខ្លួន​មាន ។ ទាក់​ទង​នឹង​លទ្ធផល​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​មាន​​ប្រសាសន៍​បញ្ជាក់ថា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ក្រៅផ្លូវការ​ទទួលបាន​ពី​គណៈកម្មាធិការ​ជាតិ​បោះឆ្នោត​មួយ​ផ្នែក ហើយ​មួយ​ផ្នែក​ទៀត​តួរ​លេខ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន ព្រោះ​សម្លេងឆ្នោត​គេ​គិត​តាម​គណបក្ស សម្លេង​របស់​គណបក្ស​ប្រជាជនមាន​ត្រឹមតែ ៨០៨៣ សម្លេង​ទេ ដល់ពេល​ទៅ​បោះឆ្នោត​បាន​កើន​សម្លេង ទៅដល់ ៨៨៨០ សម្លេង ហើយ​ចំនួន​អាសនៈ​បាន​កើន​ឡើង​មួយ​នៅ​ខេត្ត​កំពង់ចាម ។ កាលពី​អាណត្តិ ទី​ពីរ​មានតែ ៤៥អាសនៈ​ទេ ឥឡូវ​បាន​កើន​ដល់ ៤៦អាសនៈ។
សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ចំណាយ​ពេល ២ ថ្ងៃ​នៅ ក្នុង​ខេត្ត​មណ្ឌល​គី​រី ដោយ​ធ្វើដំណើរ​តាម​រថយន្ត​ ដើម្បី​ចូលរួម​ធ្វើ​​​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កំណាត់​ផ្លូវជាតិ​លេខ ៧៦ ប្រ វែង ១២៧ គីឡូម៉ែត្រ​ពី​ស្នួល ខេត្ត​ក្រចេះ ដល់​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី និង ប្រកាស​​​​បើក​ការដ្ឋាន ស្ថាបនា​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៧៦ ប្រវែង​ជាង ១៧១ គីឡូម៉ែត្រ​ពី​សែន​មនោ​រម្យ ដល់​តា​អង់ ខេត្ត​រតនគីរី​ក្រោម​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល។
កាលពីដើម​ខែ​មករា ឆ្នាំ ២០១២​ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ធ្វើដំណើរ​តាម​រថយន្ត​ទៅកាន់​ខេត្ត មណ្ឌល​គី​រី​ដើម្បី​ដង្ហែ​ព្រះ​រាជ​ដំណើរ​ព្រះមហាក្សត្រ​ក្នុង​ព្រះរាជ​សកម្មភាព ចុះ​ពិនិត្យមើល​ជីវភាព​ប្រ ជា​​ពលរដ្ឋ​ដាំ​ដំណាំ​កៅស៊ូ និង ដាំ​ម្រេច​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ព្រមទាំង​ប្រោស​ព្រះរាជទាន ព្រះរាជ​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ផង​ដែរ។ 
ជា​មួយ​នឹង​ការ​​​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន ដែល​ផ្តល់​ជំនួយ​​យ៉ាង​ច្រើន​ដល់​ការអភិវឌ្ឍ​នៅ​​កម្ពុជា ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ អគ្គីសនី… សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការជួយ​ធ្វើ​ផ្លូវ​របស់​ចិន​នៅ​ខេត្ត​ក្នុងភូមិ​ភាគ​ឦ​សាន្ត​នេះ អនុញ្ញាត​ឲ្យ​យើង បម្រើ​ដល់​គោលដៅ​នៃ​ការអភិវឌ្ឍ​ត្រីកោណ​រវាង​កម្ពុជា វៀតណាម និង ឡាវ ហើយក៏​ជួយ​មួយ​ផ្នែក ទៅដល់​ការ​អភិវឌ្ឍ​គម្រោង​អនុតំបន់​មេគង្គ និង អិ​ម៉េច ផង​ដែរ។
 សម្តេច​តេ​ជោ​​ថ្លែង​ថា សមិទ្ធផល​ដែល​យើង​បាន​ប្រារព្ធ​ពិធី​សម្ពោធ និង បើក​ការដ្ឋាន​នៅ​ថ្ងៃ​នេះ​គឺជា​សមិទ្ធផល ដែល​បាន​មក​ពី​កិច្ច​សហប្រតិបត្តិ​ការ​​ស្អិត​ល្មួត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​សាធា​រណរដ្ឋ​​​ប្រជាមានិត​ចិន នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ដៃគូ​ជិតខាង​ល្អ ទំនាក់ទំនង​ល្អ និង ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​រវាង​ភាគី​ទាំងពីរ ដែល​បាន​បង្កើត​ឡើង។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អបអរ​ទៅ​នឹង​ការ​លើក​ឡើង​របស់​ឯក​ឧ​ត្ត​ម ផាន គ័ង​ស៊ា  ឯកអគ្គ​រដ្ឋទូត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ដែល​កត់សម្គាល់​ពី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០០៩ -២០១១ របស់​ប្រទេស​ចិន ដែល​ទទួល​បាន​ជាង ៩% ដែល​ជា​​ការ​បើកឆាក​ល្អ​ប្រសើរ​នៃ​ផែនការ ៥ ឆ្នាំ លើក​ទី ១២ និង ចាក់គ្រឹះ​យ៉ាង​រឹងមាំ​សម្រាប់​ឈាន​ទៅ​បើក​មហាសន្និបាត​លើក​ទី ១៨ តំណាង​ទូទាំង ប្រទេស នៃ​បក្ស​កុម្មុយនិស្ត​ចិន ដែល​ជា​កំណើន​មួយ​ដ៏​ខ្ពស់​នៅ​ក្នុង​អាស៊ី នៅ ពេល​ដែល​កំណើន សេដ្ឋកិច្ច​ពិភពលោក​​កំពុង​ស្ថិត​​នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នោះ។ សម្តេច​តេ​ជោ​មានប្រសាសន៍​បញ្ជាក់​ថា អ្វី​ដែលជា​ជោគ​ជ័យ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន មិនមែន​គ្រាន់តែ​ជួយ​ចិន​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ចិន​កំពុង បានតែ​ដើរ​តួនាទី​ជួយសង្គ្រោះ​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​នេះផង​ដែរ​។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ជំនឿ​ថា សេដ្ឋកិច្ច​អាមេរិក និង អឺរ៉ុប​នឹង​ងើបឡើង​យ៉ាង​ឆាប់រហ័ស​ដែរ ព្រោះ​ប្រសិនជា​ក្នុងចំណោម​ទ្វីប​ទាំងឡាយ​ក្នុង​ទ្វីប​អាមេរិក អឺរ៉ុប​មាន​វិបត្តិ វា​តិច​ឬ​ច្រើន​នឹង​ជះឥទ្ធិពល​ដល់​អាមេរិក​ឡាំ​ទីន ដល់​អាហ្វ្រិក​ដែរ ដូច្នេះ​បើ​សេដ្ឋកិច្ច​ងើប ឡើង​ព្រមៗគ្នា​វា​ជា​ការ​ល្អ ហើយក៏​កាត់បន្ថយ​នូវ​បន្ទុក​របស់​ចិន​ដែរ។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​​ថា ផ្លូវជាតិ​លេខ ៧៦ មាន​ប្រវែង ១២៧ គម ត​ភ្ជាប់​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ដល់​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ត្រូវបាន​លើកកម្ពស់ និង ពង្រីក​ផ្លូវ​ពី ៦ ម៉ែត្រ​ដល់ ១១ ម៉ែត្រ​មាន ២ គន្លង ដោយ​ក្រាល​ថ្ម​ចាក់​កៅស៊ូ​ពីរ​ស្រទាប់(DBST)ចំណាយ​ថវិកា​សរុប​រួម​ទាំង​​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជាផង​ប្រមាណ ៥១,៩០ លាន​ដុល្លារ​សហរដ្ឋ​អា​មេរិក ។​ ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ-ស្ពាន​ចិន និង ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន ចាប់​ផ្តើម​សាងសង់​ពី​ខែ កុម្ភៈ​ ឆ្នាំ ២០០៨ បញ្ចប់​នៅ​ខែ មីនា​ ឆ្នាំ ២០១។ កំណាត់​ផ្លូវជាតិ​លេខ ៧៦ ពី​សែន​មនោ​រម្យ​ទៅ​តា​អង់ នឹង​ត្រូវ​លើកកម្ពស់ និង ពង្រីក​ទទឹង​ផ្លូវ​ឲ្យ​ដល់ ៩ ម៉ែត្រ​ក្នុង​នោះ​មាន​ទ្រូង​ថ្នល់​មាន ២ គន្លង​ជា​ទ្រូងផ្លូវ សម្រាប់​រថយន្ត ទទឹង ៣,៥០ម៉ែត្រ(មួយ​ទៅ​មួយ​មក)។ កំណាត់​ផ្លូវជាតិ​លេខ ៧៦ នេះ​នឹង​សាងសង់ ឡើង​ទៅតាម​ស្តង់ដារ​ផ្លូវ​កំរិត​ទី ៣ នៃ​គំរូ​រចនា​ប្លង់​សំណង់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​ប្រ ភេទ​ផ្លូវ​ក្រាល​ថ្ម​ចាក់​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ដែល​តម្លៃ​នៃ​គម្រោង​ប្រមាណ ៩១,៦៨ លាន​ដុល្លារ សហរដ្ឋអាមេរិក​ជា​ថវិកា​កម្ចី​ឥណទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បដិភាគ​របស់​រាជរដ្ឋាភិបាល អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ-ស្ពាន​ចិន និង ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន រយៈពេល​សាងសង់​គឺ ៤២ ខែ។
បន្ទាប់ពី​ការ​សាង​សង់​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៧៦ ទាំងពីរ​នេះ​នឹង​ក្លាយ​ទី​ជា​ប្រព័ន្ធ​ផ្លូវ ដែល​រួមចំណែក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​បន្ថែម​ទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋ កិច្ច​សមាហរណកម្ម​ជាតិ និង សមាហរណកម្ម​តំបន់​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ និង លើកកម្ពស់ ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស តាម​ខេត្ត​មណ្ឌល​គី​រី និង តំបន់​ភូមិភាគ​ឦ​សាន្ត​ទាំងមូល ដែល​ជា​តំបន់​មាន​សក្កា​នុព​ល​ខាង​ក​សិ-ឧស្សាហកម្ម ទេសចរណ៍ និង ឧស្សាហកម្ម-អាជីវកម្ម​រ៉ែ ជា ដើម​៕