Wednesday, February 1, 2012

វិភាគ​នយោបាយ ៖ មូលហេតុ​​អ្វី​បាន​​ជា​មន្ត្រី​​ជាច្រើន​​របស់​​គណបក្ស​សម រង្ស៊ី ​ បោះឆ្នោត​ឱ្យ​គណបក្ស​​ប្រជាជន​កម្ពុជា?



          ជ័យជំ​នះ​ដ៏ធំ​ធេងរ​បស់គណបក្ស​ប្រជាជន​កម្ពុជា សំ​រាប់ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភានីតិកាលទី៣ ដែលបានប្រព្រឹត្តទៅ​កាលពីថ្ងៃទី​២៩​ ខែ មករា ឆ្នាំ ២០១២​កន្លងមកនេះ​​ បាន​​​​​បង្ហាញ​​​ឱ្យឃើញ​យ៉ាងច្បាស់អំពីភាពដាច់ខាត និងការ​ស្មោះត្រង់របស់សមាជិកគណបក្ស​ប្រជាជន​កម្ពុជាចំ​ពោះ​ប​ក្ស​ និង​ការ​ ចូលរួម​បោះឆ្នោត​គាំទ្រពី​មន្ត្រី​ជាច្រើនរបស់​គណបក្សប្រឆាំង ដែលមន្ត្រី​ទាំង​នោះ​បាន​​ទទួលស្គាល់​អំពី​​សច្ចៈ​ភាពនៃកិច្ចខិតខំ​ប្រឹង​ប្រែងរបស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។
 ​ជា​លទ្ធផល គឺគណបក្សប្រជាជនកម្ពុជា​ឈ្នះដាច់១០០ភាគរយគ្រប់ខេត្ត ក្រុង​ និង​មាន​កា​រ​​កើន​​​សំ​ឡេង​​គាំ​ទ្រ​បន្ថែម​ទៀតបានរហូតដល់៧៩៧សំឡេង ដោយឡែកគណបក្ស​ សម​ រង្ស៊ី បាត់អស់១៧៩សំ​ឡេង​ នេះ​បើ​យោង​តាម​​លទ្ធផលនៃការរាប់សន្លឹកឆ្នោតបណ្តោះអាសន្នក្រៅផ្លូវ​ការ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោ​ត​​។
            ក្រុមអ្នក​តាម​ដានស្ថាន​ការណ៍​នយោបាយ​នៅកម្ពុជា​​បានចោទ​ជាសំ​នួរ​ថា​​​ មូល​ហេតុអ្វី​​បានជា​មន្ត្រី​​ជា​​​​​​ច្រើន​​របស់គណបក្ស​សម រង្ស៊ី​ បាន​នាំគ្នាងាកមកបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជនកម្ពុជា​​? ហើយ​ការ​បរា​ជ័យ​របស់​​គណបក្សសម រង្ស៊ី ដែលនាំឱ្យមានការ​បាត់​សំ​ឡេងយ៉ាងគំ​ហុករហូតដល់១៧៩នាក់​នោះ តើ​​​បណ្តាល​មក​ពី​​បញ្ហា​អ្វី​ខ្លះកើតមាន​នៅក្នុង​គណបក្ស​ប្រឆាំងមួយ​នេះ?
            ជាចំ​លើយដែល​​ឆ្លុះបញ្ចាំង​អំពី​តត្តៈភាព​ពិតក្រោយ​ការ​បោះឆ្នោត​នោះ គឺចាត់ទុកថា ជាការបរាជ័យថ្មីមួយ​ទៀត​​​​របស់គណបក្ស សម រង្ស៊ី ឬអាច​ជាសញ្ញាប្រកាសអាសន្នក្នុងកំ​រិត​កំ​ពូល​ បង្ហាញពីការបែកបាក់​​ ​រង្គោះរង្គើទ្រង់​ទ្រាយធំ បន្ទាប់​ពី​មានការ​លាលែង​របស់​មន្ត្រីក្រុម​ប្រឹក្សាឃុំ សង្កាត់ ជាច្រើន​​​របស់​គណបក្ស​សម រង្ស៊ី​ នៅទូទាំង​ប្រទេស ​មក​ចូល​រួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ជាពិសេស គឺការ​បោះឆ្នោត​ថ្មីៗនេះ​បាន​បង្ហាញ​ថា​ គណបក្ស​ប្រឆាំង​សម រង្ស៊ី​ បាត់បង់​​សំ​ឡេង​អស់ចំ​នួនជិត​​២០០​នាក់។
            ការ​បាត់​សំ​ឡេង​របស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់​ នៃ​គណបក្សសម រង្ស៊ី ប្រមាណ​១៧៩សំ​ឡេង​នេះ  ជាលទ្ធផល​បាន​បង្ហាញនូវ​ការ​បាត់សំ​ឡេង​នៃ​អង្គ​បោះ​ឆ្នោត​ដ៏សំខាន់​​ ដោយសារ​មន្ត្រី​គណបក្ស​ប្រឆាំង​ជាច្រើន​នោះ​បាត់​បង់​ជំ​នឿទុកចិត្ត ឬអាចនិយាយ​បាន​​ថា​ ផ្ទៃក្នុង​បក្ស​ធ្លាក់ចូលក្នុង​ស្ថានភាព​វឹកវ ច្របូកច្របល់ ទើបបណ្តាល​ឱ្យ​មន្ត្រី​របស់​ខ្លួនឈប់​បោះឆ្នោត​គាំទ្រ​លើ​បក្ស​សម រង្ស៊ី​ តទៅ​ទៀត​ ហើយ​នេះក៏​​ជាការសបញ្ជាក់​ឱ្យ​ឃើញ​ថា នយោបាយ​ប្រឆាំង​របស់​លោក សម រង្ស៊ី​ ដែល​បាន​បង្ខំ​ឱ្យ​សមាជិករបស់​ខ្លួន​ស្បថ និង​ដកហូត​ទូរស័ព្ទដៃ គឺទទួលផលកម្ម​បែបនេះ​។
ផ្ទុយ​ទៅ​វិញ​គេបាន​កត់​សម្គាល់​ឃើញ​ថា​ ឆន្ទៈដ៏​មោះមុត​របស់​សមាជិកក្រុម​ប្រឹក្សាឃុំ សង្កាត់ ទាំង​១៧៩រូប​នៃ​​គណបក្ស​សម រង្ស៊ី​ ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ការ​កើនសំ​ឡេង​បន្ថែម ក្នុង​ចំ​ណោម​នោះ​ក៏ត្រូវ​បាន​គេប៉ាន់ស្មានថា​ ​អាច​នឹងមានសមាជិក​សភា​គណបក្ស​ប្រឆាំង​មួយចំ​នួន បានបោះ​ឆ្នោត​​ជាសម្ងាត់​ជូន​គណបក្ស​ប្រជាជន​​​​កម្ពុជា​ផងដែរ។​​
ជ័យ​ជំ​នះថ្មីបន្ថែម​ទៀត​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺបាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការមានទំ​នុកចិត្ត​ខ្ពស់​​បំ​ផុត​របស់​អង្គបោះឆ្នោតដ៏ច្រើន​លើសលុប​ ក្នុងនោះ​មាន​ទាំង​សមាជិកគណបក្ស​ប្រជាជនកម្ពុជា​ និងទាំង​សមាជិក​មកពី​គណបក្ស​ផ្សេង​ៗដែល​បាន​គាំទ្រ គឺគ្រប់​គ្នា​​ពេញ​ចិត្តចំ​ពោះការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវរបស់​សម្តេច​តេជោហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​ ជា​ពិសេស ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​​​ច្បាស់​លាស់​ ក្នុង​ការ​ការពារ​នូវ​ផល​ប្រយោជន៍​ជូនប្រជាពល​រដ្ឋ  ការ​ធានាបាន​នូវ​ស្ថិរភាព​នយោបាយ​  ការផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​ ជាពិសេស គឺមន្ត្រី​ទាំង​​នោះពួក​គាត់​បាន​ស្គាល់​ច្បាស់អំ​ពី​តម្លៃនៃ​ជីវិត​ដែល​បាន​មកពី​គុណ​បំ​ណាច់​ថ្ងៃ​រំ​ដោះ​៧មករា ឆ្នាំ ១៩៧៩ រួច​ផុត​ពី​ការ​កាប់​សម្លាប់​ដោយ​របបប៉ុល ពត​  ទើប​នាំ​ឱ្យ​កម្ពុជា​ មានការ​បោះឆ្នោត និង​អភិវឌ្ឍ​ប្រទេស​បាន​រីក​ចំ​រើន​មកដល់​សព្វ​ថ្ងៃ​ ។
            ម៉្យាងវិញ​ទៀត​ ការ​បរាជ័យ​របស់​គណបក្ស​ សម រង្ស៊ី ​ ក៏​ជាការទូងស្គរដាស់​ស្មារតីដល់​​សមាជិក សមាជិកា​ក្រុម​ប្រឹក្សាឃុំ សង្កាត់​ និង​សកម្មជន​ដ៏​ទៃទៀត​ថា​ ការសំ​រេច​ចិត្តផ្លាស់​ប្តូរនយោបាយ​ពី​ប្រឆាំង​មកគាំទ្រ​រាជ​រដ្ឋាភិបាល​ គឺសន្ទុះនៃ​ការ​ចាប់​ផ្តើមដើរ​ចេញ​ពីបក្សប្រឆាំង​​មានចំ​នួន​កើនឡើង​​ បន្ទាប់​ពី​សមាជិក​បក្ស​ប្រឆាំង​មួយ​នេះ​ទទួល​រងនូវ​ការ​ដកហូត​សិទ្ធិសេរី​ភាពគ្រប់​បែបយ៉ាង​​ ការគាប​សង្កត់​ និង​ការ​ដឹក​នាំផ្តាច់​ការ​ក្នុង​បក្សដូច​របបប៉ុល ពត។​
 គេបាន​ពិនិត្យ​ឃើញ​ថា លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាលទី​៣នេះ​ នៅ​តាម​មណ្ឌល ភូមិភាគ​ ឬ​ខេត្តក្រុង​ទូ​ទាំង​ប្រទេស​ គណបក្ស​ប្រជាជន​មិន​មាន​បាត់​សំ​ឡេង​សមាជិក​របស់​ខ្លួន​ម្នាក់​ទេ​ គឺ​បាន​សំ​ឡេង​ឆ្នោត​គាំទ្រពី​សមាជិក​របស់​ខ្លួន១០០ភាគ​រយ ហើយ​នៅ​តាម​បណ្តាខេត្តមួយ​ចំ​នួន​មានការ​កើនសំ​ឡេង​រហូត​ដល់​ជាង​១០០នាក់​ក៏​មានដែរ ។ ដោយ​ឡែកគណបក្ស​សម រង្ស៊ី​ បាត់​សំ​ឡេង​ស្ទើរតែ​គ្រប់​ខេត្ត ក្រុង​។
ដើម្បី​បិទបាំងភាព​បរាជ័យ​របស់​ខ្លួន​គេបាន​សង្កេត​ឃើញ​ថា​ ថ្នាក់​ដឹក​នាំ​មួយ​ចំ​នួន​របស់​គណបក្ស​សម រង្ស៊ី​ រួម​ទាំង​មេបក្ស​ដែល​កំ​ពុង​នីរទេស​ខ្លួន​ បាន​ខិត​ខំ​បំ​ភ្លៃសភាព​ការណ៍​តាម​រយៈសេចក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួន​ដែល​បង្ហាញ​នូវ​ការ​បោក​ប្រាស់​ប្រជាពល​រដ្ឋដោយ​សង្រ្គាម​ចិត្ត​សាស្ត្រ​ក្រោម​ហេតុ​ផល​ថា​ គណបក្ស​របស់​ខ្លួន​បាន​ទទួល​១១អាសនៈថា​ជាជ័យជំ​នះ​ ។ ប៉ុន្តែ​ តាម​ការពិត​ចំ​នួន​អាសនៈព្រឹទ្ធសភា​ គឺឆ្លុះ​បញ្ចាំង​ចេញ​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់​កាលពី​ឆ្នាំ​២០០៧ រួម​ផ្សំ​គ្នា​តែ​ប៉ុណ្ណោះ​ និង​នៅ​ឆ្នាំ២០១២នេះ​ គណបក្ស​ហ៊្វុនស៊ីនប៉ិច មិន​បាន​ចូល​រួម​ប្រកួតការ​​បោះ​ឆ្នោត​ ទើប​ចំ​នួន​អសនៈទាំង​១០ដែល​នៅ​ទំ​នេរនោះ​ បានធ្លាក់​ទៅ​លើគណបក្ស​ទាំង​ពី​រ​ដែល​ប្រកួត​ប្រជែង​ ។
  ដូច្នេះ​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោតព្រឹទ្ធសភា​ គឺគេធ្វើ​ឡើង​តាម​រូប​មន្តគណិត​វិទ្យា​ ដែល​ជ័យ​ជំ​នះ​ពិត​ប្រាកដបាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​៤៦​អាសនៈ ។ ចំ​ណែកគណបក្ស​សម រង្ស៊ី បាន​ទទួល​១១ អាសនៈ​  គឺជាការ​បរាជ័យ​ដ៏​ធំ ​ពីព្រោះ​សំ​ឡេង​គាំទ្រ​សំ​រាប់​គណបក្ស​ខ្លួនជ្រុះបាត់​អស់​ជិត​២០០សំ​ឡេង​ ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នូវ​ជោគ​វាសនា​សំ​រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ការបោះឆ្នោត​សកល​ឆ្នាំ២០១៣​ខាង​មុខ​ ដោយ​ហេតុ​ផលថា​ មន្ត្រីជាច្រើន​​ដែល​បានបោះ​ឆ្នោត​ជូន​គណបក្ស​​ប្រជាជន​កម្ពុជា​​ នៅ​តែជាមនុស្ស​សំ​ងាត់បង្កប់​ក្នុង​បក្សសម រង្ស៊ី​ ដែល​ពិបាក​នឹង​ស្គាល់អំពី​អត្តៈសញ្ញាណ​។
ដូច្នេះ​ ជា​លទ្ធផល​ជាក់​ស្តែង​ ដែលនឹង​ប្រកាសឱ្យ​ដឹង​នៅ​ពេល​ខាង​មុខ គេបាន​ដឹង​ថា​គណបក្សប្រជាជន​កម្ពុជា​កើន​សំ​ឡេង​ដ៏លើសលប់​បាន​រហូត​ដល់​ទៅ​៧៩៧សំ​ឡេង​បន្ថែមទៀត ដែល​កំ​ណើន​នៃអ្នកគាំទ្រ​មកលើ​គណបក្ស​ប្រជាជននកម្ពុជា​នេះ​ បាន​ធ្វើឱ្យ​គណបក្ស​សម រង្ស៊ី ចុះថយឥទ្ធិពល​​យ៉ាង​ខ្លាំង និង​បាត់​ទំ​នុក​ចិត្តស្ទើរតែ​ទាំង​ស្រុង​ពី​អង្គ​បោះឆ្នោត​ ពី​ព្រោះ​មន្ត្រី​បង្គោលរបស់​គណបក្ស​ប្រឆាំង​មួយនេះ​ មានទាំង​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ទាំង​សមាជិក​សភាសរុប​ រហូត​ដល់​ទៅ​១៧៩នាក់​ បាន​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ ។
ប្រភព​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ពី​ផ្ទៃ​ក្នុង​គណបក្ស​សម រង្ស៊ី ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ផង​ដែរថា​ បន្ទាប់​ពី​មាន​ការ​បាត់​សំ​ឡេង​ដ៏​ច្រើន​យ៉ាង​នេះ​ លោក សម រង្ស៊ី​ បាន​ប្រញ៉ាប់​ប្រញាល់​កោះប្រជុំ​ក្រុមប្រឹក្សារបស់​ខ្លួន​ជាបន្ទាន់​ដើម្បី​ឱ្យ​មាន​ការស្រាវ​ជ្រាវ​រកសមាជិកបក្ស​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​ ក្រុម​អ្នក​វិភាគ​ គេបាន​វាយ​តម្លៃថា​ បើ​លោក សម រង្ស៊ី​ ចង់​អនុវត្តតាម​វិធាន​ការ​បែប​នេះ​​ គឺវានឹង​អាច​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់​នៅ​ពេល​ខាង​មុខជាក់​ជាពុំ​ខាន​ ។ ការ​សើរើណាមួយ គឺប្រាកដជា​អាច​​នឹង​នាំ​ឱ្យ​គណបក្ស​សម រង្ស៊ី​ ​រលំ​រលាយ​ទាំង​ស្រុង​ពីព្រោះ​ ការ​ដើរចោទ​ប្រកាន់​ លាភពណ៌​ដាក់​គ្នាទៅ​វិញ​ទៅ​មក​ និង​ទម្លាក់​កំ​ហុសដោយ​គ្មានភស្តុតាង​  ច្បាស់​ជា​នឹង​នាំ​ឱ្យ​មានភាព​ចលាចល​ ជ្រួល​ច្របល់​ផ្ទៃ​ក្នុង​បក្ស​កាន់​តែ​ខ្លាំង​ ។
បើ​ទោះបី​ជា​បក្ស​សម រង្ស៊ី​ ខិតខំ​បំ​ភាន់​សាធារណមតិថា​ បក្សខ្លួន​កំ​ពុង​កើន​អាសនៈយ៉ាង​ណាក៏​ដោយ​ ប៉ុន្តែ ការពិត​វាជាការ​ចុះ​ឥទ្ធិពល​បណ្តាល​មកពី​ការ​បាត់​សំ​ឡេង​ជិត​២០០នាក់​នោះ ហើយ​ម៉្យាង​ទៀត​ គេក៏​បាន​ដឹង​ដែរថា​ ថ្នាក់​ដឹក​នាំគណបក្ស​សម រង្ស៊ី​ គឺពិត​ជាបាន​បោក​ប្រាស់​ប្រជារាស្ត្រ​យ៉ាង​ចំ​ហរ​ដើម្បី​ការឆ្លៀត​ធ្វើ​អាជី​វកម្មនយោបាយ​ភូត​កុហក នៅ​ពីក្រោយ​ភាព​បរាជ័យ​របស់​​ខ្លួន​ ចាត់​ទុក​ថា​ជាជ័យ​ជំ​នះ​ទៅវិញ។
គេនៅ​ចាំបាន​ លោកសម រង្ស៊ី​ ធ្លាប់​បាន​ប្រកាសថា​ « លទ្ធផល​នៃការ​បោះឆ្នោត​ព្រឹទ្ធសភា​នីតិកាលទី​៣នេះ​ គឺមិន​អាច​ទទួល​យក​បានឡើយ ប្រសិន​បើ​គ្មានវត្តមានរបស់​គាត់(សម រង្ស៊ី) ចូល​រួម​ និង​បាន​អំ​ពាវ​នាវ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំឱ្យ​ទទួល​ស្គាល់លទ្ធផល​នោះ​​»  ប៉ុន្តែ ពេល​នេះ​ ទាំង​អ្នក​នាំពាក្យ ទាំង​សមាជិកសភា​មួយ​ចំ​នួន ជាពិសេស បុគ្គល​សម រង្ស៊ី​ ផ្ទាល់​ បែរជា​និយាយឡប់​ឡែ ដោយ​ងាក​មក​ទទួល​ស្គាល់​ការ​បោះ​ឆ្នោតនេះ​​ទៅ​វិញ​ ។ នេះ​ ជាការ​លេប​ហើយ​ស្តោះដាក់​លើខ្លួន​ឯង​ដ៏​គម្រក់​ ដើម្បី​តែបំ​រើផលប្រយោជន៍​នយោបាយប្រឆាំង​ដ៏​ងប់ងុល​។
សកម្មភាព​នេះ​ គឺត្រូវ​បាន​បង្ហាញ​អំពី​ឥរិយាបថ​មិន​ច្បាស់​លាស់​របស់​អ្នក​នយោបាយ​ប្រឆាំង​ ដែល​គិត​តែពី​ការ​ស្រេក​ឃ្លានចង់​បាន​​អំ​ណាច សម្លឹង​ឃើញ​ការ​កើន​អាសនៈបន្តិចបន្តួច​ តាម​រយៈរូប​មន្តគណិត​វិទ្យា នៅ​ពី​ក្រោយ​ការ​បរាជ័យ​ និង​បាត់​សំ​ឡេង​ដ៏​ច្រើនថា ​ជាជ័យ​ជំ​នះ ។ ប៉ុន្តែ តាម​ការពិត​លោកសម រង្ស៊ី​ និង​ថ្នាក់​ដឹក​នាំ​មួយ​ចំ​នួន​ក្នុង​គណបក្ស​ប្រឆាំង​មួយ​នេះ​ កំ​ពុង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម អត់​មានទំ​នុករវាង​គ្នានឹងគ្នា​ បាត់​អស់​នូវ​ភាព​ម្ចាស់​ការ​​ ។ «គ្រោះ​អាសន្ន​ដ៏​ធំនេះ​ បាន​ និង​កំ​ពុង​សង្កត់​ក​ជាប់​ មិន​អាច​រកវិធី​ដោះស្រាយ​បាន​ឡើយ​»៕
ដោយៈ ពូន សំ​រេច​